ភ្នំពេញៈ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទ្រង់​បាន​ប្រគល់​ជូន​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន នូវ​លិខិត​ចេញពី​ក្រុមប្រឹក្សា​ធម្មនុញ្ញ ដើម្បី​ចាត់ការ​តាម​នីតិវិធី ក្រោយពី​ព្រះអង្គ​បាន​ទទួល​លិខិត​នេះ​ពី​លោក​ អ៊ឹម ឈុនលឹម ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​កាលពី​ថ្ងៃទី​​ ១១ តុលា ស្តីពី​មតិ​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ​អំពី​ការផ្តួចផើ្តម​គំនិត​ធ្វើ​វិសោធនកម្ម​មាត្រា​មួយ​ចំនួន​នៃ​ច្បាប់រដ្ឋធម្មនុញ្ញ ដើម្បី​កំណត់​សញ្ជាតិ​ខ្មែរ​តែ​ ១ ​សម្រាប់​មេដឹកនាំ​ស្ថាប័ន​កំពូល​របស់​ជាតិ​។

ក្នុង​ព្រះរាជសារ​របស់​ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ផ្ញើជូន​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន កាលពី​ថ្ងៃទី​ ១១ តុលា ព្រះមហាក្សត្រ​បាន​ឱ្យដឹងថា ព្រះអង្គ​បាន​ទទួល​នូវ​លិខិត​ចុះ​ថ្ងៃទី​ ១១ តុលា​របស់​លោក​ អ៊ឹម ឈុនលឹម ប្រធាន​ក្រុមប្រឹក្សា​ធមុ្មនុញ្ញ​ស្តីពី​មតិ​របស់​ក្រុមប្រឹក្សា​ធម្មនុញ្ញ​អំពី​ការផ្តួចផ្តើម​គំនិត​ធ្វើ​វិសោធនកម្ម​មាត្រា​ ១៩ ​ថ្មី មាត្រា​ ៨២ ​ថ្មី មាត្រា​ ១០៦ ​ថ្មី​ (​មួយ​) មាត្រា​ ១១៩ ​ថ្មី និង មាត្រា​ ១៣៧ ​ថ្មី​នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មាត្រា​ ៣ មាត្រា​ ៤ នៃ​ច្បាប់​ធម្មនុញ្ញ​បន្ថែម​សំដៅ​ធានា​នូវ​ដំណើរការ​ជា​ប្រក្រតី​នៃ​ស្ថាប័ន​ជាតិ ដើម្បី​កំណត់​ឱ្យ​ប្រធានរដ្ឋសភា ប្រធាន​ព្រឹទ្ធសភា នាយករដ្ឋមន្ត្រី និង​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវតែ​ជា​ឥស្សរជន​ដែលមាន​សញ្ជាតិ​ខ្មែរ​តែ​ ១ ​គត់​។

ព្រះមហាក្សត្រ​បញ្ជាក់​ក្នុង​ព្រះរាជសារ​ថា​៖ «​ខ្ញុំ​សូម​ប្រគល់ជូន សម្តេច​អគ្គមហា​សេនាបតី​តេជោ នូវ​លិខិត​របស់​ឯកឧត្តម​កិត្តិ​នីតិ​កោសល្យ​បណ្ឌិត ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ខាងលើ​នេះ ដើម្បី​ចាត់ការ​តាម​នីតិវិធី​»​។

លោក​ ឡេង ប៉េងឡុង អគ្គលេខាធិការ និង​ជា​អ្នកនាំពាក្យ​រដ្ឋសភា​ថ្លែង​នៅ​ថ្ងៃទី​ ១២ តុលា ថា រដ្ឋសភា​បានទទួល​សំណើ​ធ្វើ​វិសោធនកម្ម​មាត្រាមួយ​ចំនួន​នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មាត្រា​ ៣ មាត្រា​ ៤ នៃ​ច្បាប់​ធម្មនុញ្ញ​បន្ថែម​កាលពី​ល្ងាច​ថ្ងៃទី​ ១១ ខែតុលា​។ បន្ទាប់ពី​បានទទួល​ហើយ រដ្ឋសភា​នឹង​ប្រជុំ​គណៈកម្មាធិការ​អចិន្រៃ្តយ៍​។

លោក​ថ្លែងថា​៖ «​ថ្ងៃទី​ ១៤ ​នេះ យើង​ប្រជុំ​គណៈកម្មាធិការ​អចិន្រៃ្តយ៍ ដើម្បី​សម្រេច​បញ្ជូន​សេចក្តី​ព្រាង​ច្បាប់​នេះ​ទៅ​គណៈកម្មការ​ជំនាញ ដើម្បី​ឱ្យគេ​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ថា​ច្បាប់​នេះ​ត្រឹមត្រូវ​ទៅតាម​ធម្មនុញ្ញ​ជាតិ ឬ​ត្រឹមត្រូវ​តាមច្បាប់​ជាតិ ទាំងមូល ឬ​គ្មាន​ត្រង់ណា ដើម្បី​ធ្វើ​របាយការណ៍​បញ្ជូនមក​គណៈកម្មាធិការ​អចិន្រៃ្តយ៍ អំពី​លទ្ធផល​នៃ​ការស្រាវជ្រាវ​»​។

លោក​ ប៉េងឡុង ​បន្ថែមថា​៖ «​ហើយ​ក្នុង​របាយការណ៍​នោះ គណៈកម្មការ​ជំនាញ​នឹង​មាន​យោបល់​ថា ដាក់ជូន​សម័យប្រជុំ​ពេញអង្គ ឬ​មិន​ដាក់ជូន ឬ​ទាត់ចោល​យ៉ាងម៉េច គឺ​ទៅ​តាម​នីតិវិធី​របស់​សភា​»​។

សេចក្តី​ប្រកាស​ព័ត៌មាន​ស្ដីពី​លទ្ធផល​នៃ​កិច្ចប្រជុំ​ពេញអង្គ​ក្រុមប្រឹក្សាធម្មនុញ្ញ នៅ​ថ្ងៃទី​ ១១ តុលា បាន​ឱ្យ​ដឹងថា ក្រុមប្រឹក្សា​ធម្មនុញ្ញ​ក្រោម​អធិបតីភាព​លោក​ អ៊ឹម ឈុនលឹម ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​បាន​បើក​កិច្ចប្រជុំពេញអង្គ ដើម្បី​ពិនិត្យ និង​រៀបចំ​សេចក្តី​ក្រាបបង្គំ​ទូលថ្វាយ​មតិ​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ​ថ្វាយ​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម​សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព​សក្ការៈ​ដ៏ខ្ពង់ខ្ពស់​បំផុត​ទ្រង់​ពិគ្រោះ​មតិ​ក្រុមប្រឹក្សា​ធម្មនុញ្ញ តាមរយៈ​ព្រះរាជសារ​ចុះ​ថ្ងៃទី​ ៨ ខែតុលា ឆ្នាំ​ ២០២១ ចំពោះ​សេចក្តី​ព្រាងច្បាប់​ធម្មនុញ្ញ​ស្តីពី​វិសោធនកម្ម​មាត្រា​ ១៩ ​ថ្មី​មាត្រា​ ៨២ ​ថ្មី​មាត្រា​ ១០៦ ​ថ្មី​ (​មួយ​) មាត្រា​ ១១៩ ​ថ្មី និង​មាត្រា​ ១៣៧ ​ថ្មី​នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​មាត្រា​ ៣ ​និង​មាត្រា​ ៤ ​នៃ​ច្បាប់​ធម្មនុញ្ញ​បន្ថែម​សំដៅ​ធានា​នូវ​ដំណើរការ​ជា​ប្រក្រតី​នៃ​ស្ថាប័ន​ជាតិ​។

សេចក្ដី​ប្រកាស​បញ្ជាក់ថា លទ្ធផល​នៃ​កិច្ចប្រជុំ​ពេញអង្គ​ក្រុមប្រឹក្សាធម្មនុញ្ញ ក្រាបបង្គំ​ទូលថ្វាយ​ព្រះករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង​ជាទីគោរព​សក្ការៈ​ដ៏ខ្ពង់ខ្ពស់​បំផុត​ដោយ​ផ្អែកលើ​មាត្រា​ ១៥៣ ​ថ្មី (​ពីរ​មាត្រា​ ១៥១ ​ថ្មី​) មាត្រា​ ១៥៤ ​ថ្មី​ (​ពីរ​មាត្រា​ ១៥២ ​ថ្មី​) និង​មាត្រា​ ១៥៥ ​ថ្មី (​ពីរ​មាត្រា​ ១៥៣ ​ថ្មី​) នៃ​រដ្ឋធម្មនុញ្ញ​។

ការស្នើសុំ​ធ្វើ​វិសោធនកម្ម​មាត្រា​ ១៩ ​ថ្មី មាត្រា​ ៨២ ​ថ្មី មាត្រា​ ១០៦ ​ថ្មី​ (​មួយ​) មាត្រា​ ១១៩ ​ថ្មី និង​មាត្រា​ ១៣៧ ​ថ្មី​នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​មាត្រា​ ៣ និង​មាត្រា​ ៤ នៃ​ច្បាប់​ធម្មនុញ្ញ​បន្ថែម​សំដៅ​ធានា​នូវ​ដំណើរការ​ជា​ប្រក្រតី​នៃ​ស្ថាប័ន​ជាតិ​អាចធ្វើ​ទៅបាន គឺ​ស្របតាម​បរិបទ​នៃ​សភាពការណ៍​ជាក់ស្ដែង​។ ពុំមាន​អ្វី​ប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រជាធិបតេយ្យ សេរី​ពហុបក្ស និង​របបរាជានិយម​អាស្រ័យ​ដោយ​រដ្ឋធម្មនុញ្ញ ព្រមទាំង​ធ្វើឡើង​នៅពេល​ប្រទេសជាតិ​មិន​ស្ថិត​ក្នុង​ភាពអាសន្ន​។

ទាក់ទង​នឹង​ដំណើរការ​នៃ​ការរៀបចំ​ធ្វើ​វិសោធនកម្ម​ធម្មនុញ្ញ​នេះ លោក​ សម រង្ស៊ី អតីត​មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍ កាលពី​ថ្ងៃទី​ ១១ តុលា ថា​៖ «​នេះ​គឺជា​រឿង​កំប្លែង និង​គ្មាន​ប្រយោជន៍​»​។

លោក​ គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណិ្ឌត្យ​សភាកម្ពុជា និង​ជា​អ្នកវិភាគ​បញ្ហានយោបាយ លើកឡើង​ថា សេចក្តី​ព្រាង​ច្បាប់​ធម្មនុញ្ញ​ស្តីពី​ការកំណត់​សញ្ជាតិ​ខ្មែរ​តែ​ ១ តិច​ឬ​ច្រើន​បាន​កើតឡើង​ក្នុង​ហេតុការណ៍​នយោបាយ ទើប​មាន​អត្ថាធិប្បាយ​ផ្សេងគ្នា​ពី​អ្នកនយោបាយ​។ ប៉ុន្ដែ​ជា​ស្មារតី​នៃ​ការធ្វើ​វិសោធនកម្ម​ច្បាប់​នេះ​គឺ​មិនបាន​ធ្វើឱ្យ​ខូច​ផលប្រយោជន៍​ប្រជាពលរដ្ឋ ឬ​ប្រទេសជាតិ​ទេ​។ ផ្ទុយទៅវិញ ច្បាប់​នេះ​បានរួម​ចំណែក​ធ្វើ​វិសុទ្ធកម្ម​អ្នកដឹកនាំ ដើម្បី​កុំឱ្យ​មាន​ទំនាស់​ផលប្រយោជន៍ នៅពេល​អ្នកដឹកនាំ​មាន​សញ្ជាតិ​ ២-៣​។

លោក​ថ្លែងថា​៖ «​យើង​ត្រូវ​មើល​ពី​ដែន​វិសាលភាព​របស់​ច្បាប់​នេះ គឺ​បាន​គ្របដណ្ដប់​ទៅ​តែ​ឥស្សរជន​ជាន់ខ្ពស់​ ៤ ​រូប​ប៉ុណ្ណោះ គឺប្រធាន​ព្រឹទ្ធសភា ប្រធាន​រដ្ឋសភា នាយករដ្ឋមន្ដ្រី និង​ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ​។ ដូច្នេះ​វា​មិនបាន​ធ្វើឱ្យ​បាត់បង់​នូវ​សិទ្ធិ​របស់​ពលរដ្ឋ​ដែល​មាន​សញ្ជាតិ​ ២ ​ដទៃទៀត​ដែល​អាច​រួមចំណែក ការងារ​ក្នុង​ជួរ​រាជរដ្ឋាភិបាល​នោះទេ​»​។

លោក​ គិន ភា ស្នើឱ្យ​មាន​ការយក​ចិត្ដ​ទុកដាក់​ឱ្យបាន​ជាក់លាក់​ចំពោះ​ការធ្វើ​វិសោធនកម្ម​សេចក្តី​ព្រាងច្បាប់​ធម្មនុញ្ញ​ស្តីពី​ការកំណត់​សញ្ជាតិ​ខ្មែរ​តែ​ ១ ​នេះ​ថា តើ​ជា​ការកំណត់​សញ្ជាតិ​ពី​កំណើត ឬ​ជា​សញ្ជាតូបនីយកម្ម​។

លោក​បាន​លើកឡើងថា តាម​គោលការណ៍​ច្បាប់​សញ្ជាតិ ការទទួល​បាន​សញ្ជាតិ តាម​រូបភាព​ ២ ​យ៉ាង គឺ​សញ្ជាតិ​ខ្មែរ​ពី​កំណើត មានន័យថា មាន​ឪពុក ឬ​ម្ដាយ ជា​ខ្មែរ និង​វិធី​ ១ ​ទៀត តាមរយៈ​សញ្ជា​តូបនីយកម្ម ដែល​ចំណុច​នេះ គឺ​នៅ​បង្កើត​ភាពមិនច្បាស់លាស់​មួយ​ដែរ​។

លោក​ ឡៅ ម៉ុងហៃ អ្នកវិភាគ​នយោបាយ​ស្នើ​កុំឱ្យ​ធ្វើ​ច្បាប់​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នេះ​ជា​ការល្អ​ជាង ព្រោះ​គេ​អាច​យល់​ថា ច្បាប់​នេះ​ជា​សេចក្តី​សម្តែង​ទោសៈ​កំហឹង​ទៅនឹង​បុគ្គល​ខ្លះ​របស់​លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន​។ មិនមែន​ជា​វិចារណញ្ញាណ ឬ​ជា​សេចក្តី​សម្តែងឆន្ទ:​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ឡើយ ដែល​វា​អាចជា​អនុក្រឹត្យ​បិទ​ត្រា​សភា មាន​ព្រះហស្តលេខា​ព្រះមហាក្សត្រ​។

លោក​ថ្លែងថា​៖ «​បើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ដើម្បី​កុំឱ្យ​ សម រង្ស៊ី សញ្ជាតិ​ ២ ​ធ្វើ​នាយករដ្ឋមន្ត្រី​បាន​នោះ​មិនចាំបាច់ ហើយ​មិន​ឆ្លាត​ទៀតផង បើ​ទៅធ្វើ​វិសោធនកម្ម​នេះ​។ តាមពិត​តាមច្បាប់​ដែលមាន​ស្រាប់​ហើយ សម រង្ស៊ី បាន​ជាប់ទោស​ព្រហ្មទណ្ឌ​ធ្ងន់ៗ​ច្រើន​ទៅហើយ​ដែល​មិន​អាច​ឱ្យ​គាត់​ទៅ​ធ្វើជា​មន្ត្រី​ថ្នាក់ដឹកនាំ​ក្នុង​ជួរ​គណបក្ស​នយោបាយ​ណាមួយ​បានទេ ព្រមទាំង​ត្រូវ​បម្រើ​ទោស​ពន្ធនាគារ​ដែល​មិន​អាច​ឱ្យ​គាត់​ទៅធ្វើ​សកម្មភាព​នយោបាយ និង​មិនអាច​ចុះឈ្មោះ​បោះឆ្នោត​នៅក្នុង​ប្រទេស​បាន​ផង កុំថាឡើយ​ទៅធ្វើ​នាយករដ្ឋមន្ត្រី​នោះ​»៕