ភ្នំពេញៈ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ប្រកាស​បើកប្រាក់​ឧបត្ថម្ភ​ជូន​កម្មករនិយោជិត​ក្នុង​វិស័យ​កាត់ដេរ​សម្លៀកបំពាក់ ស្បែកជើង និង​កាបូប​ជាង ៥ ០០០ នាក់​ដែល​ស្ថិតនៅក្នុង​តំបន់​ក្រោម​ការអនុវត្ត​វិធាន​ការបិទខ្ទប់​ជា​លក្ខណៈ ទ្រង់ទ្រាយ​ធំ​នៃ​រាជធានី-ខេត្ត​ចំនួន ៣ ដែល​ម្នាក់ៗ​នឹង​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ប្រមាណ​ ១៦ ​ម៉ឺន​រៀល​។

សេចក្តី​ជូនដំណឹង​របស់​ក្រសួង​ការងារ​បាន​ឱ្យដឹង​នៅ​ថ្ងៃទី ១២ តុលា​ថា កម្មករ​ទាំងនោះ​គឺ​ស្ថិតក្នុង​រោងចក្រ​ជាង ៧០ រោងចក្រ ដែល​ស្ថិតក្នុង​តំបន់​បិទខ្ទប់​នៃ​រាជធានី​ភ្នំពេញ ក្រុង​តាខ្មៅ​នៃ​ខេត្តកណ្តាល និង​ក្រុងព្រះសីហនុ​ក្នុង​ខេត្ត​ព្រះសីហនុ​។

ក្រសួង​បានបញ្ជាក់​ទៀតថា​៖ «​ធនាគារ វីង​ (​ខេមបូឌា) ​ម.ក នឹង​ផ្ញើ​សារ​អំពី​ការបើកប្រាក់​ឧបត្ថម្ភ​ចំនួន​ ១៦ ​ម៉ឺន​រៀល តែ​ ១ ​លើក​គត់​ស្របតាម​កម្មវិធី​ជំនួយ​សង្គម​ជា​សាច់ប្រាក់​ក្រោយពេល​បិទខ្ទប់​របស់​រាជរដ្ឋាភិបាល ទៅ​លេខ​ទូរស័ព្ទ​ដែល​បងប្អូន​បានផ្ដល់​មកឱ្យ​ក្រសួង​តាមរយៈ​រដ្ឋបាល​រោងចក្រ សហគ្រាស​ពេលកន្លងមក​»​។

ជាមួយ​គ្នា​នោះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ក៏បាន​រំឭក​ផងដែរ​ថា ធនាគារ វីង (​ខេមបូឌា) ​ម.ក នឹង​បង្វិល​ប្រាក់ឧបត្ថម្ភ​នេះ​ជូន​រាជរដ្ឋាភិបាល​វិញ ប្រសិន​ជា​កម្មករ​ខក​ខាន​មិន​បាន​ទៅ​បើកប្រាក់​ឧបត្ថម្ភ​នេះ​ក្នុង​រយៈពេល​ ២១ ​ថ្ងៃ បន្ទាប់ពី​ទទួលបាន​សារ​តាម​ទូរស័ព្ទ​ពី​ធនាគារ វីង​។

ក្រសួង​ការងារ​បាន​ណែនាំ​បន្ថែមថា​៖ «​ដើម្បី​បើកប្រាក់​ឧបត្ថម្ភ​នេះ បងប្អូន​ត្រូវយក​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ និង​ទូរស័ព្ទ​ដែល​ទទួល​បាន​សារ​នោះ ទៅកាន់​ភ្នាក់ងារ​វីង​ដែល​នៅ​ជិត​បំផុត​។ សូមបញ្ជាក់ថា បងប្អូន​មិន​តម្រូវឱ្យ​បង់ថ្លៃ​សេវា​ទៅ​ភ្នាក់ងារ​វីង​ឡើយ​ពេល​បើក​ប្រាក់​ឧបត្ថម្ភ​នេះ​»​។

នៅក្នុង​ករណី​កម្មករនិយោជិត​ដែល​បម្រើ​ការងារ​នៅ​រោងចក្រ​សហគ្រាស​ចំនួន​ ៧៤ នេះ​មិន​បាន​ទទួល​សារ​ទូរស័ព្ទ​ពី​ធនាគារ វីង ឬ​មាន​ចម្ងល់​ផ្សេងៗ​នោះ ក្រសួង​ណែនាំ​ឱ្យ​កម្មករ​ទាំងអស់​ធ្វើការ​ទំនាក់ទំនង​សួរ​ព័ត៌មាន​បន្ថែម តាមរយៈ​ក្រុម​តេឡេក្រាម​សម្រាប់​កម្មករនិយោជិត​ https//t.me/KhmerWorkerChat​។

លោក ប៉ាវ ស៊ីណា ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា​បាន​លើកឡើងថា ការផ្តល់ប្រាក់​ឧបត្ថម្ភ​ដល់​កម្មករ​ក្នុង​ពេលនេះ​គឺ​បង្ហាញ​ថា ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​យល់​សុខទុក្ខ​ពី​បញ្ហា​ដែល​កម្មករ​បាន​ជួបប្រទះ​ក្នុងពេល​បច្ចុប្បន្ន​។ ប្រាក់ឧបត្ថម្ភ​នេះ​គឺ​មើលទៅ​មិន​ច្រើន​នោះទេ ប៉ុន្តែ​វា​ក៏បាន​ចូលរួម​ជួយ​សម្រួល​ដល់​ជីវភាព​របស់​កម្មករ​បាន​មួយ​រយៈពេល​ផងដែរ​។

លោក ប៉ាវ ស៊ីណា បាន​ថ្លែង​ដោយ​សង្ឃឹមថា ក្រសួង​ការងារ​នឹង​ផ្តល់​ពេលវេលា​ថែមទៀត​ដល់​កម្មករ​ដែល​អាច​ទទួលបាន​ថវិកា​ទាំងនេះ ព្រោះ​កម្មករ​ភាគច្រើន​មិនបាន​ទទួល​ព័ត៌មាន​អាច​នឹង​ខកខាន​ទទួល​ថវិកា​ទាំងនេះ​។

លោកបាន​ថ្លែងថា​៖ «​ថវិកា​ទាំងនេះ​គឺ​វា​មិន​ច្រើន​ទេ​ ប៉ុន្តែ​វា​ជួយ​សម្រួល​ទុក្ខលំបាក​របស់​បងប្អូន​កម្មករ​បាន​មួយផ្នែក​ដែរ ហើយ​បើទោះជា​ក្រសួង​ទុកពេល​ឱ្យ​កម្មករ​មក​ទទួល​លុយ​ទាំងនេះ​ក្នុង​រយៈពេល ២១ ​ថ្ងៃ​ក៏ដោយ​ក៏​ខ្ញុំ​គិតថា​មិនគួរ​កំណត់​ពេលវេលា​ទេ​ ព្រោះ​កម្មករ​យើង​អាច​នឹងមិន​បានទទួល​ការប្រកាស​ណាមួយ​។ ដូច្នេះ​គួរតែ​ទុកពេល​ឱ្យបាន​យូរ​ ឬមួយ​ក៏​ក្រសួង​ត្រូវតែ​ធ្វើការ​ផ្សព្វផ្សាយ​ជា​បន្តបន្ទាប់​ទៀត​ ដើម្បី​ឱ្យដឹង​ដល់​កម្មករ​»៕