​ភ្នំពេញៈ រដ្ឋមន្ដ្រីការបរទេស​កម្ពុជា និង​រដ្ឋមន្ដ្រីការបរទេស​អូស្ដ្រាលី ប្តេជ្ញា​ធ្វើការ​កាន់តែ​ជិតស្និទ្ធ​ជាមួយគ្នា ពង្រឹង​បន្ថែម​នូវ​ទំនាក់ទំនង​ទាំង​នៅក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី និង​ពហុភាគី​ដើម្បី​ផលប្រយោជន៍​ទៅវិញទៅមក​រវាង​ប្រទេស​ទាំង ​២ សម្រាប់​សន្តិភាព ស្ថិរភាព និង​វិបុលភាព​នៅក្នុង​តំបន់​ជាពិសេស​នៅពេលដែល​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំក្រោយ​។

​នេះ​បើតាម​ការបញ្ជាក់​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ស្ដីពី​លទ្ធផល​នៃ​កិច្ចសន្ទនា​តាម​ទូរស័ព្ទ​រវាង​លោក ប្រាក់ សុខុន រដ្ឋមន្ដ្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកស្រី ម៉ា​រី​ស ផេ​ន រដ្ឋមន្ត្រីការបរទេស និង​ជា​រដ្ឋមន្ត្រី​កិច្ចការនារី​អូស្ត្រាលី​នៅ​ថ្ងៃទី ​៨ ខែ តុលា ឆ្នាំ ​២០២១​។​

​សេចក្ដីប្រកាស​ព័ត៌មាន​បានឱ្យដឹងថា រ​ដ្ឋ​មន្ត្រី​ការបរទេស​ទាំង ​២ បាន​ពិភាក្សាគ្នា​អំពី​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី និង​បញ្ហា​តំបន់ និង​អន្តរជាតិ​មួយចំនួន​ដែលជា​ចំណាប់អារម្មណ៍ និង​ការបារម្ភ​រួមគ្នា រួមទាំង​ភាពជា​ដៃគូ​សន្តិសុខ​ត្រីភាគី​អូស្ត្រាលី​-​អង់គ្លេស​-អាមេរិក (AUKUS) ដែល​ទើប​ត្រូវបាន​បង្កើតឡើង​នាពេល​ថ្មី​នេះ​ផងដែរ​។ រដ្ឋមន្ត្រីការបរទេស​ទាំងពីរ​បានកត់សម្គាល់​ដោយ​ការពេញចិត្ត​ចំពោះ​វឌ្ឍនភាព​នៃ​ទំនាក់ទំនង​ទ្វេភាគី រវាង​ប្រទេស​ទាំង​ ២ ដោយ​រួមបញ្ចូល​ទាំង​វឌ្ឍនភាព​ស្ថិតក្រោម​ភាពជា​ដៃគូ​មេគង្គ​-​អូស្ត្រាលី​ផងដែរ​។​

​សេចក្ដីប្រកាស​ព័ត៌មាន​បញ្ជាក់ថា​៖««​រដ្ឋមន្ត្រីការបរទេស​ទាំង​ ២ បាន​អះអាង​ជាថ្មី​នូវ​ការប្តេជ្ញាចិត្ត​របស់ខ្លួន ក្នុងការ​ធ្វើការ​កាន់តែ​ជិតស្និទ្ធ ដើម្បី​ពង្រឹង​បន្ថែមទៀត​នូវ​ទំនាក់ទំនង ទាំង​នៅក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី និង​ពហុភាគី​ ដើម្បី​ផលប្រយោជន៍​ទៅវិញទៅមក​រវាង​ប្រទេស​ទាំង ២ សម្រាប់​សន្តិភាព ស្ថិរភាព និង​វិបុលភាព​នៅក្នុង​តំបន់ ជាពិសេស នៅពេលដែល​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន​នៅក្នុង​ឆ្នាំក្រោយ​»​។​

​ចំពោះ​បញ្ហា​តំបន់ លោកស្រី ម៉ា​រី​ស ផេ​ន បាន​ជម្រាបជូន លោក ប្រាក់ សុខុន អំពី​បញ្ហា​នានា​ពាក់ព័ន្ធ​នឹង​ភាពជា​ដៃគូ AUKUS និង​គោលបំណង​របស់​ភាពជា​ដៃគូ​នេះ​។ លោកស្រី​បាន​សង្កត់ធ្ងន់ថា AUKUS ត្រូវបាន​បង្កើតឡើង​ដើម្បី​ប្រយោជន៍​ទូទៅ ដើម្បី​សន្តិភាព វិបុលភាព និង​សន្តិសុខ​នៅក្នុង​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក ​ហើយ​គ្មាន​ចេតនា​ណាមួយ​ដើម្បី​ទទួលបាន​អាវុធ​នុយក្លេអ៊ែរ និង​សមត្ថភាព​នុយក្លេអ៊ែរ​ស៊ីវិល​នោះទេ​។ បន្ថែម​លើ​នេះ​ផងដែរ AUKUS មិនមែនជា​ការបន្ថែម​ទៅលើ​ការប្រកួតប្រជែង​សព្វាវុធ​នៅក្នុង​តំបន់​នោះទេ​។ ជា​ផ្នែក​មួយ​នៃ AUKUS ប្រទេស​អូស្ត្រាលី នឹង​អាច​ទទួលបាន​នាវាមុជទឹក​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ ដើម្បី​បង្កើន​សមត្ថភាព​របស់​កង​នាវាចរ អូស្ត្រាលី​។​

​លោកជំទាវបានបញ្ជាក់​ជាថ្មី​ថា ប្រទេស​អូស្ត្រាលី ​ប្តេជ្ញាចិត្ត​ចំពោះ​កាតព្វកិច្ច​នៃ​ការមិន​រីកសាយ​ភាយ​នៃ​អាវុធ​នុយក្លេអ៊ែរ និង​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ទីភ្នាក់ងារ​ថាមពល​អា​តូ​មិ​ក​អន្តរជាតិ (IAEA)​។​

​លោកស្រី ​ម៉ា​រី​ស ផេ​ន បាន​អះអាង​ជាថ្មី​នូវ​ការបន្ត​គាំទ្រ​របស់​អូស្ត្រាលី​ចំពោះ​ម​ជ្ឈ​ភាព​អាស៊ាន និង​គោលការណ៍​នានា​ដែល​មានចែង​នៅក្នុង​ទស្សនៈវិស័យ​អាស៊ាន​ស្តីពី​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក ​(AOIP)​។ លោក​ជំ​ស្រី​បាន​សង្កត់ធ្ងន់ថា ប្រទេស​អូស្ត្រាលី ​ប្តេជ្ញាចិត្ត​ប្រកាន់ខ្ជាប់​នូវ​កាតព្វកិច្ច​ក្រោម​សន្ធិសញ្ញា​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ (TAC) សន្ធិសញ្ញា​តំបន់​ប៉ាស៊ីហ្វិក​ខាងត្បូង​គ្មាន​អាវុធ​នុយក្លេអ៊ែរ (SPNWFZ)​ និង​តំបន់​អាស៊ីអាគ្នេយ៍​គ្មាន​អាវុធ​នុយក្លេអ៊ែរ (SEANWFZ)​។​

​លោក ប្រាក់ សុខុន បាន​ថ្លែងអំណរគុណ​ចំពោះ លោកជំទាវ ម៉ា​រី​ស ផេ​ន សម្រាប់​ព័ត៌មាន​ពាក់ព័ន្ធ AUKUS។ លោក​បាន​កោតសរសើរ​ចំពោះ​ការប្តេជ្ញាចិត្ត​របស់​អូស្ត្រាលី​ក្នុងការ​គាំ​ទ្រម​ជ្ឈ​ភាព​អាស៊ាន និង​ពង្រីក​ការចូលរួម​របស់ខ្លួន​នៅក្នុង​កិច្ចព្រមព្រៀង និង​សន្ធិសញ្ញា​នានា ជាពិសេស​សន្ធិសញ្ញា TAC SEANWFZ និង​តំបន់​សន្តិភាព សេរីភាព និង​អព្យាក្រឹត (ZOPFAN)​។

​លោក​ក៏បាន​លើកទឹកចិត្ត​ដល់​អូស្ត្រាលី​ឱ្យមាន​ការចូលរួម​ប្រកបដោយ​ស្ថាបនា​ជាមួយ​អាស៊ាន តាមរយៈ​យន្តការ​នានា​ដែល​ដឹកនាំ​ដោយ​អាស៊ាន នៅក្នុង​ការកសាង​ការទុកចិត្ត និង​ជំនឿ​ជាក់​លើ​គ្នា​ទៅវិញទៅមក សំដៅ​ការពារ​បាន​នូវ​និម្មាបនកម្ម​តំបន់​ដែល​បើកចំហ មាន​តម្លាភាព ប្រកបដោយ​បរិ​យា​ប័ន្ន និង​ឈរលើ​គោលការណ៍​ច្បាប់​។

​លោក ប្រាក់ សុខុន បាន​បញ្ជាក់ថា​៖«​កម្ពុជា​ដែលជា​ប្រទេស​ធ្លាប់​ឆ្លងកាត់​សង្គ្រាម ការបំផ្លិចបំផ្លាញ និង​ការឈឺចាប់​រាប់មិនអស់​ជាច្រើន​ទសវត្សរ៍ ចង់ឃើញ​តំបន់​ទាំងមូល​នៅតែ​រក្សាបាន​នូវ​សន្តិភាព ស្ថិរភាព និង វិបុលភាព ហើយ​និង​បាន​សង្ឃឹមថា AUKUS នឹងមិន​បន្ថែម​សាំង​ទៅលើ​ការប្រកួតប្រជែង​ដែល​កំពុងមាន​ស្ថានភាព​មិនល្អ​ស្រាប់ និង​បង្កើន​ភាព​តានតឹង​បន្ថែមទៀត​នោះទេ​»​។

​លោក​ក៏បាន​លើកទឹកចិត្ត​ដល់​អូស្ត្រាលី និង​ដៃគូ​ខាងក្រៅ​របស់​អាស៊ាន​ឱ្យ​គាំទ្រ បន្ថែមទៀត​ដល់​វិស័យ​អាទិភាព​ទាំង​បួន​នៃ​កិច្ចសហប្រតិបត្តិការ ដែល​មានចែង​នៅក្នុង​ទស្សនៈវិស័យ អាស៊ាន ស្តីពី​ឥណ្ឌូ​ប៉ាស៊ីហ្វិក (AOIP) រួមមាន កិច្ចសហប្រតិបត្តិការ​លំហ​សមុទ្រ ការតភ្ជាប់​គោលដៅ អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ (SDGs) និង​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ សេដ្ឋកិច្ច និង​វិស័យ​ផ្សេងៗ​ទៀត​៕​