ភ្នំពេញៈ រដ្ឋបាល​រាជធានី​ភ្នំពេញ ក្រើនរំឭក​ដល់​មាតាបិតា អាណាព្យាបាល និង​អ្នកគ្រប់គ្រង​មណ្ឌល​ថែទាំ​កុមារ​ឱ្យ​នាំយក​កុមារ​ដែលមាន​អាយុ​ចាប់ពី ៦ ​ឆ្នាំ ដល់​ក្រោម ១២ ឆ្នាំ ទៅ​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​ ១៩ ​ឱ្យបាន​មុនពេល​បិទ​បញ្ចប់​យុទ្ធនាការ​នៅតាម​ទីតាំង​ចំនួន ៨ ទីតាំង ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​ជូន​ដំ​ណឺង​។​

​យោងតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​ ៨ ខែតុលា​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញសង្កេតឃើញថា កុមារ​ភាគច្រើន​បានមក​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺកូ​វីដ​១៩ ប៉ុន្តែ​ក៏​នៅមាន​មួយចំនួន​ខកខាន​មិនទាន់បាន​អញ្ជើញ​មក​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​ ១៩ នៅឡើយ ដោយសារ​មូលហេតុ​ផ្សេងៗ រួមមាន ជាប់​អនុវត្ត​វិធាន​ច​ត្តា​ឡី​ស័ក​, មាន​បញ្ហា​សុខភាព​, មានធុរៈ​ចាំបាច់ ឬ​ទើប​គ្រប់​អាយុ​ទទួល​វ៉ាក់សាំង​។

​រដ្ឋបាល​រាជធានី​ភ្នំពេញ​បញ្ជាក់ថា ក្នុងន័យនេះ​អនុគណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​ ១៩ ក្នុង​ក្របខ័ណ្ឌ​ទូទាំង​រាជធានី​ភ្នំពេញ សម្រេច​បន្ត​ផ្តល់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​ ១៩ ដូ​ស​ទី​១ ជូន​កុមារ​ដែល​ខកខាន​មិនបាន​មក​ទទួល​វ៉ាក់សាំង​ដោយ​មូលហេតុ​ខាងលើ ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​រហូតដល់​មានការ​ជូនដំណឹង​ជាថ្មី​នៅតាម​ទីតាំង​មន្ទីរពេទ្យបង្អែក ចំនួន ៨ ទីតាំង រៀងរាល់​ម៉ោង ៨ ព្រឹក ដល់​ម៉ោង ១៧ រសៀល​។​

​ទីតាំង​ទាំង ៨ នោះ​រួមមាន មន្ទីរពេទ្យបង្អែក​រាជ​ធានី​ភ្នំពេញ មន្ទីរពេទ្យបង្អែក​ចតុ​មុខ មន្ទីរពេទ្យបង្អែក​ដង្កោ មន្ទីរពេទ្យបង្អែក​មិត្តភាព​កម្ពុជា​-​ចិន​សែន​សុខ មន្ទីរពេទ្យបង្អែក​ច្បារអំពៅ មន្ទីរពេទ្យបង្អែក​ពោធិ៍ចិនតុង មន្ទីរពេទ្យបង្អែក​ព្រែក​ព្នៅ និង​មន្ទីរពេទ្យបង្អែក​សម្ដេច​ឪ​-​សម្តេចម៉ែ​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានឱ្យដឹងថា រដ្ឋបាល​រាជធានី​ភ្នំពេញបាន​ដំណើរការយុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ ​១៩ ជូន​កុមារដែលមាន​អាយុ​ចាប់ពី​ ៦ ឆ្នាំ ដល់​ក្រោម ១២ ឆ្នាំ ហើយ​បានបញ្ចប់​ការចាក់​ដូ​ស​ទី​១ នៅ​ថ្ងៃទី ៣ ខែ តុលា ឆ្នាំ​ ២០២១ កន្លងទៅនេះ​។ ដូច្នេះ សម្រាប់​ការចាក់​វ៉ាក់សាំង​ដូ​ស​ទី​២ ដល់​កុមារ​ដែល​បាន​ចាក់​ដូ​ស​ទី​១ រួចហើយ រដ្ឋបាល​រាជធានី​ភ្នំពេញនឹង​ចាប់ផ្តើម​ចាក់​ពីថ្ងៃ​ទី ​៨ ដល់​ថ្ងៃទី ​២៤ ខែ តុលា ឆ្នាំ​ ២០២១ រៀងរាល់​ម៉ោង ៨ ព្រឹក ដល់​ម៉ោង ១៧ រសៀល នៅ​ទីតាំង​ចំនួន ៤២ ទីតាំង ដែល​បានកំណត់​នៅក្នុង​ឧបសម្ព័ន្ធ​នៃ​សេចក្ដីជូនដំណឹង​លេខ ០៧៧ សជណ ចុះ​ថ្ងៃទី ​១៦ ខែ កញ្ញា ឆ្នាំ ​២០២១ នាពេល​កន្លងទៅ​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ក្រើនរំឭក និង​អំពាវនាវ ចំពោះ​មាតាបិតា​-​អាណាព្យាបាល​ដែល​ត្រូវ​នាំ​បុត្រ​ធីតា ឬ​សាច់ញាតិ មក​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ ​១៩ ត្រូវ​ប្រកាន់ខ្ជាប់​ឱ្យបាន​ជាដាច់ខាត​នូវ​ការរក្សា​គម្លាត​សុវត្ថិភាព​សង្គម ពាក់​ម៉ាស់ តម្រង់​ជួរ ចៀសវាង​ការ​ឈរ​ប្រជ្រៀត​គ្នា ណែនណាន់តាន់តាប់ ហើយ​ត្រូវ​ប្រកាន់ខ្ជាប់​ការចូលរួម​អនុវត្ត​នូវ​វិធានការ​សុខាភិបាល និង​វិធានការ «៣ ការពារ និង ៣ កុំ​» ដោយ​ឈរលើ​ស្មារតី​ស្រឡាញ់​ជាតិ សហគមន៍ គ្រួសារ និង​អាយុជីវិត​ផ្ទាល់ខ្លួន​ក្នុង​ឆន្ទៈ​រួមគ្នា​ជា​ធ្លុង​មួយ ដើម្បី​ឈានទៅ​កាត់ផ្តាច់ និង​លុបបំបាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​ ១៩ ក្នុង ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ២០២១ ឱ្យបាន​ឆាប់​នាពេល​ខាងមុខនេះ​៕​

វីដេអូ៖