ភ្នំពេញៈ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដឹកនាំ​ប្រជុំ​ជាមួយ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ (គ.ជ.គ.ម.) និង​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដើម្បី​ត្រៀម​អន្តរាគមន៍​ផ្ដល់​គ្រាប់ពូជ​ស្រូវ​ដល់​ពលរដ្ឋ​ក្រីក្រ និង​រងគ្រោះ​ ដោយ​គ្រោះមហន្តរាយ ដើម្បី​ស្ដារឡើងវិញ​ក្នុង​ឆ្នាំ ២០២១ នេះ ខណៈ​ស្ថានភាព​ទឹកជំនន់​មាន​ការស្រក​ចុះ​ច្រើន។ នេះ​បើតាម​មន្ដ្រី​នាំពាក្យ គ.ជ.គ.ម.។

លោក ឃុន សុខា មន្ត្រី​នាំពាក្យ គ.ជ.គ.ម. ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​នៅ​ថ្ងៃទី ៩ តុលា​នេះ​ថា កាលពី​ថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២១ លោក ឡាំ ហេងហួត អនុប្រធាន គ.ជ.គ.ម. បាន​ដឹកនាំ​មន្ត្រី ចូលរួម​កិច្ចប្រជុំ ស្ដីពី​ការត្រៀម​អន្តរាគមន៍​ផ្ដល់​គ្រាប់ពូជ​ស្រូវ​ដល់​ពលរដ្ឋ​ក្រីក្រ និង​រងគ្រោះ​ដោយ​គ្រោះមហន្តរាយ ដើម្បី​ស្ដារឡើងវិញ តាម​ប្រព័ន្ធ​អនឡាញ (Zoom) ដែល​រៀបចំ​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​មាន​ការចូលរួម​ពី​តំណាង​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ។

លោក​ថ្លែងថា៖ «ធម្មតា​រៀងរាល់​ឆ្នាំក្រោយ​ពេល​ទឹកជំនន់​ស្រក​ចុះ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​សហការ​ជាមួយ គ.ជ.គ.ម. និង​ក្រសួង​ពាក់ព័ន្ធ ដើម្បី​ត្រៀម​កញ្ចប់​ថវិកា អន្តរាគមន៍​ផ្ដល់​គ្រាប់​ពូជស្រូវ ពូជ​ដំណាំ​ដល់​ពលរដ្ឋ​ក្រីក្រ និង​រងគ្រោះ​ដោយ​គ្រោះមហន្តរាយ ដើម្បី​ស្ដារឡើងវិញ»។

លោក​បន្តថា៖ «កិច្ចការងារ​នេះ គឺ​យើង​ធ្វើជា​រៀងរាល់ឆ្នាំ ហើយ​ពេលនេះ គឺ​យើង​រៀបចំ​ផែនការ ពិនិត្យ​មើលថា តើ​ប្រជាពលរដ្ឋ​នៅ​ខេត្ដ​ណា​មាន​ផលប៉ះពាល់ ស្ថិត​នៅ​ខេត្ដ​ណាខ្លះ យ៉ាងណាខ្លះ ដើម្បី​ត្រៀម​ចែក​ពូជ​ស្រូវពូជ​ដំណាំ»។

ចាប់តាំងពី​ខែ​កញ្ញា ឆ្នាំ ២០២១ នេះ​មក ជំនន់​ទឹកភ្លៀង​បាន​បង្ក​ការជន់លិច​ខេត្ដ​មួយចំនួន​ដែល​ស្ថិតនៅ​ភាគ​ពាយ័ព្យ​នៃ​ប្រទេស​កម្ពុជា ក្នុងនោះ​ខេត្ដ​បន្ទាយមានជ័យ​មាន​ការជន់លិច​ធ្ងន់ធ្ងរ​ជាងគេ។

យោងតាម​របាយការណ៍​របស់ គ.ជ.គ.ម. ដោយ​គិត​ត្រឹម​យប់​ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២១ ផលប៉ះពាល់​សរុប ដែល​បង្កដោយ​ជំនន់​ទឹកភ្លៀង​ក្នុង​ខេត្តបន្ទាយមានជ័យ ប៉ះពាល់ ៦ ក្រុង-ស្រុក ស្មើ ៣៨ ឃុំ-សង្កាត់។ ប៉ះពាល់​ប្រជាជន​ប្រមាណ ១៨ ៧១៥ គ្រួសារ និង​ជម្លៀស​ទៅ​ទួល​សុវត្ថិភាព​ប្រមាណ ១១៥០ គ្រួសារ។ លិច​ស្រូវ​ប្រមាណ ២៥ ២២៣ ហិកតា និង​ដំណាំ​រួមផ្សំ ប្រមាណ ៣០១ ហិកតា។ ប៉ះពាល់​សាលារៀន ២៦ កន្លែង, វត្ត ៩ វត្ដ និង​មណ្ឌល​សុខភាព ២ កន្លែង។

ថ្ងៃ​សៅរ​ទី ៩ ខែតុលា ឆ្នាំ ២០២១ នេះ លោក អ៊ុ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​ចុះ​ពិនិត្យមើល​ស្ថានភាព​ទឹកជំនន់​ទឹកភ្លៀង និង​ពិនិត្យ​ស្ថានភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅលើ​ទីទួល​សុវត្ថិភាព។ តាមរយៈ​ការចុះ​អង្កេត​នេះ​រដ្ឋបាល​ខេត្ដ​បញ្ជាក់ ស្ថានភាព​ទឹក​មាន​ការស្រក​ចុះ​ច្រើន មាន​សភាព​ធូរស្រាល ទឹក​បន្ត​ហូរ​ទៅ​ផ្នែក​ខាងក្រោម គិត​ត្រឹម​ថ្ងៃទី ៩ តុលា ឆ្នាំ ២០២១ នេះ។

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​លោក វេង សាខុន បាន​អះអាង​កាលពី​ថ្ងៃទី ៧ ខែ កញ្ញា ឆ្នាំ ២០២១ ថា ក្រសួង​បាន​ត្រៀម​បម្រុង​រួចជាស្រេច​នូវ​គ្រាប់​ពូជស្រូវ​ចំនួន ២ ០០០ តោន និង​ពូជ​ដំណាំ​រួមផ្សំ ២៥ តោន​សម្រាប់​អន្តរាគមន៍​ជួយសង្គ្រោះ​ប្រជាកសិករ​ ដែល​រង​ផលប៉ះពាល់ និង​ខូចខាត​ដោយ​គ្រោះធម្មជាតិ។

លោក សាខុន បាន​បញ្ជាក់ថា ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ វិស័យ​កសិកម្ម​មាន​ការរីកចម្រើន​គួរឱ្យកត់សម្គាល់។ តែ​វិស័យ​នេះ​ក៏​កំពុង​ជួប​បញ្ហា​មួយចំនួន​ផងដែរ ជាពិសេស​គ្រោះមហន្តរាយធម្មជាតិ​រួមមាន​គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត ខ្យល់​កន្ត្រាក់ ជំងឺឆ្លង និង​សមាសភាព​សត្វល្អិត​ចង្រៃ តែងតែ​បំផ្លាញ​ផលដំណាំ​របស់​បងប្អូន​ប្រជាកសិករ​រៀងរាល់​ឆ្នាំ។

លោក​បាន​បន្តថា ដោយ​ពិនិត្យឃើញ​ពី​បញ្ហា​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជំរុញ និង​គាំទ្រ​លើ​ការបង្កើន​សមត្ថភាព​ត្រៀម​បម្រុង​ស្បៀង និង​គ្រាប់ពូជ​ដំណាំ​សម្រាប់​ទុក​បង្ការ និង​ធ្វើ​អន្តរាគមន៍​ជួយ​ដល់​កសិករ​ក្រីក្រ​ដែល​ងាយ​រងគ្រោះ​ពី​គ្រោះធម្មជាតិ​ឱ្យ​បាន​ទាន់ពេល និង​មាន​ប្រសិទ្ធភាព។

លោក សាខុន បានបញ្ជាក់​ទៀតថា៖ «សម្រាប់​ឆ្នាំ ២០២១ រាជរដ្ឋាភិបាល តាមរយៈ​ប្រព័ន្ធ​ស្បៀង​បម្រុង​កម្ពុជា (ប.ស.ប.ក) បាន​ត្រៀម​បម្រុង​គ្រាប់ពូជ​ស្រូវស្រាល​មិន​ប្រកាន់​រដូវ​ជា​រូបវន្ត​ចំនួន ២ ០០០ តោន និង​គ្រាប់ពូជ​បន្លែ និង​ដំណាំ​រួមផ្សំ​ផ្សេងៗ​ទៀត​ចំនួន ២៥ តោន​សម្រាប់​អន្តរាគមន៍​ជួយ​សង្គ្រោះ​ប្រជាកសិករ​ ដែល​រង​ផលប៉ះពាល់ និង​ខូចខាត​ដោយ​គ្រោះធម្មជាតិ»៕