ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ.ជ.ប ) ​បាន​ចែក​លិខិតអញ្ជើញ​ប្រជាពលរដ្ឋ​ឱ្យទៅ​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ចាប់ពី​ថ្ងៃទី​ ១២ ខែ​​ តុលា ​ឆ្នាំ​ ២០២១ ទៅ ដោយ​សម្រេចបាន​ចំនួន ៧ ៩១៦ ៧៤៥ ​នាក់ ស្មើនឹង ​៨៩,៦៤% នៃ​ប្រជាពលរដ្ឋ​ដែលមាន​ឈ្មោះ​នៅក្នុង​បញ្ជី​បោះឆ្នោត ខណៈ​ការចុះឈ្មោះ​អ្នកបោះឆ្នោត​ថ្មី ក៏​ចាប់ផ្តើម​ជាមួយ​គ្នា​នេះដែរ​។

លោក​ មាន សទិ សមាជិក គ.ជ.ប ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ជាមួយ​ភាគី​ពាក់ព័ន្ធ​កាលពី​ថ្ងៃទី​ ១១ ខែ តុលា ឆ្នាំ ២០២១ ថា ការចែក​លិខិតអញ្ជើញ​ប្រជាពលរដ្ឋ ត្រូវ​បាន​បញ្ចប់​នៅ​ថ្ងៃទី​ ១១ ខែតុលា ប៉ុន្តែ​ប្រជាពលរដ្ឋ​ដែល​មិនទាន់​បាន​ទទួល​លិខិតអញ្ជើញ​អាច​ទៅ​ស្នើសុំ​នៅ​សាលា ឃុំ សង្កាត់​ដែល​ប្រជាពលរដ្ឋ​មាន​ឈ្មោះ​នៅក្នុង​បញ្ជី​បោះឆ្នោត​នៃ​ឃុំ សង្កាត់​នោះ​។

លោក សោម សូរីដា អគ្គលេខាធិការរង គជប ពន្យល់ថា មូលហេតុ​ដែល គ.ជ.ប ចែក​លិខិតអញ្ជើញ​មិន​គ្រប់​ចំនួន​ប្រជាពលរដ្ឋ​នៅពេលនេះ ដោយសារ តែ​មាន​បញ្ហា​មួយចំនួន ដូចជា​អាកាសធាតុ​ដែលមាន​ភ្លៀង​ធ្លាក់​ច្រើន ប្រជាពលរដ្ឋ​ដែល​ធ្វើ​ចំណាកស្រុក ទទួល​មរណភាព ប្រជាពលរដ្ឋ ចំណូល​ថ្មី​ដែល​ធ្វើឱ្យ​ក្រុមប្រឹក្សាឃុំ សង្កាត់​មិន​ស្គាល់​អត្តសញ្ញាណ​។

ករណី​មួយទៀត គឺ​ដោយសារ​តែ​បញ្ហា​ជំងឺ​កូវីដ​ ១៩ ដែល​តម្រូវឱ្យ​មាន​ការបិទខ្ទប់​ភូមិ និង​ឃុំ​មួយចំនួន និង​ប្រជាពលរដ្ឋ​មួយចំនួន​ទៀត​ជាប់​ធ្វើ​ចត្តាឡីស័ក​។ ទោះជា​យ៉ាងណា​លិខិត​អញ្ជើញ​ដែល​មិនត្រូវ​បាន​ចែក​ដល់​ដៃ​ប្រជាពលរដ្ឋ​នេះ ត្រូវ​បាន​រក្សាទុក​នៅ​ឃុំ សង្កាត់ ដើម្បី​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ​បន្តទៀត​។

លោក សូរីដា ថ្លែងថា​៖ «​មធ្យោបាយ​ដែល​ឱ្យ​ប្រជាពលរដ្ឋ​ដឹងថា មាន​ឈ្មោះ​នៅក្នុង​បញ្ជី​បោះឆ្នោត មាន​ការផ្សាយ​ពី​បញ្ជី​បោះឆ្នោត នៅ​តាម​គេហទំព័រ​របស់​ គ.ជ.ប មាន​នៅក្នុង​ App និង​ការចែក​លិខិតអញ្ជើញ ហើយ​ខ្លឹមសារ​នៃ​លិខិតអញ្ជើញ​នេះ​គឺជា​ខ្លឹមសារ​ដែល​ផ្ទេរ​ចេញពី​ទិនុ្នន័យ​ផ្លូវការ​របស់​ គ.ជ.ប។ នៅពេល​ពលរដ្ឋ​ទទួលបាន​លិខិតអញ្ជើញ​នេះ មិនចាំបាច់​ទៅពិនិត្យ​នៅតាម​ឃុំ-សង្កាត់​ក៏បាន​ដែរ​»​។

បើតាម​លោក សោម សូរីដា ពលរដ្ឋ​ដែល​មិន​ទទួលបាន​លិខិត​ឱ្យ​ទៅ​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត​មាន​ជាង​ ១០ %​។

លោក ទេព នីថា អគ្គលេខាធិការ​ គ.ជ.ប ឱ្យ​ដឹង​ដែរ​ថា ការត្រៀម​រៀបចំ​ការបោះឆ្នោត​បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​តាម​នីតិវិធី បទបញ្ជា និង​ផែនការ​។ ទោះជា​យ៉ាងណា ក៏​ គ.ជ.ប បាន​ជួប​បញ្ហា​ខ្វះខាត​ខ្លះ ប៉ុន្តែ​ត្រូវបាន​​កែសម្រួល​ទាន់ពេល​ផងដែរ​។

បើតាម​លោក មាន សទិ សមាជិក គ.ជ.ប ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​មាន​រយៈពេល​ ៥០ ​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​ ១២ ​ខែ​តុលា ឆ្នាំនេះ​​ដល់​ថ្ងៃទី​ ៣០ វិច្ឆិកា ឆ្នាំ​ ២០២១ រៀងរាល់ថ្ងៃ​រួមទាំង​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ​នៅតាម​សាលាឃុំ សង្កាត់ និង​ទីតាំង​មួយចំនួន​ក្នុង​ឃុំ-សង្កាត់​។

ក្នុង​រយៈពេល​នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ​ និង​ចុះឈ្មោះ​បោះឆ្នោត​នេះ ក្រុមប្រឹក្សាឃុំ-សង្កាត់​ត្រូវ​បិទ​ការិយាល័យ​ចុះឈ្មោះ​​រៀងរាល់​ ១៥ ​ថ្ងៃ​ម្តង​ ដើម្បី​ប្រជុំ​ជាមួយ​ក្រុម​ចុះឈ្មោះ ពិភាក្សា​លើ​ការងារ​អនុវត្ត​កន្លងមក និង​រៀបចំ​ការងារ​បន្តទៅទៀត​។

លោក​ថ្លែងថា​៖ «​តាម​ប្រតិទិន​ការងារ​ការបិទ​ការិយាល័យ​នេះ​ត្រូវ​ធ្វើ​នៅ​ថ្ងៃទី​ ២៦ ខែ តុលា ឆ្នាំ​ ២០២១ ​ថ្ងៃទី​ ១០ ខែ វិច្ឆិកា ឆ្នាំ​ ២០២១ និង​ថ្ងៃទី​ ២៥ ខែ ​​វិច្ឆិកា ឆ្នាំ​ ២០២១»៕