កណ្តាលៈ បុរស​ជា​ម្ចាស់​ភោជនីយដ្ឋាន​ម្នាក់​ត្រូវបាន​តុលាការ​បង្គាប់​ឱ្យ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​កាលពី​ថ្ងៃទី​ ៩ តុលា ពាក់ព័ន្ធ​ករណី​ចាប់​ស្ត្រី​ម្នាក់​រំលោភ​សេពសន្ថវៈ​នៅ​សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។

លោក​ រស់ សាវិន នាយការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ខេត្តកណ្តាល​បាន​ប្រាប់​នៅ​ថ្ងៃទី​ ១០ តុលា​ថា បុរស​ឈ្មោះ​ ស្វាយ ស៊ីសុថា អាយុ​ ៤៦ ​ឆ្នាំ មាន​របរ​ជា​ម្ចាស់​ហាង​យីហោ​ (​រង់ចាំ​) ​និង​រស់នៅក្នុង​ទឹកដី​សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។

លោក​ថ្លែងថា​៖ «​ជន​ត្រូវ​ចោទ​ត្រូវបាន​ចៅក្រម​ស៊ើបសួរ​ចេញ​ដីកា​ឃុំខ្លួន​បណ្តោះអាសន្ន​ក្នុង​ពន្ធនាគារ​ហើយ​។ គាត់​ត្រូវ​ឃុំ​ពី​ម្សិលមិញ [​ថ្ងៃទី​ ៩ តុលា​] ​ដែល​តំណាង​អយ្យការ​ចោទ​បទ​រំលោភសេពសន្ថវៈ​មាត្រា​ ២៣៩ ​នៃ​ក្រម​ព្រហ្មទណ្ឌ​»​។

យោងតាម​មាត្រា​ ២៣៩ ​នៃ​ក្រមព្រហ្មទណ្ឌ​នេះ ប្រសិនបើ​តុលាការ​រកឃើញថា ជន​ត្រូវចោទ​ពិតជា​បាន​ប្រព្រឹត្ត​មែន​នោះ​នឹងត្រូវ​ប្រឈម​ការផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ៥ ​ទៅ​ ១០ ​ឆ្នាំ​។

លោក យី វណ្ណដា អធិការ​នគរបាល​ក្រុង​តាខ្មៅ​ប្រាប់​នៅ​ថ្ងៃទី​ ១០ តុលា ថា ស្ត្រី​រងគ្រោះ ឈ្មោះ រ.ច. អាយុ​ ២៦ ​ឆ្នាំ និង​មាន​ទីលំនៅ សង្កាត់​កំពង់សំណាញ់ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។ លោក​ប្រាប់​តាម​សម្តី​នារី​រងគ្រោះ​ថា ស្ត្រី​រងគ្រោះ​ និង​ជនសង្ស័យ​ជា​មនុស្ស​ស្គាល់គ្នា រាប់អាន​គ្នា​ជាច្រើន​ឆ្នាំ​ហើយ​។ នៅ​ថ្ងៃទី​ ៤ តុលា ឆ្នាំ​ ២០២១ ជនសង្ស័យ​បាន​ទូរស័ព្ទ​ណាត់​ជួប​ស្ត្រី​រងគ្រោះ​។ ពួកគេ​បាន​ជួបគ្នា​ក្នុង​ហាង​របស់​ជនសង្ស័យ​។ នៅពេលនោះ​ពួកគេ​អង្គុយ​ផឹកស្រា​ជាមួយគ្នា​ទាល់តែ​ស្រវឹង​រៀងៗ​ខ្លួន​។ លុះដល់​ម៉ោង​ប្រមាណ​ជា​ ១១ ​យប់​ជនសង្ស័យ​បាន​ចាប់រំលោភ​នារី​រងគ្រោះ​បានសម្រេច​។

បើតាម​លោក​អធិការ​យោង​សម្តី​របស់​ស្ត្រី​រងគ្រោះ​ថា រហូតដល់​ម៉ោង​ប្រមាណ​ ១ ​រំលង​អធ្រាត្រ​ឈានចូល​ថ្ងៃទី​ ៥ តុលា ស្ត្រី​រងគ្រោះ​បាន​យក​ទូរស័ព្ទ​ម៉ាក​ OPPO របស់​ជនសង្ស័យ​ត្រឡប់​មកផ្ទះ​វិញ​។ បន្ទាប់មក​នៅ​ថ្ងៃទី​ ៧ តុលា ទើប​ស្ត្រី​រងគ្រោះ​ប្តឹង​នគរបាល​ប៉ុស្តិ៍ សង្កាត់​កំពង់​សំណាញ់​ដើម្បីឱ្យ​សមត្ថកិច្ច​ចាប់ខ្លួន​ជនសង្ស័យ​។

លោក​ថ្លែងថា​៖ «​ជនរងគ្រោះ​គាត់​ប្រាប់​សមត្ថកិច្ច​ថា គាត់​យក​ទូរស័ព្ទ​របស់​ជនសង្ស័យ ដើម្បី​ទុក ជា​ភ័ស្តុតាង​ប្តឹង​ប៉ូលិស​។ ស្ត្រី​រងគ្រោះ​ខ្លួន​គាត់​ផ្ទាល់​ជា​អ្នកប្តឹង​»​។

លោក​ថា ក្រោយ​ទទួល​បណ្តឹង​ពី​ស្ត្រី​រងគ្រោះ សមត្ថកិច្ច​ក៏បាន​ចុះ​ដល់​ទីតាំង​របស់​ជនសង្ស័យ​នៅ​ថ្ងៃទី​ ៨ តុលា ដើម្បី​សាកសួរ​។ នៅ​ចំពោះមុខ​ជនសង្ស័យ​បាន​ឆ្លើយថា រវាង​ខ្លួន និង​ស្ត្រី​រងគ្រោះ​បាន​ស្គាល់គ្នា​មាន​ស្នេហា​ជាមួយ​គ្នា និង ធ្លាប់​រួមរ័ក​គ្នា​ជាច្រើន​ដង​ទៀតផង​ ប៉ុន្តែ​ក្រោយមក​បាន​ផ្តាច់​ទំនាក់ទំនង​ជាមួយ​គ្នា​មួយរយៈ​។

លោក​បន្ថែមថា ជនសង្ស័យ​ក៏​សារភាព​ដែរ​ថា ពិតជា​បាន​ហៅ​ស្ត្រី​រងគ្រោះ​ផឹកស្រាបៀរ​ជាមួយគ្នា ហើយ​នាង​ក៏បាន​យក​ទូរស័ព្ទ ម៉ាក OPPO របស់គាត់​ផងដែរ​៕