The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - សត្វ​ប្រើស​ស្បូវ​ញី​មួយ​ក្បាល ដែល​ជាប់អន្ទាក់​នៅក្នុង​ដែនជម្រក​សត្វព្រៃ​សង្ឃរុក្ខវ័ន​ត្រូវបាន​ជួយសង្គ្រោះ




សត្វ​ប្រើស​ស្បូវ​ញី​មួយ​ក្បាល ដែល​ជាប់អន្ទាក់​នៅក្នុង​ដែនជម្រក​សត្វព្រៃ​សង្ឃរុក្ខវ័ន​ត្រូវបាន​ជួយសង្គ្រោះ

Content image - Phnom Penh Post
សត្វ​ប្រើស​ស្បូវ​ញី​មួយ​ក្បាល ដែល​ជាប់អន្ទាក់​ព្រាន​នៅក្នុង​ដែនជម្រក​សត្វព្រៃ​សង្ឃរុក្ខវ័ន ក្នុង​ភូមិសាស្ត្រ​ខេត្ត​ឧត្តរមានជ័យ​ត្រូវ​បាន​ជួយសង្គ្រោះ​ និង​បាន​ព្រលែង​ចូលទៅ​ក្នុងព្រៃ​ធម្មជាតិ​វិញ​ប្រកប​ដោយ​សុវត្ថិភាព។ Pheaktra Neth

សត្វ​ប្រើស​ស្បូវ​ញី​មួយ​ក្បាល ដែល​ជាប់អន្ទាក់​នៅក្នុង​ដែនជម្រក​សត្វព្រៃ​សង្ឃរុក្ខវ័ន​ត្រូវបាន​ជួយសង្គ្រោះ

មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងបរិស្ថាន​បាន​លើកឡើងថា មន្ត្រី​ឧទ្យានុរក្ស​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការការពារ​ និង​អភិរក្ស​ធនធាន​ធម្មជាតិ ដោយ​ក្នុងនោះ​មិនមែន​ត្រឹមតែ​ចុះ​ល្បាត​ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ការទន្ទ្រាន​កាន់កាប់​ដីព្រៃ​ខុសច្បាប់ ឬ​ការលួច​កាប់​ឈើ​ខុសច្បាប់ តែ​ក៏មាន​តួនាទី​ក្នុង​ការសង្គ្រោះ​សត្វព្រៃ និង​ជីវៈចម្រុះ​ផ្សេងទៀត​ផងដែរ​ ដោយ​បាន​ដោះ​អន្ទាក់ និង​សង្គ្រោះ​សត្វព្រៃ​ពី​ការជាប់​អន្ទាក់។

លោក​ នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​បាន​ថ្លែង​ដូចនេះ នា​ថ្ងៃទី០៨ ខែតុលា បន្ទាប់ពី​សត្វ​ប្រើស​ស្បូវ​ញី​មួយ​ក្បាល ដែល​ជាប់អន្ទាក់​ព្រាន​នៅក្នុង​ដែនជម្រក​សត្វព្រៃ​សង្ឃរុក្ខវ័ន ក្នុង​ភូមិសាស្ត្រ​ខេត្ត​ឧត្តរមានជ័យ​ត្រូវ​បាន​ជួយសង្គ្រោះ​ និង​បាន​ព្រលែង​ចូលទៅ​ក្នុងព្រៃ​ធម្មជាតិ​វិញ​ប្រកប​ដោយ​សុវត្ថិភាព កាលពី​ថ្ងៃទី ៧ ខែ​តុលា ឆ្នាំ ២០២១។

ប្រើស​ញី​នេះ​មាន​ទម្ងន់​ប្រមាណ​ពី ១៥០ ទៅ ២០០ គីឡូក្រាម ត្រូវបាន​មន្ត្រី​ឧទ្យានុរក្ស​ប្រចាំ​ស្នាក់ការ​តំបន់​ស្នូល​បាន​ប្រទះឃើញ​ជាប់អន្ទាក់​នៅ​អំឡុងពេល​ពួកគាត់​បាន​ដើរល្បាត​ចាប់ពី​ខាងក្រោយ​ស្នាក់ការ​រហូត​ទៅដល់​ចំណុច​ត្រពាំង​កើយ​អណ្ដើក ស្ថិត​ក្នុង​តំបន់​ដែនជម្រក​សត្វព្រៃ​សង្ឃរុក្ខវ័ន​ខេត្តឧត្ដរមានជ័យ។

លោក នេត្រ ភត្ត្រា បាន​ថ្លែងថា៖ «នេះ​គឺជា​កិច្ចខិតខំ​ប្រឹងប្រែង​របស់​មន្ត្រី​ឧទ្យានុរក្ស​នៃ​ក្រសួងបរិស្ថាន​ក្នុង​ការការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ និង​ជីវៈចម្រុះ​ក្នុង​តំបន់​ការពារ​ធម្មជាតិ និង​របៀង​អភិរក្ស ជីវៈចម្រុះ»។

យោងតាម​របាយការណ៍​របស់​ក្រសួង​បរិស្ថាន​ក្នុង​រយៈពេល ៩ ខែ ឆ្នាំ ២០២១ នេះ មន្ត្រី​ឧទ្យានុរក្ស​បាន​រកឃើញ​អន្ទាក់​ជិត ៣ ម៉ឺន​អន្ទាក់​ និង​ត្រូវបាន​ដោះ​ចេញ​ពី​តំបន់​ការពារ​ធម្មជាតិ​នៅ​ទូទាំងប្រទេស និង​សត្វព្រៃ​ជាច្រើន​ក្បាល​ត្រូវ​បាន​ជួយសង្គ្រោះ និង​ព្រលែង​ចូលក្នុង​ព្រៃ។

យោងតាម​ការសិក្សា​របស់​អ្នកជំនាញ ប្រើស​ជា​ប្រភេទ​សត្វ​មាន​ដោយ​បង្គួរ​និង​ត្រូវ​បាន​ចុះ​ក្នុង បញ្ជី​ក្រហម​របស់​អង្គការ IUCN ថា​ជា​ប្រភេទ​អាស្រ័យ​លើ​កិច្ច​អភិរក្ស​នៅតាម​តំបន់​ជាក់លាក់ ដែល​វា​រស់នៅ។

សត្វប្រើស​មាន​វត្តមាន​នៅតាម​តំបន់​ការពារ​ធម្មជាតិ​នានា​នៅ​ភូមិភាគ​ខាងជើង និរតី និង ភូមិភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា។ សត្វ​នេះ​ក៏បាន​ឃើញ​ផងដែរ នៅ​ប្រទេស​ឥណ្ឌា ប្រទេស​ចិន និង​ភូមិភាគ​អាស៊ីអាគ្នេយ៍​រួមទាំង​កោះ​ស៊ូម៉ាត្រា កោះ​ចាវា និង​បរណេអូ។

ជាមួយ​គ្នា​នេះដែរ លោក នេត្រ ភក្ត្រា បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​បញ្ឈប់​ការបរបាញ់ និង​បរិភោគ​សាច់សត្វ​ព្រៃ ព្រោះ​វា​គ្មាន​ផលប្រយោជន៍​អ្វី​សម្រាប់​សុខភាព​ឡើយ តែ​អាច​នឹង​បង្ក​ហានិភ័យ​ដល់​សុខភាព​ និង​កើត​ជំងឺ​ផ្សេងៗ​ព្រោះ​សាច់​សត្វព្រៃ​មាន​ផ្ទុក​ដោយ​មេរោគ ដោយនិយាយ​ថា​ទេ​ចំពោះ​សាច់​សត្វព្រៃ​ ដើម្បី​បញ្ឈប់​ការបរបាញ់​ និង​ដាក់​អន្ទាក់​សម្លាប់សត្វ៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍