ភ្នំពេញៈ រដ្ឋបាល​រាជធានី​ភ្នំពេញ ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ទាំង ១៤ ខណ្ឌ ដែល​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ ​១៩ (​គ្រប់​ប្រភេទ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​ ១៩) ដែល​ទទួល​វ៉ាក់សាំង​មាន​គម្លាត​រយៈពេល ៤ ខែ គិត​ចាប់ពី​កាលបរិច្ឆេទ​នៃ​ការចាក់​វ៉ាក់សាំង​ដូ​ស​ទី​២ មកចាក់​វ៉ាក់សាំង​ប្រភេទ​ស៊ី​ណូ​វ៉ា​ក់​ ដូ​ស​ជំរុញ ​ឬ​ដូ​ស​ទី​៣​។​

​យោងតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​ ៨ ខែតុលា​នេះ ស្ដីពី​ការចាក់​វាក់​សាំង​បង្ការ​ជំងឺ​កូ​វីដ ​១៩ ប្រភេទស៊ី​ណូ​វ៉ា​ក់​ដូ​ស​ជំរុញ ជូន​ប្រជាពលរដ្ឋក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​បានឱ្យដឹងថា ក្រុមការងារ​ចាក់​វ៉ាក់សាំង​នឹង​ចាប់ដំណើរការ​ចាក់​វ៉ាក់សាំង​ចាប់ពី​ថ្ងៃទី ​១១ ខែ តុលា ឆ្នាំ ​២០២១ នៅក្នុង​មូលដ្ឋាន ខណ្ឌទួលគោក ខណ្ឌឫស្សីកែវ ខណ្ឌមានជ័យ ខណ្ឌដង្កោ ខណ្ឌ​កំបូល និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយ​ក្រុមគ្រូពេទ្យ​យោធា​នៃ​កងយោធពល​ខេមរភូមិន្ទ ក្រសួងការពារជាតិ នឹង​ចាប់ផ្តើម​នៅវេលា​ម៉ោង ១៤ រសៀល​។ ការចាក់​វ៉ាក់សាំង​នេះ គឺ​ចំពោះ​ប្រជាពលរដ្ឋ​ដែល​ធ្លាប់​ទទួលបាន​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ ​១៩ ពី​ក្រុមគ្រូពេទ្យ​យោធា​នៃ​កងយោធពល​ខេមរភូមិន្ទ​ត្រូវ​ទៅ​ទទួល​វ៉ាក់សាំង​នៅ​ទីតាំង​ដែល​ក្រុមគ្រូពេទ្យ​យោធា​បានរៀបចំ​សម្រាប់​ដូ​ស​ជំរុញ​។

​ចំណែក​ការចាក់​វ៉ាក់សាំង​ដោយ​ក្រុមគ្រូពេទ្យ​នៃ​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ និង​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត នឹង​ចាប់ផ្តើម​នៅវេលា​ម៉ោង ៨ ព្រឹក នៅ​មូលដ្ឋាន​ខណ្ឌ​បឹង​កេងកង ខណ្ឌចំការមន ខណ្ឌ​ច្បារអំពៅ ខណ្ឌ​៧​មករា និង​ខណ្ឌ​សែន​សុខ​។

​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានឱ្យដឹងថា សម្រាប់​មូលដ្ឋាន​ខណ្ឌដូនពេញ ខណ្ឌ​ជ្រោយចង្វារ និង​ខណ្ឌ​ព្រែក​ព្នៅ នឹង​ចាប់ដំណើរការ​ចាក់​វ៉ាក់សាំង​ពីថ្ងៃ​ទី ​៣០ ខែ តុលា ឆ្នាំ ​២០២១ ដោយ​ក្រុមគ្រូពេទ្យ​នៃ​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ និង​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​។

​ចំពោះ​ប្រជាពលរដ្ឋ​ដែល​អញ្ជើញ​មក​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ ​១៩ ត្រូវ​ភ្ជាប់​មកជា​មួយ ១ បណ្ណ​ចាក់​វ៉ាក់សាំង​កូ​វីដ ​១៩ និង​ ២ អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ ឬ​ឯកសារ​ដែល​បាន​ប្រើប្រាស់​ក្នុង​ការចាក់​វ៉ាក់សាំង​ដូ​ស​ទី​១ ព្រមទាំង​ត្រូវគោរព​នូវ​លក្ខខណ្ឌ​នៃ​ការទទួលបាន​វ៉ាក់សាំង​ដូ​ស​ជំរុញ ពោលគឺ​ធានា​នូវ​គម្លាត​រយៈពេល ៤ ខែ គិត​ចាប់ពី​កាលបរិច្ឆេទ​នៃ​ការចាក់​វ៉ាក់សាំង​ដូ​ស​ទី​២​។ រដ្ឋបាល​រាជធានី​ភ្នំពេញ​បញ្ជាក់​។

​រដ្ឋបាល​រាជធានី​ភ្នំពេញ​បញ្ជាក់ថា ការចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​នេះ គឺ​សម្រាប់​ពលរដ្ឋ​ដែល​បាន​ចាក់​វ៉ាក់សាំង​គ្រប់​ប្រភេទ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ ​១៩ ដែល​ទទួល​វ៉ាក់សាំង​គ្រប់​ដូ​ស ឬ​ដូ​ស​ទី​២ មាន​គម្លាត​រយៈពេល ៤ ខែ គិត​ចាប់ពី​កាលបរិច្ឆេទ​នៃ​ការចាក់​វ៉ាក់សាំង​ដូ​ស​ទី​២​។ រដ្ឋបាល​រាជធានី​ឱ្យ​ពលរដ្ឋ​ទៅ​ចាក់​វ៉ាក់សាំង​នេះ តាមរយៈ​ការអញ្ជើញ និង​ទំនាក់ទំនង​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ដែលមាន​ទីតាំង​ជូន​ភ្ជាប់​ក្នុង​តារាង​ឧបសម្ព័ន្ធ និង​កាលបរិច្ឆេទ​ដែល​រដ្ឋបាល​រាជធានី​បាន​ជូនដំណឹង​។

​រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏បាន​ក្រើនរំឭក និង​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​អញ្ជើញ មក​ទទួលយក​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ ​១៩ ដូ​ស​ជំរុញ ឬ​ដូ​ស​ទី​៣ ត្រូវ​ប្រកាន់ខ្ជាប់​ឱ្យបាន​ជាដាច់ខាត​នូវ​ការរក្សា​គម្លាត សុវត្ថិភាព​សង្គម ពាក់​ម៉ាស់ តម្រង់​ជួរ​ចៀសវាង​ការ​ឈរ​ប្រជ្រៀត​គ្នា ហើយ​សូម​ចូលរួម​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល និង​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​វិធានការ “៣ ការពារ និង ៣ កុំ​" របស់ សម្តេច​អគ្គ​មហា​សនាប​តី​តេ​ជោ ប៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕​