ភ្នំពេញៈ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដឹកនាំ​ប្រជុំ​ជាមួយ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ (​គ.ជ.គ.ម.) ​និង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដើម្បី​ត្រៀម​អន្តរាគមន៍​ផ្ដល់​គ្រាប់ពូជ​ស្រូវ​ដល់​ពលរដ្ឋ​ក្រីក្រ និង​រងគ្រោះ​ដោយ​គ្រោះមហន្តរាយ​នៅ​ឆ្នាំនេះ​ ​ដើម្បី​ស្ដារឡើងវិញ ខណៈ​ស្ថានភាព​ទឹកជំនន់​ស្រក​ចុះ​ច្រើន​។

លោក ឃុន សុខា មន្ត្រី​នាំពាក្យ គ.ជ.គ.ម. បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្ដិ៍​ នៅ​ថ្ងៃទី​ ៩ តុលា​ថា កាលពី​ថ្ងៃទី​ ៨ ខែ តុលា ឆ្នាំ ២០២១ លោក ឡាំ ហេងហួត អនុប្រធាន គ.ជ.គ.ម. បាន​ដឹកនាំ​មន្ត្រី​ប្រជុំ​តាម​អនឡាញ​ (Zoom) ​ដែល​រៀបចំ​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ និង​មានការ​ចូលរួម​ពី​តំណាង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ស្ដីពី​ការត្រៀម​អន្តរាគមន៍​ផ្ដល់​គ្រាប់ពូជ​ស្រូវ​ដល់​ពលរដ្ឋ​ក្រីក្រ និង​រងគ្រោះ​ដោយ​គ្រោះមហន្តរាយ ដើម្បី​ស្ដារ​ឡើងវិញ​។

លោក​ថ្លែងថា​៖ «​ធម្មតា​រៀងរាល់​ឆ្នាំ​ក្រោយពេល​ទឹកជំនន់​ស្រក​ចុះ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​សហការ​ជាមួយ គ.ជ.គ.ម. និង​ក្រសួង​ពាក់ព័ន្ធ ដើម្បី​ត្រៀម​កញ្ចប់​ថវិកា អន្តរាគមន៍​ផ្ដល់​គ្រាប់​ពូជស្រូវ ពូជ​ដំណាំ​ដល់​ពលរដ្ឋ​ក្រីក្រ និង​រងគ្រោះ​ដោយ​គ្រោះមហន្តរាយ ដើម្បី​ស្ដារឡើងវិញ​»​។

លោក​បន្តថា​៖ «​កិច្ចការងារ​នេះ គឺ​យើង​ធ្វើជា​រៀងរាល់ឆ្នាំ ហើយ​ពេលនេះ គឺ​យើង​រៀបចំ​ផែនការ ពិនិត្យ​មើលថា តើ​ប្រជាពលរដ្ឋ​នៅ​ខេត្ដ​ណា​មាន​ផលប៉ះពាល់​ស្ថិតនៅ​ខេត្ដ​ណាខ្លះ យ៉ាងណាខ្លះ ដើម្បី​ត្រៀម​ចែក​ពូជ​ស្រូវពូជ​ដំណាំ​»​។

ចាប់តាំងពី​ខែកញ្ញា ឆ្នាំ​ ២០២១ មក ជំនន់​ទឹកភ្លៀង​បាន​បង្ក​ការជន់លិច​ខេត្ដ​មួយចំនួន​នៅ​ភាគ​ពាយព្យ​នៃ​ប្រទេស​កម្ពុជា ក្នុងនោះ​ខេត្ដ​បន្ទាយមានជ័យ​បាន​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ជាងគេ​។

យោងតាម​របាយការណ៍​របស់ គ.ជ.គ.ម. គិត​ត្រឹម​យប់​ថ្ងៃទី​ ២៨ ខែកញ្ញា ឆ្នាំ​ ២០២១ ជំនន់​ទឹកភ្លៀង​ក្នុង​ខេត្ត​បន្ទាយមានជ័យ​បាន​ប៉ះពាល់ ៦ ​ក្រុង-ស្រុក ស្មើ​ ៣៨ ​ឃុំ​សង្កាត់​។

ប៉ះពាល់​ប្រជាជន​ប្រមាណ​ ១៨ ៧១៥ ​គ្រួសារ និង​ជម្លៀស​ទៅ​ទួល​សុវត្ថិភាព​ប្រមាណ​ ១ ១៥០ ​គ្រួសារ​។ ​លិច​ស្រូវ​ប្រមាណ ២៥ ២២៣ ​ហិកតា និង​ដំណាំ​រួមផ្សំ ប្រមាណ ៣០១ ​ហិកតា​។ ប៉ះពាល់​សាលារៀន​ ២៦ ​កន្លែង​, វត្ត ៩ ​វត្ដ និង​មណ្ឌល​សុខភាព​ ២ កន្លែង​។

កាលពី​ថ្ងៃទី​ ៩ ខែតុលា លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​ចុះ​ពិនិត្យមើល​ស្ថានភាព​ទឹកជំនន់​ទឹកភ្លៀង និង​​ពិនិត្យ​ស្ថានភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅលើ​ទីទួល​សុវត្ថិភាព​។ តាមរយៈ​ការចុះ​អង្កេត​នេះ​រដ្ឋបាល​ខេត្ដ​បញ្ជាក់ថា នៅថ្ងៃនោះ​ទឹកបាន​ស្រក​ចុះ​ច្រើន និង​បន្ត​ហូរ​ទៅ​ផ្នែក​ខាងក្រោម​។

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​លោក វេង សាខុន បាន​អះអាង​កាលពី​ថ្ងៃ​​ទី ៧ កញ្ញា​ថា ក្រសួង​បាន​ត្រៀម​បម្រុង​រួចជាស្រេច​នូវ​គ្រាប់ពូជ​ស្រូវ​ចំនួន ២ ០០០ ​តោន និង​ពូជ​ដំណាំ​រួមផ្សំ​ ២៥​ តោន​សម្រាប់​អន្តរាគមន៍​ជួយសង្គ្រោះ​​ប្រជាកសិករ ដែល​រង​ផលប៉ះពាល់ និង​ខូចខាត​ដោយ​គ្រោះ​ធម្មជាតិ​។

លោក​ សាខុន បាន​បញ្ជាក់ថា ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ វិស័យ​កសិកម្ម​មាន​ការរីកចម្រើន​គួរឱ្យ​កត់សម្គាល់​។ តែ​វិស័យនេះ​ក៏​កំពុង​ជួប​បញ្ហា​មួយ​​ចំនួន​ផងដែរ​ជាពិសេស​គ្រោះមហន្តរាយ​ធម្មជាតិ រួមមាន​គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត ខ្យល់​កន្ត្រាក់ ជំងឺឆ្លង និង​សមាសភាព​សត្វល្អិត​ចង្រៃ តែងតែ​បំផ្លាញ​ផលដំណាំ​របស់​បងប្អូន​ប្រជាកសិករ​រៀងរាល់ឆ្នាំ​។

លោក​បាន​បន្តថា ដោយ​ពិនិត្យឃើញ​ពី​បញ្ហា​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជំរុញ និង​គាំទ្រ​លើ​ការបង្កើន​សមត្ថភាព​ត្រៀម​បម្រុង​ស្បៀង និង​គ្រាប់ពូជ​ដំណាំ​សម្រាប់​ទុក​បង្ការ និង​ធ្វើ​អន្តរាគមន៍​ជួយ​ដល់​កសិករ​ក្រីក្រ​ដែល​ងាយ​រងគ្រោះ​ពី​គ្រោះធម្មជាតិ​ឱ្យបាន​ទាន់ពេល និង​មាន​ប្រសិទ្ធភាព​។

លោក សាខុន បានបញ្ជាក់​ទៀតថា​៖ «​សម្រាប់​ឆ្នាំ​ ២០២១ រាជរដ្ឋាភិបាល​តាមរយៈ​ប្រព័ន្ធ​ស្បៀង​បម្រុង​កម្ពុជា (​ប.ស.ប.ក) បាន​ត្រៀម​បម្រុង​គ្រាប់ពូជ​ស្រូវ​ស្រាល​មិន​ប្រកាន់​រដូវ​ជា​រូបវន្ត​ចំនួន ២ ០០០ ​តោន និង​គ្រាប់ពូជ​បន្លែ និង​ដំណាំ​រួមផ្សំ​ផ្សេងៗ​ទៀត​ចំនួន ២៥ ​តោន​សម្រាប់​អន្តរាគមន៍​ជួយសង្គ្រោះ​ប្រជាកសិករ ដែល​រង​ផលប៉ះពាល់ និង​ខូចខាត​ដោយ​គ្រោះធម្មជាតិ​»៕