ភ្នំពេញៈ​ ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា​លោក​ទេសរដ្ឋមន្ត្រី​ លី​ ធុជ អនុប្រធាន​ទី១ អាជ្ញាធរ​មីន​បានស្នើ​រដ្ឋាភិបាល​នៃ​ប្រទេស​ហុង​គ្រី ​បន្ត​ជួយ​គាំទ្រ​ដល់​ការអនុវត្ត​យន្តការ​ភូមិ​អស់​ការ​គំរាម​ដោយសារ​មីន​នៅ​ភូមិ​ចំនួន ២ ទៀត​ ក្នុង​ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ដែលមាន​ចម្ការមីន​ចំនួន ១០ លើ​ផ្ទៃដី​ចំនួន ៦២៥ ៣១៩ ម៉ែត្រការ៉េ ដើម្បីឱ្យ​ខេត្ត​កែប​ជា​ខេត្ត​អស់​ការ​គំរាម​ដោយសារ​មីន​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា។

លោក លី ធុជ បាន​ស្នើសុំ​បែបនេះ ក្នុងជំនួប ពិភាក្សា​ការងារ​ស្តីពី​កិច្ចសហប្រតិបត្តិការ​ពា​ក់​ព័ន្ធ​នឹង​វិស័យ​សកម្មភាព​មីន​នៅ​កម្ពុជា​ជាមួយ​លោក Istvan BAKOS ភារធារី​ស្ថានទូត​នៃ​ប្រទេស​ហុង​គ្រី​ប្រចាំ​នៅកម្ពុជា ​នៅ​ទីស្តីការ​អាជ្ញាធរ​មីន នា​ព្រឹក​ថ្ងៃទី ១២ តុលា។

លោក លី ធុជ បាន​ថ្លែងអំណរគុណ​ចំពោះ ទឹកចិត្ត​ដ៏​សប្បុរស​របស់ រដ្ឋាភិបាលនិង​ប្រជាជន​នៃ​ប្រទេស​ហុង​គ្រី​ ដែល​បានផ្តល់​ហិរញ្ញប្បទាន​ឥត​សំណងចូលរួម​ជួយ​ដល់​វិស័យ​សកម្មភាព​មីន​នៅ​កម្ពុជាតាមរយៈ​ក្រសួងការបរទេសនូវទឹកប្រាក់​ចំនួន ២៨ ៥៧០ ដុល្លារ​អាមេរិក ​កាលពី​ដំណើ​ទស្សនកិច្ច​របស់រដ្ឋមន្ត្រីការបរទេស​ហុង​គ្រីក្នុង​ខែវិច្ឆិកា ​ឆ្នាំ ២០២០។

លោក​ទេសរដ្ឋមន្ត្រី បាន​ជម្រាប​លោក​ភារធារី​ថា អាជ្ញាធរ​មីនបាន​ប្រើប្រាស់​ហិរញ្ញប្បទាន​ឥត​សំណង​នេះ សម្រាប់​អនុវត្ត​គម្រោង​ចំនួន២រួមមាន​ទី១ គម្រោង​សាកល្បង​ភូមិ​អស់​ការ​គំរាម​ដោយសារ​មីន​នៅ​ភូមិ​ដំណាក់​ចង្អើរ សង្កាត់​ព្រៃធំ ក្រុងកែប លើ​ផ្ទៃដី ៤៦ ០០៩ ម៉ែត្រការ៉េ និង​ទី២ គម្រោងការ​ផ្ទៀងផ្ទាត់​ផ្ទៃដី​ចម្ការមីន​នៅលើ​ដី​ជាក់ស្តែង​ក្នុង​ខេត្ត​កែប និង​ខេត្តកោះកុង។

លោក ​លី ធុជ​ បានបន្តថា៖ «អាជ្ញាធរ​មីន​បានទទួល​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់ ពីស​ម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នា​ថ្ងៃ ទី ៦ ខែ កញ្ញា ឆ្នាំ ២០២១ ជ្រើស​យក​ខេត្ត​កែប ​ជា​ខេត្ត​ដំបូង​អស់​ការ​គំរាម​ដោយសារ​គ្រាប់មីន ដើម្បី​អនុវត្តខេត្ត​ដំបូង​គេ​បង្អស់​អស់​ការ​គំរាម ក្រោម​ការគាំទ្រ​របស់រ​ដ្ឋា​ភិ​បាល​ប្រទេស​ហុង​គ្រី និង​ជ្រើស​រើសយក​ប្រតិបត្តិ​ករ​ជាតិ CMAC ជា​អ្នកអនុវត្ត​ក្នុងការ​ផ្តល់​ដី​សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ នៅ​ខេត្ត​កែប»។

កាលពី​ថ្ងៃទី​ ១ ខែ តុលា ឆ្នាំ ២០២១ លោក ​លី ធុជ​ បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស ចុះ​ពិនិត្យ​សកម្មភាព​បោសសម្អាត​មីន​របស់​ប្រតិបត្តិ​ករ​ជាតិ CMAC លើ​គម្រោង​ជំនួយឥតសំណង​របស់​ប្រទេស​ហុង​គ្រី ដែលជា​លទ្ធផល​បា​នរក​គ្រាប់មីន​ចំនួន ៦ គ្រាប់ ​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​រាប់សិប​គ្រាប់ និង​អំបែង​អាវុធយុទ្ធភណ្ឌ​ជាង ៣ ពាន់បំណែក។

ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា លោក​ទេសរដ្ឋមន្ត្រីបានស្នើ​សុំឱ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​ហុង​គ្រី បន្ត​ជួយ​គាំទ្រ​ដល់​ការអនុវត្ត​យន្តការ​ភូមិ​អស់​ការ​គំរាម​ដោយសារ​មីន លើ​ភូមិ​ចំនួន ​២ ទៀត ​ស្ថិត​ក្នុងស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប រួមមាន​ភូមិ​ចម្ការ​ ៣ និង​ភូមិ​ចម្ការចេក ដែលមាន​ចម្ការមីន​ចំនួន ១០ លើ​ផ្ទៃដី​គំរាមកំហែង​ដោយសារ​មីន​ចំនួន ៦២៥ ៣១៩ ម៉ែត្រការ៉េ ដើម្បីឱ្យ​ខេត្ត​កែប​ជា​ខេត្ត​អស់​ការ​គំរាម​ដោយសារ​មីន ដំបូង​គេ​បង្អស់​នៅ​កម្ពុជា ។

លោក Istvan BAKOS ភារធារី​ស្ថាន​ទូ​ប្រទេស​ហុង​គ្រី បាន​លើកឡើង​ថា រដ្ឋាភិបាល​ហុង​គ្រី គឺជា​មិត្ត​ដ៏​យូរលង់​របស់​កម្ពុជា​ព្រមទាំង​បានកសាង​នូវ​ទំនាក់ទំនង​យ៉ាង​ល្អជា​ប្រវត្តិសាស្ត្រ​ជាមួយ​កម្ពុជា ដែល​ក្នុងនោះ​បានផ្តល់អាហារូបករណ៍​ឱ្យ​និស្សិត​កម្ពុជាទៅ​សិក្សា​នៅ​ប្រទេស​ហុង​គ្រី​ផងដែរ។

លោក ភារធារី បានបង្ហាញ​ពី​ទឹកចិត្តសប្បាយរីករាយ​ដែល​បាន​ចូលរួម​ជាលើកដំបូង​ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុង​ការងារសកម្មភាព​មីន ហើយលោក​បានបញ្ជាក់ថា នេះ​ជា​ជំនួបលើក​ទី១​ រវាង​រូបលោក​តំណាងរដ្ឋាភិបាល​ហុង​គ្រី និង​ថ្នាក់ដឹកនាំអាជ្ញាធរ​មីន ហើយ​លោកគ្រោង​នឹង​ទៅ​បំពេញ​ទស្សនកិច្ចនៅ​ខេត្ត​កែប ដើម្បីពិនិត្យ​លទ្ធផល​បោសសម្អាត​មីន​នៅទី​នោះ។

លោក​ នូ សំ​ណាត មន្ដ្រី​សកម្មភាព​មីន​ខេត្ដ​កែបឱ្យដឹង​នៅ​ថ្ងៃទី ១២ តុលា​ថា គម្រោង​សាកល្បង​ភូមិ​អស់​ការ​គំរាម​ដោយសារ​មីន​នៅ​ភូមិ​ដំណាក់​ចង្អើរ ក្រុងកែប លើ​ផ្ទៃដី ៤៦ ០០៩ ម៉ែត្រការ៉េ ក្រុមការងារ​បោសសម្អាត​មីន​ស៊ីម៉ាក់ បាន​ចំណាយពេល​ប្រមាណ​ជាង ១ ខែ​ ដើម្បី​បោសសម្អាត​មីន​ឱ្យអស់​ទាំងស្រុង​ក្នុងភូមិ​សាស្ដ្រ​នេះ៕