
ស្រ្តីម្នាក់ធ្វើតេស្តរហ័សស្វែងរកមេរោគកូវីដ ១៩ កាលពីម្សិលមិញ។ ហេង ជីវ័ន
ភ្នំពេញៈ មានមនុស្សចំនួន ១៧ នាក់បន្ថែមទៀត ត្រូវបានរកឃើញស្លាប់ដោយសារជំងឺកូវីដ ១៩ ខណៈអ្នកឆ្លងថ្មីរកឃើញ ២៦៧ នាក់ទៀត និងអ្នកជាសះស្បើយថ្មីមានជិត៤០០ នាក់ផងដែរ។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលនៅថ្ងៃនេះ។
នៅក្នុងសេចក្តីប្រកាសក្រសួងសុខាភិបាលបញ្ជាក់ថា រកឃើញអ្នកឆ្លងថ្មីមានចំនួន ២៦៧ នាក់ និងមានអ្នកជាសះស្បើយចំនួន ៣៩៩ នាក់។ អ្នកឆ្លងបន្ថែមនេះមានករណីឆ្លងក្នុងសហគមន៍ចំនួន ២៤៨ នាក់ និងអ្នកដំណើរពីបរទេសចំនួន ១៩ នាក់។
គិតត្រឹមថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០២១ នេះ កម្ពុជាបានរកឃើញអ្នកមានវិជ្ជមានជំងឺកូវីដ ១៩ សរុបទូទាំងប្រទេសចំនួន ១១៥ ៣៣៥ នាក់ អ្នកជាសះស្បើយសរុបចំនួន ១០៨ ៨០២ នាក់ និងអ្នកស្លាប់បានកើនឡើងដល់ចំនួន ២ ៥៤៤ នាក់៕