សៀមរាបៈ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​បានរៀបចំ​ពិធី​ដាំ​កូនឈើ និង​ជិះ​កង់​នៅ​រមណីយដ្ឋាន​អង្គរ ដើម្បី​អបអរ​សាទរ​ក្រុង​សៀមរាប ដែល​ត្រូវបាន​ជ្រើសរើស​ជា​ទីក្រុង​វប្បធម៌​អាស៊ាន​សម្រាប់​ឆ្នាំ​ ២០២១-២០២២​។

ពិធី​ដាំ​កូនឈើ និង​ជិះ​កង់​នេះ​ត្រូវ​បាន​ធ្វើឡើង​នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ កាលពី​ថ្ងៃ​ទី​ ១១ ខែ តុលា ឆ្នាំ​ ២០២១ ដោយមាន​ការចូលរួម​ពី​លោក ស៊ុំ ម៉ាប់ រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លោកស្រី យូ សុភា អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប លោក ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា និង​តំណាង​ស្ថានទូត​មួយចំនួន​ផងដែរ​។

លោក ហង់ ពៅ បាន​ថ្លែងថា ការរៀបចំ​ពិធី​នេះ​ដើម្បី​បង្ហាញ​ពី​សកម្មភាព​របស់​កម្ពុជា​ទៅកាន់​សមាជិក​អាស៊ាន​ក្នុង​នាម​កម្ពុជា​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន​ផ្នែក​វប្បធម៌​។

លោក​បន្តថា​៖ «​ជាធម្មតា យើង​មាន​តួនាទី​ក្នុង​ការប្តូរវេន​គ្នា​ជា​ប្រធាន​អាស៊ាន​ផ្នែក​វប្បធម៌ អ៊ីចឹង​នៅថ្ងៃនេះ​ក្រសួង​វប្បធម៌ បានរៀបចំ​ពិធី​ដាំ​កូនឈើ និង​ជិះ​កង់ ដែល​ប្រទេស​កម្ពុជា គឺជា​ប្រធាន​អាស៊ាន សម្រាប់​ឆ្នាំ​ ២០២១-២០២២ ​ដូច្នេះ​យើង​បានជ្រើសរើស​ក្រុង​សៀមរាប​ជា​ទីក្រុង​វប្បធម៌​អាស៊ាន​»​។

លោក​បន្តថា ការធ្វើជា​ប្រធាន​អាស៊ាន​ប្តូរ​វេន​នេះ​មាន​រយៈពេល​ ២ ​ឆ្នាំ​ម្តង ដោយ​ប្រទេស​នីមួយៗ​ត្រូវ​ជ្រើសរើស​ក្រុង​នៃ​ប្រទេស​របស់ខ្លួន ដើម្បី​ដាក់ចូល​ទៅក្នុង​គណៈកម្មការ​របស់​អាស៊ាន ដើម្បី​វាយតម្លៃ​ថា​ក្រុង​នោះ​អាច​ទទួល​ជា​ក្រុង​វប្បធម៌​អាស៊ាន​។

លោក​បាន​គូសបញ្ជាក់ថា មូលហេតុ​ដែល​កម្ពុជា​ជ្រើសរើស​ក្រុង​សៀមរាប​ជាទី​ក្រុង​វប្បធម៌​អាស៊ាន ដោយសារ​សៀមរាប ជា​ទីកន្លែង​ប្រមូលផ្តុំ​ដោយ​វប្បធម៌​ខ្មែរ​។

លោក​បន្តថា​៖ «​ដោយសារ​សៀមរាប​គឺជា​ប្រភពដើម និង​កំណើត និង​ជា​ក្រុង​វប្បធម៌​របស់​ប្រទេស​កម្ពុជា​តាំងពី​យូរលង់​ណាស់​មកហើយ អ៊ីចឹង​មានន័យថា​អ្វីៗ​អាស្រ័យ​ទៅ​លើ​ប្រទេស​នីមួយៗ​ដែល​ជ្រើសរើស​ក្រុង​របស់ខ្លួន​ដាក់ចូល​ជា​ក្រុង​វប្បធម៌​អាស៊ាន​»​។

លោក​ ហង់ ពៅ បន្តថា ជាធម្មតា​ក្នុង​នាម​ជា​ប្រធាន​ប្តូរ​វេន​នឹង​អញ្ជើញ​សមាជិក​អាស៊ាន​មក​ទស្សនា​ក្រុង​វប្បធម៌​អាស៊ាន​នៅ​កម្ពុជា ប៉ុន្តែ​ដោយសារ​បញ្ហា​កូវីដ​ ១៩ ទើប​ធ្វើឱ្យ​កម្មវិធី​មួយចំនួន​ត្រូវបាន​ផ្អាក​ជា​បណ្តោះអាសន្ន​។

លោក​បន្តថា​៖ «​ជាធម្មតា​បើសិន​មិនមាន​បញ្ហា​រីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ទេ ប្រទេស​នីមួយៗ​នឹង​អញ្ជើញ​ភាគី​ដែលជា​ប្រទេស​អាស៊ាន​ចូល​ទស្សនា​ក្រុង​វប្បធម៌​អាស៊ាន ដើម្បី​បង្ហាញ​ឱ្យ​ឃើញ​ពី​សកម្មភាព និង​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​នានា​»​។ «​តែ​ចៃដន្យ​ក្នុង​បរិបទ​កូវីដ​ ១៩ តាំងពី​ដើមឆ្នាំ​ ២០២០ គឺ​យើង​បាន​ទទួល​នូវ​បញ្ហា​កូវីដ​ដែល​ធ្វើឱ្យ​យើង​មិនអាច​បង្ហាញ​ពី​សកម្មភាព​នានា​នៃ​ការជួបជុំ ដូច្នេះ​ហើយ​ថ្ងៃនេះ​គឺជា​ពិធី​មួយ​ក្នុងចំណោម​ពិធី​នានា ដែល​ក្រសួង​វប្បធម៌​រៀបចំ​ ដើម្បី​បង្ហាញ​ថា​អ្វី​ទៅ​ដែលជា​ក្រុង​វប្បធម៌​របស់​អាស៊ាន​»​។

លោក ហង់ ពៅ បាន​ឱ្យ​ដឹង​ទៀតថា ការរៀបចំ​ឱ្យមាន​ក្រុង​វប្បធម៌​អាស៊ាន ដើម្បី​ចែករំលែក និង​ដើម្បី​ស្វែងយល់​ពី​វប្បធម៌​ពីគ្នា​ទៅវិញទៅមក​។

សូមជម្រាបថា ទីក្រុង​វប្បធម៌​អាស៊ាន​ដែល​បានជ្រើសរើស​កន្លងមក​រួមមាន​ ១- ទីក្រុង Cebu នៃ​ប្រទេស​ហ្វីលីពីន ចាប់ពី​ឆ្នាំ​ ២០១០ -២០១១​។ ២- ​ទីក្រុង Singapore នៃ​ប្រទេស​សិង្ហបុរី​ចាប់ពី​ឆ្នាំ ២០១២-២០១៣​។ ៣- ទីក្រុង Hue នៃ​ប្រទេស​វៀតណាម​ចាប់ពី​ឆ្នាំ​ ២០១៤-២០១៥​។ ៤- ទីក្រុង Bandar Seri Begawan នៃ​ប្រទេស​ប្រ៊ុយណេ ចាប់​ឆ្នាំ​ ២០១៦-២០១៧​។ ៥- ទីក្រុង Yogyakarta នៃ​ប្រទេស​ឥណ្ឌូនេស៊ី ចាប់ពី​ឆ្នាំ ២០១៨-២០២០​។

សម្រាប់​កម្ពុជា​ជ្រើសរើស​ក្រុង​សៀមរាប​ជា​ទីក្រុង​វប្បធម៌​អាស៊ាន ចាប់ពី​ឆ្នាំ​ ២០២១- ២០២២៕