ភ្នំពេញៈ ​ក្នុង​រយៈពេល​ប្រមាណ​ ១០ ​ថ្ងៃ​ក្នុង​ខែតុលា ឆ្នាំ​​នេះ​មាន​ដេប៉ូ​ប្រេងឥន្ធនៈ​ជិត​ ៣០ ​ទីតាំង​ត្រូវបាន​រកឃើញថា​បាន​កេងប្រវ័ញ្ច​លើ​អតិថិជន​ដោយ​មិន​អនុលោម​តាមច្បាប់​ ខណៈ​ម្ចាស់​ដេប៉ូ​បាន​រង​ការផាកពិន័យ និង​ធ្វើ​ការអប់រំ​។

នេះ​បើតាម​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការក្លែងបន្លំ​ (​ក.ប.ប.) ​នៃ​ក្រសួង​​ពាណិជ្ជកម្ម​។

តាម​របាយការណ៍​ប្រចាំថ្ងៃ​របស់ ក.ប.ប ឱ្យដឹងថា ក្នុងចំណោម​ជិត​ ៣០ ​ទីតាំង​នោះ​ត្រូវបាន​រកឃើញ​នៅ​ខេត្ត​បាត់ដំបង ស្វាយរៀង កំពង់ចាម និង​ខេត្តសៀមរាប​ជាដើម​។ របាយការណ៍​បន្តថា កាលពី​ថ្ងៃទី​ ៩ តុលា មន្ត្រី​ជំនាញ​បាន​រកឃើញ​ដេប៉ូ​ប្រេងឥន្ធនៈ​ ៦ ​ទីតាំង​នៅ​​ខេត្តកំពង់ចាម និង​បាត់ដំបង​ដែល​រកស៊ី​មិន​សុចរិត​ក្នុង​អាជីវកម្ម​ប្រេងឥន្ធនៈ និង​មិន​អនុលោម​តាមច្បាប់​។

ចំណែក​នៅ​ថ្ងៃទី​ ៨ ខែតុលា ​មន្ត្រី​សាខា​ ក.ប.ប. បាន​បន្ត​ចុះ​ត្រួតពិនិត្យ​តាម​ស្ថានីយ​/​ដេប៉ូ​ប្រេងឥន្ធនៈ​ក្នុងស្រុក​ជើងព្រៃ​​ខេត្ត​កំពង់ចាម រកឃើញ ស្ថានីយ​/​ដេប៉ូ​ ៤ ​ទីតាំង​ មិនមាន​អនុលោមភាព និង​បាន​ពិន័យ​អន្តរការណ៍​តាម​នីតិវិធី​ភ្លាមៗ​នៅ​​នឹង​កន្លែង​ចំពោះ​ម្ចាស់​អាជីវកម្ម​ដែល​រកស៊ី​មិន​ស្មោះត្រង់​ទាំងនោះ​ផងដែរ​។ ​ដោយឡែក​នៅ​ថ្ងៃទី​ ៣ ខែតុលា​មន្ត្រី​ ក.ប.ប. ​បាន​រកឃើញ​ដេប៉ូ​ប្រេងឥន្ធនៈ​ចំនួន​ ២ ​ទីតាំង នៅ​ខេត្តបាត់ដំបង មិន​អនុលោម​តាមច្បាប់​។

របាយការណ៍​ដដែល​បន្ត​ទៀត​​ថា សម្រាប់​ថ្ងៃទី​ ២ ខែតុលា​មន្ត្រី​ជំនាញ​បន្ត​រកឃើញ​ដេប៉ូ​ប្រេងឥន្ធនៈ​ ៨ ​ទីតាំង​ ខេត្តសៀមរាប និង​ខេត្តកំពង់ចាម​ដែល​លក់​សាំង​មិន​គ្រប់​លីត្រ​ជូន​អតិថិជន​។

ចំណែក​នៅ​ថ្ងៃទី​ ១ ខែតុលា​ មន្ត្រី​ ក.ប.ប. រកឃើញ​ដេប៉ូ​ប្រេងឥន្ធនៈ​ ៨ ​ទីតាំង​ល្មើសច្បាប់​នៅ​​ខេត្តស្វាយរៀង និង​កំពង់ចាម​។

មន្ត្រី ក.ប.ប. បាន​បញ្ជាក់ថា ចំពោះ​ម្ចាស់​ដេប៉ូ​ប្រេងឥន្ធនៈ​ដែល​បាន​រកស៊ី​មិន​សុចរិត និង​ល្មើសច្បាប់​ទាំងនោះ ត្រូវបាន​មន្ត្រី​ជំនាញ​ផាកពិន័យ និង​បាន​អប់រំ​ណែនាំ​ផងដែរ​៕

វីដេអូ៖