ក្នុង​ដំណើរ​ឆ្ពោះទៅ​សង្គមពុទ្ធិ កម្ពុជា​ត្រូវ​ពង្រឹង​វិស័យ​អប់រំ​ដើម្បី​ឱ្យ​ពលរដ្ឋ​របស់ខ្លួន​ដែល​ឆ្លងកាត់​ប្រព័ន្ធ​អប់រំ​មាន​កញ្ចប់​សមត្ថភាព​នៃ​សតវត្សរ៍​ទី​ ២១​។ ដូចនេះ គ្រូបង្រៀន​ត្រូវ​ត្រៀមខ្លួន​ដើម្បី​ឆ្លើយតប​ប្រកបដោយ​ប្រសិទ្ធភាព និង​ភាពស័ក្ដិសិទ្ធិ​ទៅនឹង​តម្រូវការ​សិក្សា​របស់​សិស្ស​។ ក្នុងន័យនេះ ក្រសួង​អប់រំ យុវជន និង​កីឡា​ដាក់ចេញ​នូវ​ការការបណ្ដុះបណ្ដាល និង​ពង្រឹង​សមត្ថភាព​របស់​គ្រូបង្រៀន​តាមរយៈ​យុទ្ធសាស្ត្រ​មួយចំនួន​។

អត្ថបទ​សម្រាប់​ខែតុលា ឆ្នាំ​ ២០២១ ផ្ដោតលើ​ការបណ្ដុះបណ្ដាល​ជា​ស៊េរី (webinar series) តាម​ប្រព័ន្ធ​អនឡាញ​ស្ដីពី​ការប្រើប្រាស់​បច្ចេកវិទ្យា​ថ្មី​ដើម្បី​បង្រៀន​ពី​ចម្ងាយ ក្របខ័ណ្ឌ​គុណវឌ្ឍិ​ជាតិ​កម្ពុជា ក្របខ័ណ្ឌ​គន្លង​អាជីព​គ្រូបង្រៀន និង​ការជ្រើសរើស​គ្រូបង្រៀន​ល្អ​សម្រាប់​ផ្ដល់​ពានរង្វាន់ សម្ដេច​តេជោសែន​។

នៅក្នុង​បរិការណ៍​នៃ​វិបត្តិ​ជំងឺ​កូវីដ​ ១៩ ​ទាំង​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្នុង​ពិភពលោក ការបង្រៀន​ និង​រៀន​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ និង​ពី​ចម្ងាយ​ក្លាយទៅជា​មធ្យោបាយ​ថ្មី និង​ចាំបាច់​បំផុត​សម្រាប់​វិស័យ​អប់រំ​។

ឆ្លើយតប​ទៅនឹង​ស្ថានភាព​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា​ដែលមាន​នាយកដ្ឋាន​បច្ចេកវិទ្យា​ព័ត៌មាន​ជា​សេនាធិការ បានរៀបចំ​វគ្គ​បណ្ដុះបណ្ដាល​ជា​ស៊េរី (webinar series) តាម​ប្រព័ន្ធ​អនឡាញ ដើម្បី​ជួយ​គាំទ្រ​ដល់​បុគ្គលិក​អប់រំ លោកគ្រូ អ្នកគ្រូ ក្នុង​ការបន្ត​និរន្តរភាព និង​ពង្រឹងគុណភាព​នៃ​ការផ្ដល់​សេវា​អប់រំ​ដល់​សិស្សានុសិស្ស​។ ក្នុង​ឆ្នាំ​ ២០២១ នេះ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​នឹង​កំពុង​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​ជា​ស៊េរី (webinar series) តាម​ប្រព័ន្ធ​អនឡាញ​ក្រោម​ប្រធានបទ​សំខាន់ៗ​មួយចំនួន​ដូចជា​៖ (១) វេទិការ​អប់រំ​អេឡិចត្រូនិក​សម្រាប់​បឋមសិក្សា និង​មធ្យមសិក្សា (២) វិធីសាស្ត្រ​បង្រៀន​ពី​ចម្ងាយ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ដោយ​ប្រើប្រាស់ Google Workspace for Education (៣) ការប្រើប្រាស់​បច្ចេកវិទ្យា​ជំរុញ​ដល់​ការសិក្សា​បែប​ចម្រុះ​ក្នុង​បរិបទ​កូវីដ​ ១៩ (៤) របៀប​ងាយៗ​ក្នុង​ការផលិត​មាតិកា​អប់រំ​ឌីជីថល (៥) មូលដ្ឋានគ្រឹះ​នៃ​អក្ខរកម្ម​ទិន្នន័យ និង (៦) ការរក្សា​សុវត្ថិភាព​លើ​បណ្ដាញ​អ៊ីនធឺណិត​ក្នុង​បរិបទ​កូវីដ​ ១៩​។ វគ្គបណ្ដុះបណ្ដាល​ពី​ចម្ងាយ​ជា​ស៊េរី​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នេះ​ត្រូវបាន​រៀបចំ​ឡើង​ដើម្បី​ផ្ដល់ជូន បុគ្គលិក​អប់រំ​នៅតាម​មន្ទីរ និង​ការិយាល័យ​អប់រំ យុវជន និង​កីឡា​ទូទាំង​ប្រទេស គណៈគ្រប់គ្រង​សាលារៀន និង​លោកគ្រូ អ្នកគ្រូ​ចាប់ពី​កម្រិត​បឋមសិក្សា​រហូត​ដល់​កម្រិត​មធ្យមសិក្សា​ទុតិយភូមិ​ ដែល​ស្ថិតក្នុង​ក្របខ័ណ្ឌ​ក្រសួង​អប់រំ យុវជន និង​កីឡា​។

តាមរយៈ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា វគ្គបណ្ដុះបណ្ដាល​ជា​ស៊េរី (webinar series) តាម​ប្រព័ន្ធ​អនឡាញ​ដែល​បាន​ដាក់ឱ្យ​ដំណើរការ​ចាប់តាំងពី​ខែ​មីនា ឆ្នាំ​ ២០២១ មកនេះ​ទទួល​បាន​សមិទ្ធផល​ជា​ផ្លែផ្កា ប្រកប​ដោយ​ជោគជ័យ​គួរឱ្យ​កត់សម្គាល់ ក្នុងនោះ​សិក្ខាកាម​ដែល​បាន​ចូលរួម​ទទួលបាន​ចំណេះដឹង​សំខាន់ៗ និង​ចាំបាច់​មួយចំនួន សម្រាប់​យកទៅ​បម្រើ​ដល់​ដំណើរ​ការបង្រៀន និង​រៀន​ជាមួយ​សិក្សានុសិស្ស​នៅតាម​សាលារៀន​ ឬ​ស្ថាប័ន​របស់ខ្លួន​ដែល​កំពុង​បម្រើការ ដូចជា (១) ការប្រើប្រាស់ Google Workspace for Education សម្រាប់​គ្រប់គ្រង​មាតិកា​អប់រំ​ឌីជីថល រៀបចំ​មេរៀន​សម្រាប់​បង្រៀន រៀបចំ​កម្រង​សំណួរ​សម្រាប់​ធ្វើតេស្ត​ប្រចាំខែ​ និង​ប្រចាំឆមាស និង​រៀបចំ​បង្រៀន​សិស្ស​ពី​ចម្ងាយ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក (២) ការប្រើប្រាស់​អ៊ីមែល​ផ្លូវការ​ដែល​ផ្ដល់ជូន​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ត្រឹមត្រូវ (៣) ការប្រើប្រាស់ E-Learning Platform តាមរយៈ​កុំព្យូរទ័រ និង​ទូរស័ព្ទដៃ (៤) ការប្រើប្រាស់ និង​ការផ្លាស់ប្ដូរ​គណនី​លើ​កម្មវិធី MoEYS E-Learning App របស់​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ផ្សព្វផ្សាយ​បន្ត​ដល់​សិស្សានុសិស្ស (៥) ការស្វែងរក​មាតិកា​អប់រំ​ជា​ភាសា​ខ្មែរ​នៅក្នុង​អនុគេហទំព័រ Krou Cambodia (krou.moeys.gov.kh) និង​ជា​ភាសា​អង់គ្លេស​នៅក្នុង​គេហទំព័រ Open Education Resources (oer.moeys.gov.kh) របស់​ក្រសួង​អប់រំ យុវជន និង​កីឡា (៦) ការស្វែងរក​បាន​យ៉ាង​ងាយស្រួល​នូវ​វីដេអូ​នៃ​ការបង្រៀន​សម្រាប់​កម្រិត​បឋមសិក្សា និង​មធ្យមសិក្សា​ទៅតាម​កម្រិត​ថ្នាក់ និង​តាម​មុខវិជ្ជា តាមរយៈ​គេហទំព័រ Youtube (youtube.com/moeyscambodia) របស់​ក្រសួង​អប់រំ យុវជន និង​កីឡា (៧) ការប្រើប្រាស់​បណ្ដាញ​សង្គម​ផ្លូវការ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា រួមទាំង​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ Krou Cambodia បាន​យ៉ាង​ល្អប្រសើរ (៨) ការចែករំលែក​បន្ត និង​ការចូល​ក្រុម Telegram Channel របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​ទទួលបាន​ឯកសារ​បង្រៀន និង​វីដេអូ​ថ្មីៗ​។

ការប្រើប្រាស់​បច្ចេកវិទ្យា​ថ្មី​បង្រៀន​ពី​ចម្ងាយ​ចូលរួម​លើកកម្ពស់​ការអប់រំ​នៅ​កម្ពុជា​។

ដើម្បី​ចូលរួម​រក្សា​ឱ្យមាន​សង្គតិភាព​នៃ​ការអប់រំ និង​ការបណ្ដុះបណ្ដាល​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ក្របខ័ណ្ឌ​គុណវុឌ្ឍិ​ជាតិ​កម្ពុជា គឺជា​ធាតុសំខាន់​ចាំបាច់​មួយ​នៅក្នុង​ប្រព័ន្ធ​ធានា និង​ទទួលស្គាល់​គុណភាព​អប់រំ​។ គោលបំណង​នៃ​ការបង្កើត​ក្របខ័ណ្ឌ​គុណវុឌ្ឍិ​ជាតិ​កម្ពុជា​គឺ (១) ផ្ដល់នូវ​ការទទួលស្គាល់​លើ​លទ្ធផល​សិក្សា​ដែល​បានបញ្ចប់​តាម​កម្រិត​គុណវឌ្ឍិ​នីមួយៗ​ប្រកបដោយ​សង្គតិភាព​ជាតិ (២) ជួយ​បង្កើត​ច្រក​អាច​បត់បែន​បាន​ដែល​បង្ក​ភាពងាយស្រួល​ដល់​អ្នកសិក្សា ក្នុង​ការផ្លាស់ប្ដូរ​រវាង​វិស័យ​អប់រំ​ឧត្តមសិក្សា និង​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ និង​រវាង​វិស័យ​ទាំង​ ២ ​ជាមួយ​នឹង​ទីផ្សារ​ការងារ​តាមរយៈ​ការផ្ដល់​នូវ​មូលដ្ឋាន​សម្រាប់​ការទទួលស្គាល់​ការសិក្សា​ដែលមាន​ពីមុន​រួមមាន ការផ្ទេរ​ក្រេឌីត និង​ការទទួលស្គាល់​លើ​បទពិសោធ​ និង​សមត្ថភាព​បច្ចុប្បន្ន (៣) ផ្ដល់​ភាពបត់បែន​ទៅតាម​គោលបំណង​ផ្សេងៗ​គ្នា​នៃ​ការអប់រំ​ និង​ការបណ្ដុះបណ្ដាល (៤) លើកទឹកចិត្ត​ឱ្យមាន​ការធ្វើ​វឌ្ឍនកម្ម​ចំណេះដឹង ជំនាញ​តាមរយៈ​ការអប់រំ​ និង​ការបណ្ដុះបណ្ដាល​ដោយ​កែលម្អ​ឱ្យមាន​ភាពច្បាស់លាស់​នូវ​ការជ្រើសរើស​គុណវុឌ្ឍិ ការកំណត់​ផល​សម្រេច និង​ការរួមចំណែក​ក្នុង​ការសិក្សា​ពេញ​មួយជីវិត (៥) ជំរុញ​ការផ្ដល់​គុណភាព​អប់រំ និង​ការបណ្ដុះបណ្ដាល​ឧត្តមសិក្សា បច្ចេកទេស​វិជ្ជាជីវៈ តាមរយៈ​គុណវឌ្ឍិ​ដែល​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​បុគ្គល ទីកន្លែង​ការងារ និង​វិជ្ជាជីវៈ​ដែល​រួមចំណែក​ជួយ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ (៦) លើកកម្ពស់​ការទទួល​ស្គាល់​គុណវឌ្ឍិ​ដែល​ចេញ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​កម្រិត​ជាតិ និង​អន្តរជាតិ និង (៧) សម្រួល​ដល់​ចលនា​កម្លាំង​ពលកម្ម​នៅក្នុង​តំបន់​។ ក្របខ័ណ្ឌ​គុណវឌ្ឍិ​ជាតិ​នេះ​ផ្ដល់​ការបកស្រាយ​លើ​លក្ខណៈ​រួម និង​ភាព​ផ្សេងគ្នា​សំខាន់ៗ​មួយចំនួន​នៃ​វិស័យ​ ២ គឺ ការអប់រំ​ឧត្តមសិក្សា និង​ការអប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ​។

កម្រិត​គុណវឌ្ឍិ​អប់រំ​បណ្ដុះបណ្ដាល​ និង​វិជ្ជាជីវៈ​ត្រូវបាន​កំណត់​ជា ៨ កម្រិត​គឺ​៖ ៤ កម្រិត​ដំបូង​អាច​ទទួល​ជា​វិញ្ញាបនបត្រ​វិជ្ជាជីវៈ និង​សញ្ញាបត្រ​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ ១,២ និង​ ៣ ហើយ​ត្រូវបាន​ផ្ដល់​តម្លៃ​សមមូល​ទៅនឹង​ការអប់រំ​មធ្យមសិក្សា ចំណែក ៤ ​កម្រិត​បន្ត​ពីនេះ​ត្រូវបាន​ចាត់ទុកជា​គុណវឌ្ឍិ​ក្រោយ​មធ្យមសិក្សា​ដែល​អាច​ទទួល​បានជា សញ្ញាប័ត្រ​ជាន់ខ្ពស់​/​បរិញ្ញាបត្ររង​បច្ចេកទេស​/​ឯកទេស បរិញ្ញាបត្រ​បច្ចេកវិទ្យា​/​ឯកទេស​សញ្ញាបត្រ​វិស្វករ បរិញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកវិទ្យា​/​ឯកទេស និង​បណ្ឌិត​បច្ចេកវិទ្យា​/​ឯកទេស​។ កម្រិត​ចូលទៅ​កាន់ការ​អប់រំ​ឧត្តមសិក្សា គឺជា​ការបញ្ចប់​ដោយ​ជោគជ័យ​នៅ​មធ្យមសិក្សា​ទុតិយភូមិ​។ កម្រិត​គុណវឌ្ឍិ​អប់រំ​ឧត្តមសិក្សា​មាន ៤ កម្រិត​ដែល​អាច​ទទួល​បានជា សញ្ញាប័ត្រ​បរិញ្ញាប័ត្ររង សញ្ញាប័ត្រ​បរិញ្ញាប័ត្រ សញ្ញាប័ត្រ​បរិញ្ញាប័ត្រ​ជាន់ខ្ពស់ និង​សញ្ញាបត្រ​បណ្ឌិត​។

ក្នុង​គោលដៅ​ពង្រឹង​គុណភាព​បុគ្គលិក​អប់រំ​ជាពិសេស​គ្រូបង្រៀន គណៈគ្រប់គ្រង​សាលារៀន និង​អ្នកឯកទេស​អប់រំ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​រៀបចំ​ឡើង​នូវ​ក្របខណ្ឌ​គន្លង​អាជីព​គ្រូបង្រៀន តាម​និន្នាការ​នៃ​ការអនុវត្ត​គន្លង​អាជីព​នៅ​ប្រទេស​អភិវឌ្ឍ និង​ក្នុង​តំបន់ ដើម្បី​ឆ្លើយតប​នឹង​ការប្រែប្រួល​សង្គម​ និង​សេដ្ឋកិច្ច​ជាតិ​ និង​អន្តរជាតិ និង​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​វិស័យ​អប់រំ​។

ក្របខណ្ឌ​គន្លង​អាជីព​គ្រូបង្រៀន​ដើរតួនាទី​ជា​ឧបករណ៍​គតិយុត្ត សម្រាប់​ផ្ដល់​ការលើកទឹកចិត្ត​បន្ថែម​ចំពោះ​គ្រូបង្រៀន​ដែល​នៅ​កន្លែង​លើស​គ្រូបង្រៀន​ឱ្យទៅ​បម្រើ​ការងារ​នៅ​សាលារៀន​ដែល​ខ្វះ​គ្រូ​ផងដែរ​។ គន្លង​អាជីព​គ្រូបង្រៀន​កម្ពុជា​ត្រូវបាន​បែង​ចែកជា ៣ ​គន្លង​គឺ (១) គន្លង​គ្រូបង្រៀន (២) គន្លង​គណៈ​គ្រប់គ្រង និង (៣) គន្លង​អ្នកឯកទេស​អប់រំ​។

សម្រាប់​អាជីព​គ្រូបង្រៀន គន្លង​អាជីព​គ្រូបង្រៀន​ត្រូវបាន​រៀបចំ​សម្រាប់​គ្រូបង្រៀន​ដែលមាន​ឧបនិស្ស័យ​បង្រៀន​សិស្ស​ក្នុង​ថ្នាក់រៀន មាន​ឆន្ទៈ​មោះមុត និង​ការប្ដេជ្ញាចិត្ត​ខ្ពស់ ដើម្បីឱ្យ​សិស្ស​មានការ​រីកចម្រើន​នៅក្នុង​ជីវិត​សិក្សា និង​ការងារ​។ គន្លង​អាជីព​គ្រូបង្រៀន​បែងចែក​ជា ៣ ​កម្រិត ដូចជា​៖ (១) គ្រូ​ល្អ (២) គ្រូ​ឈានមុខ និង​ (៣) គ្រូ​ឆ្នើម​។ ដើម្បី​ឈាន​ទៅ​ដល់​ការដំឡើងឋានៈ​វិជ្ជាជីវៈ គ្រូបង្រៀន​ត្រូវ​ទទួលបាន​ការវាយតម្លៃ​តាមរយៈ​យន្តការ​ចំនួន​ ២ គឺ (១) ការវាយតម្លៃ​ប្រចាំឆ្នាំ ដោយ​បែងចែក​ចេញ​ជា ៤ ដំណាក់កាល និង​ផ្ដោតលើ​សមត្ថភាព​វិជ្ជាជីវៈ និង​សមិទ្ធផល​នៃ​ការអនុវត្ត​ការអភិវឌ្ឍ​វិជ្ជាជីវៈ​ប្រចាំឆ្នាំ និង (២) ការវាយតម្លៃ​គន្លង​អាជីព ដោយ​ផ្អែកលើ​លក្ខណៈ​វិនិច្ឆ័យ​ចំនួន ៥ ដូចជា កម្រិត​គុណវុឌ្ឍិ បទពិសោធ​ ឬ​អតីតភាព​ការងារ ស្នាដៃ​ការងារ គុណផល​ការងារ និង​លទ្ធផល​សិក្សា​សិស្ស និង​ការប្រតិបត្តិ​វិជ្ជាជីវៈ​។ យន្តការ​នៃ​ការវាយតម្លៃ​នីមួយៗ​ត្រូវ​បាន​កំណត់​ដោយ​សូចនាករ​លម្អិត​។

ដើម្បី​ជា​ការលើក​ទឹកចិត្ត​បន្ថែមទៀត​ដល់​គ្រូបង្រៀន​ល្អ​ដែល​មាន​ស្នាដៃ និង​ពង្រឹង​ការបង្រៀន​ឱ្យមាន​គុណភាព និង​ប្រសិទ្ធភាព ក្រសួង​អប់រំ យុវជន និង​កីឡា​បានដាក់​ចេញ ប្រកាស​លេខ ៧៦១ អយក.ប្រក ចុះ​ថ្ងៃទី​ ២៦ ខែកក្កដា ឆ្នាំ​ ២០១៦ ស្ដីពី « ការកំណត់​គោលការណ៍ លក្ខណៈ​វិនិច្ឆ័យ និង​នីតិវិធី​នៃ​ការវាយតម្លៃ នាយក នាយិកា​សាលារៀន​ល្អ និង​គ្រូបង្រៀន​ល្អ​សម្រាប់​ផ្ដល់​ពានរង្វាន់ និង​ថវិកា​អម​ពានរង្វាន់​លើកទឹកចិត្ត​ក្នុង​សន្និបាត​អប់រំ​»​។ ជា​រៀងរាល់​ឆ្នាំសិក្សា​នីមួយៗ ក្រសួង​អប់រំ យុវជន និង​កីឡា​ធ្វើការ​ជ្រើសរើស​គ្រូបង្រៀន​ល្អ​ចំនួន ៥ (​ប្រាំ​) ​រូប សម្រាប់​ផ្ដល់​ពាន់រង្វាន់ និង​ថវិកា​អម​ពានរង្វាន់​។ ពានរង្វាន់​ជ័យលាភី​ប្រចាំឆ្នាំ​សិក្សា​នីមួយៗ​ត្រូវ​បានកំណត់​ឈ្មោះថា «​ពានរង្វាន់ សម្ដេច​តេជោសែន​»​។ ការវាយតម្លៃ និង​ជ្រើសរើស​គ្រូបង្រៀន​ល្អ​ត្រូវ​អនុវត្តតាម​នីតិវិធី​ចំនួន ២ ​គឺ (១) ការបង្កើត​គណៈកម្មការ​វាយតម្លៃ​ ដើម្បី​ផ្ដល់​ពានរង្វាន់​លើកទឹកចិត្ត និង​ជំរុញ​ការអនុវត្ត​ការងារ​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ ដោយ​ឈរលើ​មូលដ្ឋាន​នៃ​ស្ដង់ដារ​វិជ្ជាជីវៈ​គ្រូបង្រៀន (​អត្ថបទ​ស្ដីពី «​ស្ដង់ដារ​វិជ្ជាជីវៈ​គ្រូបង្រៀន​» ត្រូវបាន​ចុះផ្សាយ​ក្នុង​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃទី​ ០៧ ខែកក្កដា ឆ្នាំ​ ២០២១) និង (២) ដំណាក់កាល​នៃ​ការវាយតម្លៃ​គ្រូបង្រៀន​ល្អ​។

សូមបញ្ជាក់​ផងដែរ​ថា សមាសភាព និង​តួនាទី​ភារកិច្ច​នៃ​គណៈកម្មការ​វាយតម្លៃ និង​នីតិវិធី​នៃ​ការដំណើរការ​វាយតម្លៃ ត្រូវ​បានកំណត់​នៅក្នុង​ប្រកាស​លេខ​ ៧៦១ អយក.ប្រក នេះ​ផងដែរ​។

សរុប​សេចក្ដី​មក ក្រសួង​អប់រំ យុវជន និង​កីឡា​យកចិត្ត​ទុកដាក់​យ៉ាងខ្លាំង និង​ពិនិត្យ​យ៉ាង​ហ្មត់ចត់​លើ​ការបន្ត​ការពង្រឹង​គុណវឌ្ឍិ​គ្រូបង្រៀន​ដោយបាន​ដាក់ចេញ​នូវ​ក្របខណ្ឌ​គុណវឌ្ឍិ​ជាតិ​កម្ពុជា គន្លង​អាជីព​គ្រូបង្រៀន ការជ្រើសរើស​គ្រូបង្រៀន​ល្អ​ដែលមាន​ស្នាដៃ​សម្រាប់​ផ្ដល់​ពានរង្វាន់ សម្ដេច​តេជោសែន នៅ​រៀងរាល់ឆ្នាំ​សិក្សា​នីមួយៗ​រួមទាំង​ការបណ្ដុះបណ្ដាល​ជា​ស៊េរី (webinar series) តាម​ប្រព័ន្ធ​អនឡាញ​ស្ដីពី​ការប្រើប្រាស់ បច្ចេកវិទ្យា​ថ្មី​ដើម្បី​បង្រៀន​ពី​ចម្ងាយ ដែល​បាននិង​កំពុង​ដើរតួនាទី​យ៉ាងសំខាន់​នៅក្នុង​ចូលរួម​ការអនុវត្ត​កំណែទម្រង់​វិស័យ​អប់រំ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​៕