ឧ​ត្ត​រ​មាន​ជ័​យៈ មន្ទីរ​កសិកម្ម​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​កំពុង​បន្ត​ចែក​ពូជ​កង្កែប ត្រី និង​មាន់​ ជូន​ពលរ​ដ្ឋក្រីក្រនិង​ពលករ​ខ្មែរ​ដែល​ទើប​វិលត្រឡប់​មកពី​ធ្វើការ​នៅ​ប្រទេស​ថៃហើយ​មិនទាន់មាន​ការងារ​ធ្វើ​ប្រមាណ ៩០០ គ្រួសារ សម្រាប់​ចិញ្ចឹម ដើម្បី​ដោះស្រាយ​ជីវភាព​ខ្វះខាត​ក្នុងអំឡុងពេល​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ ១៩។

ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​ឧ​ត្ត​រ​មានជ័យ លោក​ សូត្រ ស៊ី​សុខ​ឃាង បាន​ថ្លែងថា ស្របពេល​ពលរដ្ឋ​កំពុង​ជួបប្រទះ​វិបត្តិ​សេដ្ឋកិច្ច ដោយសារ​ការឆ្លងរាលដាល​ជំងឺ​កូ​វីដ ១៩ ក្រសួងកសិកម្ម តែងតែ​យកចិត្តទុកដាក់​ក្នុងការ​ដោះស្រាយ​ស្បៀង ក៏ដូចជា​ជីវភាព​របស់​ពួកគាត់។ បច្ចុប្បន្ន​ក្រសួង​កំពុង​អនុវត្ត​គម្រោង GIZ របស់​ប្រទេស​អាល្លឺម៉​ង់​ ដើម្បី​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋតាមរយៈ​ការផ្តល់ជូន​ពូជ​កង្កែប ត្រី និង​ពូជ​មាន់ ។

លោក​បានបន្តថា៖ «គម្រោង​នេះ​មាន​រយៈពេល ៤ ខែ ដោយ​គិត ចាប់ពី​ខែ មិថុនា ដល់​ខែតុលា ឆ្នាំ ២០២១ ដោយ​ចែកជូន​ដល់​ពលរដ្ឋ ៩០០ គ្រួសារ ដែល​គាំទ្រ​ទៅលើ​បី​ផ្នែក គឺ​ផ្នែក​ចិញ្ចឹម​កង្កែប ផ្នែក​ចិញ្ចឹម​ត្រី​អណ្តែង និង​ផ្នែក​ចិញ្ចឹម​មាន់»។

តាមរយៈ​គម្រោង GIZ នេះ គឺ​ជួយ​ទៅលើ​ប្រជាពលរដ្ឋ​ក្រីក្រ ៩០០ គ្រួសារ ក្នុងនោះ ៣០០ គ្រួសារ​ចិញ្ចឹម​កង្កែប ៣០០ គ្រួសារ​ចិញ្ចឹម​ត្រី​អណ្តែង និង ៣០០ គ្រួសារ​ទៀត ចិញ្ចឹម​មាន់។ ក្នុងនោះ​មួយ​គ្រួសារ​ទទួលបាន​ពូជ​កង្កែប​ចំនួន ២៥០ ក្បាល រីឯ​គ្រួសារ​ចិញ្ចឹម​ត្រី​អណ្តែង​ទទួលបាន​ពូជ​ត្រី​ចំនួន ៤៥០ ក្បាល​ និង​គ្រួសារ​ចិញ្ចឹម​មាន់ទទួលបាន​ពូជ​មាន់​ចំនួន ១២ ក្បាល។

លោក​បាន​គូសបញ្ជាក់ថា ក្រៅពី​ការផ្តល់​ពូជលោក​ក៏បានផ្តល់​ចំណី​មួយ​កា​រុង តង់​សម្រាប់​ចិញ្ចឹម រួម​នឹង​ការផ្តល់​ការបណ្តុះបណ្តាល​បច្ចេកទេស ដើម្បីឱ្យ​គាត់​យល់ដឹង​ពី​បច្ចេកទេស​ក្នុងការ​ចិញ្ចឹម ការដាក់​ចំណី និង​ការដូរ​ទឹក​ផងដែរ ។

ប៉ុន្តែ​លោក​ថា ក្នុង​គម្រោង​ GIZ នេះ​ទើបតែ​ផ្តល់ជូនបាន ៦០០ គ្រួសារ​ទេ គឺ​ចែក​ពូជ​កង្កែប និង​ពូជ​ត្រី​អណ្តែង ដោយឡែក​ពូជ​មាន់​មិនទាន់បាន​ចែក​ទេដោយ​រង់ចាំ​មាន់​ទាំងនោះ​ទទួលបាន​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​សិន។

លោក​ថា៖«៣០០ គ្រួសារ​ទៀត ដែល​នឹង​ទទួល​ពូជ​មាន់​មិនទាន់​ចែក​ទេ​ដោយសារ​មាន់នៅ​មិនទាន់​ចាក់​វ៉ាក់សាំង​ហើយ ប៉ុន្តែ​យើង​នឹងត្រូវ​បញ្ចប់​ចាក់​វ៉ាក់សាំង​មាន់​ក្នុង​សប្តាហ៍​នេះ ព្រោះ​យើង​មិនអាច​ឱ្យ​ពូជ​មាន់​ទៅ​កសិករ​ដោយ​គ្មាន​ចាក់​វ៉ាក់សាំង​ទេ ចៀសវាង​គាត់​ចិញ្ចឹម​ទៅ​មាន់​មាន​ជំងឺ​ធ្វើឱ្យមាន់​ងាប់ ហើយ​ប្រឈម​ការខាតបង់​ពេលវេលា»។

លោក ស៊ី​សុខ​ឃាង​ បានបន្តទៀតថា ពូជ​សត្វ​ដែល​ផ្តល់ជូន​ដល់​ពលរដ្ឋ​ទាំងនោះ​សុទ្ធតែជា​ជម្រើស​ល្អ​សម្រាប់​ចិញ្ចឹម​លក្ខណៈ​គ្រួសារ​ធ្វើជា​ស្បៀង ឬ​អាច​លក់បាន​ទៀតផង។

លោក​ថា៖ «ព្រោះ​ពូជ​កង្កែប​ធំ​លឿន ចិញ្ចឹម​តែ​ជាង ១ ខែ​បាន​ផល ហើយ​ត្រី​អណ្តែង​យ៉ាងយូរ​ ២ ​ខែ​ហូប​បាន ចំណែក​មាន់​វិញចិញ្ចឹម ​២ ឬ​ ៣ ខែ​ អាច​ហូប​បាន ឬ​លក់បាន​ហើយ»។ មួយវិញទៀត​មន្ទីរ​ក​សិ​កម្ម ក៏​រៀបចំ​ឱ្យមាន​សហគមន៍​រង់ចាំ​ទិញ​មាន់​ពី​ប្រជា​ជន​ផងដែរ​៕