ភ្នំពេញៈ​ លោក ស ខេង ឧបនាយក​រដ្ឋ​មន្ត្រី បាន​ប្រគល់​ភារ​កិច្ច​ឱ្យក្រសួង​មហា​ផ្ទៃ លេខាធិកា​រដ្ឋានគណៈក​ម្មាធិការ​ជាតិ សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិ​បតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​ (គជ​អប)​ ក្រសួង​មុខងារ​សាធារណៈ​ និង​ក្រសួង​សុខាភិ​បាល​រួមគ្នា​ដោះ​ស្រាយ​បញ្ហា​ការផ្ទេរ​សិទ្ធិ​អំណាច​ទៅ​ថ្នាក់​ក្រោម​ជាតិលើ​វិស័យ​សុខាភិ​បាល និង​វិស័យ​មុខងា​រសាធា​រណៈ ក្រោយពី​មិន​ទាន់​មាន​ដំណើរ​ការ​រ​លូន​នៅ​ឡើយ។​

លោក​ ស​ ខេង​ បាន​ថ្លែង​បែបនេះ ​នៅពេល​លោក​អញ្ជើញ​ជា​អធិ​បតី​ក្នុង​ពិធី​ប្រកាស​ចូលកាន់​តំណែង​អភិ​បាលនៃ​គណៈ​អភិបាល​ខេត្ត​បាត់​ដំបង នៅ​ថ្ងៃទី ១១ ​ខែ​ តុលា ឆ្នាំ ២០២១​។

លោក​បាន​ថ្លែងថា៖ «កន្លង​ទៅនេះ​យើង​បាន​ផ្ទេរ សិទ្ធិអំ​ណាច មកឱ្យ​រដ្ឋបាល​ខេត្ដ​ទាំង​អស់នូវ​កិច្ចការ​ងារ​មួយ​ចំនួន ឧទា​ហរណ៍​ដូច​វិស័យ​សុខាភិ​បាល​ក៏បាន​ផ្ទេរ​មក ហើយ​និង​វិស័យ​មុខងារ​សាធារណៈ ការគ្រប់គ្រង​មន្ដ្រី ហើយ​បញ្ហា​នេះ មិនទាន់​ដំណើរការ​រលូន​នៅឡើយ​ទេ តែងតែមាន​បញ្ហា។ អីចឹង​ហើយ​បាន​ខ្ញុំ​ស្នើថា សូមឱ្យ​ក្រសួងមហាផ្ទៃ ក្រសួង​មុខងារសាធារណៈ ជំនុំ​គ្នា»។

លោក ស ខេង បានឱ្យដឹងថា មាន​ករណី​ដូចជា​នៅ​ខេត្ដ​កំពង់ស្ពឺ ហើយនឹង​ខេត្ដ​ក្រចេះ។ ខេត្ដ​កំពង់ស្ពឺ បានតែងតាំង ប្រធាន​មន្ទីរ​សុខាភិបាល ដោយ​មិនបាន​ឆ្លងទៅ​រដ្ឋមន្ដ្រី​ក្រសួង​សុខា​ភិបាល។ លោក​បន្តថា៖​«អាហ្នឹង បើតាម​លក្ខខ​ណ្ឌ ដោយ​ឡែក​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដូចជា ​មិន​ខុស​ទេ ប៉ុន្ដែ​រឿង​វា​ថ្មី។ ប៉ុន្ដែ​ក្រសួង​សុខាភិបា​ល​បាន​ចាត់​បញ្ជូន តំណាង​ដើម្បី​ទៅ​ចូល​រួម​ក្នុងការ​ប្រកាស»​។

ចំណែក​ខេត្ដ​ក្រចេះ​តែង​តាំង​ប្រធាន​មន្ទីរ​សុខាភិ​បាល​ដែរ ប៉ុន្ដែ​បានធ្វើ​សំណើ​មក​ក្រសួង​សុខាភិ​បាល​ដើម្បី​តែង​តាំង ដែល​ស​ឱ្យឃើញ​បញ្ហា ២​ នេះ មាន​សភាព​ខុស​គ្នា។

លោក​បញ្ជាក់​ថា៖ «ដោយសារ​គោល​ការណ៍​ហ្នឹង វា​មិនត្រូវ​ ឬ​វា​លឿន​ពេក ឬក៏​ការ​ក្ដាប់​មិនជា​ប់​នូវ​គោល​ការណ៍​ហ្នឹង។ ក្រចេះ​គាត់​ប្រហែល​ក្ដាប់​មិន​ជាប់នូវ​គោលការណ៍​ហ្នឹង​ឬ​យ៉ាង​ណាទេ។ប៉ុន្ដែ​ខ្ញុំ​ឱ្យ​ប្រជុំ​ទៅរក​ដំណោះ​ស្រាយ​សមស្រប ព្រោះ​វិមជ្ឈការ វិសហ​មជ្ឈកា តាមពិត​ទៅ​យើង​ត្រូវតែ​ធ្វើ ប៉ុន្ដែ​មិនត្រូវដូច​គេ​ហៅថា រុញឱ្យ​ខ្លោច រោច​ឱ្យ​ឆៅ​ទេ។ ត្រូវតែ​មាន​ការសម្រប​សម្រួល​ជា​មួយ​គ្នា​ធ្វើ​ម៉េច​ធានា​ប្រសិទ្ធ​ភាព»​។

លោក​ ប៉ិច ពិសី នាយក​ប្រតិបត្តិ​នៃ​អង្គការ​ត​ម្លាភាព​កម្ពុជាលើកឡើងថា ការផ្ទេរ​សិទ្ធិ​អំណាច ការតែង​តាំង​មន្ដ្រី​នៅ​ថ្នាក់​ក្រោម​ជាតិ គឺជា​រឿង​សំខាន់​មួយ ស្ថិតនៅក្នុ​ង​គោលនយោ​បាយ​អាទិ​ភាព​មួយ​ដែល​រដ្ឋាភិបាល​កំពុងតែ​ជំរុញ​ការកែ​ទម្រង់ ការគ្រប់គ្រង​​ហិរញ្ញវត្ថុ​សាធារណៈ និ​ង​ការកែទម្រង់​រដ្ឋបាល​សាធារ​ណៈ ដើម្បី​ធ្វើយ៉ាង​ណា​ឱ្យ​សិទ្ធិអំណា​ច និង​ការផ្ដល់​សេវា​នៅ​ថ្នាក់​ក្រោម​ជាតិ​មាន​ភាព​ល្អប្រ​សើរ​។

លោក​បន្តថា៖ «នេះ​ជា​យុទ្ធសាស្ដ្រ​ទ្រង់​ទ្រាយ​ធំ​របស់​រាជរដ្ឋាភិ​បាល​ក្នុងការ​កែទម្រង់​រដ្ឋបាល​សាធារណៈ​នេះ។ អ៊ីចឹង​បាន​យើង​ឃើញ​មានការ​ខិតខំ​ប្រឹ​ប្រែង​នៅក្នុង​ការផ្ទេរ​សិទ្ធិអំ​ណាច​ទៅ​មន្ដ្រី​ថ្នាក់ក្រោម​ជាតិ​ច្រើនដូច្នេះ​នីតិវិធី ​គឺត្រូវធ្វើ​តាមច្បាប់​ដែលមាន​ជា​ធរមាន​របស់​រដ្ឋ»។

លោក​បញ្ជាក់ថា៖ ​«បញ្ហា​នៅ​ស្រុក​យើង​ត្រង់​ថា ការធ្វើ​កិច្ចកា​រងារ​នៅ​ថ្នាក់ក្រោម​ជាតិ គឺ​គេ​ជំរុញឱ្យមាន​កិច្ចសហប្រតិបត្ដិការ រវាង​អាជ្ញាធរ​ខេត្ដ ហើយនិង​មន្ទីរ​ពាក់ព័ន្ធ​ទាំងអស់​នៅ​ថ្នាក់ក្រោម​ជាតិ មាន​ថ្នាក់​ខេត្ដ ថ្នាក់ស្រុក​ជាដើម»។ ក៏ប៉ុន្ដែ​ការលំបាក​របស់​មន្ទីរនីមួយៗនៅ​ថ្នាក់ក្រោម​ជាតិ គឺ​មន្ទីរ​ទាំង​នោះ ស្ថិតនៅក្នុង​ការបញ្ជារ​បស់​ក្រសួង។

លោក​បញ្ជាក់ថា៖ «ដល់​តែ​អ៊ីចឹង រដ្ឋបាល​ខេត្ដ​គាត់​ចង់​ធ្វើ​កិច្ចការ​អ្វីមួយ មានការ​លំបាក​ក្នុងការ​បញ្ជា ដោយ​ខ្សែស្រ​ឡាយ​បញ្ជា​គឺ​តាម​ខ្សែ​ក្រសួង។ កន្លែង​នេះ​ហើយ​ដែល​មាន​ការលំ​បាក​ខ្លាំង»។

លោក ពិសី មើលឃើញថា ទោះបីជា​មានការ​ជំរុញ​ឱ្យប្រើ​ប្រាស់​នីតិ​វ​ធី​ថ្មី​លើ​ការតែងតាំងផ្សេងៗ ប៉ុន្ដែ​ចំពោះ​ការ​អនុវត្ដ​ជាក់ស្ដែងគឺ​នៅតែមាន​បញ្ហា។ដូច្នេះ​លោក​ចង់ឱ្យមាន​ការពិនិត្យ​មើល​ទៅលើ​អំណាច​នៃ​ការតែងតាំងនិង​អំណាច​នៃ​ការដំឡើង ការដាក់ ឬ​ការដក​មន្ដ្រី ថា​តើ វា​ស្ថិត​នៅ​ក្រោម​អំណាច​របស់​ស្ថា​ប័ន​ណា​។

លោក​បញ្ជាក់​ថា៖​ «ប្រសិន​បើ​ការ​ដក ឬ​ការដាក់​សិទ្ធិ​អំណាច ស្ថិតនៅ​ក្នុងដៃ​របស់​ក្រសួង​សាមីនី​មួយៗ​ដដែល​ដូច្នេះ​ការិយា​ល័យ​រដ្ឋ​បាល​ខេត្ដ​ក៏​មិន​មាន​អំណាច​អ្វី​ដែរ ក្នុងការ​ចាត់​ចែង​ការងារ​របស់​រ​ដ្ឋបាល​ខេត្ដ»៕