ភ្នំពេញៈ កម្ពុជាបានចាប់ផ្តើមនូវយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ ដូសទី៣ ទ្រង់ទ្រាយធំទៅដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសដែលចាប់ផ្តើមពីថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០២១ ខណៈដែលដំណើរការចាក់វ៉ាក់សាំងជុំទី១ បានជិតសម្រេចតាមផែនការកំណត់ចំនួន ១០ លាននាក់។
លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលបានចូលរួមប្រកាសបើកនូវយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ ១៩ ដូសជំរុញជូនប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងទូទាំងប្រទេសថ្លែងថា រាជរដ្ឋាភិបាល បានចាត់ទុកនយោបាយចាក់វ៉ាក់សាំងកូវីដ ១៩ គឺជាយុទ្ធសាស្ត្រគន្លឹះដ៏សំខាន់មួយ និងជាខ្សែក្រវាត់ ការពារ ទី១ សំខាន់ជាងគេដើម្បីការពារអាយុជីវិតប្រជាជន។
លោកបន្ថែមថា ការចាក់វ៉ាក់សាំងទាន់ពេលវេលានឹងអាចជួយសង្គ្រោះជីវិតប្រជាជនកម្ពុជាបានច្រើនតាមរយៈការកាត់បន្ថយការឆ្លង ការធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ ការស្លាប់ដោយសារជំងឺកូវីដ ១៩ និងការបញ្ចៀសប្រទេសកម្ពុជាពីមហន្តរាយនៃជំងឺកូវីដ ១៩ ដែលអាចធ្វើឱ្យគ្រប់គ្រងការឆ្លងរាលដាលជំងឺនេះបាន។
លោក ទៀ បាញ់ មានប្រសាសន៍ថា៖ «រាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាចាក់វ៉ាក់សាំងកូវីដ ១៩ ឱ្យបានឆាប់ និងសម្រេចបានតាមផែនការដើម្បីបង្កើតនូវភាពស៊ាំក្នុងសហគមន៍ និងការឈានទៅបើកដំណើរការឡើងវិញវិស័យទេសចរណ៍ផ្ទៃក្នុង និងវិស័យសេដ្ឋកិច្ចសង្គមផងដែរ»។
លោកបញ្ជាក់ថា៖ «ជាការពិត រហូតមកដល់ពេលនេះ ពុំមានប្រទេសណាមួយអាចមានវ៉ាក់សាំងជូនប្រជាពលរដ្ឋដោយស្ម័គ្រចិត្តក្នុងពេលតែមួយដំណាលគ្នាដូចប្រទេសកម្ពុជាបានទេ ដោយសារសមត្ថភាពផលិត សមត្ថភាពចែកចាយ និងការចាក់វ៉ាក់សាំងមានកម្រិតទៅតាមប្រទេសនីមួយៗ»។
លោក ទៀ បាញ់ បានស្នើឱ្យក្រុមការងារចាក់វ៉ាក់សាំងទាំងអស់ត្រូវយកចិត្តទុកដាក់នូវភារកិច្ចរបស់ខ្លួនដោយផ្អែកតាមបទពិសោធចាក់វ៉ាក់សាំងកូវីដ ១៩ ជុំទី១ នាពេលកន្លងមក។
បើតាមលោក ទៀ បាញ់ ក្រុមការងារចាក់វ៉ាក់សាំងរបស់កងទ័ពនឹងទទួលភារកិច្ចចាក់វ៉ាក់សាំងកូវីដ ១៩ ដូសជំរុញនេះទៅដល់ប្រជាពលរដ្ឋ និងកម្មករនិយោជិតតាមបណ្តារោងចក្រនានាក្នុងខណ្ឌចំនួន ៦ ក្នុងរាជធានីភ្នំពេញ និងខេត្តចំនួន ៨ ផ្សេងទៀត។
លោកថា៖ «កម្ពុជាទទួលបានជោគជ័យក្នុងការចាក់វ៉ាក់សាំងកូវីដ ១៩ ដោយសារការបិទយុទ្ធនាការជុំទី១ ក៏ត្រូវបានធ្វើឡើងស្ទើរគ្រប់ខេត្តផងដែរ។ យើងអាចនិយាយថា វាជាភាពអស្ចារ្យសម្រាប់ជាតិមាតុភូមិរបស់យើង ដែលយើងពិតជាមានមោទនភាពណាស់សម្រាប់ប្រទេសយើងដែលវាជាខ្សែក្រវាត់ជួរមុខបំផុតសម្រាប់ជាតិយើងផងដែរ»។
លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ក្នុងក្របខ័ណ្ឌទូទាំងប្រទេស បានលើកឡើងក្នុងថ្ងៃបើកយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញនេះផងដែរថា ជាការគិតគូរពីសុខភាពរបស់ប្រជាពលរដ្ឋ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចឱ្យមានគោលនយោបាយការចាក់វ៉ាក់សាំងកូវីដ ១៩ ដូសជំរុញនេះកាលពីថ្ងៃទី ២៥ ខែ សីហា ឆ្នាំ ២០២១។
លោកស្រីថ្លែងថា៖ «យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ ១៩ ដូសជំរុញនេះ ចាប់ផ្តើមឡើងពីថ្ងៃទី ១១ ខែតុលានេះ ក្រោមអភិក្រមផ្ការីករបស់សម្តេចតេជោនាយករដ្ឋមន្ត្រី»។
ដើម្បីសម្រួលដល់ការងារចាក់វ៉ាក់សាំងកូវីដ ១៩ ដូសជំរុញនេះ ក្រសួងសុខាភិបាលក៏បានផ្តល់នូវសម្ភារបរិក្ខារពេទ្យមួយចំនួនទៅដល់ក្រុមគ្រូពេទ្យក្រសួងការពារជាតិដូចជា សម្លៀកបំពាក់ PPE អាវអៀមខាងមុខ ម៉ាស់ របាំងមុខ ស្រោមដៃ អាល់កុល សំឡី និងសេរ៉ូមប្រៃ ជាដើម។
នាឱកាសនោះដែរ លោក ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិនៃការចាក់វ៉ាក់សាំងកូវីដ ១៩ ក្រសួងការពារជាតិបានប្រកាសថា ក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិបានទទួលភារកិច្ចចាក់វ៉ាក់សាំងកូវីដ ១៩ ក្នុងខណ្ឌចំនួន ៦ ក្នុងរាជធានីភ្នំពេញ ដែលមាន ខណ្ឌកំបូល ដង្កោ មានជ័យ ពោធិ៍សែនជ័យ ទួលគោក និងខណ្ឌឫស្សីកែវ។
លោកបន្ថែមថា ប្រជាពលរដ្ឋក្នុងខណ្ឌទាំង ៦ ដែលក្រុមការងារកងទ័ពរ៉ាប់រងក្នុងការចាក់នេះមានចំនួនសរុប ១ ០២៦ ១២៦ នាក់។ ចំណែកកម្លាំងកងទ័ពដែលនឹងត្រូវចូលរួមប្រតិបត្តិការនេះមានចំនួន ៣ ៥៧៨ នាក់ដោយចែកជា ១៥២ ក្រុមពេទ្យផងដែរ។
នៅថ្ងៃទី ១១ តុលានេះដែរ សម្រាប់ក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នឹងចាប់ផ្តើមចាក់នៅមូលដ្ឋានខណ្ឌបឹងកេងកង ខណ្ឌចំការមន ខណ្ឌច្បារអំពៅ ខណ្ឌ៧មករា និងខណ្ឌសែនសុខ។ ចំណែក ខណ្ឌដូនពេញ ខណ្ឌជ្រោយចង្វារ និងខណ្ឌព្រែកព្នៅ នឹងចាប់ដំណើរការចាក់វ៉ាក់សាំងពីថ្ងៃទី ៣០ ខែតុលាខាងមុខនេះ។
បើតាមរបាយការណ៍របស់ក្រសួងសុខាភិបាលគិតត្រឹមថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២១ ប្រជាពលរដ្ឋដែលមានអាយុចាប់ពី ៦ ឆ្នាំឡើងសរុបជាង ១៣ លាននាក់ ឬស្មើនឹង ៨៤,៣៣ ភាគរយ ធៀបនឹងគោលដៅចំនួន ១៦ លាននាក់ បានទទួលនូវការចាក់វ៉ាក់សាំង។ ក្នុងនោះមានប្រជាពលរដ្ឋអាយុពី ១៨ ឆ្នាំឡើងចំនួន ៩៩,២០ ភាគរយធៀបនឹងចំនួនប្រជាជនគោលដៅ ១០ លាននាក់ ក្រុមអាយុពី ១២ ឆ្នាំ ទៅក្រោម ១៨ ឆ្នាំ មានចំនួន ៨៩,៨១ ភាគរយ ធៀបនឹងចំនួនប្រជាជនគោលដៅជិត ២ លាននាក់ និងលើកុមារអាយុពី ៦ ឆ្នាំ ដល់ក្រោម ១២ ឆ្នាំមានចំនួន ៩៥,១៨ ភាគរយធៀបជាមួយនឹងប្រជាជនគោលដៅជាង ១,៨ លាននាក់៕