ភ្នំពេញៈ ក្រុមប្រឹក្សាធម្មនុញ្ញ​នឹង​បើក​កិច្ចប្រជុំ​រៀបចំ​សេចក្តី​ទូលថ្វាយ​មតិ​ថ្វាយ​ព្រះករុណា​ជា​អម្ចាស់​ជីវិត​លើត្បូង លើ​សេចក្តី​ព្រាងច្បាប់ ធម្មនុញ្ញ​ស្តីពី ការកំណត់ «សញ្ជាតិ​ខ្មែរ​តែមួយ» ចំពោះ​ថ្នាក់ដឹកនាំ​ស្ថាប័ន​កំពូល​របស់​ជាតិ​នៅ​ថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២១។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អគ្គលេខាធិការ​នៃ​ក្រុមប្រឹក្សាធម្មនុញ្ញ​នៅ​ថ្ងៃទី ៩ ខែតុលា​នេះ។

តាមរយៈ​សេចក្ដី​ប្រកាស​ព័ត៌មាន អគ្គលេខាធិការ​នៃ​ក្រុមប្រឹក្សាធម្មនុញ្ញ​បាន​ជម្រាបជូន​សាធារណជន​ជ្រាបថា នៅ​ថ្ងៃ ទី ១១ ខែតុលា ឆ្នាំ ២០២១ ចាប់ពី​ម៉ោង ០៩ : ០០ នាទី នៅ​អគារ ស វិមាន​រដ្ឋ​ចំការមន។

សេចក្ដី​ប្រកាស​ព័ត៌មាន​បញ្ជាក់ថា៖ «ក្រុមប្រឹក្សាធម្មនុញ្ញ​ក្រោម​អធិបតីភាព លោក អ៊ឹម ឈុនលឹម ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​នឹង​បើក​កិច្ចប្រជុំ​ពេញអង្គ ដើម្បី​ពិនិត្យ និង​រៀបចំ​សេចក្តី​ទូលថ្វាយ​មតិ​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ ថ្វាយ ព្រះករុណា​ជា​អម្ចាស់​ជីវិត​លើត្បូង​ជាទីគោរព​សក្ការៈ​ដ៏ខ្ពង់ខ្ពស់​បំផុត ទ្រង់​ពិគ្រោះ​មតិ​ក្រុមប្រឹក្សាធម្មនុញ្ញ​តាមរយៈ​ព្រះរាជសារ​ចុះ​ថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២១ ចំពោះ​សេចក្តី​ព្រាងច្បាប់​ធម្មនុញ្ញ​ស្តីពី​វិសោធនកម្ម​មាត្រា ១៩ ថ្មី មាត្រា ៨២ ថ្មី មាត្រា ១០៦ ថ្មី (មួយ) មាត្រា ១១៩ ថ្មី និង​មាត្រា ១៣៧ ថ្មី​នៃ​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មាត្រា ៣ និង​មាត្រា ៤ នៃ​ច្បាប់​ធម្មនុញ្ញ​បន្ថែម​សំដៅ​ធានា​នូវ​ដំណើរការ​ជា​ប្រក្រតី​នៃ​ស្ថាប័ន​ជាតិ»៕