ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​ការងារ​ប្រកាស​បើក​ដំណើរការ​ឡើងវិញ​នូវ​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ក្រោម​ឱវាទ​ក្រសួង ដើម្បី​ធានាបាន​នូវ​ការបណ្តុះបណ្តាល​ប្រកប​ដោយ​គុណភាព និង​ប្រសិទ្ធភាព ក្រោយ​មាន​ការឯកភាព​ពី​ប្រមុខ​រាជរដ្ឋាភិបាល​។

ការប្រកាស​បើក​ដំណើរការ​ឡើងវិញ​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ (​អ.ប.វ) ​នេះ​បានធ្វើ​​ឡើង​នៅ​ថ្ងៃទី​ ១២ តុលា ឆ្នាំ​ ២០២១ ​តាមរយៈ​ប្រព័ន្ធ​វីដេអូ​ (Zoom) ​ដោយ​មាន​អ្នក​ពាក់ព័ន្ធ​ចូលរួម​ជិត​ ២០០ ​នាក់​។

ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​ការងារ​បាន​បញ្ជាក់ថា​៖ «​ការបើក​ដំណើរការ​ឡើងវិញ​គ្រឹះស្ថាន ​អ.ប.វ គឺ​មាន​ភាពចាំបាច់​ណាស់ ដើម្បី​ធានាបាន​នូវ​ការបណ្តុះបណ្តាល​ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព​នៃ​កម្លាំង​ពលកម្ម​ជំនាញ ឱ្យ​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារការងារ​»​។ ​ជាងនេះ​ទៅទៀត ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ គឺជា​ឧបករណ៍​ដ៏សំខាន់​មួយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការស្តារ​សេដ្ឋកិច្ចជាតិ​ឡើងវិញ បន្ទាប់ពី​ទទួលរង​ផលប៉ះពាល់​ពី​ជំងឺ​កូវីដ​ ១៩​។

លោក អ៊ិត សំហេង រដ្ឋមន្ត្រី​​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ថ្លែង​នៅ​​ក្នុង​ពិធី​ប្រកាស​បើក​ដំណើរការ​ឡើងវិញ​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​នេះ​ថា មុននឹង​ឈាន​ដល់​ការទទួល​ការអនុញ្ញាត​ឱ្យ​បើក​ដំណើរការ​សិក្សា​ឡើងវិញ​ពី​ប្រមុខ​រាជរដ្ឋាភិបាល​នេះ គឺ​អនុគណៈកម្មការ​វាយតម្លៃ ផែនការ និង​យុទ្ធសាស្ត្រ​នៃ​គណៈកម្មការ​អន្តរក្រសួង​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩ បាន​ពិនិត្យ និង​វាយតម្លៃ​លើ​ការរៀបចំ​គោលការណ៍​​ប្រតិបត្តិ​ស្តង់ដា​ (SOP) ​រួច​ដាក់​ឆ្លង​ការប្រជុំ​សម្រេច​ពី​គណៈប្រចាំការ​នៃ​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩ (​គ.ប.ក) ​កាលពី​ថ្ងៃទី​ ៤ ​តុលា ឆ្នាំនេះ​។

លោក​បន្តថា ការវាយតម្លៃ​នេះ​គឺ​ផ្អែកលើ​ហេតុផល​ ២ ​គឺ​ទី​ ១ ​ក្រសួង​បានរៀបចំ​គោលការណ៍​ប្រតិបត្តិ​ស្តង់ដា​ (SOP) ដែលមាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ​ធានា​បាន​នូវ​ការបង្ការ ទប់ស្កាត់ ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ជាពិសេស​មាន​យន្តការ​ច្បាស់លាស់​ក្នុង​ការពិនិត្យ​វាយតម្លៃ​ហានិភ័យ លក្ខណវិនិច្ឆ័យ​ក្នុង​ការបិទ និង​បើក និង​មាន​ប្រព័ន្ធ​រាយការណ៍​​ច្បាស់លាស់​។

ចំណែក​ទី​ ២ លោក​ថា គឺ​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ក៏​ដូចគ្នា​នឹង​ស្ថាប័ន​ឧត្តមសិក្សា​នៃ​ក្រសួង​​អប់រំ​ដែរ​។ ម្យ៉ាងទៀត​បុគ្គលិក សាស្ត្រាចារ្យ គ្រូ​បច្ចេកទេស ព្រមទាំង​សិក្ខាកាម សិស្ស និស្សិត​ (​មាន​អាយុ​ចាប់ពី​ ១៥ ​ឆ្នាំ​ឡើងទៅ​) ​បាន​ទទួល​វ៉ាក់សាំង​ស្ទើរតែ​ ១០០ ​ភាគរយ និង​កំពុង​បន្ត​ទទួល​ដូស​ទី​ ៣​។

លោក អ៊ិត សំហេង ​បាន​បញ្ជាក់ថា​៖ «​ដើម្បី​ជួយសង្គ្រោះ​អាយុជីវិត​ប្រជាជន ការពារ​នូវ​សុខភាព និង​សេចក្តីសុខ​របស់​ប្រជាជន​រួចផុត​ពី​ជំងឺ​រាតត្បាត​ជា​សកល​កូវីដ​ ១៩ ហើយ​យើង​អាច​រៀបចំ​ដំណើរការ សកម្មភាព​សេដ្ឋកិច្ច​របស់​យើង​ជា​​បណ្តើរៗ​ឡើងវិញ ធានា​បាន​នូវ​ការរស់នៅ​មួយ​ដែល​យើង​អាច​រៀន​រស់នៅ​ជាមួយ​ជំងឺ​កូវីដ​ ១៩ តាម​គន្លង​ប្រក្រតីភាព​ថ្មី​»​។

បច្ចុប្បន្ន​ក្រសួង​ការងារ​មាន​គ្រឹះស្ថាន អ.ប.វ ចំនួន ១៩៩ ស្ថាប័ន​ក្នុងនោះ​គ្រឹះស្ថាន អ.ប.វ សាធារណៈ​ចំនួន​ ៣៨ ​និង​ឯកជន អង្គការ​/​សមាគម ចំនួន​ ១៦១ ដែលមាន​សិក្ខាកាម សិស្ស និស្សិត​ប្រមាណ​ជាង​ ៦០ ០០០ ​នាក់ បានបញ្ចប់​ការសិក្សា និង​ចូលទៅក្នុង​ទីផ្សារការងារ​ជា​រៀងរាល់ឆ្នាំ​។

ក្នុង​បរិបទ​នៃ​ការរីករាលដាល​​នៃ​ជំងឺ​កូវីដ​ ១៩ ក្រសួង​ការងារ​បាន​អនុញ្ញត​ឱ្យ​គ្រឹះស្ថាន​ អ.ប.វ ផ្តល់​ការបណ្តុះបណ្តាល​នៅ​គ្រប់​កម្រិតសិក្សា​ទាំង​រយៈពេល​ខ្លី មធ្យម និង​វែង​ពី​ចម្ងាយ ឬ​តាម​អនឡាញ​ និង​បាន​បំពាក់​ឧបករណ៍ សម្ភារ បរិក្ខារ​មូលដ្ឋាន​បច្ចេកវិទ្យា ព្រមទាំង​ការពង្រឹង​សមត្ថភាព​គ្រូ​បច្ចេកទេស ការកែលម្អ​ និង​អភិវឌ្ឍ​កញ្ចប់​ស្តង់ដា​បណ្តុះបណ្តាល ដើម្បី​គាំទ្រ​ដល់​កម្មវិធី​បណ្តុះបណ្តាល​នៅពេល​បើក​ដំណើរការ​ឡើងវិញ​។ ក៏ប៉ុន្តែ​ក្រសួង​បាន​អះអាង​ថា គុណភាព​នៃ​ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ពី​ចម្ងាយ ឬ​អនឡាញ​នៅ​មាន​កម្រិត ដោយសារតែ​សិក្ខាកាម សិស្ស និស្សិត ពុំបាន​អនុវត្ត​ការងារ​ជាក់ស្តែង​នៅតាម​រោង​ជាង​៕