
ទិដ្ឋភាពបូជាសពអ្នកកើតកូវីដនៅកំពង់ឆ្នាំងកន្លងមក។ រូបថត ហ្វេសប៊ុក
កំពង់ឆ្នាំងៈ អាជ្ញាធរខេត្តកំពង់ឆ្នាំង កំពុងបន្តស្រាវជ្រាវមូលហេតុនៃការយកថវិកាចំពោះការបូជាសពដែលស្លាប់ ដោយជំងឺកូវីដ ១៩ បន្ទាប់ពីរកឃើញថា ពិតជាមានករណីនេះកើតឡើងនៅខេត្តនេះពីថ្ងៃទី ២២ កញ្ញា ឆ្នាំនេះ។
លិខិតរបស់ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ផ្ញើជូនលោកនាយករដ្ឋមន្ត្រីនៅថ្ងៃទី ១១ តុលា បានឱ្យដឹងថា ខេត្តបានប្រជុំស្រាវជ្រាវក្រោមការដឹកនាំរបស់លោក កុល វីរក្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានអនុគណៈកម្មការគ្រប់គ្រង និងចាត់ចែងសាកសពកូវីដ ១៩ ឃើញថា មានការទារប្រាក់ពីគ្រួសារសពពិតប្រាកដមែន។
ករណីនេះគឺមន្ទីរធម្មការ និងសាសនា ខេត្តកំពង់ឆ្នាំង ដែលជាអ្នកសម្របសម្រួលជាមួយអាចារ្យ ព្លុក ហើយ អាចារ្យ ព្លុក ជាអ្នកទារប្រាក់ដោយផ្ទាល់ពីគ្រួសារសព ដើម្បីចាត់ចែងប្រើប្រាស់ក្នុងការបូជាសពដោយមិនមានទំនាក់ទំនងទៅរដ្ឋបាលក្រុងស្រុកឱ្យបានដឹងអំពីការខ្វះខាត ដើម្បីដោះស្រាយតាមការណែនាំរបស់អភិបាលខេត្តដែលបានបញ្ជាក់ថា ករណីមានការបូជាសពស្លាប់ដោយជំងឺកូវីដ ១៩ ក្រុមការងារបូជាសពត្រូវទំនាក់ទំនងទៅរដ្ឋបាលក្រុងស្រុក ដើម្បីដោះស្រាយការខ្វះខាតគឺមិនឱ្យមានការទារប្រាក់ពីគ្រួសារសពទេ។
ក្នុងលិខិតលោកអភិបាលខេត្តថ្លែងថា «ជាគោលការណ៍រដ្ឋបាលខេត្តមិនដែលបានចេញសេចក្តីកំណត់ឱ្យទារប្រាក់ពីគ្រួសារសពនោះទេគឺមានតែជួយឧបត្ថម្ភបន្ថែមដល់គ្រួសារសពដែលក្រីក្រ ខ្វះលទ្ធភាព ដើម្បីសម្រាលការលំបាក»។
អភិបាលខេត្តកំពង់ឆ្នាំង បញ្ជាក់ថា ក្រោយពីទទួលព័ត៌មាននេះ រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលខេត្តបានប្រជុំដោះស្រាយរៀបចំថវិកាចូលបុណ្យជូនគ្រួសារសពវិញរួចរាល់ហើយ។
លោក សេង សុមុនី រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ថ្លែងនៅថ្ងៃទី ១២ តុលាថា ក្រសួងមិនមានអ្វីត្រូវណែនាំទៅកាន់បណ្តាមន្ទីរធម្មការ និងសាសនានោះទេ ព្រោះនេះគឺជារឿងផ្ទាល់ខ្លួនរបស់សាច់ញាតិសពជាមួយនឹងវត្តអារាម ឬទីកន្លែងប៉ាឆា ក្រសួងមិនមានអ្វីពាក់ព័ន្ធក្នុងការបូជាសព អ្នកជំងឺកូវីដ ១៩ ទេ។
លោកថា៖ «អាស្រ័យលើទីតាំងនីមួយៗ និងម្ចាស់សាមីសាច់ញាតិ ប៉ុន្តែប្រសិនបើសំណូមពរថា សុំកុំឱ្យមានការថ្នាំងថ្នាក់ពីក្រុមគ្រួសារសព ហើយសុំកុំឱ្យទីតាំងនីមួយៗហ្នឹងគិតតែរឿងលុយត្រូវចេះជួយគ្នា គឺមានតែសំណូមពរផ្ទាល់ខ្លួនបែបហ្នឹងទេ»។
លោក កុល វីរក្ស បានថ្លែងនៅថ្ងៃទី ១២ តុលាដែរថា ជុំវិញករណីយកលុយពីការបូជាសពកូវីដ ១៩ នៅមិនទាន់មានព័ត៌មានបញ្ជាក់បន្ថែមទេ ព្រោះការស្រាវជ្រាវទើបធ្វើឡើងបានបន្តិចបន្តួច។ ប៉ុន្តែលោកបានរាយការណ៍ជូនលោកនាយករដ្ឋមន្ត្រីរួចហើយ។ លោកថា៖ «ការស្រាវជ្រាវវានៅតិចតួច អ៊ីចឹងទេ ខ្ញុំអត់អាចបញ្ជូនព័ត៌មានអីទៅបានទេ»។
បើតាមលោក កុល វីរក្ស ចំពោះការបូជាសពកូវីដ ១៩ បើទោះបីជាករណីស្លាប់កើតមានរាល់ថ្ងៃ ប៉ុន្តែសពមិនមាននៅសល់ឡើយ ដោយត្រូវបានបូជាជាបន្តបន្ទាប់។
លោកថ្លែងថា៖ «ឥឡូវវាអត់អីទេ ទៅមួយបានមួយ ប៉ុន្តែវាគ្រាន់តែថា វាអាចយឺត ឧបមាថា អាចឈានចូលដល់ជិតកណ្តាលអធ្រាត្រ យឺតក្នុងថ្ងៃ ប៉ុន្តែដោះស្រាយក្នុងថ្ងៃបាន» ។
គិតត្រឹមថ្ងៃទី ១១ ខែតុលា ខេត្តកំពង់ឆ្នាំងមានអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ ចំនួន ១០៨ នាក់ក្នុងនោះសពចំនួន ៤៥ ត្រូវបានចំណាយថវិកាអស់ ១៣៥ លានរៀលដោយក្នុងមួយសព ៣ លានរៀល (ជួលមេរុចល័ត)។
ចំណែក ៦៣ សពទៀតបន្ទាប់ពីរដ្ឋបាលខេត្តបានសាងសង់ឈាបនដ្ឋានរួចរាល់ត្រូវបានបូជានៅកន្លែងកំណត់នៅភូមិដំណាក់កី ឃុំជើងត្រាវ ស្រុករលាប្អៀរ ហើយថវិការដ្ឋបាលក្រុង ស្រុកជាអ្នកចូលរួមចំណែករ៉ាប់រងទាំងស្រុងក្នុង ១ សព ១ លានរៀលគឺអស់ថវិកាចំនួន ៦៣ លានរៀល។
ជាសរុបសពចំនួន ១០៨ ត្រូវបានរដ្ឋបាលខេត្ត រដ្ឋបាលក្រុង និងស្រុក មន្ទីរអង្គភាពជុំវិញខេត្តចូលរួមអស់ថវិកាសរុបចំនួន ១៩៨ លានរៀល។ នេះបើតាមលិខិតរបស់អភិបាលខេត្តកំពង់ឆ្នាំងផ្ញើជូនលោកនាយករដ្ឋមន្ត្រីនៅថ្ងៃទី ១១ តុលា៕
វីដេអូ៖