ភ្នំពេញៈ ក្រសួង​ធនធានទឹក និង​ឧតុនិយម​កាលពី​ព្រឹក​ថ្ងៃ​អង្គារ បាន​ប្រកាស​ថា បាតុភូត​ភ្លៀង​លាយឡំ​ខ្យល់​កន្ត្រាក់ និង​រលក​សមុទ្រ​នឹង​បន្ត​កើតមាន​សាជាថ្មី​ម្ដងទៀត នៅក្នុង​តំបន់​វាលទំនាប​កណ្ដាល និង​តំបន់​មាត់សមុទ្រ ដែល​អាច​បង្ក​ជា​ហានិភ័យ​មួយចំនួន​ប៉ះពាល់​ដល់​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​ ជាពិសេស​ប្រជានេសាទ​សមុទ្រ​។ ​

ការប្រកាស​នេះ ​បាន​ធ្វើឡើង​បន្ទាប់ពី​ក្រុមមន្ត្រី​ជំនាញ​អាកាសធាតុ បាន​ពិនិត្យឃើញ​ថា ព្យុះ​ទី​១៨ ឈ្មោះ​ KOMPASU ដែល​កំពុង​ស្ថិតនៅ​សមុទ្រ​ចិន​ខាងត្បូង បាន​វិវត្ត​ខ្លួន​ទៅជា​វិសម្ពាធ ហើយ​ខ្យល់​មូសុង​និរតី​កំពុង​បង្កើន​ឥទ្ធិពល​កាន់តែខ្លាំង​ឡើង ខណៈ​ទ្រនុង​សម្ពាធ​ខ្ពស់​ពី​ប្រទេស​ចិន កំពុង​រំកិល​ចុះមក​ក្រោម​គ្របដណ្ដប់​លើ​ភាគ​ខាងជើង​នៃ​ប្រទេស​កម្ពុជា​។

តាមរយៈ​ការពិនិត្យ​អង្កេត​នេះ ក្រុម​មន្ត្រី​ជំនាញ​ផ្នែក​អាកាសធាតុ​នៃ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ព្យាករ​ថា ចាប់ពី​ថ្ងៃទី​ ១៣ ដល់​ថ្ងៃទី​ ១៩ ខែតុលា ខាងមុខនេះ រាជធានី-ខេត្ត​ចំនួន​ ៨ ដែល​ស្ថិតនៅ​ភាគ​កណ្ដាល និង​ភាគ​ខាងត្បូង​នៃ​ប្រទេស​កម្ពុជា​ ជាប់​ព្រំប្រទល់​ប្រទេស​វៀតណាម រួមទាំង​ខេត្ត​ដែល​ស្ថិត​នៅជាប់​តំបន់​ជួរ​ភ្នំក្រវាញ នឹង​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ព្រមទាំង​មាន​ខ្យល់​កន្ត្រាក់​បក់បោក​ក្នុង​ល្បឿន​លឿន ដែល​អាច​បង្ក​ឱ្យ​កើតមាន​នូវ​ហានិភ័យ​មួយចំនួន​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​។

លោក អ៊ុំ រីណា ប្រធាន​នាយកដ្ឋាន​អាកាសធាតុ និង​ឧតុនិយម​បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ថា​ នៅ​ថ្ងៃទី​ ១៣ ដល់​ថ្ងៃទី​ ១៥ ខែតុលា បណ្ដា​ខេត្ត​ជាប់មាត់​សមុទ្រ​នឹងមាន​ភ្លៀង​ធ្លាក់​ច្រើន ព្រមទាំង​មាន​ខ្យល់​កន្ត្រាក់​ក្នុង​ល្បឿនខ្លាំង​ និង​រលក​សមុទ្រ​ខ្ពស់ៗ​កើតឡើង ដែល​ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​បាតុភូត​ភ្លៀង​លាយឡំ​ខ្យល់​កន្ត្រាក់ និង​រលក​សមុទ្រ​។

លោក រីណា ក៏បាន​អំពាវនាវ​ផងដែរ​ថា​៖ «​ក្នុង​ស្ថានភាព​នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ ជាពិសេស​បងប្អូន​ប្រជានេសាទ​សមុទ្រ ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​បាតុភូត​នៃ​គ្រោះ​ធម្មជាតិ​ទាំងនេះ​»​។

ជាមួយ​គ្នា​នេះ អាជ្ញាធរខេត្ត​ជាប់មាត់​សមុទ្រ​បាន​ធ្វើការ​ផ្សព្វផ្សាយ​ជូនដំណឹង​បន្ត​ដល់​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន ដោយ​ដាក់ចេញ​នូវ​វិធានការ​មួយចំនួន ដើម្បី​ទប់ស្កាត់​នូវ​គ្រោះភ័យ​នានា ដែល​អាច​កើតមាន ឬបង្កឡើង​ពី​បាតុភូត​គ្រោះធម្មជាតិ​ទាំងនេះ​។

លោក ហេង សុភណ្ឌរិទ្ធ ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្ត​ព្រះសីហនុ​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា នៅពេល​នេះ​រដ្ឋបាលខេត្ត​ព្រះសីហនុ​បាន​ហាមឃាត់​ជា​បណ្ដោះអាសន្ន​ការធ្វើ​ចរាចរណ៍​តាមផ្លូវ​ទឹក ព្រោះ​នៅពេលនេះ​ក្នុង​លម្ហ​សមុទ្រ កំពុងមាន​សភាព​អាប់អួ ដោយមាន​ភ្លៀង​ធ្លាក់ និង​រលក​សមុទ្រ​ធំៗ​។

លោក​បាន​បញ្ជាក់ថា​៖ «​នៅពេល​នេះ ក្នុង​លម្ហ​សមុទ្រ​នៅ​ពុំទាន់​មាន​ខ្យល់​បក់បោក​ខ្លាំង​នោះទេ ប៉ុន្តែ​ផ្ទៃមេឃ​មាន​សភាព​អាប់អួ ដោយសារ​មាន​ភ្លៀង​ធ្លាក់​ច្រើន​ថ្ងៃ​ជាប់​គ្នា និង​មាន​រលក​សមុទ្រ​ធំៗ​។ នៅក្នុង​ស្ថានភាព​នេះ ​រដ្ឋបាលខេត្ត​យើង​ក៏បាន​អំពាវនាវ​ដល់​ប្រជានេសាទ និង​អ្នក​ប្រកបរបរ​អាជីវកម្ម​ទូក​ទេសចរណ៍​ឱ្យ​ផ្អាក​ជា​បណ្ដោះអាសន្ន​នូវ​ការធ្វើ​អាជីវកម្ម​របស់ខ្លួន ដើម្បី​ចៀសវាង​គ្រោះថ្នាក់​កើតឡើង​»​។

បើតាម​លោក សុភណ្ឌរិទ្ធ នៅពេលនេះ ក្រុមមន្ត្រី​ជំនាញ​កំពុង​តាមដាន​ស្ថានភាព កម្ពស់​ទឹក​នៅ​ស្ទឹង​សំរោង​ក្នុង​ស្រុក​កំពង់​សិលា កំពុង​ហក់​ឡើង​គួរឱ្យកត់សម្គាល់​ផងដែរ ដោយ​គិត​ត្រឹម​រសៀល​ថ្ងៃទី​ ១២ ខែ តុលា ឆ្នាំ​ ២០២១ ​នេះ ទឹក​មាន​កម្ពស់​ ៤,៧៥ ​ម៉ែត្រ ដែល​កម្ពស់​ទឹក​ត្រូវ​ប្រកាស​ឱ្យមាន​ការប្រុងប្រយ័ត្ន គឺ ៦,០០ ​ម៉ែត្រ​។

ក្នុងករណី​ភ្លៀង​នៅតែ​បន្ត​ធ្លាក់​ខ្លាំង​ដូច​តាម​ការព្យាករ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ក្នុង​រយៈពេល​ ៣ ​ថ្ងៃ​ខាងមុខ​ទៀត​នេះ វា​នឹង​ធ្វើឱ្យ​កម្ពស់​ទឹកស្ទឹង​នេះ​នឹង​ជន់​ឡើង​បន្ថែមទៀត ឬ អាច​លិច​នៅ​ផ្នែក​ខ្លះ ដែល​ស្ថិតនៅ​ទំនាប​ជាប់មាត់​ស្ទឹង ពិសេស​នៅ​ចំណុច​ភូមិ​អូរបាក់រទេះ​។

លោក ស សូរិន្ទ នាយ​ខណ្ឌ​ជលផល​ខេត្តកំពត​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា ក្រុម​ប្រជានេសាទ បាន​ផ្អាក​សកម្មភាព​នេសាទ​របស់ខ្លួន ២ ​ថ្ងៃ​មកហើយ​ដោយសារ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​។ យ៉ាងណាក៏ដោយ នៅមាន​ប្រជានេសាទ​មួយចំនួន នៅតែ​បន្ត​ចេញ​ទូក​នេសាទ​នៅតាម​តំបន់​ប្រជុំ​កោះ​តូចៗ​ជាប់ដៃ​សមុទ្រ ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសារ​របស់​ពួកគេ​។

លោក​ថា​៖ «​ដោយសារ​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប ពួកគេ​អាច​ទទួលបាន​ព័ត៌មាន​ទាន់​ហេតុការណ៍​ស្ដីពី​ស្ថានភាព​អាកាសធាតុ ហើយ​ពួកគេ​ដឹង​ច្បាស់​ថា តំបន់​ណា​ពួកគេ​អាច​ចេញទៅ​នេសាទ​បាន​។ ប៉ុន្តែ​យើង​ក៏​ចាំបាច់​ត្រូវ​រំឭក​ពួកគេ​ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន​បន្ថែមទៀត ដើម្បី​ចៀសវាង​ការភ្លាំងភ្លាត់ ដែល​អាច​បង្កឱ្យ​មាន​គ្រោះថ្នាក់​»​។

កាលពី​រសៀល​ថ្ងៃទី​ ១១ ខែតុលា អាជ្ញាធរ​ខេត្តកំពត​បាន​សម្រេច​បើកទ្វារ​ទឹក​នៃ​អាង​ស្តុក​ទឹក​វារីអគ្គិសនី​កំចាយ ចំនួន​មួយ​ដើម្បី​រំដោះ​ទឹក​ចេញពី​អាង ការពារ​បាក់ស្រុត​ទំនប់​វារីអគ្គិសនី​។ ទឹក​ដែល​ហូរ​ធ្លាក់​ពី​អាង​ទំនប់​វារីអគ្គិសនី​នេះ បាន​ធ្វើឱ្យ​ផ្នែក​នៃ​ឃុំ​មាក់ប្រាង ស្រុក​ទឹកឈូ ដែល​ស្ថិតនៅ​ខ្សែទឹក​ខាងក្រោម​នៃ​តំបន់​ទឹកឈូ​មាន​ការជន់លិច​ដោយ​អន្លើ ប៉ុន្តែ​មិនទាន់​ប៉ះពាល់​ដល់​លំនៅ​ ឬ​ផលដំណាំ​របស់​ប្រជាកសិករ​ណា​ម្នាក់​នៅឡើយ​ទេ​។ នេះ​បើតាម​ការអះអាង​របស់​លោក សេង ឆាយ មេឃុំ​មាក់ប្រាង​។

លោក​ថ្លែងថា​៖ «​នៅ​ផ្នែក​ខាងក្រោម​ព្រែក​ទឹកឈូ ក្នុង​ភូមិសាស្ត្រ​ឃុំ​មាក់ប្រាង យើង មាន​ការជន់លិច​ដោយ​អន្លើ ប៉ុន្តែ​មិនទាន់​បង្ក​ផលប៉ះពាល់​ដល់​លំនៅឋាន​ និង​ដំណាំ​ចម្ការ​របស់​ប្រជាពលរដ្ឋ​នោះទេ​។ សមត្ថកិច្ច​យើង​កំពុង​បន្ត​ឃ្លាំមើល​ស្ថានភាព​ទឹក​នៅក្នុង​ព្រែក និង​ត្រៀម​អន្តរាគមន៍​ជួយ​ដល់​ពលរដ្ឋ ក្នុង​ករណី​មាន​ទឹកជំនន់​កើតឡើង​»​។

លោក​ថា ក្រុមមន្ត្រី​បច្ចេកទេស​កំពុង​សហការ​ឃ្លាំមើល​ទំនប់​៕

វីដេអូ៖