សៀមរាបៈ អាជ្ញាធរ​សង្កាត់​ជ្រាវ​​ ក្រុង​សៀមរាប​កំពុង​រៀបចំ​ស្តារ​ត្រពាំង​បុរាណ​ឈ្មោះថា​ «​ត្រពាំង​ហែផ្កា​» ​ស្ថិតក្នុង​ភូមិ​បុស្សក្រឡាញ់ សង្កាត់​ជ្រាវ ក្រុង​សៀមរាប ដើម្បី​អភិរក្ស​ទាក់ទាញ​ភ្ញៀវទេសចរ និង​បង្កើត​មុខរបរ ឬ​អាជីវកម្ម​លក់ដូរ​ជូន​ពលរដ្ឋ​នៅក្បែរ​ត្រពាំង​បុរាណ​នោះ​។

លោក ក្អោប រ៉ន ចៅសង្កាត់​ជ្រាវ​បាន​ឱ្យដឹង​កាលពី​ថ្ងៃទី​ ១០ ខែតុលា​ថា ត្រពាំង​បុរាណ​នេះ​មាន​ទំហំ​ប្រមាណ​ ៦ ​ហិកតា នឹងត្រូវ​ជីក​ស្តារ​​ជម្រៅ​ ៣ ​ម៉ែត្រ​។ ការជីក​ស្តារ​ត្រពាំង​បុរាណ​នេះ គឺ​ជីកដី​ក្នុង​ត្រពាំង​យកមក​ចាក់​នៅ​ជុំវិញ​ត្រពាំង​ដែល​មាន​ទំហំ​ជុំវិញ​ស្មើនឹង​ ១ ​ពាន់​ម៉ែត្រ និង​ទទឹង​ ៥០ ​ម៉ែត្រ កម្ពស់ ២ ​ម៉ែត្រ​។

យ៉ាងណា​ការជីក​ស្តារ​នេះ នៅ​មិន​​អាច​កំណត់ថា ត្រូវ​ចំណាយ​ថវិកា​ចំនួន​ប៉ុន្មាន​នោះទេ​។

លោក​បាន​ថ្លែងថា​៖ «​ការចាក់ដី​​នេះ​យើង​ធ្វើ​របៀប​ដូច​ភាសា​មួយ​គេ​និយាយថា យក​ស្លឹកត្នោត​ខ្ចប់​ស្ករត្នោត គឺ​យើង​ឱ្យគេ​ដឹក​ចាក់​នៅ​ទីតាំង​ដែល​យើង​កំណត់​ហើយ​យើង​គិត​ជា​លុយ​ឱ្យគេ​ [​ថ្លៃ​ដឹក​] តែ​យើង​គិត​យក​តម្លៃ​អាចម៍ដី​យើង ដោះដូរ​អ៊ីចឹង​»​។

បើតាម​លោក​ចៅសង្កាត់​ជ្រាវ បច្ចុប្បន្ន​​ត្រពាំង​បុរាណ​នោះ​មាន​ការរីង​គោក​ទឹក​អស់ហើយ ចំណែក​ការស្តារ​ត្រពាំង​បុរាណ​នេះ​គឺមាន​បំណង​ ដើម្បី​ជា​ការអភិរក្ស​កុំឱ្យ​មាន​ការរំលោភ​យក​ពី​សំណាក់​ប្រជាពលរដ្ឋ បង្កើត​​ជា​កន្លែង​កម្សាន្ត​ទាក់ទាញ​ភ្ញៀវ​ទេសចរ និង​រៀបចំ​ឱ្យមាន​កន្លែង​លក់ដូរ​ជួយ​ជីវភាព​ប្រជាពលរដ្ឋ​នៅ​ជុំវិញ​នោះ​ផងដែរ​។

លោក​បាន​បញ្ជាក់ថា​៖ «​យើង​ចង់​រៀបចំ​ទីកន្លែង​ហ្នឹង​ឱ្យ​ស្អាត មាន​រមណីយដ្ឋាន មាន​សួន មាន​កន្លែង​ឱ្យ​ពលរដ្ឋ​លក់ដូរ​អី​តិចតួច​ទៅណា ក្រែងលោ​បាន​កម្រៃ​ដោះស្រាយ​ក្នុង​គ្រួសារ ក្នុង​មូលដ្ឋាន​នេះ​។ បើ​យើង​ទុកចោល​អ៊ីចឹងទៅ​វា​ដូចជា​ឥតប្រយោជន៍ ហើយ​មាន​ការរំលោភ​យក​ពី​ប្រជាពលរដ្ឋ នេះ​ជា​ការស្នើសុំ​របស់ខ្ញុំ​ទៅ​អាជ្ញាធរ​ជាតិ​អប្សរា​»​។

យ៉ាងណាក៏ដោយ ការស្តារ​ត្រពាំង​បុរាណ​មួយ​នេះ​មាន​ប្រជាពលរដ្ឋ​មួយចំនួន​បានបង្ហាញ​ការមិន​ពេញចិត្ត និង​បាននាំគ្នា​តវ៉ា​មិនឱ្យ​អាជ្ញាធរ​ដាក់​គ្រឿងចក្រ​ចូល​ ដើម្បី​ជីក​ស្តារ​​នោះទេ​។ ក៏ប៉ុន្តែ លោក ក្អោប រ៉ន បាន​បញ្ជាក់ថា អ្នក​ដែល​មិន​ពេញចិត្ត​ក្នុង​​ការអភិវឌ្ឍ​នេះ​គឺ​អ្នក​ដែល​បាន​រំលោភ​យក​ដី​ក្នុង​ត្រពាំង​នោះឯង​។

លោក​បាន​ថ្លែងថា​៖ «​គេ​មាន​មេខ្លោង ដើរ​ប្រមូល​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​ប្រមាណ​ជិត​ ៣០០ ​នាក់​ បាន​យក​ពាក្យសុំ​អន្តរាគមន៍​ទៅ​ដាក់​នៅ​សាលាខេត្ត ប៉ុន្តែ​ដោយសារ​ខាង​ខេត្ត​កំពុង​ជាប់រវល់​រឿង​បញ្ហា​កូវីដ​ក៏​មិនទាន់​បាន​ដោះស្រាយ​នូវ​ពាក្យបណ្តឹង​នោះដែរ​»​។

លោក​ចៅសង្កាត់​បញ្ជាក់ថា ចំពោះ​ការស្តារ​នេះ​គឺមាន​អាជ្ញាប័ណ្ណ​ពី​ខេត្ត​​ និង​ការអនុញ្ញាត​ពី​អាជ្ញាធរ​ជាតិ​អប្សរា​រួចហើយ​នៅតែ​ការដោះស្រាយ​ចំពោះ​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ​ដែល​យក​ទៅ​ដាក់​នៅ​សាលាខេត្ត​ប៉ុណ្ណោះ​។

លោក លី សំរិទ្ធ អភិបាលរង និង​ជា​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​សៀមរាប​ថ្លែង​នៅ​ថ្ងៃទី​ ១០ ខែតុលា​ថា ជុំវិញ​រឿងនេះ លោក​នៅ​មិនទាន់​បានដឹង​នៅឡើយ​។ ចំណែក​លោក ឡុង កុសល អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិអប្សរា​ថ្លែង​ថា អាជ្ញាធរ​ជាតិ​អប្សរា​អនុញ្ញាត​ជាគោលការណ៍​ឱ្យមាន​ការស្តារ​ត្រពាំង​បុរាណ​នោះ ប៉ុន្តែ​ការជីកស្តារ​ជា​ការទទួល​ខុសត្រូវ​របស់​អាជ្ញាធរ​សង្កាត់​ជ្រាវ ក្រុង​សៀមរាប ព្រោះ​​នេះ​ជា​ការស្នើសុំ​ពី​អាជ្ញាធរ​នៅ​ទីនោះ​។

យ៉ាងណា​ចំពោះ​ការស្តារ​ត្រពាំង​បុរាណ ឈ្មោះ​ត្រពាំង​ហែផ្កា​នេះ អាជ្ញាធរ​ជាតិអប្សរា​ក៏បាន​ផ្តល់​លក្ខណៈ​បច្ចេកទេស ដូចជា ការធ្វើ​កំណាយ​បុរាណវិទ្យា​ផងដែរ​។

ជុំវិញ​ករណីនេះ ភ្នំពេញ​ប៉ុស្តិ៍​មិនអាច​ស្វែងរក​ទំនាក់ទំនង​សុំ​ការបំភ្លឺ​ពី​តំណាង​ប្រជាពលរដ្ឋ​បាន​ឡើយ​នៅ​ថ្ងៃទី​ ១០ ខែតុលា​៕