​ភ្នំពេញៈ​ ស្ថាន​បេសកកម្ម​អចិន្ដ្រៃយ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​អង្គការសហប្រជាជាតិ និង​អង្គការ​អន្តរជាតិ​នានា​នៅ​ទីក្រុង​ហ្សឺ​ណែវ​បាន​ថ្លែងការណ៍​ថា «​កិច្ចខិតខំ​ប្រឹងប្រែង​និង​វឌ្ឍនភាព​សិទ្ធិមនុស្ស​របស់​កម្ពុជា ​ត្រូវបានគេទទួលស្គាល់​នៅក្នុង​កិច្ចពិភាក្សា​របស់​អង្គការសហប្រជាជាតិ​នាទី​ក្រុង​ហ្សឺ​ណែវ​»​។

​តាម​សេចក្ដី​ថ្លែង​ការ​ព័ត៌មាន​របស់​ស្ថាន​បេសកកម្ម​អចិន្ដ្រៃយ៍​នៅ​ទីក្រុង​ហ្សឺ​ណែវ ថ្ងៃទី​ ៨ ខែ តុលា ឆ្នាំ​ ២០២១ បានឱ្យដឹងថា ការទទួលស្គាល់​នេះ​ធ្វើឡើង​តាមរយៈ កិច្ចសន្ទនា​អន្តរ​សកម្ម​ជាមួយ​អ្នករាយការណ៍​ពិសេស​ស្តីពី ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា បាន​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ​៦ ខែ តុលា ឆ្នាំ​ ២០២១ នៅ​ទីស្នាក់ការ​អង្គការសហប្រជាជាតិ​ក្នុង​ទីក្រុង​ហ្សឺ​ណែវ​ដោយមាន​រដ្ឋ​ចំនួន​ ៣១ ​ចូលរួម​ថ្លែង​បទ​អន្តរាគមន៍​។

​ស្ថាន​បេសកកម្ម​អចិន្ដ្រៃយ៍​បានឱ្យដឹងថា គណៈប្រតិភូ​មកពី​ប្រទេស​ចំនួន ​២២ បាន​ថ្លែង​គាំទ្រ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង វឌ្ឍនភាព និង​សមិទ្ធផល​របស់​កម្ពុជា លើ​ការលើកកម្ពស់​និង​ការពារ​សិទ្ធិមនុស្ស​។ ក្នុងនោះ​គណៈប្រតិភូ​ជាច្រើន​បាន​អបអរសាទរ​ចំពោះ​អត្រា​ដ៏​ខ្ពស់​នៃ​ចំនួន​ប្រជាជន​កម្ពុជា​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច​កម្មវិធី​គាំពារ​សង្គម​ជាច្រើន​សម្រាប់​ក្រុម​ងាយ​រងគ្រោះ និង​ការបើក​សាលា​ឱ្យ​សិស្ស​-​និស្សិត​ចូលរៀន​ក្នុង​ថ្នាក់​ដោយផ្ទាល់​ឡើងវិញ រួមទាំង​ការចាក់​វ៉ាក់សាំង​ការពារ​ជូន​គ្រូបង្រៀន និង​ក្មេង​ជំទង់​។ វឌ្ឍនភាព​គួរឱ្យកត់សម្គាល់​នៅក្នុង​ការអភិវឌ្ឍ​មនុស្ស កំណើន​ផលិតផល​ក្នុងស្រុក​សរុប អាត្រា​អក្ខរកម្ម​ខ្ពស់ និង​អត្រា​មរណភាព​មាតា​និង​ទារ​កទាប ក៏ត្រូវ​បានលើកឡើង​ផងដែរ​។

គណៈប្រតិភូ​ផ្សេងទៀត​បានទទួល​ស្គាល់​គំនិត​ផ្តួចផ្តើម​សំដៅ​លើកកម្ពស់​កំណែទម្រង់​ប្រព័ន្ធ​ច្បាប់ និង​តុលាការ និង​ជំរុញ​ភាពជា​ដៃគូ​រវាង​រដ្ឋាភិបាល​និង​អង្គការ​សង្គម​ស៊ីវិល រួមទាំង​កិច្ចខិតខំ​ប្រឹងប្រែង​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល និង​ការបង្កើត​ស្ថាប័ន​ជាតិ​សិទ្ធិមនុស្ស​។​

​ស្ថាន​បេសកកម្ម​អចិន្ដ្រៃយ៍​បញ្ជាក់ថា គណៈប្រតិភូ​ខាងលើ​ខ្លះ​ក៏បាន​ថ្លែង​សង្កត់ធ្ងន់​ផងដែរ​ថា របៀបរបប​ការងារ​របស់​អ្នករាយការណ៍​ពិសេស គួរតែមាន​ភាព​សត្យានុម័ត តុល្យភាព មិន​ធ្វើ​ន​យោ​បា​យូ​ប​នីយកម្ម និង​មិន​ជ្រើសរើស​តែមួយ​ជ្រុង ដោយ​គិតគូរ​ផងដែរ​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល កាលៈទេសៈ​របស់​ប្រទេស និង​សារៈសំខាន់​នៃ​ប្រភពព័ត៌មាន​ដែលមាន​ការផ្ទៀងផ្ទាត់​ត្រឹមត្រូវ និង​អាច​ជឿជាក់​បាន​។ អាណត្តិ​អ្នករាយការណ៍​ពិសេស គួរ​កំណត់​នូវ​ភាពខ្វះ​ចន្លោះ និង​ផ្តល់យោបល់​ណែនាំ​តាមរយៈ​កិច្ចសហប្រតិបត្តិការ​ប​ច្ចេកទេស និង​ការកសាង​សមត្ថភាព​ ដើម្បី​ដោះស្រាយ​មូលហេតុ​ចម្បង​ជាជាង​ការផ្តោត​លើ​តែ​អាកា​រៈ​ខាងក្រៅ​។​

​បើតាម​ស្ថាន​បេសកកម្ម​អចិន្ដ្រៃយ៍​ប្រទេស​ចំនួន ​៩ ​ផ្សេងទៀត ដែល​បាន​ចូលរួម​ក្នុង​កិច្ចពិភាក្សា​ខាងលើ បាន​បញ្ចេញ​មតិយោបល់​ទិតៀន​លំហ​ពលរដ្ឋ និង​នយោបាយ រួមទាំង​សេរីភាព​នៃ​ការបញ្ចេញមតិ ការបង្កើត​សមាគម និង​ការប្រមូលផ្តុំ​ដោយ​សន្តិវិធី​។ ទោះបីជា​មានការ​រិះគន់​បែបនេះ​ក៏ដោយ គណៈប្រតិភូ​ទាំងនោះ​ភាគច្រើន​បាន​ស្វាគមន៍​កិច្ចសហការ ដែល​កំពុង​កើតមាន​រវាង​កម្ពុជា​និង​អ្នករាយការណ៍​ពិសេស​ក៏ដូចជា​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស ដែល​ប្រការនេះ​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់​កម្ពុ​ជា​ក្នុង​ការធ្វើការងារ​សិទ្ធិមនុស្ស​។

​គណៈប្រតិភូ​ខ្លះទៀត​បាន​ថ្លែង​ទទួលស្គាល់​កម្មវិធី​ចាក់​វ៉ាក់សាំង​ដោយ​ជោគជ័យ​ប្រឆាំង​ជំងឺ​កូ​វីដ​ ១៩ នៅ​កម្ពុជា​កំណើនសេដ្ឋកិច្ច​ដែល​កំពុង​ស្ទុះ​ងើប​ទ្បើង​វិញ កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ពលរដ្ឋ ដែល​រង​ផលប៉ះពាល់​ដោយ​ជំងឺ​កូ​វីដ​ ១៩ សិទ្ធិ​សេដ្ឋកិច្ច និង​សិទ្ធិ​អប់រំ​។​ល​។ វាគ្មិន​ផ្សេងទៀត​ក៏បាន​ថ្លែងថា ពួកគេ​រីករាយ​នឹងធ្វើ​ការ​ជាមួយ​កម្ពុជា ដែល​នឹង​ក្លាយជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​ ២០២២​។ ស្ថាន​បេសកកម្ម​អចិន្ដ្រៃយ៍​បញ្ជាក់​។

​អំ​ទ្បុ​ង​ពេល​នៃ​កិច្ចសន្ទនា​អន្តរ​សកម្ម​នេះ ឯកអគ្គរាជទូត​និង​ជា​តំណាង​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​អង្គការសហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺ​ណែវ បានលើកឡើង​អំពី​កិច្ចសន្ទនា​កម្រិត​ខ្ពស់​ជា​បន្តបន្ទាប់​រវាង​ថ្នាក់ដឹកនាំ​កម្ពុជា និង​អ្នករាយការណ៍​ពិសេស ជាពិសេស​ជំនួប​តាម​ប្រព័ន្ធ​វីដេអូ រវាង​អ្នករាយការណ៍​ពិសេស​ខាងលើ​ជាមួយ​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។​

​តំណាង​អចិន្ត្រៃយ៍​កម្ពុជា ក៏បាន​ចោទសួរ​អ្នករាយការណ៍​ពិសេស​ចំពោះ​ការវាយតម្លៃ​ដែល​អះអាងថា ធ្វើឡើង​ដោយ​ផ្អែកលើ​គោលការណ៍ យុត្តិធម៌ និង​មិន​លម្អៀង ខណៈពេល​អ្នករាយការណ៍​ពិសេស​សំងំ​ស្ងៀមឈឹង ចំពោះ​ការកើនឡើង​នូវ​ការប្រើប្រាស់​ភាសា​ស្អប់ខ្ពើម ការនិយាយ​បង្កាច់បង្ខូច ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត និង​ការ​ញុះញង់ ពួន​ជ្រក​ក្រោមរូបភាព​សេរីភាព​នៃ​ការបញ្ចេញមតិ ដែល​អាច​បង្កឱ្យមាន​កា​រ​បែកខ្ញែក​ក្នុងសង្គម​ប្រជាពលរដ្ឋ និង​កំពុង​វាយប្រហារ​លើ​គោល​តម្លៃ​នៃ​បទដ្ឋាន​សិទ្ធិមនុស្ស​។

​តំណាង​អចិន្ត្រៃយ៍​កម្ពុជា​ថ្លែងបន្តថា​៖ «​ជា​ប្រការ​គួរឱ្យ​សោកស្តាយ ដែល​អ្នករាយការណ៍​ពិសេស និង​អ្នកតស៊ូ​មតិ​ផ្នែក​សិទ្ធិមនុស្ស​នៅ​ស្ងៀម​ធ្មឹង ចំពោះ​និន្នាការ​គួរឱ្យ​ព្រួយបារម្ភ​ខាងលើនេះ រួមទាំង​ការប្រើ​ភាសា​ប្រជាភិថុតិ​ប្រកបដោយ​គ្រោះថ្នាក់ របស់​អតីត​មេដឹកនាំ​គណបក្សប្រឆាំង​ជ្រុលនិយម ដែល​ត្រូវបាន​ថ្កោលទោស​ដោយ​អ្នករាយការណ៍​ពិសេស​អាណត្តិ​មុន​នៅក្នុង​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នេះ ក្នុង​ឆ្នាំ ​២០១៩ និង​ដោយ​អតីត​សហការី​របស់​មេបក្ស​ប្រឆាំង​រូបនោះ​ម្តង​ហើយ​ម្តងទៀត ចំពោះ​ការប្រើ​ភាសា​បរិហារកេរ្តិ៍​ញុះញង់​ឱ្យមាន​ការរើសអើង​ពូជសាសន៍​និង​អុជអាល​ឱ្យមាន​ការបះបោរ​ប្រឆាំង​រដ្ឋាភិបាល​»​។​

​នៅ​ចំពោះមុខ​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​កូ​វីដ​ ១៩ តំណាង​អចិន្ត្រៃយ៍​កម្ពុជា បាន​សង្កត់ធ្ងន់ថា កម្ពុជា​ពុំ​ធ្លាប់​បានដាក់​ប្រទេស​ក្នុង​ភាពអាសន្ន​ម្តងណា​ឡើយ​ផ្ទុយទៅវិញ​កម្ពុជា​បានជ្រើសរើស​យក​ការអនុវត្ត​ច្បាប់​ដែល​កាន់​តែមាន​ភាពបត់បែន តាមរយៈ​វិធានការ​សុខាភិបាល រដ្ឋបាល និង​​ច្បាប់​។ ច្បាប់​ស្តីពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ ​១៩ ដែលមាន​គោលដៅ​សង្គ្រោះ​អាយុជីវិត​ប្រជាពលរដ្ឋ ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​នីត្យានុកូលភាព ភាពចាំបាច់ និង​សមាមាត្រ​។ យើង​សូម​ស្នើ​អ្នករាយការណ៍​ពិសេស ធ្វើការ​ពិនិត្យ​ផ្ទៀងផ្ទាត់​ឡើងវិញ​នូវ​ចំនួន​ករណី​ចាប់ខ្លួន ការចោទប្រកាន់ និង​ស្ថានភាព​ពាក់ព័ន្ធ​នៃ​ករណី​នីមួយៗ​ខាងលើ​។​

​ឆ្លើយតប​នឹង​ការចោទប្រកាន់​អំពី​ការរួម​ចង្អៀត​នៃ​លំហ​សេរីភាព​សង្គម​ស៊ីវិល តំណាង​អចិន្ត្រៃយ៍​កម្ពុជា​ក៏បាន​ចោទ​សំណួរ​តប​ថា ​ប្រសិនបើ​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល មានការ​រឹតត្បិត មូលហេតុ​អ្វី​បានជា​ចំនួន​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​ទើប​ចុះឈ្មោះ​ថ្មី នៅតែ​បន្ត​កើនឡើង ធ្វើឱ្យ​ចំនួន​សរុប​កើន​ដល់​ជិត ​៦ ០០០ អង្គការ​? ការពិត​នោះ​គឺថា ការ​ត្អូញត្អែរ​ទាំងនេះ​កើតចេញពី​អង្គការ​មិនមែន​រដ្ឋាភិបាល​មួយចំនួន​តូច ដែលមាន​និន្នាការ​នយោបាយ​ខ្លាំង និង​បានទទួល​ថវិកា​គាំទ្រ​ពី​បរទេស ស្រែក​ទាមទារ​រកត​ម្លា​ភាព ប៉ុន្តែ​អង្គការ​ទាំងនោះ​បែរជា​បដិសេធ​មិន​បង្ហាញ​នូវ​តម្លាភាព​អំពី​អង្គភាព​ខ្លួន​ទៅវិញ​។

​ស្ថាន​បេសកកម្ម​អចិន្ដ្រៃយ៍​បញ្ជាក់ថា ដើម្បី​ដោះស្រាយ​កង្វល់​របស់​អង្គការ​សង្គម​ស៊ីវិល ក្រុមការងារ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ការងារ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល បានពិនិត្យ​រួចរាល់​លើ​មាត្រា​ចំនួន​ ១១ ក្នុងចំណោម​ ១៤ មាត្រា នៃ​ច្បាប់​ខាងលើ​ដែល​បានស្នើ​ដោយ​អង្គការ​សង្គម​ស៊ីវិល​។ ក្រុមការងារ​រំពឹងថា ការពិនិត្យ​លើ​សំណើ​ដែល​នៅ​សេសសល់ នឹងត្រូវ​បញ្ចប់​នៅ​ចុងឆ្នាំ ​២០២១ នេះ​។ អង្គការ​សង្គម​ស៊ីវិល​ក៏​ទទួលបាន​អត្ថប្រយោជន៍​ពី​វេទិកា​ពិគ្រោះ​យោបល់​ចំនួន ​២ ​ដង​ ក្នុង ​១ ​ឆ្នាំ ជាមួយ​រាជរដ្ឋាភិបាល​ផងដែរ​។​

​ពាក់ព័ន្ធ​នឹង​លំហ​នយោបាយ តំណាង​អចិន្ត្រៃយ៍​កម្ពុជា​បាន​បញ្ជាក់ថា អតីត​អ្នកនយោបាយ​បក្សប្រឆាំង​ចំនួន ​២៦ ​រូប បានទទួល​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ ដែល​ក្នុងចំណោម​អ្នក​ទាំងនោះ ខ្លះ​បាន​បង្កើត​គណបក្សនយោបាយ​ថ្មី​ចំនួន​ ៦ ដើម្បី​ចូលរួម​ប្រកួតប្រជែង នៅក្នុង​ការបោះឆ្នោត​ខាងមុខនេះ​។ ក៏ប៉ុន្តែ​លំហ​នយោបាយ​បើកទូលាយ​នេះ បែរជា​ត្រូវ​រារាំង​ដោយ​អតីត​ថា្នក់​ដឹកនាំ​នៃ​បក្សប្រឆាំង​របស់​ពួកគាត់ ដែល​ចាត់ទុក​រាល់​សមាជិក​ទាំ​ង​ទ្បា​យ​ណា​ដែល​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ទ្បើង​វិញ​នោះថា ​ជា​ជន​ក្បត់​ឬ​អាយ៉ង​។ ត្រង់ចំណុច​នេះហើយ​ដែល​អ្នករាយការណ៍​ពិសេស និង​ប្រទេស​លោកខាងលិច​បាន​បិទ​ភ្នែក​ធ្វើ​មិនឃើញ​”​។​

​តំណាង​អចិន្ត្រៃយ៍​កម្ពុជា​បានឱ្យដឹងថា​ បណ្តា​ប្រទេស​លោកខាងលិច និង​សហភាព​អឺរ៉ុប​មួយចំនួន​ដែល​បាន​ទ្បើង​ថ្លែង​ក្នុងឱកាស​នេះ បានចាត់ទុក​ការអនុវត្ត​ច្បាប់​នៅ​ប្រទេស​កម្ពុជា ដែល​សំដៅ​ការពារ​ពលរដ្ឋ​គោរព​ច្បាប់​ថា ជាការ​រិត​ត្បិត​សេរីភាព​ទៅវិញ​។ ក៏ប៉ុន្តែ​នៅពេលដែល​វិធានការ​ដូចគ្នានេះ ត្រូវបាន​អនុវត្ត​នៅក្នុង​ប្រទេស​របស់ខ្លួន ពួកគេ​បែរជា​ចាត់ទុកថា ជា​វិធានការ​ចាំបាច់ និង​ស្របច្បាប់ ដើម្បី​រក្សា​សណ្តាប់ធ្នាប់​សាធារណៈ​ស្ថិរភាព​សង្គម និង​សន្តិសុខ​ជាតិ​។

​តំណាង​អចិន្ត្រៃយ៍​កម្ពុជា​លើ​ជា​ឧទាហរណ៍​ត្រួសៗ ក្នុងចំណោម​ប្រទេស​ទាំងនោះ ខ្លះ​បានអនុម័ត​ច្បាប់​សន្តិសុខ​សកល បង្ក្រាប​ក្រុមបាតុករ​អាវកាក់​ពណ៌​លឿង ចាប់ខ្លួន​ស្ត្រី​ពីបទ​ញុះញង់​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ឱ្យ​ប្រឆាំងនឹង​ការបិទ​ខ្ទប់​ប្រទេស ហាមឃាត់​គណនី​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ដែល​អាច​បង្ក​ហានិភ័យ​ញុះញង់​ឱ្យមាន​អំពើហិង្សា​ជាដើម។​ល​។ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ឯកឧត្តម អន់​តូ​នី​យ៉ូ ហ្គូ​ទែ​រែស បាន​ថ្លែង​សង្កត់ធ្ងន់​នៅក្នុង​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នេះ​ថា សិទ្ធិមនុស្ស​មិនត្រូវ​ក្លាយជា​មធ្យោបាយ ដើម្បី​អនុវត្ត​ស្ដង់ដា​ពីរ​ឬ​ជា​ឧបករណ៍ ដើម្បី​សម្រេច​របៀបវារៈ​លាក់ពុត​ណាមួយ​ឡើយ​៕