កំពង់ធំៈ ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាននិងកំពុង​អនុវត្ត​គម្រោង​រ៉េតបូក​ (REDD+) ​ដើម្បី​ថែរក្សា​ការពារ​​ព្រៃឈើ​ សម្រាប់​លក់​កាបូន​ព្រៃឈើ បន្ទាប់ពី​ដី​នេះ​ត្រូវបាន​ចុះបញ្ជី​ជា​ដី​សហគមន៍​ព្រៃឈើ​អូរបុស្សលាវ ដែល​មាន​ទំហំ ១ ៣៥៩ ​ហិកតា នៅក្នុង​ខេត្តកំពង់ធំ កាលពី​ថ្ងៃទី​ ៦ ខែ កញ្ញា ឆ្នាំ​ ២០២១​។

លោក សួន សុវណ្ណ អនុប្រធាន​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួងកសិកម្ម​បាន​ថ្លែង​នៅ​ថ្ងៃទី​ ១១ ខែតុលា ថា គម្រោង​រ៉េតបូក​គឺជា​ការរក្សា​ព្រៃឈើ​ទុក​ដើម្បី​យក​កាបូន​ព្រៃឈើ​នោះ​លក់​។ ក្រសួង​ទើបបាន​ចុះបញ្ជី​ដី​សហគមន៍​ព្រៃឈើ​អូរបុស្សលាវ ដែល​ស្ថិត​នៅ​ឃុំ​ទំរីង ស្រុក​សណ្តាន់ ខេត្ត​កំពង់ធំ​មាន​ផ្ទៃដី​ទំហំ ១ ៣៥៩ ​ហិកតា​ ដើម្បី​រក្សា​ព្រៃ​នៅ​ទីនោះ សម្រាប់​យក​កាបូន​។

លោក​បាន​បន្តថា ផល​នៃ​ការលក់​កាបូន​ព្រៃឈើ​នឹង​ត្រូវ​បែងចែក​ជូន​ទៅ​ដល់​សហគមន៍​ព្រៃឈើ ចំណែក​ដី​ព្រែ​ដែល​បាន​ចុះបញ្ជី​ជា​ដី​រដ្ឋ​នោះ​មិន​អនុញ្ញាត​ឱ្យមាន​ការកាប់​រានទន្ទ្រាន​ឡើយ ប៉ុន្តែ​ប្រជាពលរដ្ឋ​នៅតែ​អាច​អាស្រ័យផល​បាន​ធម្មតា​ពី​ព្រៃឈើ​នោះ​។

លោក​បញ្ជាក់ថា​៖ «​ពលរដ្ឋ​គាត់​នៅតែ​អាច​រក​ជ័រទឹក វល្លិ ផ្តៅ អ៊ីចឹង​ទៅ​ប្រសិនបើ​វា​មាន​​នៅក្នុង​ព្រៃ​ហ្នឹង​គាត់​នៅតែ​អាច​ប្រកបរបរ​ហ្នឹង​បាន​ដដែល​។

ប៉ុន្តែ​គ្រាន់តែ​គាត់​ត្រូវ​ជួយ​ចូលរួម​ល្បាត​ថែរក្សា​ការពារ​ព្រៃឈើ​ ដើម្បី​ឱ្យនៅ​គង់វង្ស ហើយ​យើង​អាច​ទទួលបាន​កាបូន ដើម្បី​យកទៅលក់​»​។

បើតាម​លោក សួន សុវណ្ណ ការចុះបញ្ជី​ដី​សហគមន៍​ព្រៃឈើ​អូរបុស្ស​លាវ​នេះ​គឺ​បានទទួល​ប្រកាស​ពី​ក្រសួងកសិកម្ម​ចុះ​ថ្ងៃទី​ ២០ សីហា ២០១០​។

មាន​ចុះ​កិច្ចព្រមព្រៀង​ព្រៃ​សហគមន៍​រវាង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ធំ និង​គណៈកម្មការ​គ្រប់គ្រង​សហគមន៍​ព្រៃឈើ នៅ​ថ្ងៃទី​ ២៥ សីហា ២០១១ និង​បានទទួល​អនុ​ផែនការ​គ្រប់គ្រង​ព្រៃ​សហគមន៍ នៅ​ថ្ងៃទី​ ៤ សីហា ២០១៧​។

ភ្នំពេញ​ប៉ុស្តិ៍​មិនអាច​ស្វែងរក​ប្រភព​ទំនាក់ទំនង​ទៅ​សហគមន៍​ព្រៃឈើ​អូរបុស្សលាវ​បាន​ទេ​នៅ​ថ្ងៃទី​ ១១ ខែតុលា​។

ប៉ុន្តែ​យ៉ាងណា លោក​ សួន សុវណ្ណ បញ្ជាក់ថា ពលរដ្ឋ​មាន​​ការសប្បាយ​រីករាយ នៅពេល​ដឹងថា សហគមន៍​នោះ​ត្រូវបាន​ចុះបញ្ជី​ជា​ដី​រដ្ឋ​ដោយ​ជោគជ័យ​។ លោក​បញ្ជាក់​ទៀតថា ការចុះបញ្ជី​ដី​សហគមន៍​ព្រៃឈើ​អាច​ធ្វើ​ទៅ​បាន​លុះត្រាតែ​ដី​នោះ​មិនមាន​ជម្លោះ​។

លោក ស៊ឹង សែនករុណា អ្នកនាំពាក្យ​សមាគម​អាដហុក​ថ្លែង​នៅ​ថ្ងៃទី​ ១១ ខែតុលា ថា​លោក​មានការ​ពេញចិត្ត​ចំពោះ​ការចុះបញ្ជី​ដី​សហគមន៍​ព្រៃឈើ ព្រោះនេះ​ជា​អ្វីដែល​គ្រប់គ្នា​ចង់​ឃើញ​ឆន្ទៈ​របស់​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ការការពារ​ព្រៃឈើ​។ លោក​បន្តថា កន្លងមក​មាន​តំបន់​ខ្លះ បើទោះបី​ជា​មាន​ការពារ​ដោយ​អនុក្រឹត្យ​ក៏ដោយ ក៏​នៅតែ​មាន​ការរំលោភបំពាន​ដដែល​។

លោក​បញ្ជាក់ថា​៖ «​ការចុះបញ្ជី​ដីព្រៃ​សហគមន៍​ហ្នឹង​គឺជា​មូលដ្ឋាន​សម្រាប់​សហគមន៍​ព្រៃឈើ​ដែល​រស់នៅ​តំបន់​ហ្នឹង​គាត់​អាចមាន​សិទ្ធិ​ក្នុង​ការចូលរួម​ ដើម្បី​ធ្វើការ​ការពារ ដោយយោង​ទៅតាម​ការចុះ​បញ្ជិកា​ហ្នឹង​»៕