The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - សំណង់​ជាង​ ១០ ​តូប សង់​រំលោភ​លើដី​ចំណីផ្លូវ និង​សង់​លើ​ប្រព័ន្ធ​លូ នៅ​រាជធានី​ត្រូវ​បាន​រុះរើ




សំណង់​ជាង​ ១០ ​តូប សង់​រំលោភ​លើដី​ចំណីផ្លូវ និង​សង់​លើ​ប្រព័ន្ធ​លូ នៅ​រាជធានី​ត្រូវ​បាន​រុះរើ

Content image - Phnom Penh Post
អាជ្ញាធរ​ខណ្ឌ​ពោធិ៍សែនជ័យ​ចុះ​រុះរើ​សំណង់​សង់​លើ​ចំណីផ្លូវ​ពីថ្ងៃ​ទី​ ១១ តុលា​។ រូប FB

សំណង់​ជាង​ ១០ ​តូប សង់​រំលោភ​លើដី​ចំណីផ្លូវ និង​សង់​លើ​ប្រព័ន្ធ​លូ នៅ​រាជធានី​ត្រូវ​បាន​រុះរើ

ភ្នំពេញៈ អាជ្ញាធរ​ខណ្ឌ​ពោធិ៍សែនជ័យ​ចុះ​រុះរើ​សំណង់​ដែល​សង់​រំលោភ​លើដី​ចំណីផ្លូវ សាងសង់​លើ​ប្រព័ន្ធ​លូ និង​បាន​ចាក់សាប​បេតុង​ចូល​រំលោភ​លើផ្លូវ​ជិត​ ២ ​ម៉ែត្រ ជាង​ ១០ ​តូប​ដែល​ស្ថិតនៅ​ភូមិ​ត្រពាំងទា សង្កាត់​ត្រពាំងក្រសាំង ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ​។

ប្រតិបត្តិការ​ចុះ​រុះរើ​នេះ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃទី​ ១១ ខែតុលា បន្ទាប់ពី​មាន​ការបញ្ជា​ផ្ទាល់​ពី​លោក​ ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ដែល​ដឹកនាំ ដោយ​លោក សុយ សារិទ្ធិ អភិបាលរង​រាជធានី​ភ្នំពេញ​។ លោក​ ហែម ដារិទ្ធិ អភិបាលខណ្ឌ​ពោធិ៍សែនជ័យ​បាន​ដឹកនាំ​ក្រុម​ការងារ ចុះ​ធ្វើការ​រុះរើ​សំណង់​សាងសង់​រំលោភ​លើ​ចិញ្ចើមផ្លូវ​សាធារណៈ​នៅ​ទីតាំង​ផ្ទាល់​។

លោក​ ប៉ាង លីដា អភិបាលរង​ខណ្ឌ និង​ក្រុមការងារ ដែល​បាន​ចុះ​អនុវត្ត​ការងារ​រុះរើ​សំណង់​ដោយផ្ទាល់​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១១ ខែតុលា ឆ្នាំ​ ២០២១ ​នេះ​ថា​សំណង់​ដែល​ត្រូវបាន​រុះរើ​នេះ គឺមាន​ជាង​ ១០ ​តូប ដែល​មាន​ម្ចាស់​តែ​ម្នាក់ ដោយបាន​សង់​រំលោភ​ផ្លូវ​សាធារណៈ​ជាយូរ​មកហើយ​។

លោក​ថ្លែង​ថា​៖ «​មុនពេល​ចុះទៅ​រុះរើ អាជ្ញាធរ​ខណ្ឌ​បាន​ជូនដំណឹង និង​បាន​ទុកពេល​ឱ្យ​ម្ចាស់​សំណង់​រុះរើ ដោយ​ខ្លួនឯង​ក្រោយ​ភ្ជុំ​ហើយ​។ ប៉ុន្តែ​មកដល់​ពេល​នេះ​ម្ចាស់​សំណង់ នៅតែ​មិនបាន​រុះរើ​។ ដូចនេះ​អាជ្ញាធរ​សម្រេច​ប្រើ​វិធានការ​ក្តៅ​ចុះ​រុះរើ​តែម្តង​»​។

បើតាម​លោក​ ប៉ាង លីដា អស់​រយៈពេល​ជិត​ ១ ​ឆ្នាំ​កន្លងមក​ហើយ ដែល​សំណង់​ខុសច្បាប់​នេះ​ត្រូវបាន​សាងសង់​រំលោភ​លើដី​ចំណីផ្លូវ សាងសង់​លើ​ប្រព័ន្ធ​លូ និង​បាន​ចាក់សាប​បេតុង​ចូល​រំលោភ​លើផ្លូវ​ជិត​ ២ ​ម៉ែត្រ​។ កាលពី​ថ្ងៃទី​ ១០ ខែតុលា ម្ចាស់​សំណង់​ក៏​បាន​បន្ត​ការសាងសង់​ដោយ​បាន​បាំង​ស័ង្កសី​ពី​ក្រៅ​ ដើម្បី​ឱ្យ​ក្រុម​ជាង​លួច​ធ្វើ​ខាងក្នុង​ទៀតផង​។

លោក​ គង់ រតនៈ ប្រធាន​វិទ្យាស្ថាន​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក លើកឡើងថា បញ្ហា​នៃ​ការរំលោភបំពាន​ដី​ចំណីផ្លូវ​ចេះតែ​កើតមាន​អាច​បណ្តាលមកពី​កត្តា​ ៣​។ ទី​ ១ មកពី​អាជ្ញាធរ​មូលដ្ឋាន​អាចនឹង​ទទួល​បាន​លាភសក្ការៈ ឬ​ប្រយោជន៍​នៃ​ការសាងសង់​ទាំងនេះ ដែល​បណ្តាល​ឱ្យ​បញ្ហា​នេះ​ចេះតែ​កើតមាន​ឡើងជា​បន្តបន្ទាប់​។

ចំណុច​ទី​ ២ លោក​មើលឃើញ​ថា ចំពោះ​បញ្ហា​នេះ​ប្រជាពលរដ្ឋ​ខ្លួនឯង​ផ្ទាល់ ក៏បាន​ដឹង​ដែរ​ថា ការរំលោភ​យក​ដី​ចំណីផ្លូវ គឺជា​អំពើ​ខុសច្បាប់​។ ប៉ុន្តែ​ពួកគេ​នៅ​បន្ត​រំលោភបំពាន​ដោយ​គិតថា ការធ្វើ​បែបនេះ​នឹង​ទទួល​បាន​នូវ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​បណ្តោះអាសន្ន​ក្នុងករណី​ដែល​អាជ្ញាធរ​មិនមាន​ចំណាត់ការ​។

រីឯ​ចំណុច​ទី​ ៣ លោក​ គង់ រតនៈ មើលឃើញ​ថា​ការដែល​បញ្ហា​នៃ​ការរំលោភបំពាន​ដីចំណី ឬ​ផ្លូវ​សាធារណៈ​នេះ ក៏​ព្រោះតែ​រាល់​ចំណាត់ការ​ដែល​មាន​ចំពោះ​អ្នករំលោភ​បំពាន​ទាំងនេះ គឺ​ច្រើនតែ​ធ្វើឡើង​តាម​បញ្ជា​ពី​ថ្នាក់លើ ឬ​ធ្វើ​ឡើង​ជា​ប្រព័ន្ធ ដែល​នាំឱ្យ​ការបង្ក្រាប​នោះ​ហាក់​មាន​ការខ្វះចន្លោះ​។

លោក​បញ្ជាក់ថា​៖ «​ទាក់ទង​នឹង​វិធានការ​ទាំងនេះ ខ្ញុំ​គិតថា ប្រសិទ្ធភាព​នេះ​គឺ​ហាក់ដូចជា​មិនទាន់​ធ្វើបាន​ល្អ​ទេ​។ ខ្ញុំ​គិតថា អាជ្ញាធរ គួរតែ​ស្វែងរក​ឫសគល់​ថា ហេតុអ្វី​បាន​ប្រជាពលរដ្ឋ​ហ្នឹង គាត់​សម្រេចចិត្ត​សាងសង់​សំណង់​លើ​ផ្លូវ​សាធារណៈ​។ មួយទៀត​យើង​ត្រូវ​ផ្តោតលើ​យុទ្ធសាស្ត្រ​បង្ការ​កុំឱ្យ​ពលរដ្ឋ​រំលោភបំពាន​បន្ថែមទៀត​»៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍