ភ្នំពេញៈ នគរបាល​ខណ្ឌ​សែន​សុខនឹង​បញ្ជូន​ស្ត្រី​ជា​ប្រពន្ធ​ម្នាក់​ទៅ​តុលាការ​នៅ​ថ្ងៃទី​ ១២ តុលា ករណី​ចាក់​ប្តី​របស់ខ្លួន​ស្លាប់​នៅ​ពេល​មាន​ជម្លោះ​ក្នុង​គ្រួសារ ប្រព្រឹត្ត​នៅ​ភូមិ​ទ្រុងមាន់​ សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​​កាលពី​យប់​ថ្ងៃទី​ ៩​ ខែ​តុលា​។

លោក ​ហួរ ម៉េង​វ៉ាង អធិការ​នគរ​បាល​ខ​ណ្ឌ​សែន​សុខបានប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី ១១ ​តុលា​ថា ស្ត្រី​សង្ស័យ​ឈ្មោះ ​ហុន សា​ហេន ជា​កម្មករ​រោង​ចក្រ​កាត់​ដេរ​នឹង​ត្រូវ​បញ្ជូន​ទៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​នៅ​ថ្ងៃទី​ ១២​ តុលា។

លោក​ប្រាប់​ថា៖ «ស្ត្រី​សង្ស័យ​បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​​ដូច្នេះ​គាត់​នឹងត្រូវ​ប្រឈ​មមុខ​ចំពោះ​ច្បាប់»​។

លោក​អធិការ​រំឭក​ប្រាប់ថា ហេតុការ​ណ៍​នេះ បាន​កើត​ឡើង​កាលពី​យប់​ថ្ងៃទី ៩ ខែ តុលា ឆ្នាំ ២០២១ ដោយ​ស្ត្រី​សង្ស័យបាន​ប្រើ​កាំបិត​ចុង​ស្រួច​ចាក់​សម្លាប់​ប្តី​របស់ខ្លួន​ឈ្មោះ ហឹម សុភ​ក្ត្រា អាយុ​៣៣​ឆ្នាំ មុខរបរ រត់​ម៉ូតូ​ឌុប​ស្លាប់​នៅ​កន្លែង​កើ​តហេតុ។ ទាំង​ ២ នាក់ ​ប្តី​ប្រពន្ធ​រស់នៅ​ភូមិ​ថ្នា ឃុំ​ក្រួស ស្រុក​ស្វាយ​ជ្រំ​ ខេត្ត​ស្វាយ​រៀង​។

មន្ត្រី​នគរ​បាល​សង្កាត់​អូរ​បែក​ក្អម​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​ប្រាប់​នៅ​រសៀល​ថ្ងៃទី ១១ ​តុលា តាម​សម្តី​សាក្សី​ថា ទាំង ២ នា​ក់ ​ប្តី​ប្រពន្ធ​ខាងលើ​បានម​ក​ជួល​បន្ទប់​ស្នាក់នៅ​កន្លែង​កើត​ហេតុ​បាន​យូរ​ខែ​ម​កហើយ។នៅមុនពេល​កើត​ហេតុ​គេ​បានឮ​សំឡេង​ពួកគេ​ជជែក​គ្នាខ្លាំងៗ ប៉ុន្តែ​គេ​មិន​បាន​ដឹងថា មាន​បញ្ហា​អ្វី​ទេ។

លោក​បាន​​បន្តថា បន្ទាប់​មក​អ្នកជិត​ខាង​បាននាំគ្នា​ផ្អើល​ឆោឡោ​ស្រែកថា មាន​គេ​សម្លាប់​មនុស្ស។ នៅ​ពេល​នោះ ប្រជាព​លរដ្ឋ​បាន​រាយការណ៍​ទៅ​ប៉ុស្តិ៍ន​គរបាល​សង្កាត់​អូរ​បែកក្អម ហើយ​កម្លាំង​នគ​របាលបាន​ចុះមក​ឃាត់​ខ្លួន​ស្ត្រី​សង្ស័យ​តែ​ម្តង​។

ពាក់​ព័ន្ធ​នឹង​ការចាក់​សម្លាប់​នេះ​ស្ត្រី​សង្ស័យ​មិនបាន​និយាយ​លម្អិត​ប្រាប់​ដល់​សមត្ថ​កិច្ច​ទេ ​ដោយ​គ្រាន់​តែ​និយាយ​ថា ពួកគា​ត់​មាន​ទំនាស់នឹង​គ្នា​។

មន្ត្រី​នគរ​បាល​ដដែល​បន្តថា បើ​តាម​ការធ្វើ​កោសល្យ​វិច័យពី​សមត្ថ​កិច្ច​ជំនាញ​របស់​ស្នង​ការ​ដ្ឋាន​នគរ​បាល​រាជធានី​ភ្នំពេញ និង​នគរបាល​ជំនាញ​ខណ្ឌ​សែន​សុខ​បង្ហាញ​ថា បុរសរង​គ្រោះ​មាន​ស្នាម​មុត​នៅលើ​ដើម​ទ្រូង​ខាង​ឆ្វេង​ជ្រៅ។ ចំណែក​វត្ថុ​តាង​ដែល​សមត្ថកិ​ច្ច​ដកហូត​បាន​ពី​ជន​សង្ស័យ​មាន​កាំបិត​ចិត​បន្លែ​ចុង​ស្រួច​ ១​ ដើម​៕