ភ្នំពេញៈ នគរបាល​ព្រហ្មទណ្ឌ​ខេត្ត​ពោធិ៍សាត់​កំពុង​តាម​ចាប់​បុរស​ម្នាក់ ​បន្ទាប់ពី​សម្លាប់​ស្រី​ម្នាក់​ ហើយ​ខ្ចប់​នឹង​កម្រាល​ពូក​បម្រុង​យក​ទៅ​បោះចោល​កាល​ពី​ថ្ងៃទី៩ ​តុលា ​ប្រព្រឹត្ត​នៅ​ភូមិ​ថ្នល់​បំបែក ​សង្កាត់​រលាប ​ក្រុង​-ខេត្ត​ពោធិ៍សាត់។

លោក​ម៉ូ លីដា ​ស្នងការរង​ទទួល​ផែន​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត​ពោធិ៍សាត់​ឱ្យដឹង​នៅ​ថ្ងៃទី១០ ​តុលា ​ថា ​ស្រ្តីដែល​ត្រូវបាន​សម្លាប់ ​ឈ្មោះ​ជន ស្រីណូ​ អាយុ​៣៩ឆ្នាំ ​មាន​កូនប្រុស​អាយុ​៥ឆ្នាំ​ម្នាក់ ​រស់នៅ​ជាមួយ​ជីដូន ​និង​មាន​ទីលំនៅ ​ភូមិ​ទួលគ្រួស ​សង្កាត់​ចំរើនផល ​ក្រុង​-ខេត្ត​ពោធិ៍សាត់។ ​ចំណែក​ជនសង្ស័យ ​សមត្ថកិច្ច​របស់​លោក​កំពុង​ស្រាវជ្រាវ ​និង​កំណត់​អត្តសញ្ញាណ​ដើម្បី​ស្វែងរក​ចាប់​ខ្លួន។

លោក​បញ្ជាក់ថា​៖«ដោយសារ​យើង​មិនទាន់​កំណត់​អត្តសញ្ញាណ​របស់​ជនសង្ស័យ​បាន​ ដូច្នេះ​ខាង​នគរបាល​ជំនាញ​កំពុង​ដំណើរការ​ស្រាវជ្រាវ​ហើយ»។

លោក​បានប្រាប់​តាម​សាក្សី​ថា ​កាលពី​ថ្ងៃទី៩ ​តុលា ​គេ​បានឃើញ​ស្រ្តី​រងគ្រោះ​មកជួល​បន្ទប់១​នៃ​ផ្ទះសំណាក់​ នៅ​ភូមិ​ថ្នល់​បំបែក​ សង្កាត់​រលាប​ សម្រាក​បណ្តោះ​អាសន្ន។ ក្រោយ​មក​គេ​បានឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​១គ្រឿង​ម៉ាក​ហុងដា​ឌ្រីមសេ​១២៥​ស៊េរី​ឆ្នាំ២០១៧​ពណ៌​ខ្មៅ ​ហើយ​ដើរ​ចូលទៅ​ក្នុង​បន្ទប់​ដែល​ស្រ្តី​រងគ្រោះ​ជួល។

លោក​បន្តថា ​មួយ​សន្ទុះ​ក្រោយមក​ គេ​បានឃើញ​បុរស​ម្នាក់​នោះ​លី​បង្វិច​មួយ​ដែល​មាន​ទម្ងន់​ធ្ងន់​ ​រុំ​ដោយ​ក្រណាត់​កម្រាល​ពូក​យកទៅ​ដាក់​នៅ​លើ​រាន​ផ្នែក​ខាងមុខ​កែប​ម៉ូតូ។ គ្រា​នោះ​ដោយ​មាន​ការសង្ស័យ ​អ្នកយាម​ផ្ទះសំណាក់​ រត់ទៅ​សួរ ​ហើយ​ជនសង្ស័យ​បាន​រត់ចោល​ម៉ូតូ​តែ​ម្តង។ ពេល​នោះ​គេ​បាន​នាំគ្នា​ទៅ​ឆែក​បង្វិច​មើល​ក៏ឃើញ​សាកសព​ស្រ្តី​រង​គ្រោះ។

លោក​យឹម ស៊ាងហៃ ​អធិការ​នគរបាល​ក្រុង​ពោធិ៍​សាត់​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ​នៅ​រសៀល​ថ្ងៃទី១០ ​តុលាថា ​ក្រោយ​កើតហេតុ​ មិន​ឃើញ​មាន​ប្តី​មក​មើល​សព​ទេ ​គេ​ឃើញ​តែ​ម្តាយ​នាង ​និង​ក្មេងប្រុស​ អាយុ​ ៥ឆ្នាំ​ម្នាក់​ប៉ុណ្ណោះ។ ​ប៉ុន្តែ​ម្តាយ​ស្រ្តី​រងគ្រោះ​ប្រាប់​សមត្ថកិច្ចថា​ ស្រ្តីរង​គ្រោះ​ដើរ​រកស៊ី​ធ្វើការ​មិនសូវ​នៅ​ផ្ទះ​ទេ។ ចំពោះ​តម្រុយ​នៃ​បទល្មើស​នេះ ​គឺ​ពិបាក​ក្នុង​ការស្រាវ​ជ្រាវ។

លោក​ថា​៖«បើ​ស្រ្តី​រងគ្រោះ​ប្រើ​ទូរស័ព្ទ​ទៅ ​គឺ​យើង​អាច​ស្រាវជ្រាវ​តាម​ទូរស័ព្ទ ​តែ​គាត់​អត់ប្រើ​ទូរស័ព្ទ​សោះ។​ វា​ដូចជា​ងងឹត​បន្តិច​ដែរ​ក្នុង​ការស្រាវ​ជ្រាវ​ តែ​យើង​មមាញឹក​រឿង​នេះ»៕

វីដេអូ៖