កំពង់ចាមៈ ​កងរាជអាវុធហត្ថ​ខេត្តកំពង់ចាម ​បាន​បញ្ជូន​យុវជន​ម្នាក់​ទៅ​តុលាការខេត្ត​នៅ​ថ្ងៃទី​ ១១ ​តុលា ​ពាក់ព័ន្ធ​ការល្បួង​ក្មេងស្រី​អាយុ​ ១២ ​ឆ្នាំ​ ទៅ​រួមភេទ​ប្រព្រឹត្ត​នៅ​សណ្ឋាគារ​មួយ​ក្នុង​សង្កាត់​វាលវង់ ក្រុង-ខេត្ត​កំពង់ចាម​។

លោក សែម ឃាង ប្រធាន​មន្ទីរ​យុត្តិធម៌​នៃ​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​ខេត្ត ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ១១ ​តុលា​ថា ជនសង្ស័យ​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តកំពង់ចាម នៅ​ថ្ងៃទី​ ១១ ​តុលា​។ ជនសង្ស័យ​ត្រូវបាន​ឪពុក​ក្មេង​រងគ្រោះ​ប្តឹង​ថា បាន​ល្បួង​កូនស្រី​គាត់​យកទៅ​រួមភេទ​។

លោក​បាន​ថ្លែងថា​៖ «​ជនសង្ស័យ​ម្នាក់នេះ​ខាង​ខ្ញុំ​បញ្ជូន​ទៅ​តុលាការ ជាប់​ពាក់ព័ន្ធ​រួមភេទ​ជាមួយ​អនីតិជន​ក្រោម​អាយុ​ ១៥ ​ឆ្នាំ​»​។

បើតាម​លោក សែម ឃាង ការឃាត់ខ្លួន​យុវជន​សង្ស័យ​ម្នាក់នេះ គឺ​ដោយសារ​ឪពុក​របស់​ជនរងគ្រោះ​ឈ្មោះ ម. ស. ហ. ទ ភេទ​ស្រី អាយុ​ ១២ ​ឆ្នាំ​ (​កូន​ខ្មែរ​អ៊ិស្លាម​) ​បាន​ដាក់​ពាក្យបណ្តឹង​នៅ​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​កងរាជ​អាវុធហត្ថ​ខេត្តកំពង់ចាម​កាលពី​ថ្ងៃ​ទី​ ៩ ខែ តុលា ឆ្នាំ​ ២០២១​។

នៅក្នុង​ពាក្យបណ្តឹង​នោះ​​បាន​ចោទប្រកាន់​ឈ្មោះ សួង អរុណ ភេទ​ប្រុស អាយុ​ ១៨ ឆ្នាំ ​រស់នៅ​ភូមិ​ចំការដូង សង្កាត់-ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​ថា បាន​ប្រព្រឹត្ត​សកម្មភាព​លួងលោម​យក​កូនស្រី​របស់គាត់​អាយុ​ ១២ ​ឆ្នាំ​ទៅ​រួមភេទ​។

នៅ​ថ្ងៃទី​ ៨ ខែ​ តុលា ឆ្នាំ​ ២០២១ ​ជនសង្ស័យ​បាន​នាំ​ក្មេង​រងគ្រោះ​ទៅ​ដេក​នៅ​សណ្ឋាគារ​ដែល​មាន​យីហោ ហេង ហេង ​ស្ថិត​នៅ​សង្កាត់​វាលវង់ ក្រុង​កំពង់ចាម និង​រំលោភ​សេពសន្ថវៈ​បានសម្រេច​។

ក្រោយ​ទទួល​បាន​ពាក្យបណ្តឹង​ពី​ឪពុក​របស់​ក្មេងស្រី​រងគ្រោះ​មក​កម្លាំង​សមត្ថកិច្ច​ជំនាញ​នៃ​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​កងរាជ​អាវុធហត្ថ​ខេត្ត​កំពង់ចាម​បាន​សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​កំពង់ចាម ដោយ​មាន​ការសម្របសម្រួល​ផ្លូវច្បាប់​ពី​លោក​ វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ចាម​ផង​។

បើតាម​លោក សែម ឃាង សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​នៅក្នុង​សណ្ឋាគារ​ខាងលើ​នៅ​ថ្ងៃទី​ ៩ ​តុលា ហើយ​បានធ្វើ​តេស្ត​រក​មេរោគ​កូវីដ​ឃើញថា អវិជ្ជមាន​ទើប​សម្រេច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​តែម្តង​៕