ភ្នំពេញៈ អាជ្ញា​ធររាជធានី​ភ្នំពេញ​និងខេត្ត​កណ្ដាល​ កំពុង​ត្រៀម​លក្ខណៈ​ចុះជួយ​សង្គ្រោះ​ប្រជា​ពលរដ្ឋ​ពី​តំបន់​ប្រឈម​ដោយ​គ្រោះ​ជំនន់​ទឹក​ភ្លៀង​ ខណៈ​អាជ្ញាធរ​ខេត្តកំ​ពត​នៅ​ថ្ងៃទី ១១​ តុលា បាន​ប្រកាស​ជូន​ដំណឹង​ពី​ការ​បើក​បង្ហូរ​ទឹក​ចេញពី​ពី​អាង​ទំនប់​វា​រី​អគ្គិ​សនី​កំចាយ​។

លោក សោម វិចិត្រ ប្រធាន​មន្ទីរ​រ៉ែ​និង​ឋា​ម​ពល​ខេត្ត​កំពត បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា ដោយ​សារ​មាន​ភ្លៀង​ធ្លាក់​ខ្លាំងជាប់ៗគ្នា​ជាច្រើន​ថ្ងៃធ្វើ​ឲ្យ​ទឹក​នៅក្នុង​អាង​ស្ដុក​ទឹក​នៃ​ទំនប់​វា​រី​អគ្គិសនី​កំចាយ​ដែល​មាន​ទីតាំង​នៅ​ក្នុង​ស្រុក​ទឹកឈូ បាន​ហក់​ឡើង​ដល់​កម្រិត​ដែល​ត្រូវ​ប្រកាស​អាសន្ន គឺ​ត្រូវ​បើក​ទ្វារ​ទឹក​រំដោះ​ទឹក​ចេញពី​អាង​ជា​បន្ទាន់ ដើម្បី​ទប់​ស្កាត់​ការ​បាក់​ស្រុត​ខ្នង​ទំនប់​វា​រី​អគ្គិ​សនី​ដ៏​ធំ​មួយ​នេះ​។

លោក​ថ្លែង​ថា៖​ «កម្រិត​កម្ពស់​ទឹក​ក្នុង​អាង​ស្តុក​ទឹក​នៃ​ទំនប់​វា​រី​អគ្គិ​សនី​កំចាយ ​គិត​ត្រឹម​ព្រឹក​ថ្ងៃទី ១១​ ខែតុលា បាន​ហក់​ឡើង​ដល់​ជាង ១៤៩ ​ម៉ែត្រ ខណៈ​កម្រិត​កម្ពស់​ទឹក​ប្រកាស​ឱ្យ​ប្រុង​ប្រយ័ត្ន គឺ ១៤៨ ម៉ែត្រ។ ដូច្នេះ​យើង​ចាំបាច់​ត្រូវ​បើកទ្វារ​ទឹក បើ​ពុំនោះ​សម្ពាធ​ទឹក​នៅក្នុង​អាង នឹង​បង្ក​ឲ្យ​មាន​ការ​បាក់​ស្រុត​ទំនប់​វា​រី​អគ្គិសនី​នេះ​មិន​ខាន»​។

បើតាម​លោក ​វិចិត្រ​ ទ្វារ​ទឹក​ចំនួន ១ ​ក្នុងចំណោម​ទ្វារ​ទឹក​ទាំង ៦ នៃ​អាង​ទំនប់​វា​រី​អគ្គិសនី​កំចាយ ត្រូវបាន​បើក​កាលពី​វេលា​ម៉ោង ១១ ​ព្រឹក ថ្ងៃទី ១១ តុលា ដើម្បី​ឲ្យ​ទឹក​ហូរ​ធ្លាក់​ដោយ​សន្សឹមៗ ទៅ​ផ្នែក​ខាង​ក្រោម ក្នុង​ល្បឿន និង​បរិ​មាណ​ទឹក​ ២៧០ ​ម៉ែត្រគុប​ ក្នុង ១វិ នាទី។ មុនពេល​បើក​ខាង​ក្រុមហ៊ុន និង​អាជ្ញាធរ​ខេត្ត​បាន​ជូនដំណឹង​ដល់​អាជ្ញាធរ​មូលដ្ឋាន​ក៏ដូចជា ប្រជា​ពលរដ្ឋ​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ជាមុន ព្រោះ​វា​អាច​បង្ក​ការ​ជន់​លិច​លំនៅឋា​ន​ប្រជា​ពលរដ្ឋ នៅតាម​តំបន់​ទំនាប​ជាប់​មាត់​ទឹក​។

នៅ​រសៀល​ថ្ងៃ​ចន្ទ ស្ថានភាព​ទឹក​នៅ​មិន​ទាន់​ជន់​ឡើង​គួរ​ឲ្យ​ព្រួយ​បារម្ភ​នោះទេ បើទោះជា​ភ្លៀង​នៅតែ​បន្ត​ធ្លាក់​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម​។

លោក​ ឈុន​ ឈឺន​ សមា​ជិក​ក្រុម​ប្រឹក្សា​ស្រុក​ទឹកឈូថ្លែងថា កម្លាំង​សមត្ថកិច្ច និងគណៈកម្មា​ធិការ​គ្រប់គ្រង​គ្រោះ​មហន្ដរាយ​ថ្នាក់​ខេត្ត កំពុង​បន្ត​តាមដាន​ស្ថានភាព​ទឹក និង​បាន​ត្រៀមខ្លួន​រួចជាស្រេច ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្នុងករណី​មាន​គ្រោះទឹកជំនន់​កើត​ឡើង ប៉ុន្តែ​មកដល់​រសៀល​ថ្ងៃ​ចន្ទ​នេះ​ ពុំមាន​លិច​ល់ង​ផ្ទះ​ប្រជាពលរដ្ឋ​នោះទេ។

លោកបញ្ជាក់ថា៖ «ទន្ទឹមនឹង​នេះ​កម្លាំង​សមត្ថ​កិច្ច​យើងក៏បាន​ត្រៀម​លក្ខណៈ​ ដើម្បី​អន្តរាគមន៍​ជួយ​ដល់​ប្រជាព​លរដ្ឋ​ផងដែរ»។

ជាមួយ​ការបើកទ្វារ​ទឹក​នៃ​ទំនប់​វា​រី​អគ្គិសនី​កំចាយ​ដែល​កំពុង​ហូរ​ចាក់​មក​ខេត្តកំពង់ស្ពឺ បានធ្វើ​ឲ្យ​អាជ្ញាធរ​រាជធានី​ភ្នំពេញនិងខេត្តកណ្ដាលមានការ​ត្រៀម​នូវ​មធ្យោ​បាយ និង​កម្លាំង​បន្ថែមទៀតដើម្បី​អន្តរាគមន៍​សង្គ្រោះ​ពលរដ្ឋ ។

លោក អ៊ូច សៅ​វឿន អភិបាល​ស្រុក​កណ្ដាលស្ទឹង បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ ​នៅ​ថ្ងៃទី ១១ តុលាថា ស្ថានភាព​ទឹកជំនន់​នៅ​ចំណុច​ស្ពាន​កំពង់ទួល ក្នុងស្រុក​កណ្ដាល​ស្ទឹង បាន​ឡើងដល់​កម្ពស់​ជាង៥ម៉ែត្រ ប៉ុន្តែ​នៅ​មិនទាន់​ស្ថិតនៅក្នុង​ការ​ប្រកាស​អាសន្ន​នៅឡើយ​ទេ។

បើតាម​លោក សៅ​វឿន កម្រិត​កម្ពស់​ទឹក​នៅ​ចំណុច​ស្ពាន​កំពង់ទួល​នាពេលនេះនៅ​ទាប​ជាង​ឆ្នាំ ២០២០ ប្រមាណ​ ១,៥០ ម៉ែត្រ ដែល​បង្ហាញថា​ឆ្នាំនេះ​គ្រោះទឹកជំនន់មិន​បង្ក​ឲ្យ​មាន​ហានិភ័យ​ធ្ងន់ធ្ងរ​ដូចឆ្នាំ ២០២០ ទេ។

ទោះយ៉ាងណា​ក្ដី លោក គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្ដាល បាន​ណែនាំ​ឲ្យ​គ្រប់​អង្គភាព​ពាក់ព័ន្ធត្រៀម​រៀបចំ​ផែនការ​ការពារ និង​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ក្នុងករណី​មាន​ទឹក​ជំនន់​កើត​ឡើង។

ស្រដៀង​គ្នា​នេះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ចាត់​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន និងអង្គភាព​ពាក់ព័ន្ធ បង្កើន​ការតាមដាន​ឲ្យ​បាន​ជាប់​ជា​ប្រចាប់ អំពី​ស្ថានភាព​ទឹកជំនន់ និង​ត្រៀមកម្លាំង​និង​មធ្យោបាយ រួមទាំង​គ្រឿង​បរិក្ខារផ្សេងៗដើម្បី​សង្គ្រោះ​ពលរដ្ឋ​ក្នុង​គ្រា​មាន​ទឹកជំនន់​កើតឡើងពិសេស​អាជ្ញាធរ​មូលដ្ឋាន​នៃ​ខណ្ឌដង្កោ ពោធិ៍​សែន​ជ័យ និងខណ្ឌ​កំបូល។

លោក​បញ្ជាក់ថា៖ «ទោះ​ក្នុងស្ថានភាព​ណាក៏ដោយ យើង​នឹងមិន​ទុក​ឲ្យ​ពលរដ្ឋ​ណា​ម្នាក់​ចោល​នោះទេ យើង​ត្រូវ​ជួយសង្គ្រោះ​ពលរដ្ឋ​ពី​គ្រោះទឹកជំនន់ ដូច​យើង​កំពុង​ជួយសង្គ្រោះ​ពលរដ្ឋ​ពី​ជំងឺ​កូ​វីដ ១៩»។

ការ​ហក់​ឡើង​នៃ​កម្ពស់​ទឹក​នៅ​ចំណុច​ស្ពាន​កំពង់ទួលនិងរលាំង​ជ្រៃបានធ្វើ​ឲ្យ​ក្រុមមន្ត្រី​ជំនាញ​នៃ​ក្រសួង​ធនធានទឹក និង​ឧតុនិយម សម្រេច​បើកទ្វារ​ទឹក ដើម្បី​រំដោះ​ទឹក​ចេញពី​ក្នុង​អាងបញ្ចៀស​ការ​ជន់​លិច​លំនៅឋាន​ប្រជាពលរដ្ឋ។ នេះ​បើតាម​លោក ម៉ៅ ប៊ុនធឿន ប្រធាន​មន្ទីរ​ធនធា​នទឹក និង​ឧតុនិយម​រាជធានី​ភ្នំពេញ ។

លោក​បាន​ថ្លែងថា៖«នៅ​ចំណុច​រលាំង​ជ្រៃ ទឹក​មាន​កំពស់ ៧,២៨ ម៉ែត្រ កើនឡើង​លើស​ម្សិលមិញ ០,២៨ ម៉ែត្រ។ អាជ្ញាធរ​បាន​បើកទ្វារ​ទឹក​ចំនួន ៥ ដើម្បី​កុំ​ឲ្យ​ទឹក​ចាល់។ដូចគ្នានេះ​អាជ្ញាធរ​ក៏បាន​បើកទ្វារ​ទឹក​ចំនួន៤នៅ​ចំណុច​កំពង់ទួល​ផងដែរ»។

ដោយឡែក​នៅឯ​ស្រុក​សំឡូត ខេត្តបាត់ដំបង អាជ្ញាធរ​បាន​ប្រាប់​ឲ្យ​ដឹងថាជំនន់​ទឹកភ្លៀង​បាន​ជន់​លិច​ប៉ះពាល់​ដំណាំ​ម្រេច និងពោត​ជាច្រើន​ហិកតា ប៉ុន្តែ​មិនទាន់​បង្ក​ការខូចខាត​នៅឡើយ​ទេ។

លោក សើ សា​ម៉េ​ត អភិបាលស្រុក​សំឡូត ថ្លែងថា ភ្លៀង​បាន​ធ្លាក់​ខ្លាំង​ក្នុង​រយៈពេល២ថ្ងៃ​ជាប់​គ្នា​ក្នុង​តំបន់ភ្នំ​សំ​កុះ ដែល​ស្ថិតនៅ​ភាគ​ខាងលិច​នៃ​តំបន់​ជួរ​ភ្នំក្រវាញ បង្ក​ជា​ជំនន់​ទឹកភ្លៀង និង​ប៉ះពាល់​ដល់​ដំណាំ​ពោត និង ម្រេច របស់​ប្រជាពលរដ្ឋ ក្នុង​ឃុំ​តា​តោក និង​ឃុំ​អូរ​សំរិល ប៉ុន្តែមិនទាន់​បង្ក​ការខូចខាត​នោះទេ។

លោក​បញ្ជាក់ថា៖«មកទល់ពេលនេះ អាជ្ញាធរ​យើង​កំពុង​បន្ត​ការឃ្លាំមើល​អំពី​ស្ថានភាព​នៃ​ជំនន់​ទឹកភ្លៀង​នេះ និង​ត្រៀមកម្លាំង​និង​មធ្យោបាយ​ដើម្បី​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ផងដែរ ព្រោះ​ក្នុងខណៈ​នេះ​ភ្លៀង​នៅតែ​បន្ត​ធ្លាក់​នៅឡើយ»។

រីឯ​ស្ថានភាព​ជំនន់​ទឹកភ្លៀង​នៅ​ខេត្តបន្ទាយមានជ័យបាន​វិលត្រឡប់​ទៅរក​ភាពប្រក្រតី​ជាបណ្ដើរៗឡើងវិញ​ហើយ ក្នុងនោះ​ប្រជាពលរដ្ឋដែល​បាន​ជម្លៀស​មក​ទីទួល​សុវត្ថិភាព​ក្នុងអំឡុងពេល​មាន​គ្រោះ​ជំនន់​ទឹកភ្លៀង​កើតឡើង​កាលពី​ពាក់កណ្ដាល​ខែកញ្ញាបាននាំគ្នា​វិលត្រឡប់​ទៅកាន់​លំនៅឋាន​របស់​ពួកគេ​វិញ​ប្រមាណ​ជិត៥០ភាគរយ​ហើយ។

លោក ឈុន ប៊ុន​ថា ប្រធានការិយាល័យ​អន្តរ​វិស័យ​នៃ​រដ្ឋបាលខេត្ត​បន្ទាយ​មានជ័យបាន​ប្រាប់ ​ភ្នំពេញ​ ប៉ុ​ស្តិ៍​ថា នៅពេលនេះ​អាជ្ញាធរខេត្ត​កំពុង​រៀបចំ​របាយការណ៍​បូកសរុប​ពី​ផលប៉ះពាល់​នៃ​គ្រោះ​ជំនន់​ទឹកភ្លៀងដើម្បី​រៀបចំ​ផែនការ​ស្ដារ​ឡើងវិញ។

លោក​បាន​បញ្ជាក់ថា៖ «នៅពេលនេះ​ក្រុមមន្ត្រី​ជំនាញ​កំពុង​បន្ត​ចុះ​ត្រួតពិនិត្យប្រមូល​ទិន្នន័យនិងវាយតម្លៃ​ពី​ផលប៉ះពាល់​ដោយ​គ្រោះ​ជំនន់​ទឹកភ្លៀង​នេះ​ជាថ្មី ដើម្បី​ធ្វើជា​មូលដ្ឋាន​ក្នុង​ការធ្វើផែនការ​ស្ដារ​ឡើងវិញ»។

ចំណែក​នៅឯ​ស្រុក​កងមាសខេត្តកំពង់ចាមអាជ្ញាធរ​បាន​រាយការណ៍​ថា មាន​ករណី​បាក់​ច្រាំងទន្លេ​ប្រវែង​ជាង ១០០ ម៉ែត្របង្ក​ផលប៉ះពាល់​លំនៅ​ឋាន​ប្រជា​ពលរដ្ឋ​ចំនួន ៥ គ្រួសារ។

លោក ភោគ សាវុធ អភិបាលស្រុក​កងមាសបាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍ នៅ​ព្រឹក​ថ្ងៃទី ១១ តុលា​ថា ដោយសារ​មាន​ភ្លៀង​ធ្លាក់ និងការ​ជន់​ឡើង​នៃ​កម្ពស់​ទឹកទន្លេ​មេគង្គ​នៅក្នុង​ខេត្ត​នេះបានធ្វើ​ឲ្យ​ដី​តាម​មាត់​ច្រាំងទន្លេ​មាន​សភាព​ទន់ជ្រាយ និង​ហូរ​ច្រោះ បណ្ដាល​ឲ្យ​បាក់​ច្រាំងទន្លេប្រមាណ​ជាង ១០០ ម៉ែត្រនៅ​ចំណុច ភូមិ​ល្វា​លើ ឃុំ​ស្ដៅ ដែល​ប៉ះពាល់​ដល់​លំនៅ​ឋាន​ប្រជាពលរដ្ឋ​ចំនួន ៥ ខ្នង។

លោក​បាន​បញ្ជាក់ថា៖ «ទោះយ៉ាងណា​ករណីនេះ​មិន​បណ្ដាល​ឲ្យ​ពលរដ្ឋ​ណា​ម្នាក់រងគ្រោះថ្នាក់​នោះទេ។ ប៉ុន្តែ​នៅពេលនេះពួកគេ​ក៏​មិន​ហាន​ស្នាក់នៅ​ក្នុងផ្ទះ​របស់​ពួកគេ​ដែរ»៕