ភ្នំពេញៈ នាឱកាស “​ទិវា សុខភាព​ផ្លូវចិត្ត​អន្តរជាតិ ១០ តុលា​” មន្ត្រីជាន់ខ្ពស់​ក្រសួងសុខាភិបាល និង​តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា​បាន​សម្តែង​ការព្រួយបារម្ភ និង​កំពុង​ជួយ​ជនរងគ្រោះ​ដែល​រង​សម្ពាធ​ផ្លូវចិត្ត​ក្នុងអំឡុងពេល​រីក​រាតត្បាត​នៃ​ជំងឺ​កូវីដ- ១៩​។ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​លោកស្រី ឱ វណ្ណឌីន បាន​ថ្លែងថា ការថែទាំ​សុខភាព​ផ្លូវចិត្ត​ជារឿយៗ​ត្រូវបាន​គេ​មិន​អើពើ​ដែល​ជះឥទ្ធិពល​ដល់​ស្ថានភាព​សុខភាព​ទូទៅ​របស់​បុគ្គល​ និង​បង្កើត​បញ្ហា​ទាក់ទង​នឹង​ផ្លូវចិត្ត​ដែល​មិនត្រូវ​បានដឹង​ជាមុន​នៅក្នុង​ជីវិត​ប្រចាំថ្ងៃ​។

លោកស្រី​បន្តថា​៖ «​ដូច្នេះ​រៀន​ពី​របៀប​ថែរក្សា​សុខភាព​ផ្លូវចិត្ត​ដើម្បី​ធ្វើឱ្យ​សុខភាព​ផ្លូវចិត្ត​របស់​អ្នក​ប្រសើរឡើង​ដូចជា​ការបំបាត់​ស្ត្រេស និង​ការថប់​បារម្ភ​នៅក្នុង​បរិបទ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ ១៩​។ ក្នុងនោះដែរ​លោកស្រី​បានផ្តល់​ការណែនាំ​មួយចំនួន​ដល់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​បញ្ហា​ផ្លូវចិត្ត​ក្នុងអំឡុងពេល​កូវីដ​ ១៩ ដោយ​ត្រូវ​បរិភោគ អាហារ​ដែលមាន​សុខភាព គេង​ឱ្យបាន​ ៨ ​ម៉ោង​ជា​រៀងរាល់ថ្ងៃ ត្រូវ​ហាត់ប្រាណ និង​អាច​ចែករំលែក​អារម្មណ៍​ទៅកាន់​ក្រុមគ្រួសារ និង​មិត្តភក្តិ​របស់​អ្នក ឬ​អាច​ស្វែង​អ្នក​ប្រឹក្សា​ផ្នែក​ផ្លូវចិត្ត​ជាដើម ដើម្បី​កាត់បន្ថយ​ភាពតានតឹង​។

តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា លោកស្រី លី អៃឡែន ថ្លែងថា​៖ «​បញ្ហា​កូវីដ​ ១៩ បាន​គំរាមកំហែង​ដល់​សុខភាព​ផ្លូវចិត្ត ជាពិសេស​សម្រាប់​ប្រជាជន​កម្ពុជា​ដែល​ងាយ​រងគ្រោះ​ដូចជា​ពលករ​ចំណាកស្រុក​ផងដែរ​»​។

លោកស្រី​បន្តថា ពាក់ព័ន្ធ​បញ្ហា​នេះ អង្គការ​សុខភាព​ពិភពលោក និង​អង្គការសហប្រជាជាតិ កំពុង​ធ្វើ​រឿងនេះ ដើម្បី​ធានាថា ក្រុម​ងាយ​រងគ្រោះ​ទាំងនេះ​អាច​ទទួលបាន​ការគាំទ្រ​ផ្នែក​សុខភាព​ផ្លូវចិត្ត និង​សង្គម​។

លោកស្រី​បន្ត​៖ «​គ្មាន​សុខភាព​ទេ បើ​គ្មាន​សុខភាព​ផ្លូវចិត្ត ការគិត​វិជ្ជមាន និង​របៀប​រស់នៅ​ដែលមាន​សុខភាព​ល្អ​ជួយ​ដោះស្រាយ​ភាពតានតឹង និង​មាន​អារម្មណ៍​ល្អប្រសើរ​។ វា​ក៏​ជា​ការវិនិយោគ​ក្នុង​ការការពារ​ជំងឺ​មិនឱ្យ​ឆ្លង​បានដែរ​»​។

អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា (UN) ​បាន​បង្ហោះ​លើ​ហ្វេសប៊ុក​របស់ខ្លួន​ថា​“​ទិវា​សុខភាព​ផ្លូវចិត្ត​អន្តរជាតិ​” ​ត្រូវបាន​ប្រារព្ធ​ឡើងជា​រៀងរាល់ឆ្នាំ​នៅ​ថ្ងៃទី​ ១០ ខែតុលា ហើយ​ប្រធានបទ​សម្រាប់​ឆ្នាំនេះ​គឺ “​សុខភាព​ផ្លូវចិត្ត​ក្នុង​ពិភពលោក​ដែល​មិន​ស្មើភាព​គ្នា​”​។ UN បន្តថា​៖ «​យើង​ត្រូវ​បង្កើន​ការយល់ដឹង​អំពី​វិសមភាព​នៅក្នុង​កន្លែង​ធ្វើការ​របស់​យើង និង​ធានាថា​យើង​កំពុង​ការពារ​បុគ្គលិក​ដែលមាន​ហានិភ័យ​ខ្ពស់​ប្រឈម​នឹង​សុខភាព​ផ្លូវចិត្ត ឬ​អ្នក​ដែល​មិនមាន​លទ្ធភាព​ទទួលបាន​ការព្យាបាល​»​។ នេះ​បើតាម​ការ​ថ្លែង​របស់លោក Antnio Guterres អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​។

ពាក់ព័ន្ធ​សុខភាព​ផ្លូវចិត្ត​នេះដែរ អង្គការ​យូនីសេហ្វ​ប្រចាំ​កម្ពុជា​ (UNICEF) បាន​ព្រមាន​ពី​ផលប៉ះពាល់​ពី​ជំងឺ​កូវីដ-១៩ លើ​សុខភាព​ផ្លូវចិត្ត​របស់​កុមារ និង​យុវជន​នៅ​កម្ពុជា និង​ទូទាំង​ពិភពលោក​។ ក្នុង​របាយការណ៍​បានឱ្យដឹងថា យោងតាម​ការប៉ាន់ស្មាន​ចុងក្រោយ​ថ្មីៗ​នេះ ក្មេង​ជំទង់​លើសពី​ ១ ​នាក់ ក្នុងចំណោម ៧ ​នាក់ ដែលមាន​អាយុ​ចាប់ពី​ ១០ ឆ្នាំ ដល់​ ១៩ ​ឆ្នាំ នៅ​ទូទាំង​ពិភពលោក​ត្រូវបាន​រកឃើញថា កំពុង​រស់នៅ​ជាមួយ​បញ្ហា​ផ្លូវចិត្ត​។

របាយការណ៍​បន្តថា នៅក្នុង​ប្រទេស​កម្ពុជា​ជាពិសេស យូនីសេហ្វ និង​ដៃគូ​នានា​របស់ខ្លួន បាន​ដំណើរការ​ការសិក្សា​វាយតម្លៃ​ពី​ផលប៉ះពាល់​សេដ្ឋកិច្ចសង្គម​ក្នុង​បរិបទ​នៃ​ការរីក​រាលដាល​ជំងឺ​កូវីដ​ ១៩ និង​តាមដាន​សុខុមាលភាព​របស់​ប្រជាជន​កម្ពុជា ក្នុងចំណោម​សូចនាករ​ជាច្រើន​។

យូនីសេហ្វ​បន្តថា​៖ «​នៅក្នុង​ការស្ទង់មតិ​នេះ ៤៥ ​ភាគរយ​នៃ​ក្មេង​ជំទង់​ដែល​ត្រូវបាន​ស្ទង់​មតិ (​យុវជន​អាយុ​ចាប់ពី ១៥ ​ឆ្នាំ ដល់ ១៩ ​ឆ្នាំ​) បាន​និយាយថា ពួកគេ​ព្រួយបារម្ភ​អំពី​សុវត្ថិភាព​របស់ខ្លួន​នៅក្នុង​អំឡុងពេល​រីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ រីឯ​ក្មេង​ជំទង់ ១៦ ​ភាគរយ​ផ្សេងទៀត​បានលើកឡើង​ថា ពួកគេ​មាន​អារម្មណ៍​តឹងតែង​ក្នុង​ចិត្ត ឬ​ធ្លាក់​ទឹកចិត្ត​ចាប់តាំងពី​វិបត្តិ​កូវីដ​ ១៩ បានចាប់ផ្តើម​ឡើង​។

ក្នុង​របាយការណ៍​បាន​គូសបញ្ជាក់ថា​៖ «​មាន​ឧបសគ្គ​ផ្សេងៗ​ដូចជា ការមើល​ងាយ ការរើសអើង​ពី​អ្នកដទៃ និង​ការខ្វះខាត​ថវិកា កំពុង​រារាំង​កុមារ​យ៉ាងច្រើន​មិនឱ្យ​មាន​សុខភាព​ផ្លូវ​ចិត្តល្អ ឬ​ទទួល​បាន​ការគាំទ្រ​ដែល​ពួកគេ​ត្រូវការ​»​។

ទន្ទឹមនេះដែរ លោកស្រី ហ្វ័រូហ្គ ហ្វយូហ្សាថ តំណាង​យូនីសេហ្វ​ប្រចាំ​កម្ពុជា​បាន​ថ្លែងថា កុមារ​នៅ​កម្ពុជា ក៏ដូចជា​កុមារ​ទាំងឡាយ​នៅលើ​ពិភពលោក​បាន​ជួបប្រទះ​បញ្ហា​ប្រឈម​ជាច្រើន​នៅក្នុង​អំឡុងពេល​នៃ​វិបត្តិ​ជំងឺ​កូវីដ​ ១៩​។ លោកស្រី​បន្តថា​៖ «​ការបិទ​សាលារៀន ការផ្លាស់ប្តូរ​យ៉ាងខ្លាំង​នៃ​ការប្រាស្រ័យ​ទាក់ទង​ក្នុងសង្គម និង​ផលប៉ះពាល់​សេដ្ឋកិច្ចសង្គម ដែល​កើតឡើង​ចំពោះ​គ្រួសារ​កម្ពុជា​ទាំងអស់ បាន​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សុខភាព​ផ្លូវចិត្ត​របស់​កុមារ និង​យុវជន​»​។

អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា​កាលពី​ថ្ងៃទី​ ២២ ខែសីហា ឆ្នាំ​ ២០២១ បានចេញ​សេចក្តី​ថ្លែងការណ៍​មួយ ដោយបាន​លើកឡើងថា ខ្លួន​បាន​បណ្តុះបណ្តាល​បុគ្គលិក​សុខាភិបាល​ជិត ៣ ០០០ ​នាក់​នៅ​ទូទាំងប្រទេស​ដើម្បី​ផ្តល់​ការគាំទ្រ​ផ្នែក​សុខភាព​ផ្លូវចិត្ត​ និង​សង្គម​ដល់​អ្នក​ងាយ​រងគ្រោះ​ដោយសារ​ជំងឺ​កូវីដ​ ១៩​។

ក្នុង​សេចក្តី​ថ្លែងការណ៍​បន្តថា​៖ «​ការគាំទ្រ​ផ្នែក​សុខភាព​ផ្លូវចិត្ត និង​សង្គម​គឺជា​ផ្នែក​មួយ​ដ៏សំខាន់​នៃ​ការឆ្លើយតប​ទៅនឹង​ជំងឺ​កូវីដ​ ១៩ ហើយ​ការវិនិយោគ​បន្ថែមទៀត​នៅក្នុង​ការគាំទ្រ​នេះ​នឹង​រួមចំណែក​ដល់​អនាគត​ដែលមាន​សុវត្ថិភាព និង​សុខភាព​ល្អ​សម្រាប់​ប្រជាជន​កម្ពុជា​ទាំងអស់​»៕