
លោកគ្រូ អ្នកគ្រូ នៅខេត្តកំពង់ចាមតម្រង់ជួរ ធ្វើតេស្តរហ័សរកកូវីដ ១៩។ រូបថត FB
កំពង់ចាមៈ គ្រូប្រមាណ ៦០ នាក់ ក្នុងចំណោមជាង ៨ ពាន់នាក់ក្នុងខេត្តកំពង់ចាម ត្រូវបានធ្វើតេស្តរហ័ស រកឃើញវិជ្ជមានកូវីដ ១៩ កម្រិតស្រាល ហើយត្រូវបានអនុញ្ញាតឱ្យសម្រាកព្យាបាលនៅផ្ទះ ខណៈខេត្តកោះកុងធ្វើតេស្តគ្រូតាមសាលាដែលមានការប្រឈម និងខេត្តក្រចេះសំដៅតែលើអ្នកសង្ស័យជាទូទៅ។
លោក គឹម សួរភិរុណ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាមបានឱ្យដឹងថា មន្ត្រីសុខាភិបាលបានធ្វើតេស្តរកមេរោគកូវីដ ១៩ ទៅលើគ្រូបង្រៀនទាំងអស់នៅទូទាំងខេត្តមានចំនួនជាង ៨ ពាន់នាក់ រកឃើញអ្នកវិជ្ជមានកូវីដ ១៩ តែប្រមាណ ៦០ នាក់ប៉ុណ្ណោះ។
លោកថ្លែងថា៖ «អ្នកវិជ្ជមានទាំងនោះមិនមានរោគសញ្ញាអ្វីឡើយ ហើយការឆ្លងនេះស្ថិតក្នុងកម្រិតស្រាល ទើបមន្ត្រីសុខាភិបាលអនុញ្ញាតឱ្យទៅសម្រាកព្យាបាលនៅតាមផ្ទះរៀងខ្លួន»។
លោកថ្លែងថា៖ «ខ្ញុំសូមជម្រាបថា ជាគោលការណ៍បើមានរោគសញ្ញាកូវីដ ១៩ គឺយើងយកសំណាកទៅធ្វើតេស្តនៅម៉ាស៊ីនធំ PCR តែម្តងបាទ។ អ៊ីចឹងអ្នកដែលមានរោគសញ្ញាកូវីដ ១៩ ស្រាលៗដែលអត់មានរោគសញ្ញាអីគាត់ព្យាបាលនៅផ្ទះ អ៊ីចឹងអ្នកដែលមានរោគសញ្ញាទើបយើងយកគាត់ទៅព្យាបាលនៅមន្ទីរពេទ្យដែលរៀបចំសម្រាប់ព្យាបាលអ្នកជំងឺកូវីដ ១៩»។
លោក ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុងថ្លែងនៅថ្ងៃដដែលនោះថា ខេត្តកោះកុងមិនមានអ្វីកត់សម្គាល់ខុសប្លែកពីធម្មតានោះទេ។ ចំពោះការធ្វើតេស្តទៅលើគ្រូបង្រៀនគឺ ធ្វើតេស្តនៅតាមសាលារៀននីមួយៗ ព្រោះមានសាលាខ្លះមានការប្រឈម សាលាខ្លះទៀតមិនមានការប្រឈមអ្វីនោះទេ។ ហេតុនេះមិនមានការធ្វើតេស្តគ្រប់គ្រូបង្រៀននោះឡើយ ចំណែកគ្រូបង្រៀនដែលសង្ស័យថាមានកូវីដ ១៩ អាចទៅយកសំណាកដើម្បីធ្វើតេស្តបាន។
លោក ឈ្នាង សុវុត្ថា ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះថ្លែងនៅថ្ងៃទី ១១ ខែតុលាថា ខេត្តក្រចេះនៅតែបន្តទទួលធ្វើតេស្តរកមេរោគកូវីដ ១៩ តាមធម្មតាមិនមានការធ្វើតេស្តសំដៅតែទៅលើគ្រូបង្រៀន ឬកម្មករនោះទេ។
មានន័យថា អ្នកណាក៏ដោយដែលមានការសង្ស័យថាមានផ្ទុកមេរោគកូវីដ ១៩ គឺអាចទៅយកសំណាកដើម្បីធ្វើការពិនិត្យបាននៅតាមមន្ទីរពេទ្យបង្អែកដែលនៅជិតទីកន្លែងដែលខ្លួនរស់នៅ។ «យើងធ្វើតេស្តទាំងអស់ឱ្យតែអ្នកមកមន្ទីរពេទ្យយើងអត់មានកំណត់ថាគ្រូបង្រៀន ឬកម្មករអីនោះទេ។ យើងធ្វើបន្តបន្ទាប់រហូត សង្កេតឃើញថា ការឆ្លងមេរោគកូវីដ ១៩ នៅក្នុងខេត្តគឺធម្មតា អត់មានឃើញថាមានកើនគំហុកខ្លាំងនោះទេ»៕
វីដេអូ៖