ភ្នំពេញៈ ពលរដ្ឋ​រង​ផលប៉ះពាល់​គម្រោង​អភិវឌ្ឍន៍​ផ្លូវដែក​នៅ​ភូមិ​ ១៦ និង​ ១៧ ស្ថិតក្នុង​ខណ្ឌ​ទួលគោក នៅតែ​ប្រកាន់​ជំហរ មិន​ទទួល​យក​សំណង​ដែល​តម្រូវឱ្យ​ពួកគេ​ចាក​ចេញពី​លំនៅ​បច្ចុប្បន្ន ទៅ​ទទួលយក​ដី​នៅ 7NG ខេត្តកណ្តាល និង​នៅ​គោកខ្សាច់​ក្នុង​ខណ្ឌ​កំបូល​។

ការប្រកាស​ជំហរ​ជាថ្មី​នេះ​បាន​ធ្វើឡើង​ បន្ទាប់ពី​ពលរដ្ឋ​ ៥ នាក់​តំណាង​ឱ្យ​ប្រជាពលរដ្ឋ ៣០ ​គ្រួសារ​បាន​ជួប​ជាមួយ​អាជ្ញាធរ​ខណ្ឌ​ទួលគោក​នៅ​ថ្ងៃទី​ ១១ តុលា ដើម្បី​ពិភាក្សា​ពី​សំណើ​របស់​ពួកគេ ដែល​ចង់បាន​សំណង​ជា​ដី​នៅក្រោយ​វត្តទួល​អស់លោក ឬ​ដី​ក្នុង​ខណ្ឌ​ទួលគោក​ក្រោយ​អាជ្ញាធរ​ប្រកាសថា ផ្ទះ​របស់​ពួកគេ​នឹង​ត្រូវ​រុះរើ ដើម្បី​ធ្វើការ​បើកផ្លូវ​ស្ថាបនា​ផ្លូវ​បេតុង និង​អាង​ស្តុក​ទឹក​ក្នុង​ខណ្ឌ​ទួលគោក​នាពេល​ខាងមុខ​។

អ្នកស្រី ហ៊ុយ សាធៀន ជា​ពលរដ្ឋ​រស់នៅក្នុង​តំបន់​រង​ផលប៉ះពាល់​ជាង ៣០ ឆ្នាំ​ដែល​បាន​ចូលជួប​ពិភាក្សា​ជាមួយ​អាជ្ញាធរ​ខណ្ឌទួលគោក បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ១១ តុលា​ថា ការជួបពិភាក្សា​នេះ​មិន​ទទួលបាន​ដំណោះស្រាយ​អ្វី​នោះទេ ព្រោះ​អាជ្ញាធរ​ខណ្ឌ នៅតែ​ទទូច​ឱ្យ​ពលរដ្ឋ​ទទួលយក​សំណង​ជា​ដី​នៅ 7NG ខេត្ត កណ្តាល និង​នៅ​គោក​ខ្សាច់​ក្នុង​ខណ្ឌ​កំបូល​ដដែល​។

អ្នកស្រី​បន្តថា ជំនួស​ឱ្យ​ការបាត់បង់​ផ្ទះសំបែង គឺ​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា​ស្នើសុំ​ការដោះដូរ​ជា​ដី​នៅក្រោយ​វត្ត​ទួល​អស់លោក ឬ​ដី​ក្នុង​ខណ្ឌ​ទួលគោក​តែ​ ១ ​គត់ ដែល​ពួកគេ​និយាយថា វា​ងាយស្រួល​ដល់​ការរស់នៅ និង ប្រកបរបរ​ចិញ្ចឹមជីវិត ជាពិសេស​គឺ​សម្រាប់​កូនៗ​បន្ត​ការសិក្សា​។

អ្នកស្រី​និយាយថា​៖ «​ជាមួយ​នឹង​ការអភិវឌ្ឍ​នេះ ពួកយើង​មិន​ជំទាស់​នោះទេ ប៉ុន្តែ​ពួកយើង ប្រកាន់​ជំហរ​ក្នុង​ការស្នើសុំ​សំណង​ជា​ការដោះដូរ​ពី​កន្លែង​ដែល​យើង​រស់នៅ​នេះ នៅក្នុង​ខណ្ឌទួលគោក​ដដែល ឬ​នៅ​ជិត​វត្តទួល​អស់​លោក ដែល​ស្ថិតនៅ​កន្លែង​យើង​ចាស់ ទើប​ពួកយើង​ព្រម​ចាកចេញ​»​។

លោក កូវ សារុន ជា​ប្រជាពលរដ្ឋ​រងគ្រោះ​ម្នាក់​ដែរ បាន​អះអាង​ថា បើ​មិន​ទទួលបាន​ដី​នៅក្នុង​តំបន់​ដែល​ពួកគេ ចង់​បាន​នោះទេ គឺ​ពួកគេ​នឹង​មិន​ចាកចេញ​ពី​លំនៅ​នោះទេ ព្រោះថា​ការចាកចេញ​ទៅ​រស់នៅ​កន្លែង​ដែល​អាជ្ញាធរ​ផ្តល់​ឱ្យ​នឹង​ធ្វើឱ្យ​ជីវភាព​របស់​ពួកគេ កាន់តែ​យ៉ាប់យ៉ឺន ខណៈ​តំបន់​ថ្មី មិនមាន​ហេដ្ឋារចនាសម្ព័ន្ធ សាលារៀន ហើយ​ក៏​ធ្វើឱ្យ​​បាត់បង់​មុខរបរ​ទៀតផង​។

លោក​បាន​រៀបរាប់ថា​៖ «​ពួកខ្ញុំ បញ្ជាក់​យ៉ាងច្បាស់​ហើយ ថា​មិន​ទទួលយក​ជាដាច់ខាត ហើយនឹង​ស្នើសុំ​ទៅលើ​បន្តទៀត​។ បើសិនជា​មិនមាន​លទ្ធផល​ទេ នឹងដាក់​សំណើ​ជា​កញ្ចប់​ទៅ​សម្តេចនាយក ស្នើឱ្យ​ធ្វើការ​ដោះស្រាយ​តែម្តង ព្រោះ​សម្រាប់​សាលាក្រុង និង​ខណ្ឌ អត់​មាន​លទ្ធភាព​ក្នុង​ការដោះស្រាយ​ឱ្យ​ពួកយើង​ទេ​។ ពួក​ខ្ញុំ តែ​ ៣០ គ្រួសារ​សោះ ក៏​មិន​ផ្តល់​ដំណោះស្រាយ​ឱ្យ​ពួកខ្ញុំ​»​។

លោក ជា ពិសី អភិបាលខណ្ឌ​ទួលគោក​កាលពី​ថ្ងៃទី ១១ តុលា មិនអាច​សុំ​ការអត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បានទេ ដោយ​លោក​មិន​លើ​ទូរស័ព្ទ​។ ចំណែក​លោក ហួរ ហួត នាយក​រដ្ឋបាល​ខណ្ឌទួលគោក​កាលពី​ម្សិលមិញ​បាន​បដិសេធ​ធ្វើការ​អត្ថាធិប្បាយដោយ​អះអាង​ថា លោក​ជាប់រវល់​។

លោក សឿន សារ៉ន នាយក​ប្រតិបត្តិ​នៃ​សមាគម​ធាងត្នោត នៅតែ​ទទូច​ឱ្យ​អាជ្ញាធរ ស្វែងរក​ដំណោះស្រាយ​ណាមួយ​ដែល​ឱ្យ​ប្រជាពលរដ្ឋ​អាច​ទទួលយក​ពី​គម្រោង​អភិវឌ្ឍន៍​នានា ខណៈ​ដែល​លោក​មើលឃើញ​ថា ជាទូទៅ​សំណង និង​ដំណោះស្រាយ​ដែល​អាជ្ញាធរ​បាន​ផ្តល់ឱ្យ​ប្រជាពលរដ្ឋ​រងគ្រោះ​ហាក់​មិនអាច​ទទួលយកបាន​នោះទេ​។

លោក​រំពឹងថា​៖ «​នៅពេល​មាន​ការដោះស្រាយ​តាម​យុទ្ធសាស្ត្រ​ឈ្នះ​ឈ្នះ នោះ​ប្រជាពលរដ្ឋ ក៏​គាត់​សប្បាយ​ពេញចិត្ត​នឹង​ទទួលយក ហើយ​បង្កើត​សុខសន្តិភាព​ដល់​ពលរដ្ឋ​។ ចំពោះ​អាជ្ញាធរ​ខ្លួនឯង​ផ្ទាល់​ក៏​ទទួលបាន ការកោតសរសើរ​ទៅ​តាម​នោះដែរ ក្នុង​ការដោះស្រាយ​ផលប៉ះពាល់​ដល់​ពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន​»​។

លោក​ សឿន សារ៉ន លើកឡើងថា ការផ្តល់​ដំណោះស្រាយ​ដែល​មិនអាច​ទទួលយកបាន​គឺជា​មូលហេតុ​ដែល​បណ្តាល​ឱ្យ​មាន​ការតវ៉ា ហើយ​វា​ក៏បង្ក​ទៅជា​អយុត្តិធម៌​ក្នុង​សង្គម ដែល​ធ្វើឱ្យ​ប្រជាពលរដ្ឋ​មាន​ការឈឺចាប់​៕

វីដេអូ៖