ភ្នំពេញៈ ​លោ​ក ស ខេង​ ឧបនាយករដ្ឋមន្ត្រីនិង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ណែនាំ​ឱ្យ​អភិបាលខេត្ដ​ដែល​ទើប​តែងតាំង​ថ្មី​ក្នុង​ខេត្ដ​រតនគិរី និង​មណ្ឌលគិរី រួម​នឹង​មន្ដ្រី​ពាក់ព័ន្ធ​ទាំងអស់រួមគ្នា​ថែរក្សា​ការពារ​ធនធាន​ជាតិដីធ្លី ព្រៃឈើដែលជា​សម្បត្ដិ​សាធារណៈ​របស់​រដ្ឋ​ដែល​នៅសល់​ឱ្យបាន​គង់វង្ស ខណៈកន្លងមក​មាន​មន្ដ្រី​មួយចំនួន​បាន រំលោភ​យក​សម្បត្ដិ​រប​ស់រ​ដ្ឋ ហើយ​ត្រូវបាន​ដកហូត​តំណែង។

លោ​ក ស ខេង​ ថ្លែង​បែបនេះ នៅពេល​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ចូលកាន់​តំណែង លោក ញ៉ែម សំអឿន ជា​អភិបាលនៃ​គណៈ​អភិបាលខេត្ត​រតនគិរី និង​លោក ថង សាវុន​ ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី នៅ​ថ្ងៃទី ១២ តុលា ​ឆ្នាំ ២០២១។

លោក​បាន​លើកឡើងថា ទាក់ទង​នឹង​ការគ្រប់គ្រង​ធនធានធម្មជាតិ​ខេត្ដ​រតនគិរី និង​ខេត្ដ​មណ្ឌលគិរី ជា​ខេត្ដ​មួយ​សម្បូរ​ទៅដោយ​ធនធានធម្មជាតិ​អំណោយ​ផល​ច្រើន។ដូច្នេះ​ការលើកកម្ពស់​ការគ្រប់គ្រង​ធនធានធម្មជាតិ​ គឺជា​ភារកិច្ច​ជាប្រចាំ​របស់​ខេត្ដ ពិសេស​ការការពារ​ព្រៃឈើ​ឧទ្យាន​ជាតិ​ដែល​បានកំណត់​ដោយ​ធ្វើយ៉ាងណា​រក្សា​ឱ្យបាន​គង់វង្ស​សម្រាប់​ទាញ​យក​ផល​ប្រយោជន៍​នាពេល​អនាគត​ដល់​កូនចៅ​ជំនាន់​ក្រោយ។

លោក​បាន​ថ្លែងថា បញ្ហា​កន្លងទៅ​នៅក្នុង​ខេត្ដ​មណ្ឌលគិរី ក៏មាន​បញ្ហា​ប្រឈមទាក់ទិន​នឹង​ការរំលោភ កាន់កាប់​នូវ​ធនធានធម្មជាតិរ​បស់​រដ្ឋ​ និង​ទ្រព្យសម្បត្ដិ​សាធារណៈ​របស់​រដ្ឋតំបន់​ការពារ មាន​ដី មាន​ព្រៃឈើ​ជាដើម។ ប៉ុន្ដែ​រដ្ឋាភិបាល​បានដោះស្រាយ​ក្នុង​រយៈពេល​កន្លងទៅនេះ។ ប្រសិនបើ​មិនបាន​ដោះស្រាយ​ទេបញ្ហា​ទាំងនោះ​ មកដល់ពេលនេះ​ប្រហែល​ជាមាន​ភាពអនាធិបតេយ្យ កាន់តែ​ធ្ងន់ធ្ងរ​ឡើង គ្មាន​ឱកាស​ដើម្បី​នឹង​ដោះស្រាយបាន ឬ​ពិបាក​នឹង​ដោះស្រាយបាន​តែម្ដង។

លោក ស ខេង បញ្ជាក់ថា៖ «មន្ដ្រី​មួយចំនួន ដូច​យើង​បានដឹង​ស្រាប់​ហើយ មានការ​សោកស្ដាយ​ណាស់ ដែលមាន​កំហុសឆ្គង ទាក់ទង​នឹង​បញ្ហា​រំលោភ ប្រើ​អំណាច ដោយ​រំលោភ​ក្នុងការ​ទៅយក​ដី យក​ធ្លី ទ្រព្យសម្បត្ដិ​របស់​រដ្ឋ អាហ្នឹង​គឺថា ដោយ​សារភាព​លោភលន់ របស់​មន្ដ្រី​យើង​មួយចំនួន​ដែល​យើង​មានការ​សោកស្ដាយ»។

អីចឹង​ទេលោក​សង្ឃឹម ជឿជាក់ថា លោក ថង សាវុន រួម​ជាមួយនឹង​សហការី​ទាំងអស់បន្ត​ការពារ​នូវ​ធនធានធម្មជាតិ របស់​យើង​ដែលមាន ជាពិសេស​ទ្រព្យសម្បត្ដិ​របស់​រដ្ឋ។ មិន​រំលោភ មិន​បំពាន ហើយ​ទន្ទឹមនេះ ក៏​ត្រូវតែ​ខិតខំ​ដើម្បី​គោរព​ការពារ​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ផងដែរ។ ដីធ្លីភូមិឋាន​របស់​ប្រជាពលរដ្ឋ​នៅទីនេះ​តែងតែមាន​ព័ត៌មាន​ពី​ការរំលោភ​ជា​បន្តបន្ទាប់។ នេះ​ជា​បញ្ហា​ដែល​លោក​ស្នើឱ្យ​មានការ​យក​ចិ​ត្ដ​ទុកដាក់​ដើម្បី​នឹង​ដោះស្រាយ។

លោក​បានរំឭក​បន្ថែមថា៖ «រឿង​ដែល​សំខាន់​ជាងគេ ឥឡូវ​ការគ្រប់គ្រង​ធនធានធម្មជាតិ នៅ​មណ្ឌលគិរី​នឹង​ហើយ នេះ​ជា​រឿង​មួយ​ប្រឈម​ធំ​ណាស់។ទោះបីថា​កន្លងទៅ​មន្ដ្រី​មួយចំនួន​ដើ​រជំពប់​ដួល​ឬក៏​ត្រូវ​ដក​ទៅនេះ​ដក​ទៅនោះ​អីចឹង ក៏ប៉ុន្ដែ​មិនទាន់​ចប់​ទេ។ អ៊ីចឹ​ង​ហើយ​សូមឱ្យ​បន្ត​យក​ចិ​ត្ដ​ទុកដាក់ ពិសេស​គឺ​តំបន់​ដែល​យើង​ការពារ ឧទាហរណ៍​ដូច​កន្លែង​លក់​កា​បូនល​ក់ដី​ជាដើម»។

លោក ស ខេង ក៏បាន​ណែនាំ​ដល់​រដ្ឋបាល​ខេត្ដ​ទាំង ២ ទាក់ទង​នឹងបញ្ហា​គ្រប់គ្រង និង​ការអភិវឌ្ឍ​តំបន់​ព្រំដែន ដែលជា​កិច្ច​ការជាប់​ជាប្រចាំផងដែរ​ ខណៈ​ខេត្ដ​រតនគិរី​មាន​ព្រំប្រទល់​ជាប់​ប្រទេស​វៀតណាម និង​ឡាវ។

លោក​បាន​លើកឡើងថា សំណូមពរ​សំខាន់បំផុត​នៃ​ទំនាក់ទំនង​ប្រទេសជិតខាង​នេះ គឺ​ការការពារ​បូរណភាព​ទឹកដី​ឱ្យបាន​ ការពារ​អធិបតេយ្យឱ្យបាន ដែល​នេះ​គឺ​សំណូមពរ​ចាំបាច់​ទី១។ ទន្ទឹម​នោះ​សូម​សំណូមពរ ធ្វើឱ្យមាន​ការអភិវឌ្ឍ​ដោយ​សន្ដិភាព នៅតាម​ព្រំដែន អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម ដើម្បី​មាន​ផលប្រយោជន៍​ទាំងសងខាង​រវាង​កម្ពុ​ជា​ជាមួយ​វៀតណាម ឬ​រវាង​កម្ពុជា​ជាមួយ​ឡាវ។

លោក ស ខេង បញ្ជាក់ថា៖«អ្វីដែល​ធ្វើទៅ​វា​ស្របច្បាប់ ដែល​ធ្វើទៅ​វា​មាន​ប្រយោជន៍ យើង​លើក​ទឹក​ចិ​ត្ដ​និង​ជំរុញ។តែ​យើង​ក៏​ប្រឆាំងនឹង​បទល្មើសផ្សេងៗនៅតាម​ព្រំដែន ឧទាហរណ៍​ថា​ ការរត់ពន្ធ​មនុស្ស ឬក៏​ការរត់ពន្ធ​គ្រឿងញៀនឬក៏​រត់ពន្ធ​ទំនិញគេចពន្ធផ្សេងៗជាដើម។អាហ្នឹង​យើង​ត្រូវតែ​អនុវត្ដហើយ​សហការ​ជាមួយ​ប្រទេសជិតខាង»។

លោក​បានឱ្យដឹងថា កន្លងទៅ​តាមរយៈ​ការប្រជុំ​ខេត្ដ​ជាប់​ព្រំដែនជាមួយនឹង​ឡាវ​ក្ដី ជាមួយនឹង​វៀតណាម​ក្ដី ក៏បាន​ឯកភាពគ្នា​ថា មាន​បញ្ហា​អី អាច​អភិបាលខេត្ដ ឬ​អភិបាលស្រុក ឬ​ឃុំ​ជួបគ្នា ឬ​ប៉ូលិស និង​ប៉ូលិស អាច​ជួបប្រជុំគ្នា ដើម្បី​ផ្លាស់ប្ដូរ​ផ្ដល់ព័ត៌មាន អំពី​មុខសញ្ញា។

លោក​បន្តថា៖ «អីចឹង ការគ្រប់គ្រង​ព្រំដែន និង​ការអភិវឌ្ឍ​ព្រំដែន ឈរលើ​គោលការណ៍​ទាំងឡាយ​នេះ ជាមួយនឹង​ការពង្រឹង​ពង្រីក​កិច្ចសហប្រតិបត្ដិការ​ក្នុងនាម​ជា​ប្រទេស​ភូមិ​ផង​របង​ជាមួយ​ឱ្យបាន​ផង ហើយ​ដោះស្រាយ​បញ្ហា​ដោយ​សន្ដិវិធី​ផង ជំរុញ​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​ឱ្យបាន​ផង ហើយ​ការការពារ​បូរណភាព​ទឹកដី និង​ការការពារ​នូវ​អធិបតេយ្យ​ភាព​បាន​ផង។ នេះ​សំណូម​ពរ​សំខាន់​យ៉ាង​ដូច​ច្នេះ​ឯង»។

នៅក្នុងឱកាសនោះ លោក ថង សាវុន បាន​ថ្លែង​ប្ដេជ្ញា​ចិ​ត្ដ ក្នុងពេល​ឡើងកាន់តំណែង​ជា​អភិបាលខេត្ដ​មណ្ឌលគិរី​ថ្មី​ថា លោក​នឹង​ខិតខំ​ទប់ស្កាត់ និង​លុបបំបាត់​នូវ​ភាព​អសកម្ម​នានា ដែល​ប៉ះពាល់ និង​បង្ក​ការគ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋដោយ​យក​ចិ​ត្ដ​ទុកដាក់ដោះស្រាយ​ទុក្ខលំបាក និង​សំណូមពរ កង្វល់​របស់​ប្រជាពលរដ្ឋ។ កាត់បន្ថយ​អំពើ​រំលោភ បំពាន​អំណាច អយុត្តធម៌​សង្គម ដោយ​ប្រកាន់​ភ្ជាប់​នូវ​អភិក្រម​ទាំង ៥ របស់លោក​នាយករ​ដ្ឋមន្ត្រី គឺ​ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និង​វះកាត់។

លោក​ប្ដេជ្ញាថា៖ «យក​ចិ​ត្ដ​ទុកដាក់​ក្នុងការ​អនុវត្ដ​គោល​នយោបា​យ​ភូមិ ឃុំ មាន​សុវត្ថិភាព ឱ្យ​កាន់​តែមាន​ប្រសិទ្ធ​ភាព​ខ្ពស់ ដើម្បី​ថែរក្សា ពង្រឹង​សន្ដិភាព ស្ថិរភាព នយោ​បាយ ធានាបាន​នូវ សន្ដិសុខ សណ្ដាប់ធ្នាប់ សាធារណៈ និង​ខិតខំ​ទប់ស្កាត់​បទល្មើស​នានាជាពិសេស​បទល្មើស​ធន​ធាន​ធម្មជាតិការកាប់​ទន្ទ្រាន់​ដីព្រៃ​ធ្វើជា​កម្មសិទ្ធិ​ខុសច្បាប់ បទល្មើស​គ្រឿងញៀន អាវុធជាតិផ្ទុះ​ខុសច្បាប់ ព្រមទាំង​ការ​ដោះ​ស្រ​យ​បញ្ហា​វិវាទ​ដីធ្លី​ដែល​កើតមានឡើង»។

លោក​ គ្រើ​ង តុលា សកម្មជន​ការពារ​ព្រៃឈើ ក្នុង​ខេត្តមណ្ឌលគិរី​បាន​លើកឡើងថា កន្លងទៅ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​ក៏​ធ្លាប់បាន​ដាក់បទបញ្ជានិង​សន្យា​ការពារ​ធនធានធម្មជាតិ​ឱ្យបាន​ដែរ។ ប៉ុន្ដែ​ករណីកាប់​ឈើ ការរំលោភបំពាន់​ដី​រដ្ឋ​យក​ធ្វើជា​កម្មសិទ្ធិ​នៅតែ​កើតមានឡើង។ ដូច្នេះ​ដើម្បី​ឱ្យមាន​ប្រសិទ្ធភាព​លើ​ការការពារ​ធនធានធម្មជាតិ​ដែល​នៅ​សេសសល់​នេះ គឺ​ត្រូវតែ​អនុវត្ដ​ច្បាប់​ចំពោះ​ជនល្មើស​ទាំង​ពលរដ្ឋ និង​មន្ដ្រីឬ​អ្នកមាន​លុយ​មានអំណាច​ឱ្យបាន​ស្មើគ្នា។

លោក​បន្តថា៖ «ខ្ញុំ​ឃើញថា សព្វថ្ងៃ ករណី​កាប់​ព្រៃឈើ​លែង​សូវ​មាន​ហើយ ដោយសារតែ​វា​អស់​ព្រៃឈើ។ ប៉ុន្ដែ​ករណីការរំលោភបំពាន​ទន្ទ្រាន​យក​ដី​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ​នៅក្នុង​ខេត្ដ​មណ្ឌលគិរី​គឺ​កើតមាន​ស្ទើរ​រាល់ថ្ងៃ។ឥឡូវនេះ មិនមែន​តែមួយ​តំបន់​ទេ គឺ​នៅ​ទូទាំង​ខេត្ដ​មណ្ឌលគិរី​គឺមាន​ការទិញ​លក់​ដីព្រៃ​របស់​រដ្ឋ គឺ​កើតមានឡើង​រាល់ថ្ងៃ»៕