ភ្នំពេញៈ ​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រនៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​បាន​ឯកភាព​ចំពោះ​ការស្នើសុំ​ធ្វើ​វិសោធនកម្ម​ធម្មនុញ្ញ​ ដើម្បី​កំណត់ឱ្យ​ប្រធានរ​ដ្ឋសភា ប្រធានព្រឹទ្ធសភា​ នាយក​រដ្ឋមន្ត្រីនិង​ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ត្រូវតែ​ជា​ឥស្សរជន​មាន «សញ្ជាតិ​ខ្មែរ​តែមួយ​គត់» និង​ប្រគល់ឱ្យ​លោក​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន សែន ចាត់ការ​ការស្នើ​វិសោ​ធន​កម្មនេះ​តាម​នីតិ​វិ​ធី។

យោង​តាម​លិខិត​របស់​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះ​មហា​ក្សត្រនៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ផ្ញើជូន​លោក ហ៊ុន សែន នាយករដ្ឋ​មន្ត្រីនៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ចុះ​ថ្ងៃទី ១១ តុលា​ បាន​បញ្ជាក់​ថា ព្រះមហា​ក្សត្រ​ទ្រង់​បានទទួល​នូវ​លិខិត​លេខ ០៦៣/០១/២០២១ ចុះ​ថ្ងៃទី ១១​ ខែ តុលា ឆ្នាំ ២០២១ របស់ លោក អ៊ឹម ឈុនលឹម ​ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ស្តីពី​មតិ​របស់​ក្រុមប្រឹក្សា​ធម្មនុញ្ញ អំពី​ការផ្តួច​ផ្តើម​គំនិត​ធ្វើ​វិសោធន​កម្ម​មាត្រា ១៩ ថ្មី មាត្រា ៨២ ថ្មី មាត្រា ១០៦ ថ្មី (មួយ) មាត្រា ១១៩ ថ្មី​ និង​មាត្រា ១៣៧​ ថ្មីនៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា និង​មាត្រា ​៣ និងមាត្រា ​៤ នៃ​ច្បាប់​ធម្មនុញ្ញ​បន្ថែម​សំដៅ​ធានា​នូវ​ដំណើរការ​ជា​ប្រក្រតី​នៃ​ស្ថាប័ន​ជាតិ ​ដើម្បី​កំណត់​ឱ្យ​ប្រធាន​រដ្ឋសភា ប្រធានព្រឹទ្ធ​សភា នាយក​រដ្ឋមន្ត្រី និង​ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ ត្រូវតែ​ជាឥស្សរ​ជន​ដែល​មាន «សញ្ជាតិ​ខ្មែរ​តែមួយគត់»។

លិខិត​របស់​ព្រះមហា​ក្សត្រ​បញ្ជាក់ថា៖ ​«ខ្ញុំ​សូម​ប្រគល់​ជូនសម្តេច​អគ្គមហា​សេនាបតី​តេ​ជោនូវ​លិខិត​របស់ ឯកឧត្តម​កិត្តិ​នីតិ​កោសល​បណ្ឌិត ប្រធាន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ខាងលើ​នេះ ដើម្បី​ចាត់ការ​តាម​នីតិវិធី»៕