ភ្នំពេញៈ មន្ទីរពេទ្យ​គន្ធបុប្ផា​ភ្នំពេញ​ និង​សមត្ថកិច្ច​បាន​ប្រកាស​រក​សាច់ញាតិ​ក្មេងប្រុស​ម្នាក់​ឈ្មោះ ឈើម អាយុ​ ១៥ ​ឆ្នាំ​ដែល​កំពុងស្ថិត​ក្នុង​ការជួយសង្គ្រោះ ដោយសារ​រថភ្លើង​កិន​កាលពី​ម៉ោង​ ៤ ​ទៀបភ្លឺ ថ្ងៃទី​ ១០ ​ខែតុលា​នៅ​ចំណុច​ផ្លូវ​រថភ្លើង (​ខ្សែ​ភ្នំពេញ-កំពត​) ​ជិត​ផ្លូវជាតិ​លេខ​ ៤ ក្នុងភូមិ​អង្គ សង្កាត់​ចោមចៅ​ទី​ ៣ ខណ្ឌ​ពោធិ៍សែនជ័យ បណ្ដាល​ឱ្យដាច់​ដៃ​ឆ្វេង និង​ជើង​ទាំងសងខាង​ព្រមទាំង​​របួស​ក្បាល​ហូរឈាម​ធ្ងន់ធ្ងរ​។

មន្ទីរពេទ្យ​គន្ធបុប្ផា​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី​ ១០ ​តុលា បាន​ជូន​ដំណឹង​បន្ទាន់​តាម​ហ្វេសប៊ុក ដើម្បី​​ស្វែងរក​អាណាព្យាបាល​ក្មេងប្រុស​រូបនេះ ខណៈ​ក្រុម​​គ្រូពេទ្យ​កំពុង​ជួយសង្គ្រោះ​ជីវិត​​ក្នុង​បន្ទប់វះកាត់​នៅឡើយ​។

មន្ទីរពេទ្យ​គន្ធបុប្ផា​ភ្នំពេញ​បញ្ជាក់ថា​៖ «​សូម​ប្រកាស​រក​​អាណាព្យាបាល​កុមារា​អាយុ​ ១៥ ​ឆ្នាំ​ឈ្មោះ​ ឈើម [​ភិនភាគ​ដូច​ក្នុង​រូបថត​] ​ដែល​ត្រូវបាន​​រថភ្លើង​កិន​ដាច់​ដៃ​ឆ្វេង​ដាច់​ជើង​​ទាំងសងខាង​ និង​របួស​ក្បាល​ហូរ​​ឈាម​យ៉ាងធ្ងន់ធ្ងរ​បំផុត​។ ​កុមារា​រងគ្រោះ​នេះ​ត្រូវបាន​រថយន្ត​សង្គ្រោះ​អង្គភាព​លេខ​ ៧០ ​បញ្ជូន​​មកជា​បន្ទាន់​នា​វេលា​ម៉ោង​ ៦:៤៥ ​នាទី​ព្រឹក ដោយ​ពុំមាន​អាណាព្យាបាល​។ ពេលនេះ​ក្រុម​គ្រូពេទ្យ​វះកាត់​កំពុង​ខិតខំ​ជួយ​​សង្គ្រោះ​ជីវិត​ក្មេង​ម្នាក់នេះ​នៅ​...​។

សូម​ទាក់ទង​មកកាន់​លេខ​​ទូរស័ព្ទ 012 812 248»​។

គ្រូពេទ្យ​ម្នាក់​សុំ​មិន​បញ្ចេញ​​ឈ្មោះ​នៅ​មន្ទីរពេទ្យ​នេះ​ឱ្យដឹងថា គិត​ត្រឹម​ល្ងាច​ថ្ងៃទី​ ១០ ​តុលា មិនទាន់​ឃើញ​សាច់ញាតិ​មក​មើល​កុមារ​រងគ្រោះ​ទេ​។

លោក​ថា​៖ «​មន្ទីរពេទ្យ​បាន​ជួយ​កុមារ​រងគ្រោះ​សព្វគ្រប់​បែបយ៉ាង​ហើយ ប៉ុន្ដែ​រហូតមកដល់​ឥឡូវ​មិនទាន់មាន​សាច់ញាតិ​ណា​មក​ទេ ហើយ​កុមារ​កំពុងស្ថិត​នៅក្នុង​សភាព​ធ្ងន់ធ្ងរ​យើង​ដាក់​ឈាម​យើង​បញ្ជូន​គាត់​ទៅ​សង្គ្រោះបន្ទាន់​នៅ​កន្លែង​វះកាត់​ថែមទៀត​»​។

លោក​ ថេង កុសល នាយ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ចោមចៅ​ទី​ ៣ ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​នៅ​ថ្ងៃទី​ ១០ ​តុលា​ដែរ​ថា ហេតុការណ៍​នេះ​បានកើត​នៅ​ម៉ោង​ប្រមាណ​ ៤ ​ជិត​ភ្លឺ​ថ្ងៃទី​ ១០ ​តុលា ជិត​ផ្លូវជាតិ​លេខ​ ៤ ក្នុងភូមិ​អង្គ សង្កាត់​ចោមចៅ​ទី​ ៣ ខណ្ឌ​ពោធិ៍សែនជ័យ​។

លោក​បន្តថា ក្រោយ​កើតហេតុ​ភ្លាម នគរបាល​បាល​ប៉ុស្តិ៍​ចោមចៅ​ទី​ ៣ បាន​ចុះទៅ​ទីនោះ​រួច​បាន​ហៅ​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​ពេទ្យ​គន្ធបុប្ផា​។

លោក កុសល បញ្ជាក់ថា​៖ «​យើង​មិនទាន់​រក​សាច់ញាតិ​ក្មេងប្រុស​នេះ​ឃើញ​ទេ​មិនដឹង​គាត់​ដើរ​មកពីណា​ចូលទៅ​ដេក​នៅលើ​ផ្លូវ​រថភ្លើង​នេះ​។ ខ្ញុំ​បាន​ទាក់ទង​មេភូមិ​អង្គ​ឱ្យ​ជួយ​រក​សាច់ញាតិ​ក្មេងប្រុស​នេះហើយ​​ថា តើ​រស់​នៅឯណា​?»៕