ភ្នំពេញៈ លោក ស ខេង ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​បាន​ណែនាំ​ឱ្យ​រដ្ឋបាល​ខេត្ដ​នានា​យក​ចិត្ដ​ទុកដាក់​លើ​មតិយោបល់​របស់​ប្រជាពលរដ្ឋ ដើម្បី​ដោះស្រាយ​បញ្ហា​ក្រៅ​ប្រព័ន្ធតុលាការ​ដោយ​សិក្សា​ពី​បទពិសោធ​របស់​អភិបាលខេត្ដ ដែល​ដោះស្រាយ​បញ្ហា​ក្រៅ​ប្រព័ន្ធតុលាការ​បានល្អ ដូចជា​លោក ម៉ៅ ធនិន អតីត​អភិបាល​​ខេត្ត​ពោធិ៍សាត់ ដែល​ទើបតែ​ត្រូវបាន​ផ្ទេរតំណែង​ទៅ​អភិបាល​ខេត្តកំពត​ក្នុងពេល​ថ្មីៗ​នេះ​។

លោក ស ខេង ថ្លែង​បែបនេះ នៅពេល​ដែល​លោក​ធ្វើជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​តំណែង​អភិបាល​នៃ​គណៈអភិបាល​ខេត្ត​បាត់ដំបង​នៅ​ថ្ងៃទី​ ១១ ខែតុលា ឆ្នាំ​ ២០២១​។

ក្នុង​នោះ​លោក សុខ លូ អភិបាល​ខេត្ត​កំពង់ធំ​ត្រូវ​បាន​ព្រះមហាក្សត្រ​ត្រាស់បង្គាប់​ផ្ទេរ​ភារកិច្ច​ទៅជា​អភិបាលខេត្ត​បាត់ដំបង​។ ចំណែក​លោក ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង​​ត្រូវ​ផ្ទេរ​ទៅជា​អភិបាល​ខេត្តកំពង់ធំ​វិញ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​ក៏​សូម​ស្នើ​ចំណុច​មួយចំនួន​ដែរ គឺ​ការដោះស្រាយ​បញ្ហា​ក្រៅ​ប្រព័ន្ធ​តុលាការ នេះ​ជា​បញ្ហា​មួយ​ដែល​យើង​ត្រូវយក​ចិត្ដ​ទុកដាក់​។

កន្លងទៅ​ខ្ញុំ​បាន​បង្កើត​ហ្វេសប៊ុក​​មួយ​ដែល​មាន​ក្រុមការងារ​មួយ​ ដើម្បី​ចាំ​ទទួល​យក​នូវ​សំណើ​សំណូមពរ​នានា​របស់​ប្រជាពលរដ្ឋ​»​។

លោក​បន្តថា​៖ «​និយាយ​រួម​យើង​បើកចំហ​ឃើញថា ដូចជា​ទទួលបាន​ផល​ល្អ គឺមាន​ប្រហែល​ជិត​ ១ ​ពាន់​ករណី ដែលមាន​សំណូមពរ​ជាច្រើន​ដែល​យើង​បាន​ដោះស្រាយ ទោះបីជា​យើង​មិនទាន់បាន​ដោះស្រាយ​​បាន​ទាំងស្រុង​ក៏ដោយ​»​។

លោក ស ខេង លើកឡើង​ថា វិធី​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​នៅក្រៅ​ប្រព័ន្ធ​តុលាការ​បែបនេះ មិនមែន​ដោយសារ​មិន​ទុកចិត្ត​រដ្ឋបាល​ខេត្ដ​នៅនឹង​កន្លែង​នោះទេ​។ ​ប៉ុន្ដែ​ក៏​ជា​ការបង្ក​លក្ខណៈ​ឱ្យមាន​ជម្រើស​ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការស្វែងរក​ការដោះស្រាយ​បញ្ហា​នានា​។

លោក​បញ្ជាក់ថា​៖ «​ជួន​អី ដោះស្រាយ​នៅ​កន្លែង​ណាមួយ​នោះ​មិនបាន ឬ​វា​មិន​យុត្ដិធម៌​។ យើង​ទុក​ផ្លូវ​ឱ្យ​គាត់ បើ​ដោះ​របៀប​ហ្នឹង​មិន​បានទេ យើង​ត្រូវ​ដោះ​មួយទៀត​ដើម្បី​នឹង​ដោះ​។ អ៊ីចឹង​ទេ ខ្ញុំ​គិតថា យើង​ត្រូវ​ហ៊ាន​បើកចំហ​ដើម្បី​ទទួល​យក​មតិយោបល់​របស់​ប្រជាពលរដ្ឋ​នោះ​​ក៏​ចាត់ទុកថា យើង​យក​កញ្ចក់​មក​ឆ្លុះ​ហើយ​។ ប្រជាពលរដ្ឋ​គាត់​ហ៊ាន​ថា ហ៊ាន​និយាយ​ក្នុងន័យ​ស្ថាបនា​»​។

លោក ស ខេង បាន​ណែនាំ​ថា ក្នុង​នាម​ជា​មន្ដ្រី​បម្រើ​ការជូន​ជាតិ និង​ប្រជាពលរដ្ឋ​ត្រូវ​ហាម​ចូលប្រឡូក​ជាមួយ​បញ្ហា​ទាំងអស់​នោះ​ដែល​ប្រជាពលរដ្ឋ​មាន​សំណូមពរ​មកហើយ​ឱ្យ​ជួយ​ដោះស្រាយ​ដល់​ប្រជាពលរដ្ឋ​។

លោក​បាន​បញ្ជាក់ថា​៖ «​ម៉ៅ ធនិន គាត់​មាន​វិធី​ដោះស្រាយ​មួយ​សូម​ឱ្យ​សិក្សា​មើល ចំណុច​ណា​ដែល​គាត់​ដោះស្រាយ​បានល្អ ជា​មេរៀន បទពិសោធ យើង​ក៏​គួរតែ​យកមក​រៀន​ដែរ​។ យកមក​រៀន​បទពិសោធ​ដែល​ដោះស្រាយ អាហ្នឹង​ជា​បទពិសោធ​មួយ​»​។

លោក​បន្តថា​៖ «​អ៊ីចឹង​គឺថា ខំ​ប្រមូល​បញ្ហា ហើយ​យើង​ទុក​លទ្ធភាព​ថា បើសិន​ដោះស្រាយ​នៅ​កន្លែង​មិន​បានទេ ដោះស្រាយ​តាម​ឋានានុក្រម​មិនបាន​ទេ យើង​ក៏​បើក​ឱកាស​ ដើម្បី​ឱ្យ​គាត់​ប្ដឹងទៅ​។ ជួន​អី​ប្ដឹង​ទៅដល់​សម្ដេច​តេជោ លោក​ក៏​ខិតខំ​ដោះស្រាយ​តាម​ជាក់ស្ដែង​»​។

លោក​ឧបនាយករដ្ឋមន្ត្រី​បាន​ណែនាំ​ឱ្យ​មន្ដ្រី​នៅ​ថ្នាក់ក្រោម​ជាតិ កុំ​បិទ​ទុក​បញ្ហា ត្រូវ​ឱ្យ​ពលរដ្ឋ​មាន​មតិ​យោបល់ ក្នុងន័យ​ស្ថាបនា​ក្នុង​ន័យ​ដែល​ស្មោះត្រង់ ដើម្បី​ជួយ​រក​យុត្ដិធម៌​ដល់​ប្រជាពលរដ្ឋ​។

លោក ស៊ឹង សែនករុណា អ្នកនាំពាក្យ​អង្គការ​សមាគម​អាដហុក​បាន​ថ្លែងថា តាម​​សង្កេត ការអនុវត្ដ​កន្លងមក គឺ​មានតែ​អតីត​អភិបាលខេត្ដ​ពោធិ៍សាត់​មួយ​ប៉ុណ្ណោះ​ ដែល​បាន​ប្រើប្រាស់​វិធីសាស្ដ្រ​ដោះស្រាយ​បញ្ហា​ក្រៅ​ប្រព័ន្ធ​តុលាការ​ដល់​ប្រជាពលរដ្ឋ​។ ​ចំណែក​អភិបាលខេត្ដ​ផ្សេងទៀត​គឺ​មិនមាន​ការអនុវត្ដ​ក្រៅ​ប្រព័ន្ធ​តុលាការ​នោះទេ​។

លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​យល់​​ថា ការណែនាំ​នេះ គឺ​ល្អប្រសើរ​ចៀសវាង​កុំឱ្យ​មាន​ស្ដង់ដា​ ២ ដោយសារតែ​រដ្ឋបាល​ខេត្ដ​មួយ​​ចំនួន​អត់​បាន​យក​ចិត្ដ​ទុកដាក់​​ក្នុង​ការដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ទេ ដែលជា​ហេតុ​ធ្វើឱ្យ​ករណី​មួយចំនួន​នៅតែ​មាន​បញ្ហា​រ៉ាំរ៉ៃ​យឺតយ៉ាវ​នាំឱ្យ​មាន​បញ្ហា​ដល់​ពលរដ្ឋ​រងគ្រោះ​ដែល​រង់ចាំ​ដំណោះស្រាយ​យុត្ដិធម៌​ដល់​ពួកគាត់​»​។

យ៉ាងណាក្ដី លោក សែន ករុណា បាន​សម្គាល់​ថា លោក ម៉ៅ ធនិន អតីត​អភិបាលខេត្ដ​ពោធិ៍សាត់ ដោះស្រាយ​បញ្ហា​ក្រៅ​ប្រព័ន្ធ​តុលាការ​កន្លងមក​​នោះ​ក៏បាន​លើក​យកតែ​បញ្ហា តូចតាច ជា​លក្ខណៈ​វិវាទ​មិន​​ទាន់​ធំដុំ តែ​មិនទាន់​ដោះស្រាយ​បញ្ហា​ធ្ងន់ធ្ងរ​ដូចជា​បញ្ហា​វិវាទ​ដីធ្លី​រវាង​ពលរដ្ឋ​ និង​អ្នកមាន​លុយ​​មាន​អំណាច​នៅឡើយ​ទេ​។

លោក​បាន​បន្តថា​៖ «​យើង​ចង់ឃើញ​ឱ្យ​មាន​ការដោះស្រាយ​ទៅលើ​ករណី​វិវាទ​ស៊ីវិល​​រឿង​បញ្ហាដីធ្លី​ជាដើម​ដែល​បញ្ហា​​នេះ មាន​ការប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ដោយ​មាន​ការរំលោភ​ពី​សំណាក់​ក្រុមហ៊ុន អ្នកមាន​​អំណាច​ជាដើម ដើម្បី​ឱ្យ​ការដោះស្រាយ​នេះ​កាន់តែ​មាន​ទម្ងន់​ថែមទៀត ចៀសវាង​ការគ្រាន់តែ​ដោះស្រាយ​បញ្ហា​ស្រាលៗ​​តូចៗ មិនទាន់​ទូលំទូលាយ​នៅឡើយ​»៕

វីដេអូ៖