បាត់ដំបងៈ បើ​មិនមាន​អ្វី​ប្រែប្រួល​ទេ​បណ្ណាល័យ​ជាតិ​ដ៏ធំ​បំផុត​ ដែល​ស្ថិតក្នុង​បរិវេណ​សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​ក្នុង​ខេត្តបាត់ដំបង ​នឹង​ត្រូវ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​នៅ​អំឡុង​ខែវិច្ឆិកា ឆ្នាំ​ ២០២១ ខាងមុខនេះ ដើម្បី​អនុញ្ញាតឱ្យ​សិស្ស​​និស្សិត​ចូល​សិក្សា​ស្រាវជ្រាវ​ទៅលើ​មុខវិជ្ជា​ដែល​កំពុង​រៀន និង​ជំនាញ​បច្ចេកទេស​ដូចជា វិស័យ​កសិកម្ម និង​បច្ចេកវិទ្យា​ជាដើម​។

លោក សុខ ឃន សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ១០ ខែតុលា​ថា បណ្ណាល័យ​ជាតិ​នេះ​រហូត​មក​​ទល់​ពេលនេះ​ត្រូវ​បានរៀបចំ​រួចរាល់​ ១០០ ​ភាគរយ ដែល​អាច​នឹង​ចាប់ផ្តើម​សម្ពោធ​ដាក់​​ឱ្យប្រើ​នៅ​ខែវិច្ឆិកា ឆ្នាំនេះ​ទៅ​​តាម​ផែនការ​ដែល​បានកំណត់​។

លោក​បាន​បន្តថា បណ្ណាល័យ​​ដ៏ធំ​មួយ​នេះ អាច​ផ្ទុក​សៀវភៅ​គ្រប់​ប្រភេទ​ឱ្យ​សិស្ស​និស្សិត​ចូល​សិក្សា​ស្រាវជ្រាវ​ចំនួន​ជាង​ ៣ ​ម៉ឺន​ក្បាល​ដែល​សៀវភៅ​ទាំងនេះ​បាន​មកពី​ការឧបត្ថម្ភ​របស់​ក្រសួង​ស្ថាប័ន​ជាតិ​នានា​​ និង​សៀវភៅ​ខ្លះទៀត​ត្រូវ​បាន​បញ្ជា​ទិញ​តាមរយៈ​គម្រោង​កែលម្អ​ឧត្តមសិក្សា​។ ក្រៅពីនេះ បណ្ណាល័យ​នេះ​ក៏​អាច​ផ្ទុក​អ្នក​ចូល​អាន​បាន​ចំនួន​ ៥០ ​នាក់​ក្នុង ១ ​លើកៗ​ផងដែរ​។

បណ្ណាល័យ​នេះ​ត្រូវបាន​សាងសង់​កម្ពស់​ ២ ​ជាន់ និង​ទំហំ​ ៣០ ​ម x៣០ ​ម ស្ថិតក្នុង​បរិវេណ​សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង និង​ធំជាងគេ​បំផុត​នៅ​ភូមិភាគ​ពាយព្យ​នៃ​ប្រទេស​កម្ពុជា​។ ​ក្រៅពី​និស្សិត​ដែល​សិក្សា​នៅ​សាកលវិទ្យាល័យ​​នេះ ប្រជាពលរដ្ឋ​ធម្មតា និង​សិស្ស​និស្សិត​នៅ​ខាងក្រៅ​ក៏​អាច​ចូលទៅ​សិក្សា និង​ស្រាវជ្រាវ​នៅក្នុង​បណ្ណាល័យ​នេះ​បាន​​ដែរ ប៉ុន្តែ​ត្រូវមាន​លក្ខខណ្ឌ​មួយចំនួន​ដូចជា​តម្រូវ​ឱ្យ​មាន​កាត​សមាជិក​ ដើម្បី​ងាយស្រួល​គ្រប់គ្រង ព្រោះ​សៀវភៅ​នីមួយៗ​មាន​តម្លៃ​ ១២០ ​ដុល្លារ ឬ​ ២៣០ ​ដុល្លារ​អាមេរិក​ក្នុង​ ១ ​ក្បាល​។

បើតាម លោក សុខ ឃន បណ្ណាល័យ​នេះ​ក៏​នឹង​បំពាក់​នូវ E-Library បន្ថែមទៀត ដែល​នឹង​អនុញ្ញាត​ឱ្យ​សិស្ស​និស្សិត ទាំងអស់​អាច​ចូលទៅ​មើល​ក្នុង​កុំព្យូទ័រ​តាមរយៈ​ការបំពាក់​ប្រព័ន្ធ​អ៊ីនធឺណិត​អាច​អាន និង​ទាញយក​សៀវភៅ​រាប់សែន​ក្បាល​ដែល​ត្រូវបាន​គេ​បង្ហោះ​នៅក្នុង​ E-Library របស់​ប្រទេស​នានា​ដែល​ជា​ដៃគូ និង​ស្ថាប័ន​ដែល​អនុញ្ញាត​ឱ្យចូល​​ទៅ​មើល​ ឬ​ទាញ​យកមក​ទុក​អាន​បាន​គ្រប់ពេល​។

លោក​បាន​បញ្ជាក់ថា​៖ «​អ្វី​​ដែល​យើង​រៀបចំ​បណ្ណាល័យ​នេះ យើង​ដាក់​បេសកកម្ម​របស់​យើង​ធំៗ​ចំនួន​ ២ ទី​ ១ គឺ​វា​នឹង​ក្លាយទៅជា​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ធនធានមនុស្ស និង​ទី​ ២ គឺជា​មជ្ឈមណ្ឌល​សិក្សា​ស្រាវជ្រាវ​។ វា​មិនមែន​ត្រឹមតែ​សិក្សា​ស្រាវជ្រាវ​ធ្វើ​និក្ខេបបទ និង​បង្កើន​ចំណេះដឹង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​នឹង​ក្លាយ​ជា​មជ្ឈមណ្ឌល​ស្រាវជ្រាវ​លើ​វិស័យ​កសិកម្ម និង​បច្ចេកវិទ្យា​ជាដើម​»​។

លោក​បន្តទៀតថា ទៅ​ថ្ងៃ​អនាគត បណ្ណាល័យ​នេះ​ក៏​នឹង​បង្កើត​ឱ្យទៅជា​ថ្នាល​បណ្តុះ​​អាជីវកម្ម ដែល​អនុញ្ញាត​ឱ្យ​សិស្ស​និស្សិត និង​ប្រជាពលរដ្ឋ​គ្រប់រូប​ចូលទៅ​សិក្សា​ស្រាវជ្រាវ​ផងដែរ​។ ក្រៅពីនេះ ក៏​​នឹង​រៀបចំ​ឱ្យមាន​ឡាបូ (Lab) សម្រាប់​ធ្វើតេស្ត​គ្រឿងសំណង់ និង​ចំណីអាហារ​ជាតិ​ដែល​យក​​មកពី​ខេត្ត​ជាប់​ព្រំដែន​ដូចជា​ខេត្តបន្ទាយមានជ័យ ប៉ៃលិន បាត់ដំបង ឧត្តរមានជ័យ និង​សៀមរាប ព្រោះ​នៅពេល​ខាងមុខ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​មាន​ភាពងាយស្រួល​។

កញ្ញា លន់ ស្រីម៉ី និស្សិត​ឆ្នាំ​ទី​ ១ ជំនាន់​ទី​ ១៧ នៃ​សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​បាន​រំពឹងថា នៅពេល​បើកសម្ពោធ​ដាក់ឱ្យ​ដំណើរការ​នូវ​បណ្ណាល័យ​នេះ​នឹង​អនុញ្ញាត​ឱ្យ​សិស្ស​​និស្សិត ចូល​អាន​សៀវភៅ​ប្រមាណ​ជាង​ ៣ ​ម៉ឺន​ក្បាល ដើម្បី​បង្កើន​ចំណេះដឹង និង​សិក្សា​ស្រាវជ្រាវ​បន្ថែម​លើ​មុខវិជ្ជា​ដែល​ខ្លួន​កំពុង​សិក្សា​នៅក្នុង​សាកលវិទ្យាល័យ​។

កញ្ញា​បន្តថា បណ្ណាល័យ​នេះ​មាន​ទំហំ​ធំ និង​មាន​កម្ពស់​ ២ ​ជាន់ និង​ធំជាងគេ​បំផុត​នៅ​ខេត្ត​​បាត់ដំបង​ដែល​មិន​ធ្លាប់មាន​ពីមុនមក​នោះទេ​។ មិនមែន​មានតែ​សៀវភៅ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​​បណ្ណាល័យ​នេះ បំពាក់​ទៅ​​ដោយ E-Library ​ផ្តល់ឱកាស​​សិស្ស​និស្សិត​ ដែល​កំពុង​សិក្សា​នៅក្នុង​សាកលវិទ្យាល័យ និង​សិស្ស​និស្សិត​មកពី​ខាងក្រៅ​បាន​ចូលទៅ​សិក្សា​ស្រាវជ្រាវ បាន​យ៉ាង​ទូលំទូលាយ និង​ងាយស្រួល​ផងដែរ​។

កញ្ញា​ថ្លែងថា​៖ «​កាលពីមុន អត់​មាន​បណ្ណាល័យ​ធំជាងគេ​អ៊ីចឹង​ទេ ទើបតែ​មាននៅ​ឆ្នាំនេះ វា​នឹង​រួមចំណែក​បណ្តុះ​ការអាន និង​សិក្សា​ស្រាវជ្រាវ​របស់​សិស្ស​និស្សិត​ឱ្យ​កាន់តែ​មានចំណេះដឹង​ទូលំទូលាយ ព្រោះ​នៅក្នុង​បណ្ណាល័យ​នេះ​មាន​ទាំង​ E-Library ថែមទៀត​»​។

លោក យី សុងគី ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តបាត់ដំបង ថ្ងៃទី​ ៩ ខែតុលា ឆ្នាំ​ ២០២១ ​បាន​ចុះ​ពិនិត្យ​ទិដ្ឋភាព​ទូទៅ​នៃ​បណ្ណាល័យ​ជាតិ​សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង និង​អាង​ហែល​ទឹក​ខ្នាត​អន្ដរជាតិ​ដែល​ត្រៀម​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​នាពេល​​ឆាប់ៗ​ខាងមុខនេះ​៕