កណ្ដាលៈ សមត្ថកិច្ច​ខេត្តកណ្តាល បា​នប​ញ្ចូ​ន​ជនសង្ស័យ​ចំនួន ៣ នាក់ ដែលជា​ថៅកែ​ដេប៉ូ​សាំង​ទៅ​តុលាការ​ពាក់ព័ន្ធ​នឹង​បទល្មើស​បំ​ផ្លិចបំផ្លាញ ​ឬ​គៃបំបាត់​វត្ថុតាង​បន្ទាប់ពី​ត្រូវបាន​ឃាត់ខ្លួន​កាលពី​ថ្ងៃទី ១២ តុលា ​ក្រោយ​ពួកគេ​មិន​សហការ​ជាមួយ​សមត្ថកិច្ច​ពេល​ចុះទៅ​ពិ​និ​ត្យ​ការ​រ៉ា​ស់​សាំង​របស់​ពួកគេ​។​

ជនសង្ស័យ​ទាំង​ ៣ នាក់ ដែល​ត្រូវបាន​ឃាត់ខ្លួន​បញ្ចូនទៅ​តុលាការ​ គឺមាន​ឈ្មោះ​ ថូ សុផាត ឈ្មោះ ហ៊ុយ សុខ​ហ៊ាង និង​ឈ្មោះ នួ​ត វ៉ាន់​ឌឿ​ន ដែល​ត្រូវបាន​ស្គាល់​ថា ជា​ដេប៉ូ​សាំង​ឈ្មោះ ម៉ាក់ ម៉ី​ម៉ី និង​ដេប៉ូ​សាំង​ឈ្មោះ ចាន់ ធឿន ស្ថិតក្នុង​ភូមិ​ព្រែក​ខ្សេវ សង្កាត់​រកា​ខ្ពស់ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

លោក​ ឡាក់ ម៉េង​ធី ប្រធានការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ល​ខេត្តកណ្តាល បាន​ប្រាប់ ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី ១៣ តុលា​ថា ក្រោយ​ការឃាត់ កាលពី​ថ្ងៃទី ១២ តុលា ពួកគេ ទាំង​ ៣ នាក់ ត្រូវបាន​កសាង​សំណុំរឿង​ពាក់ព័ន្ធ​នឹង​បទល្មើសបំ​ផ្លិច​បំផ្លាញ​ ឬ​គៃបំបាត់​វត្ថុតាង​នៅ​ល្ងាច​ថ្ងៃទី ១៣ តុលា​។​

លោកថ្លែងថា​៖ «​យើង​បា​នប​ញ្ចូ​ន​ពួកគេ​ទៅ​តុលាការ​ហើយ​ក្រោយ​សួរនាំ​ចប់ ព្រោះតែ​ពួកគេ​មិន​សហការ​ជាមួយ​សមត្ថកិច្ច​នៅពេល​កើតហេតុ​មន្ត្រី​បាន​ចុះ​ត្រួតពិនិត្យ​ដេប៉ូ​សាំង​របស់​ពួកគេ​ហើយ​រកឃើញថា ​ការលក់​សាំង​របស់​ពួកគេ​មិនបាន​អនុលោមភាព​តាម​បទ​ប្បញ្ញត្តិ​ច្បាប់​។ ក្រោយមក​មន្ត្រី​បាន​ផ្អាក​ដេប៉ូ​គាត់​បណ្តោះអាសន្ន​តែ​ពួកគាត់ បាន​ហែក​ស្លាក​បោះត្រា​របស់​សមត្ថ​កិច្ច​ចោល​»​។​

កាលពី​ថ្ងៃទី ១១ តុលា ​មន្ត្រី​សាខា​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) ខេត្តកណ្តាល បាន​ចុះទៅពិនិត្យ​ទីតាំង​ដេប៉ូ​សាំង​របស់​ជនសង្ស័យ​ទាំង ៣ នាក់ ដោយ​ក្នុង​នោះបាន​រកឃើញថា ដេប៉ូ​សាំង​ទាំង ​២ ​នេះ បាន​បន្លំ​អតិថិជន​ដោយ​យក​សាំង​ធម្មតា​បន្លំ​ជា​សាំង​ស៊ុប​ពែរ​។ នេះ​បើតាម​លោក តូច ចៅ​កុយ ប្រធាន​សាខា ក​.​ប​.​ប ខេត្តកណ្តាល បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី ១៣ តុលា​។​

លោក តូច ចៅ​កុយ បាន​អះអាង​បន្តថា មន្ត្រី ក​.​ប​.​ប ​ក៏បាន​រកឃើញ​ទៀតថា ដេប៉ូ​សាំង​ទាំង​ ២ ​នេះ បាន​កេ​ង​បន្លំ​សាំង​ទៅលើ​អតិថិជន ដោយ​ក្នុង​មួយ ​១០០ លីត្រ​បាត់អស់ ចន្លោះ ៥ ទៅជិត ១០​ លី​ត្រ ដែល​ល្មើ​សនឹង​ច្បាប់​ស្តីពី​កិច្ចការពារ​អ្នកប្រើប្រាស់​ត្រូវបាន​បង្កើត​ឡើង​ក្នុង​បំណង​ធានា​ឱ្យមាន​កិច្ចការពារ​អ្នកប្រើប្រាស់ និង​ចូលរួម​លើកកម្ពស់​ការប្រកួតប្រជែង​ដោយ​សុចរិត​។​

លោក​បាន​រៀបរាប់ថា​៖ «​ដោយសារតែ​គាត់​មិន​សហការ​ជាមួយ​យើង​ក៏​យើង​សុំ​គោលការណ៍​ពី​ព្រះរាជអាជ្ញា​ ដើម្បី​ធ្វើការ​ផាកពិន័យ​ជា​អន្តរកាល​ក្នុង​ដំណាក់​កាល​ដំបូង​។ តែ​គាត់ មិន​ព្រមជាមួយ​ហើយ​គាត់​ប្រមាថ​មន្ត្រី​សាធារណៈ​ដូច្នេះ​យើង​ក៏​អនុវត្ត​តាមច្បាប់ ដើម្បី​ផ្អាក​បណ្តោះអាសន្ន​តែ​គាត់ រារាំង​និង​បំផ្លាញ​ត្រា​របស់​យើង»​។

បើតាម​លោក ​តូច​ ចៅ​កុយ ​បាន​ឱ្យ​ដឹងថា ​តាមច្បាប់​ស្តីពី​កិច្ចការពារ​អ្នកប្រើប្រាស់​ដេប៉ូ​សាំង​ទាំង ២ នេះ​គឺ​នៅតែ​ទទួល​ការពិន័យ​ជា​អន្តរកាលដដែល​ចន្លោះ​ពី ១០ ​លាន ទៅ ២០ លាន​បើទោះជា​ពួកគេ​ត្រូវបាន​បញ្ចូនទៅ​តុលាការ​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​៕

វីដេអូ៖