ភ្នំពេញៈ ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB) ​បានប្រកាស​ថា​ខ្លួន​កំពុង​បង្កើន​មហិច្ឆតា​ក្នុង​ការផ្តល់​ហិរញ្ញប្បទាន​អាកាសធាតុ​ដល់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ជាសមាជិក​របស់​ខ្លួន​រួមទាំង​កម្ពុជា​ផង​ដែរ ​ដល់ ​១០០ ពាន់​លាន​ដុល្លារ​សម្រាប់​ឆ្នាំ​ ២០១៩​-២០៣០។ មន្រ្ដី​នាំពាក្យ​ក្រសួង​បរិស្ថា​កម្ពុជា ​ស្វាគមន៍​ចំពោះ​ការផ្តល់​ហិរញ្ញ​វត្ថុ​នេះ ​និង​ចាត់ទុក​ជា​ការចូលរួម​ដ៏ធំធេង​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​ការប្រែប្រួល​អាកាសធាតុ​នៅ​អាស៊ី​និង​ប៉ាស៊ី​ហ្វិក។ នេះ​បើ​តាម​សេចក្តី​ប្រកាស​នា​ថ្ងៃទី ១៣ ​តុលា។

លោក ​Masatsugu Asakawa ​ប្រធាន​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ថ្លែង​ថា ​ការប្រយុទ្ធ​ប្រឆាំង​នឹង​ការប្រែប្រួល​អាកាស​ធាតុ​នៅ​អាស៊ី​ និង​ប៉ាស៊ី​ហ្វិក​នឹង​ឈ្នះ​ឬ​ក៏​ចាញ់។ វិបត្តិ​អាកាសធាតុ​កាន់តែ​អាក្រក់​ទៅៗ​ជារៀងរាល់​ថ្ងៃ ​ដែល​ជំរុញ​ឱ្យ​អ្នក​ពាក់ព័ន្ធ​ជាច្រើន​អំពាវនាវ​ឱ្យ​មានការ​បង្កើន​ហិរញ្ញវត្ថុ​គាំទ្រ​ផ្នែក​​អាកាស​ធាតុ។

លោក​ថ្លែង​ថា​៖ «យើង​កំពុង​ចាត់​វិធានការ ​ដើម្បី​ឆ្លើយតប​តាម​ការអំពាវនាវ​នេះ ​ដោយ​បង្កើន​មហិច្ឆតា​របស់​យើង​ដល់​ ១០០ ពាន់​លាន​ដុល្លារ ​សម្រាប់​ហិរញ្ញ​វត្ថុ​អាកាស​ធាតុ​ត្រឹម​ឆ្នាំ ២០៣០ ​ដោយ​ប្រើ​ធនធាន​របស់​យើង​ផ្ទាល់»។

លោក​ នេត្រ ភក្ត្រា​ អ្នក​នាំពាក្យ​ក្រសួង​បរិស្ថានថ្លែង​នៅ​ថ្ងៃទី ១៣ ​តុលាថា ​កម្ពុជា​សូម​ស្វាគមន៍​ចំពោះ​ការផ្តល់​ហិរញ្ញវត្ថុ​គាំទ្រ​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ទាក់ទង​នឹង​អាកាស​ធាតុ ​ដែល​មាន​ទឹកប្រាក់​រហូត​ដល់​ ១០០ ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ​សម្រាប់​ឆ្នាំ​ ២០១៩​ ដល់​ឆ្នាំ ២០៣០។ នេះ​គឺជា​ការចូលរួម​ដ៏ធំធេង​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​ការប្រែប្រួល​អាកាស​ធាតុ​នៅ​អាស៊ី​និង​ប៉ាស៊ី​ហ្វិក។

លោក​ថ្លែងថា​៖ «កម្ពុជា​មិនមែន​ជា​ប្រទេស ​ដែល​បង្កឱ្យ​មាន​ការប្រែប្រួល​អាកាស​ធាតុ​ទេ​ តែ​ជាប្រទេសដែល​ងាយ​នឹង​រងគ្រោះ​ពី​ការប្រែប្រួល​អាកាស​ធាតុ។​ តាមរយៈ​ការគាំទ្រ​ថវិកា​មួយចំនួន​ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ​នឹង​ធ្វើឱ្យ​កម្ពុជា​កាន់តែ​មាន​លទ្ធភាព​ច្រើន​បន្ថែម​ទៀត​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ​បន្ថែម​ពី​លើ​ការខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​និង​ដៃគូ​អភិវឌ្ឍន៍​ផ្សេង​ទៀត»។

តាម​សេចក្ដី​ប្រកាស​ព័ត៌មាន ​នៅ​ឆ្នាំ ២០១៨ ​ADB ​បាន​ប្តេជ្ញា​ធានា​យ៉ាង​ហោច​ ៧៥% ​នៃ​ចំនួន​ប្រតិបត្តិការ​សរុប​របស់​ខ្លួន​គាំទ្រ​សកម្មភាព​ទាក់ទង​នឹង​អាកាសធាតុ​ហើយ​ធនធាន​ហិរញ្ញវត្ថុ​អាកាស​ធាតុ​របស់​ខ្លួន​ឈាន​ដល់​យ៉ាងហោច​ណាស់ ​៨០ ពាន់​លាន​ដុល្លារ​ នៅ​ឆ្នាំ ២០៣០។​ ការប្រកាស ​នា​ថ្ងៃ​ទី ១៣ ​តុលា ​បង្កើន​មហិច្ឆតា ​នៃ​ការផ្តល់​ហិរញ្ញប្បទាន​ទាំង​នេះ។ ADB ​រំពឹង​ថា ​ហិរញ្ញប្បទាន​អាកាស​ធាតុ​សរុប ​ដោយ​ប្រើ​ធនធាន​របស់​ខ្លួន​សម្រាប់​​ឆ្នាំ ២០១៩​-២០២១​ នឹង​ឈាន​ដល់​ប្រមាណ​១៧ពាន់​លាន​ដុល្លារ។

ADB ​បញ្ជាក់ថា ​មហិច្ឆតា​ហិរញ្ញវត្ថុ​ដែល​បាន​បង្កើន​នេះ ​គឺជា​ផ្នែក​សំខាន់​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​របស់ ​ADB ​ក្នុងការ​គាំទ្រ​ដល់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ជាសមា​ជិក​របស់​ខ្លួន ​(DMCs)។ ជាមួយ​ការប្រឈម​មុខ​នឹង​បញ្ហា​ប្រទាក់​ក្រឡា​គ្នា​នៃ​ជំងឺ​រាតត្បាត​កូវីដ១៩​និង​វិបត្តិ​អាកាសធាតុ​ DMCs ​ជាច្រើន​កំពុង​ចាត់​វិធានការ​យ៉ាង​ម៉ឺងម៉ាត់​ដើម្បី​លើក​កម្ពស់​ការងើប​ឡើងវិញ​ប្រកប​ដោយ​បៃតង​ធន់​និង​បរិយា​ប័ន្ន។

បើ​តា ​ADB ​ថវិកា​ចំនួន​ ២០ ពាន់​លាន​ដុល្លារ​បន្ថែម​នេះ ​នឹង​ផ្តល់​ការគាំទ្រ​ដល់​របៀប​វារៈ​អាកាស​ធាតុ ​ក្នុង​វិស័យ​សំខាន់ៗ​ចំនួន​ ៥ គឺ​ ទី១​ មធ្យោ​បាយ​ថ្មី​សម្រាប់​កាត់បន្ថយ​ការប្រែប្រួល​អាកាស​ធាតុ​ រួមមាន​ការរក្សា​ថាមពល​ប្រសិទ្ធភាព​ថាមពល​ និង​ការដឹក​ជញ្ជូន​កាបូន​ទាប។ ADB​ រំពឹង​ថា ​ហិរញ្ញប្បទាន​សរុប​សម្រាប់​កាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ​របស់​ខ្លួន​នឹង​ឈាន​ដល់ ​៦៦ ពាន់​លាន​ដុល្លារ។

ទី២ ​គម្រោង​ពង្រីក​ការសម្រប​ទៅនឹង​ការប្រែ​ប្រួល។ គម្រោង​ក្នុង​វិស័យ​ងាយ​រង​ផលប៉ះពាល់​ដោយ​សារ​អាកាស​ធាតុ​ទាំង​នេះ ​រួមមាន​ដូចជា ​សេវា​ទី​ក្រុង​កសិកម្ម ​និង​ទឹក ​នឹង​ត្រូវបាន​រចនា​ឡើង​ក្នុង​គោល​បំណង​ចម្បង​សម្រាប់​ការបន្សាំ​នឹង​អាកាសធាតុ​ប្រកប​ដោយ​ប្រសិទ្ធភាព​ និង​ការបង្កើន​ភាព​ធន់។

ADB ​រំពឹង​ថា ​ហិរញ្ញប្បទាន​សរុប​របស់​ខ្លួន​សម្រាប់​សកម្មភាព​បន្ស៊ាំនេះ​ នឹង​កើន​ដល់​ ៣៤ ពាន់​លាន​ដុល្លារ។ ទី៣​ ការបង្កើន​ហិរញ្ញវត្ថុ​អាកាស​ធាតុ​ក្នុង​ប្រតិ​បត្តិការ​វិស័យ​ឯកជន​របស់ ​ADB។​ វា​រួម​បញ្ចូល​ទាំង​ការបង្កើត​គម្រោង​ដែល​អាចធ្វើ​ពាណិជ្ជកម្ម​បាន​បន្ថែម​ទៀត​សម្រាប់​ទាំង​ ADB ​និង​វិនិយោគិន​ឯកជន។​ ការពង្រីក​នេះ​នឹង​ត្រូវបាន​គាំទ្រ ​ដោយ​ការធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ប្រសិទ្ធភាព​ប្រតិបត្តិការ​ការស្តារ​ឡើងវិញ​ពី​ជំងឺ​រាត​ត្បាត​ នូវ​តម្រូវការ​ទីផ្សារ​សម្រាប់​ការផ្តល់​ហិរញ្ញប្បទាន​ បច្ចេកវិទ្យា ​និង​ការច្នៃ​ប្រឌិត​ថ្មី​ក្នុង​ការផ្តល់​ហិរញ្ញប្បទាន​អាកាស​ធាតុ​និង​វិស័យ​អាជីវកម្ម​ថ្មី​សម្រាប់​ប្រតិបត្តិការ​អាកាស​ធាតុ​ឯកជន។

ADB ​មាន​បំណង​គាំទ្រ​គំនិត​ផ្តួចផ្តើម​ទាំងនេះ​ជាមួយ​នឹង​ទឹកប្រាក់​សរុប​ចំនួន​១២ពាន់​លាន​ដុល្លារ​សម្រាប់​វិស័យ​ហិរញ្ញវត្ថុ​អាកាស​ធាតុ​ឯកជន ​ដោយ​ប្រើធ​នធាន​ផ្ទាល់​របស់​ខ្លួន ​ហើយ​រំពឹងថា ​នឹង​អាច​កៀរគរ​ចំនួន​ទឹកប្រាក់​បន្ថែម​ពី​ ១៨ ពាន់​លាន​ដុល្លារ​ ទៅ​ ៣០ ពាន់​លាន​ដុល្លារ​ សម្រាប់​ការងារ​នេះ។ ទី៤ ​គាំទ្រ​ដល់​ការងើប​ឡើងវិញ​បៃតង​ធន់ ​និង​បរិយាប័ន្ន​ ពី​ជំងឺ​កូវីដ ១៩ ​រួមទាំង​តាមរយៈ​វេទិកា​ហិរញ្ញប្បទាន​ប្រកប​ដោយ​ភាពច្នៃប្រឌិត​ដូចជា​វេទិកា​យន្តការ​ហិរញ្ញវត្ថុ​បៃតង​ និង​ការស្តារ​ឡើងវិញ​បៃតង​ជាកាតាលីករ​អាស៊ាន ​(ASEAN Catalytic Green Finance Facility and Green Recovery Platform) ​ដែល​ត្រូវបាន​គេ​រំពឹងថា ​នឹង​ផ្តល់​មូលនិធិ​ពី​ទីផ្សារ​មូលធន​និង​វិនិយោគិន​វិស័យ​ឯកជន​សម្រាប់​ហេដ្ឋារចនា​សម្ព័ន្ធ​កាបូន​ទាប។

ទី៥​ការគាំទ្រ​ដល់​ការធ្វើ​កំណែ​ទម្រង់​ក្នុង ​DMCs ​ដើម្បី​ដំណើរការ​សកម្មភាព​ផ្តល់​ប្រាក់​កម្ចី​ផ្អែក​លើ​គោល​នយោបាយ​គាំទ្រ ​ដល់គោល​នយោបាយ​ និង​ស្ថាប័ន​នានា​សម្រាប់​ការពង្រឹង​ភាពធន់​នឹង​អាកាស​ធាតុ​និង​ការកាត់​បន្ថយ​ការប្រែ​ប្រួល​អាកាស​ធាតុ។

តាម​រយៈ​វិស័យ​ទាំង​នេះ ​ADB​ នឹង​បន្ត​ពង្រីក​លទ្ធភាព​ទទួល​បាន​បច្ចេកវិទ្យា​ថ្មីៗ​ដែល​ផ្តោត​លើ​អាកាស​ធាតុ​និង​ប្រមូល​ទុន​ឯកជន​ដើម្បី​គាំទ្រ​ហិរញ្ញវត្ថុ​អាកាស​ធាតុ។

ADB​ ប្តេជ្ញា​ថា ​នឹង​សម្រេច​ឱ្យបាន​នូវ​ វិបុលភាព ​បរិយាប័ន្ន​ ភាពធន់​និង​និរន្តរភាព ​ក្នុង​តំបន់​អាស៊ី​និង​ប៉ាស៊ីហ្វិក ​ស្របជា​មួយ​នឹង​ការខិតខំ​ប្រឹង​ប្រែង ​ដើម្បី​លុប​បំបាត់​ភាពក្រីក្រ​ខ្លាំង។ បង្កើត​ឡើង​នៅ​ឆ្នាំ១៩៦៦ ​ធនាគារ​នេះ​គ្រប់គ្រង​ដោយ​សមាជិក​ចំនួន​ ៦៨ ​ប្រទេស​ ដែល​ក្នុង​នោះ​មាន ៤៩ ប្រទេស​មកពី​តំបន់​ខាង​លើ​នេះ៕