ភ្នំពេញៈ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ស្នើ​ម្ចាស់​រោងចក្រ សហគ្រាស អនុញ្ញាត​ឱ្យ​កម្មករនិយោជិត​ឈប់សម្រាក ១ ​ថ្ងៃ ដោយ​មាន​ប្រាក់​ឈ្នួល​នៅ​ថ្ងៃ​ដែល​ពួកគេ​ទៅ​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ ខណៈ​កម្មករ​និយោជិត​នៅ​ខេត្តកោះកុង​ ៤ ​ពាន់​នាក់ ​ត្រូវបាន​ធ្វើតេស្ត​រហ័ស​រក​កូវីដ​ ១៩ ក្រោយ​បុណ្យ​ភ្ជុំបិណ្ឌ​។

សេចក្តី​ជូនដំណឹង​របស់​រដ្ឋមន្ត្រី​ក្រសួង​ការងារ ចុះ​ថ្ងៃទី​ ១១ ខែតុលា បានឱ្យ​ដឹងថា​យោងតាម​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​ ដែល​មាន​ចក្ខុវិស័យ​ច្បាស់លាស់​ក្នុង​ការគ្រប់គ្រង បង្ការ និង​ទប់ស្កាត់​ការរីករាលដាល​នៃ​ជំងឺ​កូវីដ ​១៩ ក៏ដូចជា រក្សាបាន​នូវ​ស្ថិរភាព​ខ្សែចង្វាក់​ផលិតកម្ម​ និង​សុខភាព​របស់​កម្មករ​និយោជិត​នៅតាម​រោងចក្រ សហគ្រាស​ចាប់ពី​ថ្ងៃទី​ ១១ ខែ តុលា ឆ្នាំ​ ២០២១ តទៅ កងយោធពល​ខេមរភូមិន្ទ​នឹង​រៀបចំ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវីដ ១៩ ​ដូស​ជំរុញ​ជូន​ប្រជាពលរដ្ឋ និង​បងប្អូន​កម្មករនិយោជិត​ដោយ​ឥតគិតថ្លៃ​។

ក្រសួង​បន្តថា «​ដើម្បី​ចូលរួម​ក្នុង​យុទ្ធនាការ​ ដែល​ជា​ផលប្រយោជន៍​របស់​ម្ចាស់ ឬ​នាយក​​រោងចក្រ​សហគ្រាស​នេះ​ក្រសួង​​ស្នើ​ម្ចាស់​ ឬ​នាយក​រោងចក្រ សហគ្រាស អនុញ្ញាតឱ្យ​កម្មករ​​និយោជិត​ឈប់សម្រាក​ ១ ​ថ្ងៃ​ ដោយ​មាន​ប្រាក់​ឈ្នួល​នៅ​ថ្ងៃ​ដែល​កម្មករនិយោជិត​ត្រូវ​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ​»​។

ក្រសួង​ការងារ សង្ឃឹមថា ម្ចាស់ ឬ​នាយក​រោងចក្រ​សហគ្រាស​នឹង​អនុវត្ត​តាម​សេចក្តី​ជូនដំណឹង​នេះ​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​។

ចំណែក​ប្រធាន​មន្ទីរ​ការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកោះកុង លោក យក់ សង្វាត ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា បន្ទាប់ពី​បុណ្យ​ភ្ជុំបិណ្ឌ មាន​រោងចក្រ​ជាង ៩០ ​ភាគរយ ​ហើយ​​ដែល​បាន​អនុវត្ត​ធ្វើតេស្ត​រហ័ស​រក​មេរោគ​កូវីដ​ ១៩ ​លើ​កម្មករ​។

លោក​បាន​ថ្លែងថា​៖ «​ដោយ​គិត​ជា​លទ្ធផល​រោងចក្រ​ចំនួន​ ៦ មាន​រោងចក្រ​ ៥ ​ហើយ​បាន​​ធ្វើតេស្ត​រហ័ស​លើក​ម្មករ​និយោជិត​នៅ​សល់​តែ​រោងចក្រ ១ ​ប៉ុណ្ណោះ​»​។ កម្មករ​ដែល​បានធ្វើ​តេស្ត​រួចហើយ​សរុប​មាន​ជិត​ ៤ ​ពាន់​នាក់ ខណៈ​រោងចក្រ​ ១ ​ទៀត​ដែល​មិនទាន់​បាន​ធ្វើតេស្ត​មាន​កម្មករ​សរុប​ជាង ​៧ ​ពាន់​នាក់ ប៉ុន្តែ​នៅតែ​អនុញ្ញាត​ឱ្យ​កម្មករ​ចូលធ្វើ​ការធម្មតា​។

លោក​បាន​បន្តថា​៖ «​ប៉ុន្តែ​រោងចក្រ ១ ​ទៀត​មាន​កម្មករ​ច្រើនជាងគេ​ជាង​ ៧ ​ពាន់​ឯណោះ ហើយ​ខាង​រោងចក្រ​នោះ បាន​ប្រាប់​មក​យើង​ថា​គាត់​កំណត់​ការធ្វើ​តេស្ត​រហ័ស​លើ​កម្មករ​​គឺ​ថ្ងៃទី​ ២១,២២,២៣ និង​ថ្ងៃទី​ ២៥ ខែតុលា ដោយសារ​គាត់​កុម្ម៉ង់​ឧបករណ៍​តេស្ត​រហ័ស​មិនទាន់​មកដល់ ព្រោះ​គាត់​កុម្ម៉ង់​ច្រើន​»​។

លោក​បន្តទៀតថា អាជ្ញាធរ​អត់​មាន​វិធានការ​ហាមឃាត់​មិនឱ្យ​កម្មករ​ចូលធ្វើការ​ទេ ប៉ុន្តែ​នៅពេល​ដែល​មាន​ករណី​ធ្វើតេស្ត​មាន​វិជ្ជមាន​ ដោយ​ប្រការ​ណាមួយ អាជ្ញាធរ​នឹងមាន​វិធានការ ទៅ​តាម​វិធានការ​សុខាភិបាល​។ លោក យក់ សង្វាត បាន​បញ្ជាក់ថា ក្នុង​ចំណោម​កម្មករ-កម្មការិនី​ជិត​ ៤ ​ពាន់​នាក់ ដែល​បាន​ធ្វើ​តេស្ត​រហ័ស​នោះ ដោយ​លទ្ធផល​អវិជ្ជមាន​ទាំងអស់​។

កាលពី​ថ្ងៃទី​ ៥ ខែតុលា ក្រសួង​ការងារ​បាន​ចេញ​សេចក្តី​ណែនាំ​ដល់​ម្ចាស់​រោងចក្រ សហគ្រាស​ឱ្យធ្វើ​តេស្ត​រហ័ស​​រក​មេរោគ​កូវីដ​ ១៩ ​ចំពោះ​កម្មករនិយោជិត​នៅតាម​រោងចក្រ សហគ្រាស​នៅ​ទូទាំង​ប្រទេស​ក្រោយពេល​ឈប់​សម្រាក​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ ដើម្បី​ចូលរួមចំណែក​ទប់ស្កាត់​ការឆ្លង​រាលដាល​ទ្រង់ទ្រាយ​ធំ​នៃ​ជំងឺ​កូវីដ​ ១៩ នៅតាម​រោងចក្រ​សហគ្រាស​ក៏ដូចជា​ការរៀន​រស់​នៅតាម​គន្លង​ប្រក្រតីភាព​ថ្មី និង​ការត្រៀម​បើក​សកម្មភាព​សេដ្ឋកិច្ច​ឡើងវិញ​។

ក្នុង​សេចក្តីណែនាំ​បន្តថា​ «​ការធ្វើ​តេស្ត​រហ័ស​រក​មេរោគ​កូវីដ​ ១៩ ​នេះ​គឺ​ផ្អែកលើ​គោលការណ៍​ស្ម័គ្រចិត្ត និង​មិនមាន​​ការផាកពិន័យ​ទៅលើ​ម្ចាស់ ឬ​នាយក​រោងចក្រ សហគ្រាស និង​កម្មករនិយោជិត​ឡើយ​»៕

វីដេអូ៖