ភ្នំពេញៈ សេចក្តីព្រាងច្បាប់ស្តីពីការកំណត់ឱ្យមានសញ្ជាតិខ្មែរតែ ១ សម្រាប់មេដឹកនាំស្ថាប័នកំពូលរបស់ជាតិចំនួន ៤ រួមមានប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ប្រធានព្រឹទ្ធសភា រដ្ឋសភា និងនាយករដ្ឋមន្ត្រី ត្រូវបានគណៈរដ្ឋមន្ត្រីអនុម័តនាព្រឹកថ្ងៃទី ៨ តុលា ឆ្នាំ ២០២១ និងត្រៀមបញ្ជូនទៅកាន់រដ្ឋសភាអនុម័តផងដែរ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលប្រាប់នាថ្ងៃទី ៨ តុលាថា សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា ១៩ ថ្មី មាត្រា ៨២ មាត្រា ១០៦ ថ្មី (មួយ) មាត្រា ១១៩ ថ្មី និងមាត្រា ១៣៧ ថ្មីនៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា ៣ មាត្រា ៤ នៃច្បាប់ធម្មនុញ្ញ បន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ ត្រូវបានគណៈរដ្ឋមន្ត្រីអនុម័ត។
លោកបញ្ជាក់ថា រដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល និងក្រុមប្រឹក្សាធម្មនុញ្ញ គឺជាស្ថាប័នកំពូលរបស់ជាតិ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមានការទទួលខុសត្រូវក្នុងការសម្រេចលើកិច្ចការ សំខាន់ៗដែលជាអាយុជីវិតរបស់ប្រទេសជាតិ សំដៅធានាការពារឯករាជ្យជាតិ អធិបតេយ្យជាតិ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។
លោក ផៃ ស៊ីផាន ថ្លែងថា៖ «សំដៅដល់ការការពារនូវឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា និងការប្រឆាំងដាច់ខាតនឹងការជ្រៀតជ្រែកពីបរទេសចូល ក្នុងកិច្ចការផ្ទៃក្នុងរបស់ជាតិ ឬការបង្គាប់បញ្ជាចំពោះគោលនយោបាយជាតិ និងអន្តរជាតិរបស់កម្ពុជា»។
ទន្ទឹមនឹងនេះ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ ដែលមានការពាក់ព័ន្ធក៏បានតម្រូវឱ្យតំណាងរាស្ត្រ សមាជិកព្រឹទ្ធសភា នាយករដ្ឋមន្ត្រី និងសមាជិកក្រុមប្រឹក្សាធម្មនុញ្ញទាំងអស់ ត្រូវតែមានសញ្ជាតិខ្មែរតាំងពីកំណើត។
លោក ផៃ ស៊ីផាន បានបន្តថា ប្រធាន អនុប្រធាន និងសមាជិកទាំងអស់នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលជាស្ថាប័នមានចែងក្នុងរដ្ឋធម្មនុញ្ញផងដែរនោះ ក៏ត្រូវបានច្បាប់កំណត់ឱ្យត្រូវតែមានសញ្ជាតិខ្មែរពីកំណើត និងមានសញ្ជាតិខ្មែរតែ ១ គត់។
យោងតាមមាត្រា ១១៩ ថ្មី (មួយ) ចែងថា តាមសេចក្តីស្នើពីប្រធាន ដោយមានមតិឯកភាពពីអនុប្រធានទាំង ២ នៃរដ្ឋសភា ព្រះមហាក្សត្រទ្រង់ចាត់តាំងវរជន ១ រូបជានាយករដ្ឋមន្ត្រីពីក្នុងចំណោមតំណាងរាស្ត្រនៃគណបក្ស ដែលមានអាសនៈច្រើនជាងគេនៅក្នុងរដ្ឋសភា ឱ្យបង្កើតរាជរដ្ឋាភិបាល។ វរជនដែលនឹងត្រូវទទួលបានការចាត់តាំងជានាយករដ្ឋមន្ត្រីនេះ ត្រូវតែជាតំណាងរាស្ត្រដែលមានសញ្ជាតិខ្មែរតែ ១ គត់។ វរជនដែលត្រូវបានចាត់តាំងនេះ នាំសហការីដែលជាតំណាងរាស្ត្រ ឬជាសមាជិកគណបក្សតំណាងនៅក្នុងរដ្ឋសភា ដែលផ្គូផ្គងឱ្យកាន់តំណែងផ្សេងៗក្នុងរាជរដ្ឋាភិបាលទៅសុំសេចក្តីទុកចិត្តពីរដ្ឋសភា។
យោងតាមមាត្រា ៨២ ថ្មី (មួយ) បានចែងថា ប្រធានរដ្ឋសភាត្រូវបោះឆ្នោតជ្រើសរើស ចេញពីសមាជិករដ្ឋសភាដែលមានសញ្ជាតិខ្មែរតែ ១ គត់។ មាត្រា ១០៦ ថ្មី (ពីរ) បានចែងថា ប្រធាន ព្រឹទ្ធសភា ត្រូវបោះឆ្នោតជ្រើសរើសចេញពីសមាជិកព្រឹទ្ធសភា ដែលមានសញ្ជាតិខ្មែរតែ ១ គត់។
ចំណែកមាត្រា ១៣៧ ថ្មី (មួយ) ត្រូវបានធ្វើវិសោធនកម្ម ដោយបានចែងថា ក្រុមប្រឹក្សាធម្មនុញ្ញមានសមាជិក ៩ រូប ដែលទទួលអាណត្តិ ៩ ឆ្នាំ។ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញចំនួន ១ ភាគ ៣ ត្រូវផ្លាស់ថ្មីក្នុងរយៈពេល ៣ ឆ្នាំម្តង ៣ ឆ្នាំម្តង។ សមាជិក ៣ រូបត្រូវតែងតាំងដោយព្រះមហាក្សត្រ ៣ រូបត្រូវជ្រើសតាំងដោយ រដ្ឋសភា ហើយ ៣ រូបទៀតត្រូវតែងតាំងដោយឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម។
ប្រធានត្រូវបានជ្រើសតាំងដោយសមាជិកក្រុមប្រឹក្សាធម្មនុញ្ញពីក្នុងចំណោមសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ដែលមានសញ្ជាតិខ្មែរពីកំណើត និងមានសញ្ជាតិខ្មែរតែ ១ គត់។ ប្រធានមានសំឡេងឧត្តមានុភាពក្នុងករណីបែកសំឡេងជា ២ ស្មើគ្នា។
សម្រាប់មាត្រាពីរដែលមានមាត្រា ៣ និងមាត្រា ៤ នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិត្រូវបានធ្វើវិសោធនកម្ម។ មាត្រា ៣ ថ្មី បានធ្វើវិសោធនកម្មថា ក្នុងករណីដែលឃើញថានីតិវិធីនៃមាត្រា ៨២ ថ្មី (មួយ) និងមាត្រា ១១៩ ថ្មី (មួយ) នៃរដ្ឋធម្មនុញ្ញមិនអាចសម្រេចបាន រដ្ឋសភា តាមសំណើរបស់គណបក្សដែលមានអាសនៈច្រើនជាងគេនៅក្នុងរដ្ឋសភាអាចដំណើរការការបោះឆ្នោតជាកញ្ចប់ ដើម្បីជ្រើសតាំងប្រធាន អនុប្រធានរដ្ឋសភា ក៏ដូចជាប្រធាន និងអនុប្រធានគណៈកម្មការក្នុងពេល ជាមួយគ្នានឹងការផ្តល់សេចក្តីទុកចិត្តចំពោះរាជរដ្ឋាភិបាល។
រីឯមាត្រា ៤ ថ្មីការរៀបចំបញ្ជីរាយនាមសមាសភាពដើម្បីបោះឆ្នោតជ្រើសតាំង និងផ្តល់សេចក្តីទុកចិត្តត្រូវអនុវត្តដូចតទៅ បញ្ជីរាយនាមសមាសភាពប្រធាន និងអនុប្រធាននៃរដ្ឋសភា ក៏ដូចជាប្រធាន និងអនុប្រធាន គណៈកម្មការជំនាញទាំងអស់នៃរដ្ឋសភា ត្រូវរៀបចំ និងស្នើដោយគណបក្សនយោបាយដែលព្រមព្រៀងគ្នា ដើម្បីបង្កើតរាជរដ្ឋាភិបាលចម្រុះ ហើយត្រូវផ្ញើជូនព្រឹទ្ធសមាជិករដ្ឋសភា។ ប្រធានរដ្ឋសភាត្រូវជ្រើសរើសចេញពីសមាជិករដ្ឋសភាដែលមានសញ្ជាតិខ្មែរតែ ១ គត់។
សេចក្តីព្រាងបានបន្តថា តាមសេចក្ដីស្នើពីគណបក្សនយោបាយដែលមានចំនួនអាសនៈច្រើនជាងគេ នៅក្នុងរដ្ឋសភាតាមរយៈព្រឹទ្ធសមាជិករដ្ឋសភា ព្រះមហាក្សត្រទ្រង់ចាត់តាំងវរជន ១ រូបជានាយករដ្ឋមន្ត្រីពីក្នុងចំណោមតំណាងរាស្ត្រនៃគណបក្សនយោបាយ ដែលមានចំនួនអាសនៈច្រើនជាងគេនៅក្នុងរដ្ឋសភាឱ្យបង្កើតរាជរដ្ឋាភិបាល។ វរជនដែលនឹងត្រូវទទួលបានការចាត់តាំងជានាយករដ្ឋមន្ត្រីនេះ ត្រូវតែជាតំណាងរាស្ត្រដែលមានសញ្ជាតិខ្មែរតែ ១ គត់។ វរជនដែលត្រូវបានចាត់តាំងនេះ ត្រូវរៀបចំផ្គូផ្គងតំណែងផ្សេងៗក្នុងរាជរដ្ឋាភិបាល រួចផ្ញើបញ្ជីរាយនាមសមាជិកទាំងអស់នៃរាជរដ្ឋាភិបាលជូនព្រឹទ្ធសមាជិករដ្ឋសភា។
ព្រឹទ្ធសមាជិករដ្ឋសភា ត្រូវរៀបចំបញ្ជីរាយនាមជាកញ្ចប់មួយនូវសមាសភាពប្រធាន និងអនុប្រធាននៃរដ្ឋសភា ក៏ដូចជាប្រធាន និងអនុប្រធានគណៈកម្មការជំនាញទាំងអស់នៃរដ្ឋសភា ព្រមទាំងនាយករដ្ឋមន្ត្រីដែលត្រូវបានចាត់តាំង ដោយព្រះមហាក្សត្រ និងសមាជិកទាំងអស់នៃរាជរដ្ឋាភិបាល ដើម្បីដាក់ជូនរដ្ឋសភាបោះឆ្នោត។
ជាមួយគ្នានេះ ក្រុមប្រឹក្សាធម្មនុញ្ញនឹងបើកកិច្ចប្រជុំរៀបចំសេចក្តីទូលថ្វាយមតិថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង លើសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីការកំណត់ «សញ្ជាតិខ្មែរតែមួយ» ចំពោះថ្នាក់ដឹកនាំស្ថាប័នកំពូលរបស់ជាតិ នៅថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២១។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការនៃក្រុមប្រឹក្សាធម្មនុញ្ញ នៅថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២១។
សេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់ថា៖ «ក្រុមប្រឹក្សាធម្មនុញ្ញក្រោមអធិបតីភាព លោក អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញនឹងបើកកិច្ចប្រជុំពេញអង្គ ដើម្បីពិនិត្យ និងរៀបចំសេចក្តីទូលថ្វាយមតិរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ពិគ្រោះមតិក្រុមប្រឹក្សាធម្មនុញ្ញតាមរយៈព្រះរាជសារចុះថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២១ ចំពោះសេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា ១៩ ថ្មី មាត្រា ៨២ ថ្មី មាត្រា ១០៦ ថ្មី (មួយ) មាត្រា ១១៩ ថ្មី និងមាត្រា ១៣៧ ថ្មីនៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា ៣ និងមាត្រា ៤ នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ»៕