ភ្នំពេញៈ កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ និង​បាន​បើក​កិច្ចប្រជុំ​ក្រុមការងារ​សម្របសម្រួល​ការដឹកជញ្ជូន​អាស៊ាន​លើក​ទី៤១ និង​កិច្ចប្រជុំ​ក្រុមប្រឹក្សាភិបាល​សម្របសម្រួល​ការដឹកជញ្ជូន​ឆ្លងកាត់​អាស៊ាន​លើក​ទី១៣ រយៈពេល ៣ ថ្ងៃ​ ដើម្បី​ពិភាក្សា​រួមគ្នា​ក្នុងការ​គ្រប់គ្រង​ការដឹកជញ្ជូន​នៅក្នុង​តំបន់។

តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួង​សាធារណការ​ និង​ដឹក​ជ​ញ្ចូ​ន​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី ១២ តុលា​ថា កិច្ចប្រជុំ​នេះ​គឺ​បាន​ធ្វើឡើង​តាមរយៈ​ប្រព័ន្ធ​វី​ដេរ​អូ​ពី​ចម្ងាយ​ដែល​បានចាប់ផ្តើម​ពីថ្ងៃ​ទី ១១ តុលា ដល់​ថ្ងៃទី ១៣ តុលា ​ដោយ​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ សហការ​ជាមួយ​លេខាធិការដ្ឋាន​អាស៊ាន។

ក្រសួង​បញ្ជាក់ថា «កិច្ចប្រជុំ​នេះ​មានការ​អញ្ជើញ​ចូលរួម​ដោយផ្ទាល់​ពី​ថ្នាក់ដឹកនាំ​ក្រសួង និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ក្រោម​ឱវាទ​ក្រសួង​សាធារណការនិង​ការចូលរួម​ពី​ចម្ងាយ​ពី​តំណាង​ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ​កម្ពុជា តំណាង​ប្រទេស​នៃ​រដ្ឋ​ជា​សមាជិក​អាស៊ាន និង​ដៃគូ​អភិវឌ្ឍន៍​នានា​ផងដែរ»។

លោក គង់ សុផល អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោកនៃ​ក្រសួង​សាធារណការ និង​ជា​ប្រធាន​ប្តូរ​វេន​នៃ​ក្រុមការងារ​សម្របសម្រួល​ការដឹកជញ្ជូន​អាស៊ានដែល​បាន​ដឹកនាំ​កិច្ចប្រជុំ​នេះ​បាន​ថ្លែងថា អង្គប្រជុំ​ពិភាក្សាបាន​ផ្តោតជាសំខាន់​លើ​ការអនុវត្ត​វិធានការ​ទាក់ទង​នឹង​កិច្ចសម្របសម្រួល​ការដឹក​ជញ្ជូន​ក្រោម​ផែនការ​យុទ្ធសាស្ត្រ​ដឹកជញ្ជូន​គូឡា​ឡាំ​ពួ (KLTSP)។

បន្ថែម​ពីនេះ​លោកថា៖ «កិច្ចប្រជុំ​ក៏បាន​ពិភាក្សា​ពី​ការអនុវត្ត​វិធានការ​ទាក់ទង​នឹង​ការដឹកជញ្ជូន​ប្រកបដោយ​ចីរភាពក្រោម​ផែនការ​យុទ្ធសាស្ត្រ​ដឹកជញ្ជូន​គូឡា​ឡាំ​ពួ (KLTSP) ផែនការ​ការងារ​រប​ស់​ក្រុមការងារ TFWG ឆ្នាំ ២០២០-២០២១ និង ២០២២-២០២៣»។ ក្រៅពីនេះ​មានការ​សម្របសម្រួល​ជាមួយ​គណៈកម្មាធិការ​ប្រឹក្សា​យោបល់​រួម​សម្រួល​ពាណិជ្ជកម្ម​អាស៊ាន (ATF-JCC) កិច្ចសហការ​ប្រតិបត្តិ​ការដឹកជញ្ជូន​ជាមួយ​ភាគី​ដៃគូ​ពិភាក្សា និង​អង្គការ​អន្តរជាតិ និង​កិច្ចសហការ​ប្រតិបត្តិកា​រ​ជាមួយ​វិស័យ​ឯកជន​ផងដែរ។

លោកបន្ថែមថា អង្គប្រជុំ​ក៏​ពិភាក្សា​ផងដែរ លើ​ការអនុវត្ត​កិច្ចព្រមព្រៀង​សម្របសម្រួល​ដឹកជញ្ជូន​អាស៊ាន របាយការណ៍​នៃ​កិច្ចប្រជុំ​ក្រុមការងារ​សម្របសម្រួល​ការដឹកជញ្ជូន​អាស៊ាន​លើក​ទី៤១ (TFWG) ស្ថានភាព​អនុវត្ត​ផែនការ​ការងារ​ទូទៅ​នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​ការដឹកជញ្ជូន​ឆ្លងកាត់​របាយការណ៍​វឌ្ឍនភាព​នៃ​បញ្ហា​ទាក់ទង​នឹង​ការដឹកជញ្ជូន របាយការណ៍​វឌ្ឍនភាព​នៃ​បញ្ហា​ទាក់ទង​នឹង​គយ របាយការណ៍​វឌ្ឍនភាព​នៃ​បញ្ហា​ទាក់ទង​នឹង​ការធានារ៉ាប់រង របាយការណ៍​វឌ្ឍនភាព​នៃ​បញ្ហា​អនាម័យ និង​ភូតគាម​អនាម័យ និង​របាយការណ៍​វឌ្ឍនភាព​ស្តីពី​ការផ្លាស់ប្តូរ​ទំនិញ​ដែលមាន​គ្រោះថ្នាក់​ក្នុងការ​ដឹកជញ្ជូន​ឆ្លងកាត់។

កាលពីដើមឆ្នាំ ២០២១ កិច្ចព្រមព្រៀង​ដឹកជញ្ជូន​ចំនួន ៤ ត្រូវបាន​បង្កើតឡើង​ និង​ចុះហត្ថលេខា​នៅក្នុង​តំបន់​អាស៊ាន​ដើម្បី​ជួយ​សម្រួល​ដល់​ការដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន​ដោយ​កិច្ចព្រមព្រៀង​ទាំងនេះ ​រួមមាន​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​ស្តីពី​ការសម្របសម្រួល​ទំនិញ​និង​ការឆ្លងកាត់កិច្ចព្រមព្រៀង​ការដឹក​ជញ្ជូន​អន្តរ​រដ្ឋ កិច្ចព្រមព្រៀង​ការដឹក​ជញ្ជូន​ពហុ​មធ្យោបាយ និង​ការដឹកជញ្ជូន​អ្នកដំណើរ​តាមផ្លូវ​គោក។

លោក គង់ រតនៈ​ ប្រធាន​វិទ្យាស្ថាន​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោកបាន​លើកឡើងថា កិច្ចប្រជុំ​នេះ​គឺជា​ការបើកចំហ​ជើងមេឃ​ដែលមាន​ប្រយោជន៍​សម្រាប់​កំណើន​សេដ្ឋកិច្ចជាតិ ដែល​ផ្តល់​ច្រក​ដឹក​ជ​ញ្ចូ​ន​ទំនិញ និង​ការផ្តល់សេវា​ងាយស្រួល​ក្នុង​តំបន់។លោក​បន្តថា ការរួម​គ្នា​ធ្វើ​ឲ្យ​មានការ​ឆ្លងកាត់និង​ការដឹក​ជ​ញ្ចូ​ន​ទំនិញក្នុង​តំបន់​អាស៊ាន​កាន់តែ​មានការ​ងាយស្រួល​និង​នាំ​ឲ្យ​មាន​ភាពប្រសើរឡើង​នូវ​លំហូរ​ទំនិញ​ជាពិសេស​ផ្នែក​ពាណិជ្ជកម្ម។

ប៉ុន្តែ​ទោះយ៉ាងណា​ លោក​បារម្ភ​ថា នៅពេលដែល​ផ្លូវ​អាស៊ាន ត្រូវបាន​បើកចំហទូលាយ​នឹង​កើតមាន​បញ្ហា​មួយចំនួន ដែល​ទាក់ទង​នឹង​សុវត្ថិភាព​សម្រាប់​អ្នកបើកបរ​ដែល​ជំរុញ​ឲ្យ​មានការ​អប់រំ​និង​ពង្រីង​បន្ថែមទៀត​ខណៈដែល​ពល​រដ្ឋ​កម្ពុជា​មួយចំនួន​ទទួលបាន​បណ្ណ​បើកបរ​មិន​ស្របទៅតាម​ច្បាប់​ដែល​ធ្វើ​ឲ្យ​ពួកគេ​ខ្វះខាត​ចំណេះដឹង​ក្នុងការ​បើកបរ។

លោក​ គង់ រតនៈ​ បានបញ្ជាក់ថា៖ «ប្រសិនបើ​អ្នកបើកបរ​ដែលជា​អ្នក​កាន់​ច​ង្គូ​ត​ឡាន​ឆ្លងកាត់​ផ្លូវ​អាស៊ាន​នេះ​ គាត់មិនចេះ​ច្បាប់​ចរាចរណ៍​ច្បាស់លាស់ឬ​មិនដឹង​ពី​វិធាន​សុវត្ថិភាព​នោះទេ​ក៏​ងាយ​នឹង​បង្ក​គ្រោះថ្នាក់​ដែរ។ចំណុច​ចុងក្រោយ ​គឺជា​ការបារម្ភ​ចំពោះ​ចំណេះដឹង​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ជាពិសេស​បងប្អូន​ដែល​រស់​នៅតាម​ដងផ្លូវ​អាស៊ាន»៕