The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ព្រះរាជ​ពិធីបុណ្យ​អុំទូក​នឹងត្រូវ​ផ្អាក​ក្នុងឆ្នាំនេះ​ ដោយសារ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩




ព្រះរាជ​ពិធីបុណ្យ​អុំទូក​នឹងត្រូវ​ផ្អាក​ក្នុងឆ្នាំនេះ​ ដោយសារ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩

Content image - Phnom Penh Post
ទិដ្ឋភាព​ការប្រណាំង​ទូក​ក្នុង​ពិធីបុណ្យ​អុំទូក កាលពី​ឆ្នាំ​ ២០១៩ នៅ​រាជធានី​ភ្នំពេញ​។ ហេង ជីវ័ន

ព្រះរាជ​ពិធីបុណ្យ​អុំទូក​នឹងត្រូវ​ផ្អាក​ក្នុងឆ្នាំនេះ​ ដោយសារ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩

ភ្នំពេញៈ ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះខែ សម្រាប់​ឆ្នាំ​ ២០២១ ​នេះ​នឹង​មិន​អនុញ្ញាត​ឱ្យ​មាន​ការប្រារព្ធ​ដូច​ឆ្នាំមុនៗ​ឡើយ ដោយសារ​តែ​ការរីករាលដាល​នៃ​មេរោគ​កូវីដ​ ១៩​។ នេះ​ជា​ការបញ្ជាក់​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ក្នុង​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង​អភិបាលខេត្ត​បាត់ដំបង នាថ្ងៃទី​ ១១ ខែតុលា​។

លោក ស ខេង ​មាន​ប្រសាសន៍​ថា​៖ «​ឥឡូវនេះ​ចូលដល់​ខែតុលា តាម​ការសម្រេច​របស់​រាជរដ្ឋាភិបាល​គឺ​ឆ្នាំ​នេះ យើង​មិនបាន​ប្រារព្ធ​ពិធីបុណ្យ​អុំទូក អកអំបុក ដូច​បណ្តា​ឆ្នាំមុនៗ​ទេ ដោយសារ​បញ្ហា​កូវីដ​នេះឯង​។ ប៉ុន្តែ​នៅ​ឆ្នាំ​ ២០២២ ដែល​នឹង​ឈានចូល​មកដល់​នោះ យើង​មាន​ព្រឹត្តិការណ៍​នយោបាយ​ដ៏សំខាន់​មួយ​របស់​ជាតិ ដែល​មិនអាច​រំលង​បាន គឺ​ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ​សង្កាត់​»​។

នៅ​ឆ្នាំ​ ២០២១ ​នេះ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះខែ ប្រសិនបើ អាច​ប្រារព្ធ​បាន​នឹង​ត្រូវ​ធ្វើឡើង​ក្នុង​រយៈពេល​ ៣ ​ថ្ងៃ ដែល​ចាប់ពី​ថ្ងៃទី​ ១៨ ដល់​ថ្ងៃទី​ ២០ ខែវិច្ឆិកា​ខាងមុខនេះ​។

លោក ស ខេង ដែល​ក៏​ជា​ឧបនាយករដ្ឋមន្ត្រី​ផង​នោះ​បាន​អំពាវនាវ នាឱកាស​នោះ​ផងដែរ ដោយ​ប្រាប់​ឱ្យ​ប្រជាពលរដ្ឋ​ត្រូវ​រៀន​រស់ក្នុង​ស្ថានភាព​កូវីដ​ ១៩ ដែល​មេរោគ​នេះ​មិនទាន់​មាន​ភាពធូរស្រាល​នៅឡើយ​ទេ​។

លោក​បាន​បញ្ជាក់ថា​៖ «​មកដល់​ពេលនេះ​មិនទាន់​មាន​អ្នកណា​ទស្សន៍ទាយ ឬ​សន្និដ្ឋាន​ជាក់លាក់​ថា ឆ្នាំ​ណា​មេរោគ​នេះ​នឹង​បញ្ចប់​ទេ​។ ដូច្នេះ ប្រសិនបើ​យើង​មិន​បញ្ចប់​បញ្ហា​នេះ​ទេ ហើយ​យើង​នៅ​បន្ត​បិទ​ប្រទេស​ទាំងមូល ឬ​ដាច់​ដោយ​ដុំៗ​ក៏ដោយ ក៏​វា​នៅតែ​ប៉ះពាល់​ទៅដល់​សេដ្ឋកិច្ច​សង្គម និង​ជីវភាព​របស់​ប្រជាពលរដ្ឋ​។ ដូចនេះ​យើង​ត្រូវ​រៀន​រស់ក្នុង​ស្ថានភាព​កូវីដ​»​។

មន្ត្រី​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ-អន្តរជាតិ មិនអាច​ទាក់ទង​សុំ​ព័ត៌មាន​បន្ថែម​ទាក់ទង​នឹង​ពិធី​បុណ្យអុំទូក​នេះ​បានទេ កាលពី​ថ្ងៃទី​ ១១ ខែតុលា​។

គួរបញ្ជាក់​ផងដែរ​ថា កាលពី​ឆ្នាំ​ ២០២០ រាជរដ្ឋាភិបាល​កម្ពុជា​ក៏​បាន​សម្រេច​ផ្អាក​ការប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ ដូចគ្នា​ផងដែរ ដោយសារ​មានការ​ឆ្លង​នៃ​វីរុស​កូវីដ​ ១៩ តាម​សំណើ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ និង​អន្តរជាតិ​។

លោក​ ប៊ុត រ៉ា អាយុ​ ២៥ ​ឆ្នាំ ​ជា​កម្មករសំណង់​បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ នៅ​ថ្ងៃទី​ ១១ ខែតុលា​ថា លោក​ក៏​មិន​ចង់ឱ្យ​មាន​ការប្រារព្ធ​ពិធីបុណ្យ​អុំទូក​នេះដែរ ដោយសារ​ប្រទេស​កម្ពុជា​នៅមាន​អ្នក​ឆ្លង​ជំងឺ​កូវីដ​ ១៩ ​ច្រើន​។ លោក​បារម្ភ​ថា វា​អាច​នឹង​ផ្ទុះ​ការឆ្លង​ជំងឺ​នេះ​កាន់តែខ្លាំង​ថែមទៀត​។

លោក​និយាយថា​៖ «​ទាំង​គេ​ទាំង​ខ្ញុំ គឺ​ចង់​សប្បាយ ចង់​ឈប់សម្រាក​ជួបជុំ​គ្រួសារ មិត្តភក្តិ ប៉ុន្តែ​ដូច​យើង​ដឹង​ស្រាប់​ហើយ​ប្រទេស​យើង​នៅមាន​អ្នក​ឆ្លង​វីរុស​កូវីដ​ ១៩ ​ច្រើនណាស់​។ មិន​ធ្វើ​ពិធីបុណ្យ​នេះ គឺ​ល្អ​ណាស់​»​។

ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែត ប្រទីប អកអំបុក និង​សំពះ ព្រះខែ ធ្លាប់​ត្រូវបាន​ផ្អាក​ការប្រារព្ធ​រយៈពេល​ ៣ ​ឆ្នាំ​ជាប់ៗ​គ្នា គឺ​ឆ្នាំ​ ២០១១ ២០១២ និង​ឆ្នាំ​២០១៣ បន្ទាប់ពី​មាន​ព្រឹត្តិការណ៍​រត់​ជាន់គ្នា​លើ​ស្ពាន នៅ​កោះពេជ្រ​ដែល​បណ្តាល​ឱ្យមាន​មនុស្ស​ជាច្រើន​រយ​នាក់​បាន​ស្លាប់​ និង​របួស​ផងដែរ​។

ការផ្អាក​បន្តបន្ទាប់​ទៀត គឺ​ដោយសារ​គ្រោះទឹកជំនន់ និង​ក្រោយ​ការសោយ​ទិវង្គត​របស់​ព្រះ​បរមរតនកោដ្ឋ​ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ​។ នៅ​ឆ្នាំ​ ២០១៥ ពិធីបុណ្យ​នេះ​ក៏ត្រូវ​បាន​ផ្អាក​ម្តងទៀត​ដោយសារ​ទឹកទន្លេ​រាក់​ពេក​ដែល​ធ្វើឱ្យ​ទូក​មិនអាច​អុំ​បាន​៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍