ភ្នំពេញៈ តុលាការ​កំពូល​បាន​បើក​សវនាការ ​រឿងក្តី​ស្រ្តី​ជាប់ចោទ​ម្នាក់​នៅ​ថ្ងៃទី ១២ ​តុលា ​ករណី​ជួល​មនុស្ស​ឱ្យ​សម្លាប់​សង្សា​ ហើយ​ត្រូវ​បាន​តុលាការ​ថ្នាក់​ក្រោម​ផ្តន្ទាទោស​ស្រ្តី​ជាប់ចោទ​ដាក់​ពន្ធនាគារ​ ១ ជីវិត ​និង​ត្រូវបាន​សាលា​ឧទ្ធារណ៍​បន្ថយ​ទោស​មកនៅ​ត្រឹម​ ៣០ ឆ្នាំ ​ខណៈ​គូកន​ ៤ នាក់​ទៀត​ ត្រូវបាន​សាលា​ដំបូង​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ម្នាក់ៗ​ ៣០ ​ឆ្នាំ។

តាម​រយៈ​លោក​ចៅក្រម​ និល ណុន ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ ​និង​តាម​អង្គហេតុ​របស់​តុលាការ​កំពូល​បង្ហាញថា​ នៅ​អំឡុង​ឆ្នាំ ២០១៥ ​ស្រ្តី​ជាប់ចោទ​ឈ្មោះ​ សុខ គីមលី ​អាយុ​ ៤៥ ឆ្នាំ ​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​បុរស​ឈ្មោះ ​អៀ លីហួរ។ ប៉ុន្តែ​ដោយសារ​បុរស​រូបនេះ​ចេះតែ​ដើរ​លេង​ពេល​យប់ ​និង​មានស្រី​ ធ្វើឱ្យ​ស្រ្តី​ជាប់ចោទ​ខឹង ​ក៏ទិញ​កាំភ្លើង​ខ្លី​ ម៉ាក​ K59 ​១ ដើម​ ជួល​ឈ្មោះ​ លី ស័រប៉ិញ ​ភេទ​ប្រុស​អាយុ​ ៣៦ ឆ្នាំ ​ឈ្មោះ​ ឡេ យាំងយ៉ុង ​ភេទប្រុស​អាយុ​ ៤២ ឆ្នាំ ​និង​ស្រ្តី​ឈ្មោះ ​ចាំង ជីវ៉េ​ អាយុ​ ៤៦ ឆ្នាំ ​(ពួកគេ​ជាជន​ជាតិ​វៀតណាម) ​ឱ្យបាញ់​សម្លាប់​បុរស​ជាសង្សា​នោះ​ចោល។ តែ​អ្នកទាំង​ ៣ នាក់​ មិនហ៊ាន​សម្លាប់​មនុស្ស​ក៏យក​កាំភ្លើង​ប្រគល់​ឱ្យ​ស្រ្តី​ជាប់ចោទ​ សុខ គីមលី ​វិញ។

អង្គហេតុ​បាន​បង្ហាញ​បន្តថា ​លុះ​នៅ​អំឡុង​ឆ្នាំ ២០១៦ ​ស្រ្តី​ជាប់​ចោទ​ដដែល​បានជួល​បុរស​ជាប់​ចោទ​ឈ្មោះ​ សាក់ ម៉ាប់​ អាយុ ​៣៦ ឆ្នាំ ​បុរស​ជាប់​ចោទ​ឈ្មោះ ​នូ សំបាន ​អាយុ​ ៣៣ ឆ្នាំ ​ឈ្មោះ ​ប៊ុន ភក្តី ​អាយុ​ ៣២ ឆ្នាំ ​និង​ស្រ្តី​ជាប់ចោទ​ឈ្មោះ​ ប៊ូ សុភាព ​អាយុ ​២៥ ឆ្នាំ​ ឱ្យ​ទៅ​វាយ​ធ្វើ​បាប​បុរស​ជាសង្សា​នោះ​ម្តង​ទៀត។

បន្ទាប់​ពី​បាន​ទទួល​លុយ​ជួល​ពី​ស្រ្តី​ឈ្មោះ​ សុខ គីមលី ​ពួកគេ​បាន​ទៅ​ទិញ​គ្រាប់​បែក​ ដើម្បី​យក​ទៅ​បោក​សម្លាប់​ឈ្មោះ​ អៀ លីហួរ ​ប៉ុន្តែ​ពេល​កំពុង​ជិះម៉ូតូ ​ស្រាប់តែ​ជ្រុះ​គ្រាប់បែក​ផ្ទុះ​បណ្តាល​ឱ្យ​របួស​អ្នក​ដំណើរ​ ៤-៥ នាក់។​ ក្រោយ​មក​សមត្ថកិច្ច​បាន​ចាប់​ខ្លួន​អ្នក​ស៊ីឈ្នួល ​និង​អ្នក​ជួល​បាន​ទាំង​អស់។

អង្គហេតុ​ឱ្យដឹងថា​ សំណុំ​រឿង​នេះ ​ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បើក​សវនាការ ​និង​ប្រកាស​សាលក្រម ​នៅ​ថ្ងៃ​ទី ១៥ ​កញ្ញា​ ឆ្នាំ ២០១៧ ​ដោយ​ផ្តន្ទាទោស​ស្រ្តី​ជាប់​ចោទ​ឈ្មោះ​ សុខ គីមលី ​ដាក់​ពន្ធនាគារ​ ១ ជីវិត ​និង​បទល្មើស ​១ ករណី​ទៀត​ត្រូវ​ជាប់គុក ​១០ ឆ្នាំ ​ពី​បទ​ផ្តើម​គំនិត​ក្នុង​អំពើ​ឃាតកម្ម​គិតទុក​ជាមុន​ មាត្រា ​១៩៩ ​នៃ​ក្រម​ព្រហ្មទណ្ឌ។ ចំណែក​គូកន​ ៤ នាក់​ទៀត​ម្នាក់ៗ​ ៣០ ឆ្នាំ​ ពី​បទ​សមគំនិត​ក្នុង​អំពើ​ឃាតកម្ម។

ប៉ុន្តែ​ពួកគេ​មិន​សុខចិត្ត​បាន​ប្តឹង​មក​សាលា​ឧទ្ធរណ៍ ​ហើយ​ត្រូវបាន​ឧទ្ធរណ៍​តម្កល់​សាល​ក្រម​សម្រេច​របស់​សាលា​ដំបូង​លើ​ជន​ជាប់ចោទ​ ៤ នាក់​ ម្នាក់ៗ ​៣០ ឆ្នាំ​ដដែល។ ប៉ុន្តែ​ស្ត្រីជាប់​ចោទ​ឈ្មោះ ​សុខ គឹមលី ​ត្រូវបាន​ឧទ្ធរណ៍​បន្ថយ​ពី​ទោស​ ១ ជីវិត ​មក​នៅ​ត្រឹម ​៣០ ឆ្នាំ​ដែរ។ ​ករណី​នេះ​ មាន​តែ​ស្រ្តី​ជាប់​ចោទ​ម្នាក់​ប៉ុណ្ណោះ​ដែល​ប្តឹង​មក​តុលាការ​កំពូល​ទៀត។

លោក ​អ៊ុក គឹមសិទ្ធិ ​តំណាង​មហាអយ្យការ ​ថ្លែង​ដោយ​សន្និដ្ឋាន​ថា ​តាម​អង្គហេតុ ​ស្រ្តី​ជាប់ចោទ​ពិតជា​បានប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​មែន។ លោក​ស្នើសុំ​ឱ្យ​ក្រុមប្រឹក្សា​ជំនុំជម្រះ​តម្កល់​សាលដីកា​សាលា​ឧទ្ធរណ៍។

ក្នុង​បន្ទប់​សវនាការ​នៅ​ថ្ងៃទី ១២ ​តុលា ​លោក​ យ៉ុន ប៊ុនណា ​ជាមេធាវី​ស្ត្រី​ជាប់ចោទ​បានថ្លែង​ថា ​កូនក្តី​លោក​គ្រាន់តែ​ជួល​មនុស្ស​ ៤ នាក់​នោះ ​ឱ្យ​ប្រើ​ហិង្សា​ដើម្បី​គំរាម​សង្សា​គាត់​ទេ។

លោក​ថ្លែងថា​៖ «កូន​ក្តី​ខ្ញុំ​ជួល​ពួកគេ​ឱ្យ​វាយ​គំរាម​ទេ ​មិនបាន​ឱ្យ​ពួកគេ​ទៅ​សម្លាប់​បុរស​នោះ​ឡើយ។​ ខ្ញុំ​សូម​តុលាការ​បង្វិល​សំណុំ​រឿង​ទៅ​សាលាឧទ្ធរណ៍​វិញ»។

ចំពោះ​ស្រ្តី​ជាប់ចោទ​ក៏បាន​ប្រាប់​ចៅក្រម​ប្រឹក្សា​ជំនុំជម្រះ​ថា ​គាត់​គ្រាន់តែ​ជួល​គេ​វាយ​គំរាម​សង្សា​មិនបាន​ឱ្យ​ទៅ​សម្លាប់​ទេ។

ស្រ្តី​ជាប់​ចោទ​និយាយថា​៖ «ខ្ញុំ​សូម​តុលាការ​ដោះលែង​ខ្ញុំ​ ដើម្បី​បានចេញ​ទៅ​ថៃ​រក្សា​កូន​ខ្ញុំ​៣នាក់​ផង»។

ក្រោយ​ជំនុំ​ជម្រះ​លោក​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ និល ណុន ​ថ្លែង​ថា ​សាលដីកា​នេះ​នឹង​ប្រកាស​នៅ​ថ្ងៃ​ទី ១៩ ​តុលា៕