ភ្នំពេញៈ គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ ១៩ (គ.អ.ក) ប្រកាសនៅព្រឹកនេះថា សមត្ថកិច្ចបានឃាត់មនុស្សធ្វើការអប់រំ និងពិន័យចំនួន ៥ នាក់ ពាក់ព័ន្ធករណីល្មើសវិធានការរដ្ឋបាល និងវិធានការសុខាភិបាលកាលពីម្សិលមិញ។
តាមសេចក្តីជូនដំណឹង (គ.អ.ក) នៅព្រឹកថ្ងៃទី ១៣ ខែតុលានេះ បានឱ្យដឹងថា សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សធ្វើការអប់រំ និងពិន័យចំនួន ៥ នាក់ ពាក់ព័ន្ធករណីល្មើសវិធានការរដ្ឋបាល និងវិធានការសុខាភិបាល នៅថ្ងៃទី ១២ ខែតុលា ប៉ុន្តែមិនមានយានយន្តល្មើសវិធានការនោះទេ។
ក្នុងសេចក្តីជូនដំណឹងបានបញ្ជាក់ថា នៅថ្ងៃដដែលនោះ សមត្ថកិច្ចបានអនុវត្តវិធានការច្បាប់ចំនួន ៥ ករណី ដោយពិន័យជាប្រាក់បានចំនួន ១ ០០០ ០០០ រៀល អនុវត្តវិធានការផ្សព្វផ្សាយច្បាប់បានចំនួន ៥៥០ ទីតាំង និងធ្វើការអប់រំតាមគោលដៅចរាចរណ៍ផ្លូវគោក ២៦០ នាក់ ធ្វើដំណើរតាមយានយន្ត ១៥៩ គ្រឿង៕