កោះកុងៈ ភូមិ​មួយ​ចំនួន​នៅ​ឃុំ​ត្រពាំង​រូង នៃ​ស្រុក​កោះ​កុង ខេត្ត​កោះ​កុង​បាន​រង​ការ​ជន់​លិច បន្ទាប់​ពី​ក្រុម​ហ៊ុន​វារី​អគ្គិស​នី​តា​តៃ​ក្រោម បាន​បើក​ទ្វារ​ទឹក​បង្ហូរ​ចេញ​ពីអាង​ក្នុង​បរិមាណ​ទឹក ​​១ ២០០ ​ម៉ែត្រ​គុប ក្នុង ​១ ​វិនាទី ​កាល​ពីរសៀលថ្ងៃ​ទី ១២ តុលា​ និងការ​មាន​ភ្លៀង​ធ្លាក់​ជាបន្ត​បន្ទាប់​។

លោក ជា សូវី អភិបាល​ស្រុក​កោះ​កុង បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍ នៅព្រឹក​ថ្ងៃទី​ ១៣ តុលាថា ដោយ​សារ​ទឹក​សមុទ្រ​ជន់​ជោរ​ផង និងមាន​ភ្លៀង​ធ្លាក់​ផង បូក​រួម​នឹង​ក្រុម​ហ៊ុន​វារី​អគ្គិស​នីតា​តៃ​ក្រោមបាន​បើក​ទ្វារ​ទឹក​បង្ហូរ​ទឹក​ចេញ​ពីអាង​ស្តុកដើម្បី​ការ​ពារ​ការ​បាក់​ស្រុត​អាង​ទំនប់​វារីអគ្គិសនី​នេះផង​នោះបាន​ធ្វើឲ្យ​ផ្លូវ​ថ្នល់​ និង​ភូមិ​ឋាន​ប្រជា​ពលរដ្ឋ​មួយ​ចំនួ​ន​ក្នុង​ឃុំត្រពាំ​ងរូង ដែល​ស្ថិត​នៅ​តាម​តំបន់​ទំនាប​ជាប់​មាត់​ព្រែក រងការ​ជន់​លិច កាល​ពី​យប់​ថ្ងៃ​អង្គារ​។

លោក សូវី បាន​បញ្ជាក់​ថា​៖«ទោះយ៉ាង​ណា ការ​ជន់​លិច​នោះ ​នៅមិន​ទាន់​ធ្ងន់​ធ្ងរ​រហូត​ដល់​មាន​ការ​ជម្លៀស​​ពលរដ្ឋ​នៅ​ឡើយ​ទេ ហើយ​កំណាត់​ផ្លូវ​ដែល​រង​ការ​ជន់​លិច​នោះ នៅអា​ច​ធ្វើ​ចរាចរ​ណ៍​បាន​ជាធម្មតា​»។

បើតា​មលោ​ក សូវី កា​ល​ពី​ព្រឹក​ថ្ងៃ​ទី ១៣ តុលា ស្ថាន​ភាព​អាកាសធា​តុនៅ​ក្នុង​ស្រុក​កោះកុ​ង ផ្ទៃមេ​ឃស្រឡះ​បន្តិច​វិញ ហើយ​ទឹកនៅ​តាម​ដង​ព្រែក និង​ដង​អូរ​នានា​ ក៏បាន​ស្រក​ចុះបន្តិ​ចវិញ​ផង​ដែរ​ខណៈ​ខាង​ភាគី​ក្រុម​ហ៊ុន​វារី​អគ្គិស​នីតាតៃ​ក្រោម បាន​សម្រេច​កាត់​បន្ថយ​បរិមាណ​ទឹក ដែល​ត្រូវ​រំដោះ​ចេញ​ពីអាងស្តុ​ក​ទឹក។

អ្នក​ស្រី Liu Yan Xin ហៅ Snow បុគ្គលិក​រដ្ឋ​បាល​នៃក្រុម​ហ៊ុន​ទំន​ប់វា​រីអគ្គិសនី​តាតៃ​ក្រោម ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា ដោយ​ពិនិត្យ​ឃើញ​មាន​ការ​ជន់​លិច​ផ្ទះអ្នក​ភូមិ​ដែល​នៅ​ខ្សែទឹ​កខាង​ក្រោម ក្រុម​អ្នក​បច្ចេក​ទេស​បាន​សម្រេច​បើក​បង្ហូរ​ទឹក​សន្សឹមៗ​ដោយ​កាត់​បន្ថយ​បរិមាណ​ទឹក​ពី​ ១ ២០០​ ម៉ែត្រ​គុប​ ក្នុង​ ១ ​វិនាទី មក​នៅ​ត្រឹម ​៥០០​ ម៉ែត្រ​គុប​ក្នុង​ ១ ​វិនាទី​វិញ ដើម្បី​ឲ្យទឹក​ហូរ​ធ្លាក់​ទៅ​ក្នុង​ព្រែក និងប្រព័ន្ធ​អូរ​ធម្មជា​តិ ដោយ​សន្សឹម​ៗ​។

អ្ន​កស្រី Liu Yan Xin បាន​បញ្ជាក់​ថា​៖«​នៅពេល​នេះ ក្រុម​មន្ត្រី​បច្ចេក​ទេស​យើង បាន​បើក​បង្ហូរ​ទឹក​ចេញ​ពីអា​ង​ស្តុក​ នៅ​ក្នុង​កម្រិត​បរិមាណ​ទឹក​ ៥០​០​ ម៉ែត្រ​គុប ​ក្នុង​ ១ វិនាទី ដើម្បី​ធានា​ថា គ្មាន​ការជន់​លិច​ដោយ​គំហុក​នៅផ្នែក​ខ្សែទឹក​ខាង​ក្រោម។ ប៉ុន្តែ​ក្នុង​ករណីមាន​ភ្លៀង​ធ្លាក់​ខ្លាំង​បន្ថែម​ទៀត​នោះ យើង​នឹង​អាច​បើក​វាក្នុង​កម្រិត​បរិមាណ​ទឹក​ច្រើន​ជាង​នេះ​ »។

យោង​តាម Facebook Page របស់ក្រសួ​ងធ​នធាន​ទឹក​និង​ឧតុនិ​យម នារសៀល​ថ្ងៃទី​ ១៣​ ខែ​តុលា ភ្លៀង​បាន​បន្ត​ធ្លាក់​ក្នុង​កម្រិត​ពីតិច​ទៅ​ខ្លាំង​នៅ​ស្រុក​បទុម​សាគរ និងស្រុក​កោះ​កុង ប៉ុន្តែទឹក​ជំនន់​នៅក្នុ​ងភូមិទំ​នាប និង ភូមិ​ត្រពាំង​រូង នៃ​ឃុំត្រពាំង​រូង ស្រុក​កោះ​កុង បានស្រកទៅ​វិញ​ជាបន្តប​ន្ទាប់​ហើយ​។

ដោយ​ឡែក​នៅឯឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន នាព្រឹក​ថ្ងៃទី ​១៣ ខែតុលា មាន​ជំនន់​ទឹក​ភ្លៀង​កើត​ឡើង ដោយ​បាន​ជន់​ចូល​លំនៅ​ឋាន​របស់ប្រជា​ពលរដ្ឋ​ចំនួន​ ៥​ ខ្នង​ផ្ទះ និង​លិច​ហូរកាត់​លើកំ​ណាត់ផ្លូ​វលំ​២ខែ្សមា​នប្រ​វែង​ប្រមាណ​ ២០០ ​ម៉ែត្រ ស្ថិត​ក្នុង​ភូមិ​ផ្ទះ​ស្បូវ ឃុំស្ទឹង​ត្រង់។

បើតាម​ លោក ង៉ា លីហុង ប្រធាន​មន្ទីរ​ធន​ធាន​ទឹក និងឧតុនិយម​ខេត្ត​ប៉ៃលិ​ន ជំនន់​នេះ​បណ្តាល​មក​ពីភ្លៀង​ធ្លាក់​ច្រើន នៅ​តំបន់​ភ្នំត្រូល​នៃស្រុក​រត​នមណ្ឌល​ខេត្ត​បាត់​ដំប​ង ហើយតំ​បន់​ផ្ទៃរ​ងទឹ​កភ្លៀង​ក្នុង​ភូមិសា​ស្ត្រខេ​ត្តប៉ៃ​លិន មាន​ភ្លៀង​ធ្លាក់​កម្រិត​តិច​ប៉ុណ្ណោះ។​

លោក​បញ្ជាក់​ថា៖ «នៅ​ពេល​នេះក្រុម​កម្លាំង​សមត្ថ​កិច្ច​កំពុង​ចុះ​អន្តរគម​ន៍ជួយ​ដល់​ពលរដ្ឋ នៅ​ក្នុង​តំបន់​នោះ​»។

នៅក្នុង​ខណៈ​នេះ ប្រទេស​កម្ពុជា ​កំពុង​ទទួល​រង​នូវ​ឥទ្ធិពល​នៃ​ព្យុះ KOMPASU វិសម្ពាធ​ទាប និងខ្យល់​មូសុ​ងនិរ​តីខ្លាំង ដែ​ល​ធ្វើ​ឱ្យមាន​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​តាម​បណ្ដា​ខេត្ត​ជាប់​មាត់​សមុទ្រ និងបណ្ដា​ខេត្ត​មួយ​ចំនួ​នទៀ​ត​នៅ​ជាប់​ជួ​រភ្នំក្រវាញ និ​ង​បណ្ដា​ខេត្ត​ភាគ​ត្បូង​រាជ​ធានី​ភ្នំពេ​ញ ជាប់​ព្រំប្រទល់​ប្រទេស​វៀត​ណាម។ នេះ​បើយោង​តាម​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​ធន​ធាន​ទឹក​និង​ឧតុនិ​យម៕