ភ្នំពេញៈ មន្ត្រី​ក្រសួង​សុខាភិបាល​បញ្ជាក់ថា អ្នកជំងឺ​កូវីដ ១៩​ ភាគច្រើន​ដែល​បាន​ស្លាប់បាត់​បង់ជីវិត​ គឺជា​អ្នក​ដែល​មិនបាន​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ និង​អ្នកជំងឺ​ដែល​បាន​ចាក់​វ៉ាក់សាំង​ហើយ​ស្លាប់​ជា​អ្នក​ដែល​មាន​បញ្ហា​សុខភាព និង​មាន​ជំងឺ​ប្រចាំ​កាយ​ផងដែរ​។

លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​ និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​បាន​ថ្លែង​ដូចនេះ កាលពី​រសៀល​ថ្ងៃទី​ ១១ ខែតុលា ឆ្នាំ​ ២០២១ នា​ពិធី​ប្រកាស​បិទ​បញ្ចប់​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ជុំ​ទី​១ ​នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពង់ស្ពឺ​។

លោកស្រី​បាន​ថ្លែងថា​៖ «​តាម​ការសង្កេត​របស់​យើង ក៏ដូចជា​ព័ត៌មាន​ដែល​យើង​ទទួល​បាន​ជា​ហូរហែ​នេះ ភាគច្រើន​អ្នក​ដែល​បាន​ស្លាប់​ ដោយសារ​ជំងឺ គឺ​ពួកគាត់​មិនបាន​ចាក់​វ៉ាក់សាំង​ទេ​។ មាន​មួយចំនួន​តូច​ទេ​ដែល​គាត់​បាន​ចាក់​វ៉ាក់សាំង​ហើយ​ឈឺ ដោយសារ​អ្នក​ទាំងនោះ​មាន​បញ្ហា​សុខភាព ដូចជា​មាន​ជំងឺ​ប្រចាំកាយ​យូរហើយ​»​។

លោកស្រី ឱ វណ្ណឌីន ថ្លែង​ដោយ​បង្ហាញថា មូលហេតុ​នេះហើយ ដែល​ស្នើ​សុំឱ្យ​ប្រជាពលរដ្ឋ​ដែល​មិនទាន់​បាន​ចាក់​វ៉ាក់សាំង​ត្រូវ​មាន​ការសម្រេចចិត្ត​ឱ្យបាន​លឿន​ក្នុង​ការចាក់​វ៉ាក់សាំង​បង្ការ​ការឆ្លង​វីរុស​កូវីដ​​ ១៩ ព្រោះ​អ្នក​ដែល​មិនទាន់​បាន​ចាក់​វ៉ាក់សាំង​អាច​នឹង​ក្លាយជា​ជន​ងាយ​រងគ្រោះ ដែល​អ្នកជំងឺ​នេះ​អាច​នឹង​វិ​វត្ត​ទៅរក​ភាពធ្ងន់ធ្ងរ​ជាង​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​រួចហើយ​។

លោកស្រី ឱ វណ្ណឌីន ក៏បាន​អះអាងថា ចំពោះ​អ្នក​ដែល​មិនបាន​ចាក់​វ៉ាក់សាំង ដោយហេតុ​ការចល័ត​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ ដើម្បី​ប្រកបមុខរបរ អ្នក​ដែលមាន​ជំងឺ​ប្រចាំកាយ​ដែល​ពេទ្យ​មិន​អនុញ្ញាត​ឱ្យ​ចាក់ អ្នក​ឆ្លង​ជំងឺ​កូវីដ​ ១៩ ស្ត្រី​មាន​​ផ្ទៃពោះ ស្ត្រី​បំបៅ​ដោះ​កូន និង​ជន​ដែល​មិន​ព្រម​ចាក់​ដោយ​ការជឿ​តាម​ការញុះញង់​ជាដើម ហើយ​តាម​ការប៉ាន់ស្មាន​នៅក្នុង​ក្រុម​នេះ​មាន​មនុស្ស​ប្រមាណ​ជាង​ ១០ ​ម៉ឺន​នាក់ ​ដែល​មិនទាន់​បាន​ចាក់​វ៉ាក់សាំង​។

ទោះយ៉ាងណា​ក៏ដោយ​នៅក្នុង ក្រុម​នេះ​លោកស្រី​អះអាង​ថា ស្ត្រី​ដែលមាន​ផ្ទៃពោះ និង​ស្ត្រី​ដែល​បំបៅកូន​ដោយ​ទឹកដោះ ដែល​រឿងនេះ​ដំបូង​ឡើយ​ខាង​ផ្នែក​វិទ្យាសាស្ត្រ​មិនទាន់​មាន​ការសិក្សា​ច្បាស់លាស់​នៅឡើយ​ទេ ដែល​មាន​ការណែនាំ​ថា ឱ្យ​ប្រុងប្រយ័ត្ន​សម្រាប់​ស្ត្រី​ទាំង​ ២ ​ប្រភេទ​នេះ ប៉ុន្តែ​ក្រោយមក​ការសិក្សា​បាន​បង្ហាញថា ស្ត្រី​មាន​ផ្ទៃពោះ​ និង​បំបៅកូន​ដោយ​ទឹកដោះ​អាច​ទទួល​ការចាក់​វ៉ាក់សាំង​បាន​។

លោកស្រី ឱ វណ្ណឌីន ថ្លែងថា​៖ «​ចំណុច​ក្រុម​ចុងក្រោយ​ គឺ​ក្រុម​ដែល​ដាច់ខាត​មិន​ចាក់​តែម្តង ព្រោះ​ពួកគាត់​ជឿ​តាម​ការឃោសនា​អកុសល​របស់​ជន​មួយក្រុម​តូច ហើយ​ជា​ក្រុម​មួយ​ដែលមាន​ការរើសអើង​ចំពោះ​វ៉ាក់សាំង (​ដោយហេតុនេះ​) សូម​បងប្អូន​កុំ​រង់ចាំ​វ៉ាក់សាំង​ពី​ប្រទេស​ផ្សេងៗ ព្រោះ​វ៉ាក់សាំង​ដែល​កម្ពុជា​កំពុង​ប្រើប្រាស់​ដែល​មាន​ប្រភេទ​ស៊ីណូវ៉ាក់ និង​ស៊ីណូហ្វាម​នេះ គឺ​មាន​ការទទួល​ស្គាល់​ពី​អង្គការ​សុខភាព​ពិភពលោក​រួចហើយ​ដែរ​»​។

លោកស្រី​ថ្លែងថា​៖ «​ប្រសិនបើ​បងប្អូន​មិន​ចាក់​ទេ អ៊ីចឹង​សេចក្តី​ស្លាប់​នឹង​នៅ​ចំពោះ​មុខ​ ដោយសារ​វីរុស​នេះ​នឹង​ធ្វើការ​វិវត្ត​ទៅទៀត សរីរាង្គ​របស់​អ្នក​ដែល​មិនបាន​ចាក់​នេះ​នឹង​ឆាប់​ទទួលយក ហើយនឹង​ឆាប់​វិវត្ត​ទៅរក​សេចក្តី​ស្លាប់​ដែរ​»​។

លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១២ ខែតុលា ថា​ប្រជាពលរដ្ឋ​នៅក្នុង​ខេត្ត​របស់លោក​ដែល​មាន​អាយុ​ចាប់ពី​ ៦ ​ឆ្នាំ​ឡើង ប្រមាណ​ជាង​ ៩០% ​បាន​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ រួចហើយ​លើកលែង​តែ​អ្នក​ដែល​ធ្វើ​ចំណាកស្រុក​ដែល​មាន​ប្រមាណ​ជាង​ ២ ​ម៉ឺន​នាក់​ប៉ុណ្ណោះ​ដែល​មិនទាន់បាន​ចាក់​វ៉ាក់សាំង​។

លោក អភិបាលខេត្ត បាន​ថ្លែងថា​៖ «​សម្រាប់​អ្នក​ដែល​បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​ ១៩ ​ក្នុង​ខេត្ត​របស់ខ្ញុំ​មកដល់​ពេល​នេះ​មាន​ចំនួន​ ១១៩ ​នាក់ ភាគច្រើន​ជា​អ្នក​ដែលមាន​សុខភាព​មិនល្អ និង​អ្នក​ដែលមាន​វ័យចាស់​ជរា ហើយ​អ្នក​ទាំងនោះ​ភាគច្រើន​មិនបាន​ចាក់​វ៉ាក់សាំង​ទេ​ ដោយសារ​បញ្ហា​សុខភាព ជំងឺ​​រ៉ាំរ៉ៃ និង​ចាស់ជរា​»​។

លោក វ៉ី សំណាង បាន​ធ្វើការ​អំពាវនាវ​ទៅដល់​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​ទូទាំងប្រទេស​កុំ​ជឿ​តាម​ការឃោសនា ញុះញង់​ពី​ជន​អគតិ​មួយចំនួន​ទាក់ទង​នឹង​ការចាក់​វ៉ាក់សាំង​នេះ ហើយ​សម្រាប់​ខេត្ត​របស់លោក​មិនមាន​ករណី​ដែល​អ្នក​មិនបាន​ចាក់​ ដោយសារតែ​ការញុះញង់​ពី​ក្រុម​ជន​អគតិ​ទេ តែ​អ្នក​មិនបាន​ចាក់​ដោយសារ​ការធ្វើ​ចំណាកស្រុក​តែប៉ុណ្ណោះ​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​បាន​មានប្រសាសន៍​នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី ដោយ​ប្រាប់​ឱ្យ​មន្ត្រី ធ្វើការ​ស្រាវជ្រាវ​ទាក់ទង​នឹង​អ្នក​ដែល​មិនបាន​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​នេះ​ផងដែរ ព្រោះ​មាន​ព័ត៌មាន​ថា ប្រជាពលរដ្ឋ​មួយចំនួន​បាន​ជឿ​តាម​ការញុះញង់​របស់​ក្រុមប្រឆាំង​។

លោក ហ៊ុន សែន បាន​បញ្ជាក់ថា អត្រា​នៃ​អ្នក​ចាក់​វ៉ាក់សាំង​សរុប​ទទួល​បាន​រហូត​ដល់​ជាង​ ៨៤ ​ភាគរយ​ហើយ ដូចនេះ​លោក​មិន​ចង់​ទុកឱ្យ​អ្នកប្រឆាំង​ដែល​ជឿ​តាម​ការឃោសនា​អកុសល​ស្លាប់​ដោយសារ​ជំងឺ​​កូវីដ​ ១៩ ​នោះទេ​។

យោងតាម​របាយការណ៍​របស់​គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស​នៃ​ក្រសួង​សុខាភិបាល​បាន​ឱ្យ​ដឹងថា គិត​ត្រឹម​ថ្ងៃទី​ ១១ ខែតុលា ប្រជាពលរដ្ឋ​ដែលមាន​អាយុ​ចាប់ពី​ ៦ ​ឆ្នាំ​ឡើង​សរុប​ចំនួន​ជាង​ ១៣ ​លាន​នាក់​ ឬ​ស្មើនឹង​ ៨៤,៤៤% បាន​ចាក់វ៉ាក់សាំង​កូវីដ​ ១៩ ​រួចហើយ​។

ក្នុងនោះ​អ្នក​ដែលមាន​អាយុ​ចាប់ពី​ ១៨ ​ឆ្នាំ​ឡើង​ដែល​បាន​ចាក់​វ៉ាក់សាំង​រួចហើយ​មាន​ ៩៩,២៤% ធៀប​ជាមួយ​ចំនួន​ប្រជាជន​គោលដៅ ១០ ​លាន​នាក់​។

ចំណែក​ការចាក់​វ៉ាក់សាំង​កូវីដ ១៩ ​លើ​ក្រុម​យុវវ័យ​អាយុ​ចាប់ពី ១២ ​ឆ្នាំ​ទៅ​ក្រោម ១៨ ​ឆ្នាំ​មាន​ចំនួន​ ៨៩,៩០% ធៀប​ជាមួយ​ចំនួន​ប្រជាជន​គោលដៅ​ជិត​ ២ ​លាន​នាក់​។ សម្រាប់​កុមារ​ដែលមាន​អាយុ​ពី​ ០៦ ​ឆ្នាំ ដល់​ក្រោម ១២ ​ឆ្នាំ បាន​ចំនួន​ ៩៥,៨៤% ធៀប​ជាមួយនឹង​ប្រជាជន​គោលដៅ​ជិត​ ១,៩ ​លាន​នាក់​ដែល​ត្រូវ​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​នេះ​៕

វីដេអូ៖