ភ្នំពេញៈ លោកស្រី ឱ វណ្ណឌី អ្នកនាំ​ពាក្យ​ក្រសួង​សុខាភិ​បាលនិង​ជា​ប្រធាន​គណៈ​កម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់​សាំង​កូ​វីដ ១៩ ​ក្នុង​ក្រប​ខ័ណ្ឌទូទាំង​ប្រទេស (គ.វ.ក-១៩) បាន​ថ្លែងនៅ​ថ្ងៃទី ១២ ខែតុលាថា ការវាយ​តម្លៃ​ពី​ស្ថាន​ភាព​នៃ​ការឆ្លង​កូ​វីដ ក្រោយ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌអាច​ដឹង​នៅក្នុង​រយៈ​ពេល​ពី ៧ ​ទៅ ១៤​ ថ្ងៃ​ បន្ទាប់​ពី​បញ្ចប់​នៃ​ពិធី​នេះ​។

លោក​ស្រី​បាន​មាន​ប្រសាសន៍​ក្នុង​ពិធី​បិទ​បញ្ចប់​យុទ្ធនា​ការចាក់​វ៉ាក់សាំង​កូ​វីដ ១​៩ ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់​ឆ្នាំង​ថា៖ «ក្រោយ​ពេល​ចប់​ពិធី​បុណ្យ​នេះ រយៈ​ពេល​យ៉ាង​ហោច​ណាស់​ចន្លោះ​ពី ៧ ទៅ ១៤ ​ថ្ងៃ ​ទើប​យើង​អាច​វាយ​តម្លៃ​បាន ដោយ​សារ​ប្រសិន​បើ​មានការ​ឆ្លង​នៃ​វីរុស​កូ​វីដ ១៩ ក៏​វា​ត្រូវ​ទៅតាម​ស្ថាន​ភាព​របស់​វា​ចាប់ពី​ថ្ងៃ​ឆ្លង​ក្នុង​ពិធីបុណ្យ​រហូត​ដល់​ពេល​យើង​ដឹង។ ដូចនេះ​យើង​នឹង​ដឹងថា​តើ​ករណី​ឆ្លង​មានការ​កើន​ឡើង​ឬ​ថយ​ចុះ»។​

ការវាយ​តម្លៃ​ពី​សភា​ពការណ៍​នៃ​ការឆ្លង​វីរុស​កូ​វីដ ១៩ នេះ មិនអាច​ធ្វើទៅ​ម្នាក់ឯង​បានទេ ដូចនេះ​ត្រូវ​រង់ចាំ​នូវ​ការវា​យតម្លៃ​របស់​គណៈ​ប្រចាំការ គណៈ​ប្រតិបត្តិ ក្នុងនោះ​ក៏មាន​គណៈ​កម្មការ​អន្តរ​ក្រសួង​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ ១៩ ​ផងដែរ។ ក្រោយ​ពី​មានការ​វាយតម្លៃ​និង​ពិភាក្សា​គ្នា​ហើយនឹង​ត្រូវគោរព​ជម្រាបជូន​ដល់​លោក​នាយក​រដ្ឋមន្ត្រី ​ដើម្បី​លោក​សម្រេច​ថា​តើ​ស្ថាន​ការណ៍​យ៉ាងណា ហើយ​នឹង​ត្រូវធ្វើ​យ៉ាង​ណា​បន្ត​ទៀត។ នេះ​បើតាម​លោក​ស្រី ឱ វណ្ណឌីន​។

ជាមួយគ្នា​នេះ លោក​ស្រី​ក៏​នៅតែ​បន្ត​អំពាវ​នាវ​ឱ្យមាន​ការប្រុ​ងប្រយ័ត្ន​ដដែល​ទោះបី​ជា​ភាគច្រើន​ទទួល​បាន​ការ​ចាក់​វ៉ាក់​សាំង​កូ​វីដ ១៩ ​រួចហើយ​ក្តី ពីព្រោះ​នៅពេល​ដែល​ឆ្លង ​ស្ថានភាព​របស់​ពួក​គាត់​ធម្មតា​ដោយ​មិន​មាន​រោគ​សញ្ញា ឬ​មាន​រោគ​សញ្ញា​ដែរ​តែ​គាត់​មិន​ចាប់​អារម្ម​ណ៍​ថា​ពួក​គាត់​បាន​ឆ្លង​វីរុស​កូវីដ​ ១៩ ​ដែរ។​

លោក​ស្រីបញ្ជាក់ថា៖ «សុំឱ្យ​បងប្អូន​យើង​បន្ត​ចូលរួម​ជា​មួយ​នឹង​រាជរដ្ឋាភិ​បាល ដើម្បី​ប្រុង​ប្រយ័ត្ន​ថែម​ទៀត ហើយ​សំខាន់​នៅពេល​ដែលមាន​អារម្មណ៍​ថា ​មិន​ស្រួល​ខ្លួន​ហើយ​គិតថា​អាច​ឆ្លង​វីរុស​កូ​វីដ ១៩ គឺ​ត្រូវតែ​ដាក់ខ្លួន​ឱ្យនៅ​ដាច់​ដោយ​ឡែក​ ដើម្បី​ចៀស​វាង​ការ​ចម្លង​ទៅ​អ្នក​ដទៃ ពិសេស​ក្រុម​គ្រួសារ​»។

ទន្ទឹមនឹង​នេះដែរ (គ.វ.ក-១៩) កំពុងសិក្សា​ក្នុងការ​ផ្តល់​កាត​ចាក់​វ៉ាក់​សាំង​ដល់​អ្នក​ដែល​បាន​បាត់​កាត​នេះ ហើយក៏​កំពុងតែ​ចាត់ចែង​រៀបចំ​ក្នុងការ​សរសេរ​នូវ​ការណែនាំ​ឱ្យបាន​ច្បាស់​លាស់ ជាពិសេស​កំពុង​តែពិចារ​ណា​ក្នុងការ​ឱ្យមាន​ការចូល​រួម​ចំណែក (បង់​លុយ) ពី​បុគ្គល​ដែល​បាន​បាត់​កាត​ចាក់​វ៉ាក់​សាំង​។

លោកស្រី ឱ វណ្ណឌី​ន បាន​លើក​ឡើ​ថា លោកស្រី​ធ្លាប់បាន​អំពាវនាវ​ច្រើនដង​ហើយ​ទាក់ទង​នឹង​ការរក្សា​នូវ​កាត​ចាក់​វ៉ាក់សាំង​នេះ​ឱ្យបាន​ល្អ​ដូច​ឯកសារ​ឬ​បណ្ណផ្សេង។

សម្រាប់​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​ហើយ​ពិត​ជា​បាន​បាត់​កាត​នេះ​មែន ត្រូវ​ទៅទាក់ទង​ជាមួយ​នឹង​ក្រុមការងារ​ដែល​ពួកគាត់​បាន​ចាក់​ជា​មួយ​ ដើម្បី​ក្រុមការងារ​ឆែក​មើល​ក្នុង​ប្រព័ន្ធ​ដើម្បី​រៀបចំ​ដល់​ពួកគាត់។

លោកស្រី​មាន​ប្រសាស​ន៍ថា ៖ «តាម​ព័ត៌មាន​ដែល​ខ្ញុំ​ទទួល​បាន​ច្រើន ក៏មាន​បងប្អូន​យើង​បាន​បាត់​កាត​ពិត​ប្រាកដ​មែន។ ប៉ុន្តែ​យើង​ក៏បាន​ធ្វើការ​ស្រាវជ្រាវ​ផងដែរ​ដោយ​រកឃើញ​ថា មាន​បងប្អូន​មួយ​ចំនួន​មិនបាន​បាត់​កាត​ទេ តែ​គាត់​ចង់​បាន​កាត​ថ្មី ហើយ​ក៏មាន​អ្នកខ្លះ​មិនបាន​ចាក់​វ៉ាក់សាំង​សោះ ក៏បាន​យក​លេស​ថា​គាត់​បាត់​កាត​ចាក់​វ៉ាក់សាំង​ដែរ។ ដូចនេះហើយ​បានជា​យើង​ត្រូវ​​ឆែក​ឱ្យបាន​ត្រឹម​ត្រូវ​លើ​រឿង​នេះ»។

ទាក់​ទង​នឹង​ការ​ផ្តល់​កាត​ចាក់​វ៉ាក់​សាំង​កូ​វីដ ១៩ នេះ​ដែរ (គ.វ.ក-១៩) កំពុងតែ​ចាត់ចែង​រៀបចំ​ក្នុងការ​សរសេរ​នូវ​សេចក្តីណែនាំ​ហើយ​អាច​នឹងដាក់​សំណើ​នេះ​ជូនទៅ​តាម​គណៈ​ប្រចាំការ​ដើម្បី​មូលមតិ​គ្នា​ថា ​តើ​ត្រូវ​ធ្វើយ៉ាងណា​នៅពេល​ដែលមាន​ការបាត់​កាត​ចាក់​វ៉ាក់សាំង​នេះ។

លោកស្រី ឱ វណ្ណឌី​ន បាន​ថ្លែងថា៖ «ខ្ញុំ​ក៏​សុំ​បញ្ជាក់​ផងដែរ​ថា នៅពេលដែល​បាន​កាត​នេះ​ដោយ​មិនមាន​ការយកចិត្តទុកដាក់ អ៊ីចឹ​ង​ការបាត់​នេះ​ក៏​អាច​នឹងមាន​ច្រើន​ដែរ មានន័យថា បាន​ដោយ​ស្រួល បាត់​ក៏​ស្រួល ដោយសារ​ពួកគាត់​បាន​កាត​ដោយ​មិនមាន​អស់​ថវិកា​នោះទេ ដែលជា​ហេតុ​មិន​មានការ​ទុកដាក់​ឱ្យបាន​ល្អ»។

បើតាម​លោកស្រី វណ្ឌី​ឌីន កាត​ចាក់​វ៉ាក់សាំង​នេះ រដ្ឋ​ត្រូវ​ចំណាយ​ថវិកា​ទិញ និង​មាន​សម្ភារ​មួយចំនួន​ដូចជា​ម៉ាស៊ីន​សម្រាប់​ព្រី​ន ទឹក​ថ្នាំ​សម្រាប់​ព្រី​ន និង​ការប្រើប្រាស់​កម្លាំង​មនុស្ស​សម្រាប់​រៀប​ចំ​ផងដែរ។

លោកស្រី​ថា៖ «ឧទាហរណ៍​ថា ​មនុស្ស​ចំនួន ១ លាន​នាក់ ស្រាប់តែ​អ្នក​បាត់​កាត​កន្លះ​លាន​នាក់​ហើយ។ ដូចនេះ​យើង​ក៏ត្រូវ​ការ​ថវិកា​ក្នុងការ​រៀបចំ​ដែរ អ៊ីចឹ​ង! ថា​ តើ​ការចូលរួមចំណែក​រប​ស់​បុគ្គល​នៅពេលដែល​ខ្លួន​បាត់​កាត​នេះ តើ​អាច​ធ្វើទៅ​បានទេ។យើង​មិនមែន​យកមក​ដើម្បី​ធ្វើ​មានបាន​នោះទេ តែ​​ដើម្បី​ធ្វើការ​ចំណាយ​ទូទាត់​ទៅលើ​ការរៀបចំ​ការធ្វើ​កាត​នេះ​ឡើងវិញ»៕

វីដេអូ៖