ភ្នំពេញៈ បុរស​ជនជាតិ​នីហ្សេរីយ៉ា​ម្នាក់​ពាក់ព័ន្ធ​នឹង​ការជួញដូរ​គ្រឿងញៀន​មេតំ​ហ្វេតាមីន​ជិត​កន្លះ​គីឡូក្រាម ​ត្រូវបាន​កម្លាំង​នគរ​បាល​ប្រឆាំង​គ្រឿងញៀន​បញ្ជូន​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញនា​ថ្ងៃនេះ ​ក្រោយពី​សមត្ថកិច្ច​បង្ក្រាប​បាន​ នៅ​ភូមិសាស្ត្រ​សង្កាត់​បឹង​ទំពុន ​ខណ្ឌ​មានជ័យ ​រាជធានី​ភ្នំពេញ។

លោក​ឧត្តមសេនីយ៍​ទោ​ អ៊ិន សុង ​នាយករង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ​នៃ​ក្រសួង​មហាផ្ទៃ ​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​រសៀល​ថ្ងៃ​ទី ១២​ តុលាថា ​ជនសង្ស័យ​ឈ្មោះ ​Lebechi Charles kelichi ​ភេទ​ប្រុស ​អាយុ​ ៣៣ ឆ្នាំ ​ជាជនជាតិនីហ្សេរីយ៉ា ​ត្រូវ​បាន​សមត្ថកិច្ច​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បញ្ជូន​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី ១២ ​តុលា​ហើយ។

លោក​ថ្លែងថា​៖ «ខាង​មន្ទីរ​ខ្ញុំ​បានបញ្ជូន​ជន​នោះ​ទៅ​តុលាការ​ព្រឹក​មិញ​ (ថ្ងៃ​ទី ១២ ​តុលា)»។

លោក​ឱ្យដឹង​ថា ​ជនសង្ស័យ​ខាងលើ​ត្រូវបាន​ឃាត់ខ្លួន ​ដោយ​លោក​វរសេនីយ៍​ទោ​ វ័រ វុទ្ធា ​នាយករង​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​ និង​សម្រប​សម្រួល​ផ្លូវ​ច្បាប់​ពី​លោក​ព្រះរាជ​អាជ្ញារង ​ស៊ិត វណ្ណៈ ​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ។ ​ករណី​ឃាត់​ខ្លួន​នេះ​ បន្ទាប់ពី​សមត្ថកិច្ច​ជំនាញ​ធ្វើការ​ស្រាវជ្រាវ ​និង​បង្ក្រាប​នៅ​ចំណុច​ក្រោយ​វត្ត​សន្សំ​កុសល​ ផ្លូវ​បេតុង ​សង្កាត់​បឹងទំពុន​ ខណ្ឌ​មានជ័យ ​រាជធានី​ភ្នំពេញ ​កាលពី​ថ្ងៃ​ទី ៩ ​តុលា ​ឆ្នាំ ២០២១។

បើ​តាម​លោក​ អ៊ិន សុង ​ចំពោះ​វត្ថុតាង ​ដែល​សមត្ថកិច្ច​រឹបអូស​បាន​ពី​ជនសង្ស័យ ​មាន​គ្រឿងញៀន​ប្រភេទ​មេតំហ្វេ​តាមីន​ (ICE) ​ទម្ងន់​សុទ្ធ​ ៤៩៩.៤០ ក្រាម។

ពាក់ព័ន្ធ​ការចោទ​ប្រកាន់​ពី​សំណាក់​តំណាង​អយ្យការ​យ៉ាងណា​នោះ ​ភ្នំពេញ ​ប៉ុស្តិ៍​ បាន​ទាក់​ទង​លោក​ ប្លង់ សុផល ​អ្នកនាំ​ពាក្យ​តំណាង​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នៅ​រសៀល​ថ្ងៃ​ទី ១២ ​តុលាដែរ​ តែ​លោក​មិនទាន់​ឆ្លើយ​តប។ ​

ចំពោះ​លទ្ធផល​បង្ក្រាប​គ្រឿងញៀន​នៅ​ទូទាំង​ប្រទេស ​ដែល​គេហទំព័រ​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ចុះ​ផ្សាយ​កាលពី​ថ្ងៃ​ទី ១១ ​តុលា ​ក្រោយ​ពី​បង្ក្រាបបាន​នោះបង្ហាញ​ថា ​មាន​ជនសង្ស័យ​ចំនួន ​៣៨ នាក់ ​(ស្រី​ ២ នាក់) ​ត្រូវបាន​សមត្ថកិច្ច​ឃាត់​ខ្លួន​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ចំនួន ​១៨ ករណី​នៅ​ទូទាំង​ប្រទេស។

ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ ៣៨ នាក់ ​រួមមាន​ជួញ​ដូរ​គ្រឿងញៀន​ចំនួន ​១៦ ករណី ​ដោយ​ឃាត់​មនុស្ស​បាន ​២៩ នាក់ ​និង​ប្រើ​ប្រាស់​គ្រឿងញៀន ​២ ករណី ​ឃាត់​មនុស្ស​ ៩ នាក់។

គេហ​ទំព័រ​បន្តថា ​ចំពោះ​វត្ថុតាង ​ដែល​សមត្ថកិច្ច​ចាប់​យក ​មាន​គ្រឿងញៀន​ប្រភេទ​មេតំ​ហ្វេតាមីន​ (ICE)​ ទម្ងន់​ ៥៦០,២៩ ​ក្រាម ​និង ​១៥ កញ្ចប់​តូច៕